សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, May 7, 2013

អភិបាល​រាជធានី​ថ្មី​សន្យា​ដោះស្រាយ​ដី​បឹង​កក់​បុរី​កីឡា

TUESDAY, 07 MAY 2013 ឃុត សុភចរិយា The Phnom Penh Post
130507_05
ក្រុម​អ្នក​ភូមិ​​រង​គ្រោះ​ដោយ​ជម្លោះ​ដី​ធ្លី នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​កាល​ពី​ម្សិល​មិញ​​​។ រូបថត ជីវ័ន

ភ្នំពេញៈ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​ទើប​នឹង​តែង​តាំង​ថ្មី​បាន​សន្យា​នៅ​ចំពោះ​មុខ​តំណាង​អ្នក​ភូមិ​បឹង​កក់ និង​បុរី​កីឡា​នៅ​ក្នុង​ជំនួប​ខ្លី​មួយ កាល​ពី​ម្សិល​មិញ​ថា នឹង​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​លំនៅដ្ឋាន​ដ៏​រ៉ាំរ៉ៃ របស់​ពលរដ្ឋ​ទាំង​នេះ​ឲ្យ​ចប់​ក្នុង​ពេល​ឆាប់ៗ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
លោក ពេជ្រ លឹមឃួន តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា បាន​និយាយ​ថា លោក ប៉ា សុជាតិ​វង្ស បាន​សន្យា​នៅ​ចំពោះ​មុខ​រូប​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត​ថា គាត់​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់​តែ​ស្នើ​ឲ្យ​អ្នក​ភូមិ​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់​កុំ​ដើរ​តវ៉ា​តាម​ដង​ផ្លូវ​ទៀត​ដែល​នាំ​ឲ្យ​ខូច​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ លោក​លឹម​ឃួន​ថ្លែង​ថា៖«យើង​ពិត​ជា​រីករាយ​ខ្លាំង​ណាស់ ព្រោះ​សេចក្ដី​អះអាង​របស់​គាត់​គឺជា​ក្ដី​សង្ឃឹម​របស់​យើង​ខ្ញុំ​ក្នុង​ការ​ទទួល​បាន​ដំណោះ​ស្រាយ​»។ លោក​បាន​បន្ត​ថា ក្រោយ​ពី​លោក បាន​រៀប​រាប់​ពី​បញ្ហា​មួយ​ចំនួន ដែល​ជា​ការ​រង​ទុក្ខ​វេទនា​របស់​អ្នក​បុរី​កីឡា​ក្រោយ​ពី​ការ​បណ្តេញ​ចេញ កាល​ពី​ថ្ងៃ០៣ មករា ឆ្នាំ ២០១២ ដូច​ជា​បញ្ហា​កង្វះ​ស្បៀង​អាហារ និង​ដំបូល​តង់​កៅស៊ូ​សម្រាប់​ប្រក់​ស្នាក់​នៅ លោក ប៉ា សុជាតិ​វង្ស​បាន​ឆ្លើយ​ថា គាត់​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ដែល​យ៉ាង​យូរ​នៅ​សប្ដាហ៍​ក្រោយ។
អ្នក​ស្រី​ឆាយ គឹមហ៊ន ដែល​ចូល​រួម​នៅ​ក្នុង​ជំនួប​ដែរ​នោះ បាន​និយាយ​ថា អ្នក​ស្រី បាន​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​រាជធានី​ថ្មី ជួយ​ផ្ដល់​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​ព្រោះ​ខ្លាច​មាន​ការ​ប្រែ​ប្រួល។
ជាមួយ​គ្នា​នោះ អ្នក​ស្រី ហេង មុំ តំណាង​ពលរដ្ឋ​ជាង​៦០​គ្រួសារ ដែល​បាន​កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ចំណែក​ដី ១២,៤៤ ហិកតា ក្នុង​តំបន់​បឹង​កក់ ដែល​ផ្តល់​ឲ្យ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​និយាយ​ថា លោក​អភិបាល​រាជធានី​ថ្មី​អះ​អាង​យ៉ាង​មុត​មាំ​ថា នឹង​ដោះស្រាយ​បញ្ហា​ដី​បឹង​កក់​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​ផង​ដែរ។ អ្នក​ស្រី​ថ្លែង​ថា៖«​គាត់​ប្រាប់​ថា ក្រោយ​ពី​គាត់​ពិនិត្យ​ពិច័យ​សំណុំ​ឯកសារ​នៃ​សំណើ​របស់​យើង​ខ្ញុំ​បាន​ល្អិត​ល្អន់​ហើយ​នោះ គាត់​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ភាព​ជាក់​ស្ដែង​នៅ​តាម​ផ្ទះ​នីមួយៗ បន្ទាប់​មក​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​ស្ដី​ពី​ដំណោះ​ស្រាយ»។
លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​ទើប​ឡើង​កាន់​តំណែង​ជា​ផ្លូវ​ការ​ជំនួស​លោក កែប ជុតិមា កាល​ពី​ថ្ងៃ​សុក្រ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បញ្ជាក់​បន្ថែម​ចំពោះ​អ្វី​ដែល​អ្នក​ភូមិ​បាន​អះ​អាង​នេះ​បាន​ទេ​។ ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ថ្លែង​ថា លោក​អភិបាល​រាជធានី​ថ្មី បាន​ជួប​ជាមួយ​តំណាង​ពលរដ្ឋ នៃ​សហគមន៍​ទាំង​ពីរ​ខាង​លើ​និង​បាន​លើក​ឡើង ដូច​អ្វី​ដែល​ក្រុម​អ្នក​ភូមិ​បាន​និយាយ​មែន។
លោក​អ៊ី សារ៉ុម ប្រធាន​សមាគម​ធាង​ត្នោត​បាន​និយាយ​ថា បញ្ហា​វិវាទ​នៅ​បុរី​កីឡា និង​បឹង​កក់ មិន​មែន​ជា​បញ្ហា​លំបាក​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​ពិត​ជា​មាន​ឆន្ទៈ​ចង់​ដោះ​ស្រាយ​។ លោក​បន្ត​ថា៖ «​នេះ​អាច​ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​នេះ។ ប៉ុន្តែ​ទោះ​ជា​បែប​ណា​យើង​នឹង​រង់​ចាំ​ឃ្លាំ​មើល​ត​ទៅ​ទៀត»។
ដោយ​ឡែក​នៅ​ឯ​ក្រសួង​យុត្តិធម៌ កាលពី​ព្រឹក​ម្សិលមិញ ក្រុម​អ្នក​ភូមិ​ប្រមាណ​៥០នាក់ មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា និង ថ្មគោល​បាន​នាំ​គ្នា ទៅ​ដាក់​ញ្ញត្តិ សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ជំរុញ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ពន្លឿន​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​បើក​ការ​ជំនុំ​ជម្រះ ករណី​អ្នក​ស្រី​យ៉ោម បុប្ផា​ឲ្យ​បាន​ឆាប់។ នៅ​ក្នុង​ការ​ដាក់​ញ្ញត្តិ​នេះ ក្រុម​អ្នក​ភូមិ​ក៏​បាន​រៀប​ចំ​ពិធី​បន់​ស្រន់ និង​ដាក់​បណ្តាសា ដល់​មន្ត្រី​តុលាការ​ខិល​ខូច​មួយ​ចំនួន​ដោយ​មាន​ការ​ដុត​ធូប​ទៀត ក្រដាស​ប្រាក់​ខ្មោច បាច​លាច និង​មាន​បោក​ក្អម ហុយ​ទ្រ​លោម​នៅ​មុខ​ក្រសួង​យុត្តិធម៌ ដោយ​ហៅ​ក្រសួង​នេះ​ថា​ជា «ក្រសួង​អយុត្តិធម៌»៕

No comments:

Post a Comment

I like Blogger