ភ្នំពេញៈ
ប្រជានេសាទប្រមាណជាង ១០០ នាក់ កាលពីម្សិលមិញ បាននាំគ្នាទៅតវ៉ា
នៅមុខទីស្នាក់ការអធិការដ្ឋានជលផលចតុមុខ បន្ទាប់ពីមន្ត្រីជលផល
បានចាប់ឃាត់ទូកនេសាទ របស់ពួកគេ មិនឲ្យនេសាទត្រី លើដងទន្លេសាប
ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
តំណាងប្រជានេសាទ
ទាំងនោះ លោកឡោះ យ៉ើ អាយុ ៤៩ ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍
នៅឯកន្លែងជួបប្រជុំធ្វើការតវ៉ានោះថា មន្ត្រីជលផល
បានចាប់ឃាត់ទុកទូកនេសាទរបស់ពួកគាត់ ចំនួនជាង ៤០ ទូក
ខណៈដែលពួកគាត់ កំពុងធ្វើការនេសាទត្រីលើផ្ទៃទឹកដងទន្លេសាប
ស្ថិតក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ក្នុងរដូវត្រីប្រហុកនេះ
ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបានថ្លែងថា៖ «សមត្ថកិច្ចជលផល
ចាប់ឃាត់ទូករបស់ពួកយើង ដោយចោទថា
ពួកយើងប្រើប្រាស់ម៉ាស៊ីនជាជំនួយក្នុងការនេសាទត្រី»។
លោកបាន
បន្ថែមថា ច្បាប់បានហាមឃាត់មិនឲ្យប្រជានេសាទ ជាលក្ខណៈគ្រួសារ
ប្រើប្រាស់គ្រឿងម៉ាស៊ីនជាជំនួយក្នុងការនេសាទត្រីនោះទេ
ប៉ុន្តែបច្ចុប្បន្ន ប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនទៅមុខ
ហើយប្រជាជនក៏មានគំនិតអភិវឌ្ឍធ្វើការច្នៃប្រឌិតលើការនេសាទ ដែរ
ដូច្នេះគួរតែកែសម្រួល[ធ្វើវិសោធនកម្ម]លើមាត្រាឬចំណុចខ្លះ
ដោយមានការអនុញ្ញាតឲ្យប្រជានេសាទដើរទៅតាមការវិវឌ្ឍរបស់សង្គម
ជាតិផង។