សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, February 20, 2013

អង្គការ​ពីរ​ជំរុញ​រដ្ឋាភិបាល​ឆាប់​ចេញ​ច្បាប់​គ្រោះ​មហន្តរាយ

WEDNESDAY, 20 FEBRUARY 2013 សែន ដាវីត From The Phnom Penh Post
130220_05a
អ្នក​ភូមិ​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ ជិះ​ទូក​ឆ្លង​កាត់វាល​ស្រែ​ ដែលទឹក​ជំនន់​​ជន់​លិច កាល​ពី​ឆ្នាំ ២០១១​​។ រូបថត ម៉េង​ស្រ៊ុន

ភ្នំពេញៈ អង្គការ​ Action Aid និង​ DIPECHO ដែល​ធ្វើ​ការ​ផ្ដោត​ទៅ​លើ​គ្រោះ​មហន្តរាយ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ​ប្រញាប់​ធ្វើ​ការ​អនុម័តលើ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​គ្រោះ​មហន្តរាយ​ដើម្បី​​អាច​ជួយ​សង្គ្រោះ និង​ការពារ​ជន​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​គ្រប់​ជ្រុងជ្រោយ។
ជាមួយ​គ្នា​នេះ អង្គការ Action Aid មាន​ផែន​ការ​បន្ថែម​ទៀត​ ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ ដើម្បី​បញ្ចៀស​ការ​ស្លាប់ និង​​ការ​ខូច​ខាត ​​ដោយ​ធ្វើ​ការ​អប់រំ​ ​ប្រជា​​ពល​រដ្ឋ​រស់​នៅ​តាម​មូលដ្ឋាន​ដោយ​ផ្ទាល់​ និង​​បង្រៀន​ពី​ការ​ដាំ​ដំណាំ​តាម​បច្ចេក​វិទ្យា​ថ្មី​ ដោយ​​ចៀស​វាង​ទឹក​ជំនន់​​ និង​អប់រំ​ពី​វិធី​សាស្ត្រ ក្នុង​ការ​ចិញ្ចឹម​សត្វ​ឲ្យ​មាន​សុវត្ថិ​ភាព​ផង​​ដែរ​។​
លោក Andrew Martin ប្រធាន​គម្រោង DIPECHO បាន​ថ្លែង​ថា រដ្ឋា​ភិបាល​កម្ពុជា​ កំពុង​​រៀប​ចំសេច​ក្ដី​ព្រាង​ច្បាប់​ស្តី​ពីគ្រោះ​មហន្តរាយ ដើម្បី​ត្រៀម​​ដាក់​ជូន​រដ្ឋ​សភា​ ធ្វើ​​ការ​អនុម័ត។ លោក​បាន​ថ្លែង​ថា៖ «​នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​អនុម័ត គ្រោះ​មហន្តរាយ នឹង​ត្រូវ​ឆ្លើយ​តប​ភ្លាមៗ​ ដើម្បី​ជួយ​ជន​រង​គ្រោះ​។ ​អង្គការ​ Action Aid ខិត​ខំ​បណ្ដុះ​បណ្ដាល​ មន្ត្រី​ខាង​គ្រោះ​មហន្តរាយ និង​អ្នក​កាសែត​ ដើម្បី​រាយការណ៍​ពី​បញ្ហា​គ្រោះ​មហន្តរាយ ជួយ​ដល់​ជន​រងគ្រោះ»។
លោក​ស្រី Caroline McCausland នាយក​អង្គការ​ Action Aid ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា អង្គការ ​Action Aid ជា​រឿយៗ តែង​តែ​ធ្វើ​ការ​បណ្ដុះ​បណ្ដាល ចែក​រំលែក​បទពិសោធ ដល់​អ្នក​កាសែត​និង​មន្ត្រី​ខាង​គ្រោះ​មហន្តរាយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​។
អង្គការ Action Aid ​​ឲ្យ​ដឹង​ថា ទឹក​ជំនន់​ដែល​កើត​ឡើង​ស្ទើ​ររៀង​រាល់​ឆ្នាំ នៅ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង ពីព្រោះ​ជា​កន្លែង​ ដែល​មាន​គ្រាប់​មីន​ នៅ​តំបន់​មាន​ទឹក​ជំនន់ ដែល​អាជ្ញាធរ​ត្រូវ​ប្រកាស​ប្រាប់​ដល់​អ្នក​ស្រុក​ឲ្យ​មាន​ការ​ប្រុង ប្រយ័ត្ន។​​
លោកស្រី​ Caroline McCausland បាន​ថ្លែង​ថា៖ «​ជួន​កាល​ គ្រោះ​មហន្តរាយ​ មាន​ទំហំ​តូច​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ ដូច​ជា​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវ​គិត​ពី​គ្រោះថ្នាក់​ទាំង​តូច​ ទាំង​ធំ​ ដែល​មាន​ផល​ប៉ះពាល់​ដល់​មនុស្ស​ និង​បំផ្លាញ​ផ្ទះ​សម្បែង និង​ដំណាំ​អ្នក​ស្រុក​ផង​ដែរ»។

លោក កែវ វី ប្រធាន​ខុទ្ទកាល័យ​ នៃ​គណៈ​កម្មាធិការ​ជាតិ គ្រប់​គ្រង​គ្រោះ​មហន្តរាយ NCDM បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ ឲ្យ NCDM ​វិញ​ ដើម្បី​កែ​ប្រែ​មាត្រា​មួយ​ចំនួន​ តម្រូវ​ទៅ​តាម​ស្ថានការណ៍​​ជាក់​ស្ដែង។ លោក​បាន​ថ្លែង​ថា៖«​NCDM ​កំពុង​កែ​ប្រែ​មាត្រា​មួយ​ចំនួន​ដែល​គណៈ​រដ្ឋ​មន្ត្រី​ស្នើ​ឡើង​។ ​សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​សារៈ​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ និង​ដើម្បី​បញ្ចៀស​ការ​ស្លាប់​ និង​​ការ​ខូតខាត​ទ្រព្យ​សម្បត្តិ»។
យោង តាម​របាយការណ៍​របស់​ NCDM ​មាន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​ចំនួន​២៥០​នាក់​ នៅ​ក្នុង​គ្រោះ​ទឹក​ជំនន់ កាល​ពី​ឆ្នាំ​ ២០១១ និង​១៤​ នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ទឹក​ជំនន់ ឆ្នាំ​ ២០១២​ ព្រម​ទាំង​មាន​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ផ្ទះ​សម្បែង និង​ដំណាំ​ជា​ច្រើន​ផ្សេង​ទៀត៕ PN

No comments:

Post a Comment

I like Blogger