សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, February 6, 2013

ថៃ​បន្ត​ស្វះ​ស្វែង​ឲ្យ​មាន​ការ​ដោះ​ដូរ​អ្នក​ទោស​ជា​កញ្ចប់

Wednesday, 06 February 2013 ឃុត សុ​ភ​ចរិយា From The Phnom Penh Post 
130206 05a
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​​​​ចន្ទ​។ រូបថត ជីវ័ន

នំពេញៈ ក្រោយ​ពី​ទណ្ឌិត​ជា​ចារកម្ម​ថៃ​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​ដោះលែង តាម​រយៈ​ការ​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ កាល​ពី​ចុង​សប្ដាហ៍​មុន ថ្មីៗ​នេះ រដ្ឋាភិបាល​ថៃ កំពុង​តែ​ព្យាយាម​ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយ​រដ្ឋាភិបាល កម្ពុជា ក្នុង​ការ​ផ្ទេរ​ទណ្ឌិត​ថៃ​ទាំង​អស់ រួម​ទាំង​លោក វីរៈ ស៊ុម ខ្វាម​ឃីត ផង​ដែរ ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ។
កាលពី​ថ្ងៃ​សុក្រ អ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ត្រូវ​បាន​សម្រេច​តាម​រយៈ​ព្រះ​រាជ​ក្រឹត្យ​មួយ​ឲ្យ មាន​សេរីភាព​វិញ ខណៈ​លោក វីរៈស៊ុម ខ្វាម​ឃីត ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​៦​ខែ បន្ទាប់​ពី​អ្នក​ទាំង​ពីរ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​២៩ ធ្នូ ឆ្នាំ​២០១០ នៅ​ពេល​ដែល​បាន​ឆ្លង​ព្រំ​ដែន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ ច្បាប់ និង​បាន​ចូល​ទៅ​តំបន់​លេណដ្ឋាន​កង​ទ័ព​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៦ ឆ្នាំ ទៅ ៨​ឆ្នាំ ពី​បទចារកម្ម​។
លោក Surapong Tovichakchaikul រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ថៃ​មួយ ដក​ស្រង់​សម្ដី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖«វា​មិន​ងាយស្រួល​ទេ ក្នុង​ការ​ធានា​ថា អ្នក​ទោស​ថៃ​ នឹង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​កម្ពុជា​ តាម​រយៈ​ការ​ផ្ទេរ​ទៅ​ប្រទេស​ថៃ​វិញ តែ​ខ្ញុំ​នឹង​ខិតខំ​​ស្វែងរក​មធ្យោបាយ​ទាំង​អស់​ ដែល​អាច​ទៅ​រួច​ ដើម្បី​ធានា​សេរីភាព​របស់​ទណ្ឌិត​រូប​នោះ»។
កាល​ពី​ឆ្នាំ​ ២០០៩ រដ្ឋាភិបាល​កម្ពុជា​ និង​ថៃ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្លាស់​ប្ដូ​រអ្នក​ទោស​គ្នា​ទៅ​វិញ​ទៅ​មក។
នៅ ក្នុង​ជំនួប​ជា​មួយ​មេ​ដឹក​នាំ​ខ្មែរ​ លោក ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ មុន​ពេល​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​រតន​កោដ្ឋ  លោក ស្រី យីង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា​ នាយក​រដ្ឋ​មន្ត្រី​ថៃ​ បាន​ថ្លែង​អំណរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​សម្រេច​ដោះ​លែង​ពលរដ្ឋ​របស់​ ខ្លួន​ម្នាក់​និង​បន្ធូរ​បន្ថយ​ទោស​រយៈ​ពេល​៦ខែ​ម្នាក់​។

ទោះ​ជា​បែប ណា​ក្ដី ក្នុង​ជំនួប​នោះ​លោក​ស្រី​ យីង​ឡាក់ ​មិន​បាន​លើក​ឡើង​អំពី​ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ផ្ទេរ​ទណ្ឌិត​នេះ​ ទេ។  នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​ អ៊ាង សុផល្លែត​ ជំនួយ​ការ​ផ្ទាល់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន កាល​ពី​ម្សិល​មិញ។
លោក បាន​ថ្លែង​ថា៖ «នៅ​ក្នុង​ជំនួប​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែ​កុម្ភៈ លោក​ស្រី​យីង​ឡាក់ មិន​បាន​លើក​ឡើង​អំពី​រឿង​ផ្លាស់​ប្ដូរ​ទណ្ឌិត​គ្នា​នោះ​ទេ។ ប៉ុន្តែ កាល​ពី​ឆ្នាំ​២០១២ លោក​ស្រី​ធ្លាប់​បាន​ស្នើ​សុំសម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​ពិចារណា​លើ​សំណើ​សុំ ផ្ទេរ​ទណ្ឌិត​រវាង​ប្រទេស​ទាំង​ពីរ​»។
ដោយ​ឡែក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្រោយ​ពី​វិល​ត្រឡប់​ទៅ​ដល់​ប្រទេស​ខ្លួន​វិញ លោក​ស្រី យីង​ឡាក់ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់​ខ្លួន​ថា ភាគី​កម្ពុជា ក្រៅ​ពី​បាន​ព្រម​ព្រៀង​លើ​សំណើ​របស់​ភាគី​ថៃ​លើ​បញ្ហា​ជា​ច្រើន​ដូច​ជា ការ​តភ្ជាប់​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដោយ​ផ្អែក​លើ​ការ​យោគយល់​គ្នា កាត់​បន្ថយ​ភាព​តានតឹង​ដាក់​គ្នា ជា​ពិសេស​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ នៅ​បរិវេណ​ព្រំ​ដែន​ លោក​ស្រី បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​បើក​ច្រក​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ធំ​ឡើង និង​រៀបចំ​បង្កើត​ក្រុម​ការ​ងារ​រួម​ដើម្បី​ស្វាគមន៍​សហគមន៍​សេដ្ឋកិច្ច អាស៊ាន ឆ្នាំ​២០១៥ ខាង​មុខ​នេះ។ លើស​​ពី​នេះ​ក៏​មាន​ការ​សន្យា​ថា​ នឹង​ពិចារណា​អំពី​បញ្ហា ការ​ដោះ​ដូរ​អ្នក​ទោស​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ឲ្យ​មក​ទទួល​ទោស​នៅ​ប្រទេស​កំណើត​វិញ រួម​ទាំង​លោក វីរៈ ស៊ុមខ្វាម ឃីត ផង​ដែរ។ នេះ​បើ​យោង​តាម គេហទំព័រ INN របស់​ថៃ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ម្សិល​មិញ។ លោក​ស្រី យីង​ឡាក់ បាន​ថ្លែង​ថា៖«ការ​ស្នើ​ដោះ​ដូរ​អ្នក​ទោស​នេះ​ដែរ ភាគី​ថៃ ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​លក្ខខណ្ឌ​អ្នក​ទោស​នីមួយៗ ហើយ​ភាគី​កម្ពុជា បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ពិចារណា​លើ​បញ្ហា​ដែល​បាន​លើក​ឡើង​នេះ​»។
លោក កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បានថ្លែង​កាលពី​ម្សិល​មិញ​ថា ​រ​ហូត​មក​ទល់​ពេល​នេះ ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​សំណើ​សុំ​ផ្ទេរ​ទណ្ឌិត​ជា​លាយ​លក្ខណ៍​អក្សរ​ ផ្លូវ​ការ​ណា​មួយ ពី​ភាគី​ថៃ​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

I like Blogger