សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, August 30, 2012

ពលរដ្ឋ​៦៩​គ្រួសារ​បារម្ភ​ពេល​អាជ្ញាធរ ប្រាប់​ពី​ការ​បណ្តេញ​ចេញ

  Thursday, 30 August 2012 ផាក់ ស៊ាងលី

ភ្នំពេញៈប្រជាពលរដ្ឋ​សហគមន៍​ស្ទឹង​កំបុត្រ​ ក្នុង​ខណ្ឌឫស្សីកែវ​ ជិត​ ៧០ គ្រួសារ កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​លំនៅដ្ឋាន ​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ ចេញ​សេចក្តី​ជូន​ដំណឹង​ កាល​ពី​ថ្ងៃ​អង្គារ ឲ្យ​​ពួក​គាត់​​រើ​ផ្ទះ​ចេញ​​ ក្នុង​សប្តាហ៍​នេះ​ ពី​ដី​ដែល​ពួក​គាត់​ បាន​រស់​នៅ​តាំង​ពី​ឆ្នាំ ១៩៨០ មក។

លោក​ ងិន សុវណ្ណថៃ​ ប្រធាន​សហគមន៍​ស្ទឹង​កំបុត្រ ស្ថិត​នៅ​ក្នុង​ភូមិ​ឡកំបោរ សង្កាត់​ស្វាយ​ប៉ាក​ បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ កាល​ពី​ថ្ងៃ​អង្គារ​ ​បាន​ដើរ​បិទសេចក្តី​ជូន​ដំណឹង​ ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួ​ន ៦៩ ​គ្រួសារ ធ្វើ​ការ​រុះរើ​ផ្ទះ​សម្បែង​ ហើយ​ចាក​ចេញ​ពី​ដី​ទំហំ​កន្លះ​ហិកតា​ ចាប់​ពី​ថ្ងៃ​ទី​ ២៨​ សីហា ដល់​ទី ៣ កញ្ញា​ជា​កំហិត​ ដោយ​លើក​ហេតុផល​ថា​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ បាន​នឹង​កំពុង​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ឯកជន​។ លោក សុវណ្ណថៃ ឲ្យ​​ដឹង​ថា៖​ «ប្រជា​ពលរដ្ឋ មាន​ការ​ភ្ញាក់ផ្អើល​ និង​ងឿង​ឆ្ងល់​ សុខ​ៗ​ស្រាប់​តែ​មាន​ការ​ជូន​ដំណឹង​ ឲ្យ​រើ​ផ្ទះ​ចេញ​ពី​ដី​ដែល​យើង​ខ្ញុំ​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ​ ១៩៨០​ មក​ រហូត​ដល់​មាន​កូន​មាន​ចៅ​ បែក​ផ្ទះ​រស់​នៅ​លើ​ដី​នោះ​ទៀត​ផង​»។ លោក បញ្ជាក់​បន្ថែម​ថា ​ដំបូង​ឡើយ ​មាន​ប្រជា​ពលរដ្ឋ​ជាង ​១០ គ្រួសារ បាន​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ ​តាំង​ទីលំនៅ​លើដី​នោះ​។​ យូរៗ​ទៅ​ ក៏​កើត​កូន​ចៅ​ច្រើន​ឡើងៗ រហូត​ដល់​បែក​ផ្ទះ មាន ៦៩ គ្រួសារ​ ហើយ​ក៏​មិន​ដែល​មាន​អាជ្ញាធរ​ណា​ ឬបុគ្គល​ណាម្នា​ក់ មក​ប្រាប់​ថា​ ពួក​គាត់​រស់​នៅ​លើ​ដី​គេ​នោះ​ដែរ​។​ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​ចំនួន​ ៤០​ នាក់​ តំណាង​ឲ្យ ៦៩ គ្រួសារ នឹង​ទៅ​ប្រឹក្សា​យោបល់ ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​រក​វិធី​ដោះស្រាយ។

ស្ត្រី​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ ឈ្មោះ​ថន ​វណ្ណី​អាយុ ៥១ ឆ្នាំ​ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទាំង ​៦៩ គ្រួសារ​នោះ​ បាន​និយាយ​ថា​ អាជ្ញាធរ ​បាន​ទទួល​ស្គាល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហគមន៍​នោះ ​ដោយ​មាន​ទាំង​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​ ប័ណ្ណ​គ្រួ​សារ​ និង​សំបុត្រ​អត្រានុកូលដ្ឋាន ​និង​កាត​គណបក្ស​ប្រជាជន​ថែម​ទៀត។ ស្ត្រី​រូប​នេះ ​បាន​បន្ថែម​ថា​៖ «យើង​ជា​ពលរដ្ឋ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដេក​មិន​លក់​ទេ បន្ទាប់​ពី​ឃើញ​សេចក្តី​ប្រកាស​នេះ​ ហើយ​កំពុង​ជួប​ប្រជុំ​គ្នា​រក​វិធី​ដោះស្រាយ។ បើ​យើង​មិន​ចេញ​តាម​កំណត់​គេ​មិន​ទទួល​ខុស​ត្រូវ​ នៅ​ពេល​មាន​ការ​ឈូស​ឆាយ​នោះ​ទេ​»។

លោក​សៀ ភារម្យ​ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​បាន​អះអាង​ថា​ ដី​ដែល​ប្រជា​ពលរដ្ឋ​កំពុង​រស់​នៅ​នោះ​ ជា​កម្មសិទ្ធិ​របស់​លោក​ចៅ ថៅសេង​ អាយុ​ ៦៧​ ឆ្នាំ។​ លោក​បញ្ជាក់​ថា៖​ «គេ​ថា​លោក ថៅ​សេង​ មាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​នោះ ​តាំង​ពី​ឆ្នាំ​ ១៩៩៥។​ តែ​វា​គួរ​ឲ្យ​ឆ្ងល់​ដែរ ​បើ​ដី​គេ​ម៉េច​ពលរដ្ឋ​រស់​នៅ​យូរ​ហើយ ​ទើប​តែ​មាន​គេ​ដេញ​នៅ​ពេល​នេះ»។

កាសែត​ភ្នំពេញ ប៉ុស្តិ៍​ មិន​អាច​ទាក់​ទង​ សុំ​ការ​បំភ្លឺ​ពី​លោក​ចៅ​ ថៅ​សេង បាន​ទេ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក ហ៊ូ សាម៉ន ចៅ​សង្កាត់​ស្វាយ​ប៉ាក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយ​មាន​ប្រសាសន៍​ថា ជាប់​ប្រជុំ។ ចំណែក លោក ជា ពិសី លោក​កូប ស្លេះ លោក​ ស្រី លី រ៉ូហ្សាមី ដែល​ជា​អភិបាល​រង​ខណ្ឌ រួម​ទាំង​លោក​ស្រី កែវ ច័ន្ទ​ស៊ុនណារី នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ឫស្សីកែវ បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​​លើ​ករណី​នេះ​ទេ៕

No comments:

Post a Comment

I like Blogger