សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, May 7, 2013

៥​សហគមន៍​មក​តវ៉ា​រឿង​ដី​ធ្លី​ដល់​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី

TUESDAY, 07 MAY 2013 ម៉ៃ ទិត្យថារ៉ា The Phnom Penh Post
130507_01
តំណាង​ប្រជាពលរដ្ឋ​ប្រមាណ៧០​នាក់​មក​ពី​សហគមន៍​ជម្លោះ​ដី​ធ្លី​ចំនួន​៥​ដាច់​ដោ​យ​ឡែក​ពី​គ្នា​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ត្រូវ​បានកម្លាំង​សមត្ថ​កិច្ច​រុញ​ច្រាន​យ៉ាងចាស់​ដៃ​​កាលពី​ថ្ងៃ​ម្សិល​មិញ​ នៅ​ពេល​ពួក​គេ​នាំ​គ្នា​ដើរ​នៅតាម​​ដង​វិថី​ព្រះ​នរោត្តម​ដើម្បី​យកញត្តិជូន​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ រូបថត ម៉ៃ​ វីរៈ

កោះកុងៈ តំណាង​ពលរដ្ឋ​ប្រមាណ​ជា​៧០​នាក់​មក​ពី​សហគមន៍​ជម្លោះ​ដី​ធ្លី​៥​ផ្សេង​គ្នា​នៅ​ក្នុង​ខេត្ត​កោះកុង បាន​លើក​គ្នា​ឡើង​មក​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ធ្លី​និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដល់​ពួក​គាត់។
តំណាង​ពលរដ្ឋ​៧០​នាក់ ក្នុង​នោះ​ចំនួន​បី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន Union Development Group Co., Ltd ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​៣៦​ពាន់​ហិកតា ក្នុង​ឆ្នាំ​២០០៨ និង​ទទួល​បាន​បន្ថែម​៩.១០០​ហិកតា​ទៀត នៅ​ក្នុង​ឆ្នាំ​២០១១ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រជា​ពលរដ្ឋ​ចំនួន​១.១៤៣​គ្រួសារ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​ពីរ​គឺ​ស្រុក​បទុមសាគរ​និង​ស្រុក​គិរីសាគរ ក្នុង​នោះ​មាន​ឃុំ​ចំនួន​៥ និង​១១ ភូមិ​។ ក្រុមហ៊ុន​នោះ​បាន​ធ្វើ​ឲ្យ​ដី​របស់​អ្នក​ភូមិ​ចំនួន​១​ម៉ឺន​ហិកតា​ត្រូវ​បាន​បាត់​បង់​ផ្ទះ​សម្បែង​ប្រមាណ​១.៥០០​ខ្នង ត្រូវ​ឈូស​កម្ទេច​សាលា​រៀន​ចំនួន​២ កន្លែង និង​វត្ត​ចំនួន​បី​ត្រូវ​រុះរើ​ចេញ​ផង​ដែរ។ រីឯ​ពលរដ្ឋ​២​សហគមន៍​ផ្សេង​ទៀត​បាន​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​លោក ហេង ហ៊ុយ ជា​ឈ្មួញ​រក​ស៊ី​ដី​ធ្លី​ដែល​ស្ថិត​ក្នុង​ឃុំ​ជី​ខ​ក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។
លោក រ៉ុង គី តំណាង​ប្រជា​ពលរដ្ឋ ៤០ គ្រួសារ មក​ពី​ភូមិ​ចម្លង​គោ ឃុំ​ថ្មស ស្រុក​បទុមសាគរ​បាន​ឲ្យ​ដឹង​ថា លោក​មក​ទី​ក្រុង​ភ្នំពេញ​នេះ​ដើម្បី​ដាក់​ញតិ្ត​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​សុំ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ហើយ​និង​សុំ​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដី​ធ្លី​និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ប្រជាជន​ស្រប​ច្បាប់​ប៉ុន្តែ​ត្រូវ​កម្លាំង​ប៉ូលិស ប៉េអឹម រារាំង​និង​បញ្ជា​ឲ្យ​ទៅ​ជុំ​គ្នា​នៅ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី ប៉ុន្តែ​ពួកគាត់​មិន​ព្រម​។​លោក​បន្ត​ទៀត​ថា​៖​«គេ​ថា​គេ​យក​ញតិ្ត​ទៅ​ដាក់​ជំនួស​តែ​ពួក​យើង​មិន​ព្រម​ដោយ​ខ្លាច​គេ​យក​ទៅ​ទុក​ចោល​ទៀត​ពី​ព្រោះ​អី​គេ​មិន​ព្រម​ធ្វើ​កិច្ច​សន្យា​ឲ្យ​ពួក​យើង​ទើប​បណ្តាល​ឲ្យ​មាន​ការ​រុញ​ច្រាន​គ្នា​មួយ​សន្ទុះ​»។

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោក​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ចិន​បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាជន​អ្នក​ដែល​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​ដោះ​ដូរ​ដី​លំនៅឋាន​ថ្មី​និង​ប្រគល់​ដី​នោះ​ឲ្យ​ប្រជា​ពលរដ្ឋ​វិញ​តាម​គោល​នយោបាយ​វៀល​ដី​ពួក​គាត់​ចេញ​ពី​ដី​របស់​ក្រុមហ៊ុន។ លោក​បន្ត​ថា ៖ «​បើ​មិន​ទាន់​ដោះ​ស្រាយ​ចប់​ក៏​ដោយ​សូម​ឲ្យ​ប្រជាជន មាន​សិទ្ធិ​ទៅ​រស់​នៅ​លើ​ដី​នោះ​ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ​ក៏​បាន​»។
ចំណែក​ឯ​អ្នក​ស្រី ផាវ ញ៉ឺង តំណាង​ពី​សហគមន៍ នៅ​ស្រុក​ស្រែ​អំបិល​ដែល​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ ហ្គ្រីល ឈ័រ​គ្រុប បាន​រៀបរាប់​ថា គាត់​មក​ដាក់​ញាត្តិ​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជូន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​ចុះ​វាស់​វែង​ដី​ឲ្យ​ពួក​គាត់ ដោយ​អនុលោម​ទៅ​តាម​បទ​បញ្ជា ០១ ប.ប របស់​សម្តេច។ អ្នក​ស្រី​និយាយ​ថា​៖«​បើ​តាម​បទ​បញ្ជា​០១​បប ដី​របស់​ខ្ញុំ​ត្រូវ​វៀល​ចេញ​ពី​ដី​ក្រុមហ៊ុន ប៉ុន្តែ អាជ្ញាធរ​ខេត្ត​ពុំ​អនុវត្ត​តាម​បទ​បញ្ជា​នេះ​ឡើយ​និង​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​បំពាន​យក​ដី​ពួក​យើង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​។ ជម្លោះ​នេះ​យើង​ជឿ​តែ​លើ​សម្តេច​ទេ​ដែល​អាច​ជួយ​ពួក​ខ្ញុំ​បាន​»។
កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​មុន​នេះ​លោក​នាយ​រដ្ឋ​មន្ត្រី​បាន​ចេញ​សេចក្តី​ប្រកាស​ផ្អាក​ជា​បន្ទាន់​នូវ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដោយ​គ្មាន​កាល​កំណត់ ហើយ​នៅ​ថ្ងៃទី១៤ ខែ​មិថុនា​បន្ទាប់​គ្នា​លោក​នាយ​រដ្ឋ​មន្ត្រី​ក៏​បាន​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ចុះ​ធ្វើ​ការ​វាស់​វែង​ដី​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ផង​ដែរ។
លោក លឹម លៀងសែ នាយក​រង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​បាន​ញត្តិ​របស់​ពលរដ្ឋ​ទាំង​អស់​នោះ​នៅ​ឡើយ​ទេ។ លោក​ថ្លែង​បញ្ជាក់​ទៀត​ថា ៖ «​ខ្ញុំ​កំពុង​តែ​រង់​ចាំ​ទទួល​ញត្តិ​ពី​ពួក​គាត់​»។
លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា ពលដ្ឋ​ទាំង​នោះ​ពុំ​មែន​ទើប​តែ​មក​ដាក់​ញត្តិ​ជា​លើក​ទី១​ទេ​គឺ​មក​ច្រើន​លើក​ហើយ​ហើយ​ហេតុ​ដែល​គាត់​មក​ដាក់​ជា​ថ្មី​ទៀត គឺ​មក​ពី​គាត់​នៅ​មាន​សង្ឃឹម​ថា​មាន​តែ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​និង​គណបក្ស​ប្រជាជន​ទេ ដែល​អាច​ដោះស្រាយ​ឲ្យ​គាត់​បាន​។ លោក​បន្ត​ថា៖​«មូលហេតុ​ដែល​ពលរដ្ឋ​ចេះ​តែ​មក​តវ៉ា​បើ​ទោះ​បី​ជា​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​វាស់​វែង​ដី​ឲ្យ​ហើយ​ក៏​ដោយ​នោះ​ដោយ​សារ​តែ​ក្រុម​ថ្មី​ហាក់​ដូច​ជា​ពុំ​ទាន់​មាន​ភាព​ឯករាជ្យ​ដូច​ក្រុម​ទី១ ពី​ព្រោះ​អី​ពួក​គាត់​ធ្វើ​តាម​តែ​ការ​ចង្អុល​បង្ហាញ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​អាជ្ញាធរ​ទាំង​នោះ​ភាគ​ច្រើន​គឺ​ធ្វើ​ការ​តំណាង​ឲ្យ​ក្រុមហ៊ុន»៕

No comments:

Post a Comment

I like Blogger