សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, August 30, 2012

អង្គការ​ឃ្លាំ​មើល​បរិស្ថាន៖ បរិស្ថាន​កម្ពុជា​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន

ដោយ តាំង សារ៉ាដា 2012-08-30












អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ក្នុង​ស្រុក​មួយ បាន​ឲ្យ​ដឹង​ថា បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥ឆ្នាំ​នេះ កំពុង​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន ដោយ​សារ​គម្រោង​សម្បទាន​រ៉ែ​ក្រោម​ដី និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ។
ប្រធាន​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន លោក ម៉ម សម្បត្តិ មាន​ប្រសាសន៍​ថា បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ គឺ​គុណភាព​ដី និង​ទឹក កំពុង​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​ការ​បង្ហូរ​សារធាតុ​គីមី​ពី​ការ​ជីក​យក​រ៉ែ​ចេញ​មក​ខាង​ក្រៅ។ លោក​បញ្ជាក់​ថា ការ​បង្ហូរ​សារធាតុ​គីមី និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ក៏​កំពុង​គម្រាម​ប្រព័ន្ធ​ការពារ​បរិស្ថាន​ដែរ ដូច​ជា​ជីវចម្រុះ និង​ឧស្ម័ន​អុកស៊ីសែន សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស។


អង្គការ​នេះ បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ធំៗ​ដែល​កំពុង​រុករក​រ៉ែ​នៅ​កម្ពុជា មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន វៀតណាម កូរ៉េ អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​ចំនួន​ជាង​៦០។ ក្រុមហ៊ុន​ទាំង​នេះ កំពុង​ជីក​កកាយ​រក​រ៉ែ​មាស ដែក សំណ បុកស៊ីត ថ្មម៉ាប ធ្យូងថ្ម ត្បូង ស្ពាន់ធ័រ ស័ង្កសី និង​រ៉ែ​ទីតានីញ៉ូម នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​តំបន់​ភូមិ​ភាគ​ឦសាន និង​នៅ​តាម​ខេត្ត​កំពង់ធំ ព្រះវិហារ បណ្ដា​ខេត្ត​ដែល​នៅ​តាម​ដង​បឹង​ទន្លេសាប និង​ខេត្ត​កោះកុង។

មន្ត្រី​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា ទាំង​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន កំពុង​ប្រើ​ម៉ាស៊ីន​រាវរក​រ៉ែ​រាប់​ពាន់​គ្រឿង ដើម្បី​ជីក​កកាយ​យក​រ៉ែ​យ៉ាង​អានាធិបតេយ្យ នៅ​តំបន់​ព្រៃ​ឡង់​ប៉ែក​ខាង​ត្បូង ក្នុង​ទឹក​ដី​ខេត្ត​កំពង់ធំ ជាប់​ព្រំដែន​ខេត្ត​ក្រចេះ ត្រង់​ចំណុច​ស្នងអន។

លោក​បន្ត​ថា កម្ពុជា​នៅ​មិន​ទាន់​ចេះ​គ្រប់គ្រង​ធនធាន​រ៉ែ​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយ​អំពើ​អានាធិបតេយ្យ​រុករក​រ៉ែ និង​ការ​កាប់​ព្រៃ​ឈើ​នៅ​កម្ពុជា កំពុង​ដើរ​បញ្ច្រាស​នឹង​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ​រដ្ឋាភិបាល។

ទោះ​បី​ជា​មាន​ការ​អះអាង​តាម​រយៈ​ការ​ចុះ​ឃ្លាំ​មើល​ផ្ទាល់​ដល់​តំបន់​ដែល​រង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​ជាច្រើន រួម​ទាំង​ខេត្ត​កំពង់ធំ នោះ​ក៏ដោយ ក៏​អាជ្ញាធរ​ខេត្ត​កំពង់ធំ អះអាង​ថា បញ្ហា​បរិស្ថាន​នៅ​មិន​ទាន់​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទេ។

អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​រុករក​រ៉ែ​ក្នុង​ខេត្ត​នេះ​ប្រាកដ​មែន ប៉ុន្តែ​ដំណើរការ​នោះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​សម្រាប់​បរិស្ថាន​ឡើយ។

ទាក់​ទិន​នឹង​ការ​បារម្ភ​អំពី​ភាព​គគ្រឹកគគ្រេង​ក្នុង​ការ​រុករក​រ៉ែ​នេះ​ដែរ អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​សឹង​៨០%​ពឹង​ផ្អែក​លើ​របរ​កសិកម្ម និង​ធនធាន​ធម្មជាតិ។

អង្គការ​នេះ​អះអាង​ថា ប្រសិន​បើ​ប្រតិបត្តិការ​រាវរក​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​រីក​ជា​ទ្រង់ទ្រាយ​ធំ​ទៅ​នោះ វិបត្តិ​បរិស្ថាន​ប្រាកដ​ជា​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ទៅ​លើ​ពលរដ្ឋ​តាម​មូលដ្ឋាន សន្តិសុខ​ស្បៀង និង​ប្រភព​ទឹក​ស្អាត​សម្រាប់​មនុស្ស សត្វ និង​ជីវចម្រុះ​ផ្សេងៗ​ទៀត។

អ្នកស្រី មេហ្គែន មាក់ស៊ីននេស (Megan Macinnes) មន្ត្រី​ឃ្លាំ​មើល​ខាង​ផ្នែក​បរិស្ថាន​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា កម្ពុជា​មិន​ត្រូវ​ប្រើ​រូបមន្ត​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​រយៈ​ការ​ប្រមូល​សម្បត្តិ​រ៉ែ និង​ឈើ​ប្រណិតៗ​ដ៏​មហាសាល ដើម្បី​ធ្វើ​អាជីវកម្ម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​ដំណាំ​កសិឧស្សាហកម្ម​នោះ​ឡើយ ហើយ​ថា ការ​ធ្វើ​បែប​នេះ អាច​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

អ្នកស្រី មេហ្គែន មាក់ស៊ីននេស៖ «អ្វី​ដែល​សំខាន់​នោះ គឺ​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រចនា​អនាគត​នៃ​ប្រជាជាតិ​របស់​ខ្លួន​ដោយ​របៀប​ណា។ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចង់​បាន​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​របស់​ខ្លួន គេ​មិន​ត្រូវ​គ្រាន់​តែ​គិត​អំពី​ការ​ទទួល​ផល​ក្នុង​រយៈពេល​ខ្លី ឬ​សម្រាប់​ពេល​បន្ទាន់​ភ្លាមៗ​នោះ​ទេ តែ​គេ​ត្រូវ​គិត​អំពី​ភាព​យូរ​អង្វែង នៃ​សន្តិសុខ​បរិស្ថាន និង​ការ​ទ្រទ្រង់​ដល់​សង្គម ទៅ​តាម​អ្វី​ដែល​ជា​ការ​សម្រេច​ចិត្ត។ បញ្ហា​នេះ គេ​ត្រូវ​ឲ្យ​ប្រាកដ​ថា ការ​ធ្វើ​ឲ្យ​មាន​ភាព​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច គួរ​ពិចារណា​សម្រាប់​រយៈពេល​យូរ​អង្វែង»។

ក្រៅ​ពី​ការ​ព្រួយ​បារម្ភ​អំពី​ភាព​អានាធិបតេយ្យ​រាវរក​រ៉ែ អាច​ប៉ះ​ទង្គិច​ដល់​បរិស្ថាន និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​ប្រទេស​នោះ ក៏​មាន​ការ​ចោទ​សួរ​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​ខ្លះ​ថា ហេតុ​អ្វី​បាន​ជា​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​ដែល​សម្បូរ​សម្បត្តិ​ធម្មជាតិ​ដ៏​មហាសាល មាន​ការ​រីក​លូតលាស់​យឺត​ជាង​បណ្ដា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​តិចតួច?

សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា ពិភព​ដែល​ត្រូវ​គេ​ប្លន់ សរសេរ​ដោយ​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Oxford ខាង​ផ្នែក​សេដ្ឋកិច្ច និង​ជា​អតីត​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​នៅ​ធនាគារ​ពិភពលោក លោក ផល ខូលៀរ (Paul Collier) បាន​សរសេរ​ថា ប្រទេស​ដែល​សម្បូរ​សម្បត្តិ​ធម្មជាតិ ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​វា​អាច​ជា​លាភ ឬ​ជា​បណ្ដាសា ប្រសិន​បើ​ប្រទេស​ទាំង​នោះ​គ្មាន​ការ​ចាត់ចែង និង​គ្រប់គ្រង​ឲ្យ​មាន​តម្លាភាព មាន​អំពើ​ពុក​រលួយ និង​ខ្វះ​ប្រព័ន្ធ​យុត្តិធម៌ ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត។

លោក ផល ខូលៀរ បញ្ជក់​ថា ជាក់ស្តែង​ប្រទេស​សេរ៉ាឡេអូន (Sierra Leone) សឹង​តែ​ត្រូវ​បាន​បំបែក​ជា​តំបន់​អបគមន៍​ជាច្រើន ដោយ​សារ​ជម្លោះ​ដណ្ដើម​កាន់​កាប់​តំបន់​រ៉ែ ត្បូង និង​ពេជ្រ។ ចំណែក​រ៉ែ​ប្រេង​នៅ​ប្រទេស​នីហ្សេរី (Nigeria) បាន​នាំ​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក ដោយ​សារ​ការ​គ្រប់គ្រង​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល។ ប៉ុន្តែ រ៉ែ​ត្បូង​ពេជ្រ​នៅ​ប្រទេស​បូស្វាណា (Botswana) និង​រ៉ែ​ប្រេង​នៅ​ប្រទេស​ន័រវែស (Norway) វិញ បាន​នាំ​ឲ្យ​កម្រិត​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ និង​បរិស្ថាន​របស់​ប្រទេស មាន​ស្តង់ដារ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក៕

No comments:

Post a Comment

I like Blogger