សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, May 7, 2013

ជំនួយ​និង​ប្រាក់​កម្ចី​ចិន

TUESDAY, 07 MAY 2013 ឆ.ចិន្តា The Phnom Penh Post
130507_02
ការដ្ឋានសង់​ទំនប់​វារី​អគ្គិសនី​ស្ទឹងអា​តៃ​ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ដែល​ប្រើ​ប្រាស់​ប្រាក់​កម្ចី​របស់​ចិន​​​។ រូបថត ទិត្យថារ៉ា​
ជូន​ចំពោះ​ការី​និពន្ធ
នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ យើង​បាន​សង្កេត​ឃើញ​ប្រទេស​កម្ពុជា ទទួល​យក​ជំនួយ​និង​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន​រាប់​រយ​លាន​ដុល្លារ។ នៅ​ក្នុង​ទំហំ​ទឹក​ប្រាក់​ដែល​ចិន​ផ្តល់​ឲ្យ​កម្ពុជា​នេះ ភាគ​ច្រើន​គឺ​ជា​ប្រាក់​កម្ចី។ ឯ​ប្រាក់​ជំនួយ គឺ​មាន​តិច​តួច​ទេ ដាក់​ភ្ជាប់​ជាមួយ​នឹង​ប្រាក់​កម្ចី​ប្រៀប​ដូច​ជា​គេ​ដាក់​ផ្កា​ភ្ញី​នៅ​លើ​ចាន​ម្ហូប​អ៊ីចឹង។
ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ យើង​ត្រេកអរ​ណាស់​ចំពោះ​អំពើ​សប្បុរសធម៌​របស់​ចិន​មក​លើ​កម្ពុជា​។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត​នោះ គឺ​លក្ខខណ្ឌ ឬ​ក៏​ទង្វើ​របស់​ប្រទេស​ចិន មក​លើ​កម្ពុជា​ដែល​ជា​កូន​បំណុល​របស់​ខ្លួន។ បើ​យើង​ធ្វើ​ដំណើរ​ជុំវិញ​ស្រុក​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​នឹង​សង្កេត​ឃើញ​ថា ផ្លូវ​ថ្នល់​និង​ស្ពាន ដែល​ទើប​នឹង​បាន​សាង​សង់​រួច ឬ​ក៏​កំពុង​សាង​សង់ ភាគ​ច្រើន​គឺ​សាង​សង់​ឡើង​ដោយ​ប្រើ​ថវិកា ដែល​បាន​មក​ពី​ការ​ខ្ចី​បុល​លុយ​របស់​ចិន។ ភ្ជាប់​ជាមួយ​នឹង​បំណុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ចិន​ក៏​បាន​បញ្ជូន​មក​កម្ពុជា​នូវ​ក្រុមហ៊ុន និង​បុគ្គលិក​ជន​ជាតិ​ចិន​ជា​ច្រើន​រយ​នាក់​ផង​ដែរ។ បើ​យើង​សង្កេត​មើល​ក្រុម​ពលករ ដែល​កំពុង​សាង​សង់​ស្ពាន ជ្រោយចង្វារ​ថ្មី និង​កំណាត់​ផ្លូវ​ជាតិ​លេខ ៦ ពី​គល់​ស្ពាន​ជ្រោយចង្វារ​ភាគ​ខាង​កើត ទៅ​ទល់​នឹង​ថ្នល់​កែង ព្រែក​ក្តាម យើង​មើល​ឃើញ​ថា បុគ្គលិក​សាង​សង់​ស្ពាន​និង​ផ្លូវ​នេះ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ចិន។

បុគ្គលិក​ដែល​ជា​ជនជាតិ ខ្មែរ គឺ​មាន​មិន​ច្រើន​ទេ ហើយ​ភាគ​ច្រើន ច្រើន​តែ​ជា​អ្នក​ធ្វើ​ការងារ​កំប៉ិក​កំប៉ុក ដែល​ទទួល​ប្រាក់​កម្រៃ​ទាប​តែ​ប៉ុណ្ណោះ។ រូបភាព​នេះ មើល​ទៅ​វា​ហាក់​បី​ដូច​ជា​អយុត្តិធម៌​ណាស់ សម្រាប់​ប្រទេស​និង​ប្រជា​ពលរដ្ឋ​កម្ពុជា។ ប្រាក់​កម្ចី​ចិន ក្រុមហ៊ុន​ចិន និង​បុគ្គលិក​សំខាន់ៗ​ជា​ជនជាតិ​ចិន​ទៀត​។ នេះ​មិន​ខុស​អ្វី​ពី​ពាក្យ​ខ្មែរ​មួយ​ឃ្លា​ដែល​ពោល​ថា​៖ «ឲ្យ​ហើយ យក​វិញ» នោះ​ទេ​។ យើង​ឧស្សាហ៍​ឮ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ខ្មែរ និយាយ​អំពី ម៉ាក្រូ​អេកូណូមិក និង​នយោបាយ​ឈ្នះ​ឈ្នះ! តើ​ឈ្នះ​អី?អ្នក​ដែល​ឈ្នះ​នោះ​គឺ​ចិន។ ឯ​អ្នក​ដែល​ធ្វើ​ម៉ាក្រូ​អេកូណូមិក បាន​ផល​ប្រយោជន៍​ធំ​នោះ ក៏​ចិន​ដែរ។
មូលហេតុ​ដែល​យើង​ហ៊ាន​អះអាង​ដូច្នេះ គឺ​ផ្អែក​លើ​ហេតុផល​ដូច​ត​ទៅ​៖ រាល់​វិនិយោគ​ធំៗ​ដូច​ជា​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដែល​ចិន​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​យក​មក​ធ្វើ​នោះ ភាគ​ច្រើន​គឺ​ធ្វើ​ផ្អែក​លើ​គោលការណ៍៖ កសាង​ប្រើ​ប្រាស់ និង​ផ្ទេរ​ឲ្យ (BOT: Build, Operate, Transfer) ដែល​មាន​រយៈ​ពេល ៣០ឆ្នាំ។ មាន​ន័យ​ថា ប្រាក់​ដែល​ខ្មែរ​ខ្ចី​ចិន​យក​មក​កសាង​ទំនប់​វារី​អគ្គិសនី​នោះ គឺ​ក្រុមហ៊ុន​ចិន(ឬ​ប្រទេស​ចិន) ជា​អ្នក​សង់​ឲ្យ​រួច​ហើយ​ក្រុមហ៊ុន​នោះ​នឹង​ធ្វើ​អាជីវកម្ម​លក់​ភ្លើង​អគ្គិសនី​ឲ្យ​ខ្មែរ​អស់​រយៈ​ពេល ៣០ ឆ្នាំ​ទៀត ទើប​ប្រគល់​សមិទ្ធផល​នេះ​មក​ឲ្យ​ខ្មែរ​កាន់​កាប់​និង​អាស្រ័យ​ផល។ ទម្រាំ​តែ​ដល់​ពេល​ប្រគល់​មក​ឲ្យ​ខ្មែរ ដើម្បី​អាស្រ័យ​ផល ទំនប់​វារី​អគ្គិសនី​នោះ នឹង​ត្រូវ​ដល់​ពេល​ជួស​ជុល​ល្មម ដើម្បី​ដំណើរ​ការ​ត​ទៅ​មុខ​ទៀត។ ដូច្នេះ ប្រទេស​ខ្មែរ​ចាំ​បាច់​ត្រូវ​តែ​ទិញ​គ្រឿង​បន្លាស់​ពី​ប្រទេស​ចិន ឬ​ក្រុមហ៊ុន​ចិន ដែល​ជា​អ្នក​កសាង​គ្រឿង​ចក្រ នៅ​លើ​ទំនប់​វារី​អគ្គិសនី​ទាំង​នោះ។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ នៃ​ប្រាក់​កម្ចី​របស់​ចិន។ ចំណុច​មួយ​ទៀត​គឺ​ភាព​សប្បុរសធម៌​របស់​ប្រទេស​ចិន​មក​លើ​កម្ពុជា។ ជា​រឿយៗ យើង​តែង​តែ​ឮ​ថ្នាក់​ដឹក​នាំ​ខ្មែរ​និយាយ​អំពី «ចក្ខុ​វិស័យ» (ប្រើ​ទស្សន​វិស័យ​ត្រូវ​ជាង) គឺ​ការ​ព្យាករ​រៀប​ចំ​យុទ្ធសាស្ត្រ​ដើម្បី​អភិវឌ្ឍ ទៅ​តាម​ទិស​ដៅ​ផ្សេងៗ។ ដើម្បី​បំពេញ​នូវ​ចក្ខុវិស័យ​នីមួយៗ ឧទាហរណ៍៖ ការ​ជួស​ជុល​ឬ​ក៏​សាង​សង់​ផ្លូវ​ថ្មី​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​គមនាគមន៍ ប្រទេស​ខ្មែរ​ចាំ​បាច់​ត្រូវ​តែ​ខ្ចី​ប្រាក់​ពី​ចិន​យក​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន (យើង​យក​តែ​ប្រទេស​ចិន​មក​ដាក់​នៅ​ទីនេះ ព្រោះ​ចិន​ជា​មេ​បំណុល​ដ៏​ធំ​បំផុត​របស់​ខ្មែរ)។
សូម​សួរ​ថា តើ​ប្រទេស​ចិន​មាន​ចក្ខុវិស័យ​ដែរ​ទេ ក្នុង​ការ​ផ្តល់​ឲ្យ​ខ្មែរ​នូវ​ប្រាក់​កម្ចី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​នេះ?​ប្រាកដ​ជា​មាន​! វា​មិន​មែន​ជា​រឿង​គាប់​ជួន​នោះ​ទេ ដែល​ក្រុមហ៊ុន​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នានា​នៅ​ក្នុង​ស្រុក​ខ្មែរ ចាប់​តាំង​ពី​ក្រុមហ៊ុន​កាត់​ដេរ រហូត​ដល់​ក្រុមហ៊ុន​រុក​រក​រ៉ែ ភាគ​ច្រើន​គឺ​មាន​ឫស​គល់​នៅ​ឯ​ប្រទេស​ចិន។ ដូច្នេះ ការ​ផ្តល់​ប្រាក់​កម្ចី​មក​ឲ្យ​ខ្មែរ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នោះ គឺ​មិន​ខុស​អ្វី​ទៅ​នឹង​ការ​រៀប​ចំ​សេវាកម្ម ដើម្បី​ចំហៀវ​យក​ខ្លាញ់​ពី​ប្រទេស​ខ្មែរ​នោះ​ទេ។
ប្រាក់​កម្ចី​សម្រាប់​យក​មក​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូច​ជា ផ្លូវ​គមនាគមន៍ និង​ទំនប់​វារី​អគ្គិសនី ជា​របស់​ចិន។ ក្រុមហ៊ុន​និង​ពលករ និង​សម្ភារ​សាង​សង់​ក៏​យក​មក​ពី​ចិន។ រីឯ​អ្នក​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់ ទាំង​ផ្លូវ​ទាំង​ភ្លើង និង​ទទួល​ផល​ប្រយោជន៍​ដ៏​ច្រើន​លើស​លប់​បំផុត ក៏​ជា​ចិន​ដែរ។ ចំណែក​ឯ​ប្រទេស​ខ្មែរ និង​រាស្ត្រ​ខ្មែរ គឺ​បាន​ត្រឹម​តែ​ធ្វើ​កូន​បំណុល និង​កម្មករ (ខ្ញុំ) ចិន​តែ​ប៉ុណ្ណោះ។
យើង​ឮ​ថា ចិន​មាន​គម្រោង​នឹង​បើក​ការដ្ឋាន​ជីក​យក​រ៉ែ​នៅ​ខេត្ត​ព្រះវិហារ ព្រម​ទាំង​សាង​ផ្លូវ​រថភ្លើង​ពី​ព្រះវិហារ ទៅ​កាន់​ឈូង​សមុទ្រ​ថៃ​ផង​។ បើ​តាម​ពត៌មាន គម្រោង​វិនិយោគ​រុក​រក​រ៉ែ​ដែក​នៅ​ខេត្ត​ព្រះវិហា​នេះ នឹង​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​២ ០០០​លាន​ដុល្លារ​អាមេរិក​។ យើង​មិន​ដឹង​ថា ប្រទេស​ខ្មែរ​នឹង​ត្រូវ​ខ្ចី​ប្រាក់​ពី​ចិន​ប៉ុន្មាន​រយ​លាន​ដុល្លារ​ទៀត​ទេ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ នៅ​ក្នុង​ការ​វិនិយោគ​នេះ។ ប៉ុន្តែ អ្វី​ដែល​យើង​អាច​ប្រមើល​មើល​ទុក​ជា​មុន​បាន​នោះ គឺ​ថា អ្នក​ដែល​មក​សាង​សង់ និង​ទទួល​បាន​ភោគ​ផល​ដ៏​ច្រើន​លើស​លប់​នោះ គឺ​ប្រទេស​ចិន។ ឯ​មរតក​ដែល​ប្រទេស​ខ្មែរ​ទទួល​បាន​នោះ​គឺ​សំណល់​ឧស្សាហកម្ម (Industrial wastes)។
មូលហេតុ​ដែល​យើង​ហ៊ាន​និយាយ​ដូច្នេះ គឺ​សំអាង​លើ​ហេតុ​ផល​សេដ្ឋកិច្ច។ បន្ទាប់​ពី​ចម្រាញ់​យក​ធនធាន​ធម្មជាតិ​អស់​ហើយ វា​គ្មាន​ហេតុ​ផល​អ្វី​សម្រាប់​ប្រទេស​ចិន នៅ​ក្នុង​ស្រុក​ខ្មែរ​ទៀត​ទេ គេ​ច្បាស់​ជា​នឹង​ទៅ​រក​សម្ភារ​ដែល​គេ​ត្រូវ​ការ​នៅ​កន្លែង​ផ្សេង​ទៀត។ ឯ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក​នោះ អាច​នឹង​ត្រូវ​រស់​នៅ​ជាមួយ​នឹង​សំរាម​ឧស្សាហកម្ម។​យើង​មិន​មែន​មិន​ចង់​ឲ្យ​មាន​ការ​រុក​រក និង​ទាញ​យក​សម្បត្តិ​ធម្មជាតិ​នៅ​ក្នុង​ស្រុក​ខ្មែរ​នោះ​ទេ។ ប៉ុន្តែ យើង​ចង់​ឲ្យ​ការ​ទាញ​យក​ភោគ​ផល​ធម្មជាតិ​ទាំង​នោះ មាន​តុល្យភាព និង​មិន​បំផ្លិច​បំផ្លាញ​ជ្រុល​ពេក។ ជា​ទូទៅ​នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​អតីត​តំបន់​ឧស្សាហកម្ម​រុក​រក​រ៉ែ និង​តំបន់​រោងចក្រ​វាយនភ័ណ្ឌ​នានា​ដែល​នៅ​ក្នុង​ពិភពលោក​យើង​នេះ​យើង​រមែង​សង្កេត​ឃើញ​តំបន់​ទាំង​នោះ ក្លាយ​ជា​តំបន់​រហោឋាន ដោយ​មិន​អាច​កែ​ច្នៃ​ធ្វើ​អ្វី​បាន​ឡើយ ព្រោះ​មាន​ជាតិ​ពុល​នៅ​ក្នុង​បរិស្ថាន​ច្រើន​ពេក។ ដូច្ចេះ យើង​គប្បី​គិត​ឲ្យ​បាន​ល្អិត​ល្អន់ ថា​តើ​សមិទ្ធផល​ដែល​យើង​ទទួល​បាន នៅ​ក្នុង​រយៈ​ពេល​ខ្លី អាច​យក​មក​ទូទាត់ ជាមួយ​នឹង​អ្វី​ដែល​យើង​ត្រូវ​បាត់​បង់​នៅ​ក្នុង​រយៈ​ពេល​វែង​បាន​ដែរ​ឬ​ទេ? ហើយ​យើង​ក៏​គួរ​តែ​គិត​ឲ្យ​រឹត​តែ​ល្អិត​ល្អន់​ដែរ​ថា ប្រាក់​ដែល​ចិន​ឲ្យ​យើង​ខ្ចី ជាមួយ​នឹង​ក្រុមហ៊ុន​និង​ពលករ​ចិន​ដែល​មក​ចំហៀវ​យក​ប្រាក់​កម្ចី​នោះ​ទៅ​វិញ តើ​វា​ជា​នយោបាយ​ឈ្នះ​ឈ្នះ​របស់​អ្នក​ណា​? បើ​ថ្នាក់​ដឹក​នាំ​ខ្មែរ​នៅ​តែ​បន្ត​ប្រកាន់​យក «ចក្ខុ​វិស័យ» របៀប​នេះ ពលរដ្ឋ​ខ្មែរ​ប្រាកដ​ជា​ត្រូវ​នៅ​ជា​កូន​បំណុល និង​ធ្វើ​ខ្ញុំ​ចិន​ត​ពូជ​ហើយ!
ដោយ ឆ.ចិន្តា វ៉ាស៊ីនតោន, សហរដ្ឋ​អាមេរិក

No comments:

Post a Comment

I like Blogger