រហូតមក ដល់ពេលនេះ តុលាការមិនទាន់ដោះស្រាយចេញផង។ តើមនុស្សយើងគួរទៅអង្គុយញ៉ាំការ ឬក៏ញ៉ាំបាយបុណ្យនៅលើផ្លូវសាធារណៈដែរឬអត់ បើគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យដូចករណីខាងលើ?
នេះគ្រាន់តែ លើកករណីគ្រោះថ្នាក់ចរាចរណ៍ចៃដន្យមួយ ក្នុងការយកផ្លូវសាធារណៈមកធ្វើរោងការ រោងបុណ្យនោះ។ កន្លងមកមនុស្សមួយចំនួនបានថ្ងូរថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារគេចជង្ហុកផ្លូវ ក្រហេងក្រហូង តែឥឡូវនេះ ផ្លូវកាន់តែល្អ ក៏កាន់តែគ្រោះថ្នាក់ដែរ។ តាមទិន្នន័យពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា គ្រាន់តែរយៈពេល១១ខែដំបូងក្នុងឆ្នាំនេះ គឺអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានដល់ទៅជិត២ពាន់នាក់ អ្នករបួសធ្ងន់ជាង៤ពាន់នាក់។
ការស្លាប់បាត់បង់ជីវិតនៅតាមដង ផ្លូវសាធារណៈ នៅតែជាបញ្ហានាំមុខគេដដែល បើប្រៀបធៀបជាមួយការស្លាប់ដោយសារជំងឺអេដស៍ដែលមានការថយចុះ ជាលំដាប់គួរឲ្យកត់សម្គាល់ ធ្វើឲ្យអត្រាប្រេវ៉ាឡង់នៃអ្នក ផ្ទុកមេរោគអេដស៍ថយចុះមកត្រឹម០,៧ ភាគរយ (NCHADS, 2012)។
ចំនួន អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ មានចំនួនខ្ពស់ជាងអ្នកស្លាប់ដោយសារគ្រាប់មីន ដែលជាឃាតកលាក់ខ្លួននៅក្រោមដីវិញដល់ទៅ១០ដងឯណោះ ដែលមានអ្នកស្លាប់ជារៀងរាល់ឆ្នាំគឺប្រហែលជា ២០០នាក់តែប៉ុណ្ណោះ (អង្គការ CMVIS, 2012)។ បើប្រៀបធៀបជាមួយការធ្វើសង្រ្គាមជាមួយប្រទេសថៃនៅក្បែរ ប្រាសាទព្រះវិហារកន្លងទៅនេះ មានទាហានស្លាប់បន្តិចបន្តួចសោះ គឺទាំងរាជរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋនាំគ្នាផ្អើល និងយកចិត្តទុកដាក់យ៉ាងខ្លាំង។
អង្គការជនពិការអន្តរជាតិ បានរកឃើញថា គ្រាន់តែនៅក្នុងឆ្នាំ២០១១ ធ្វើឲ្យប្រទេសជាតិទំាងមូលខាតបង់ផ្នែកសេដ្ឋកិច្ចដោយសារ គ្រោះថ្នាក់ចរាចរណ៍ដល់ទៅ៣១០លានដុល្លារ ដែលតួលេខនេះ កើនឡើងជារៀងរាល់ឆ្នាំ។
នេះគ្រាន់តែជាការខាតបង់ជាក់ស្តែង ប្រសិនជនរងគ្រោះស្លាប់ ឬក៏ពិការមួយជីវិតនោះ ការខាតបង់នឹងលើសពីនេះទៅទៀត។ ម្យ៉ាងទៀតគឺប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើជីវភាពក្រុមគ្រួសារ បើគាត់ជាអ្នករកស៊ីផ្គត់ផ្គង់ក្រុមគ្រួសារទាំងមូលទៀតគឺរឹតតែ វេទនា តើអ្នកណារកស៊ីចិញ្ចឹមសមាជិកគ្រួសាររបស់គាត់។ នេះគឺសុទ្ធជាបន្ទុករបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ភាពក្រីក្រ។ អ្វីដែលសំខាន់មួយទៀតនោះគឺ កត្តាធនធានមនុស្ស ព្រោះការចិញ្ចឹមមនុស្សម្នាក់ទម្រាំតែបានធំ មានការងារធ្វើហើយតើវាស៊ីពេលអស់ប៉ុន្មាន? ហើយអស់ថវិកាប៉ុន្មាន? ដែលទាំងបច្ចុប្បន្ន និងអនាគតរបស់ជនរងគ្រោះនោះនឹងក្លាយទៅជាថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់ ក្នុងស្ថាប័នណាមួយ ដើម្បីអភិវឌ្ឍប្រទេសជាតិ។
ជាក់ ស្តែង កាលពីខែឧសភាកន្លងទៅថ្មីៗនេះ ការស្លាប់អតីតចៅហ្វាយខេត្តក្រចេះ លោក ខាំ ភឿន ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺគាត់ខិតខំតស៊ូពីណាពីណីមកទម្រាំតែបានឡើងធ្វើជាចៅហ្វាយ ខេត្ត នេះគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ។ ឧទាហរណ៍មួយទៀត គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទៅខេត្តសៀមរាបស្លាប់ទាំង គ្រួសារមកពីស្រុកបារាំង ដែលមកលេងស្រុកកំណើតខ្លួនឯង។
កាលពី សម័យប៉ុលពត យើងថាមានអ្នកស្លាប់ទាំងគ្រួសារៗ ហេតុអ្វីបានជាសម័យតេជោ មានសន្តិភាពហើយនៅមានអ្នកស្លាប់ទាំងគ្រួសារៗទៀតដោយសារគ្រោះ ថ្នាក់ចរាចរណ៍ទៅវិញ? បើឃើញផលវិបាកយ៉ាងធ្ងន់ធ្ងរបែបនេះខាតបង់ទាំងធនធានមនុស្ស ទាំងថវិកាជាតិ ចុះហេតុអ្វីបានជាអ្នកបើកបរមិនធ្វើការប្រុងប្រយ័ត្នគ្រប់ៗ គ្នា? ហេតុអ្វីបានជាមិនគិតថាខ្លួនជាមនុស្សដ៏សំខាន់ និងទទួលខុសត្រូវក្នុងការបើកបរដូចអ្នកបើកបរយន្តហោះ?
បើ ប្រៀបធៀបជាមួយការធ្វើដំណើរតាមយន្តហោះវិញ គឺគ្រាន់ឡើងអង្គុយកៅអីយន្តហោះភ្លាមគឺសឹងតែមិនចាំបាច់ឲ្យ អ្នកបម្រើយន្តហោះប្រាប់ថាឲ្យពាក់ខ្សែក្រវាត់ទេ គឺពាក់ដោយខ្លួនឯងហើយព្រួយបារម្ភរហូតតាំងពីឡើងរហូតដល់ចុះចត ព្រោះខ្លាចធ្លាក់។ បើទោះបីជាការធ្លាក់យន្តហោះដោយកម្រ គឺ១ ដង ក្នុងចំណោម ៨ លាន នៃជើងហោះហើរ ហើយរាល់ការធ្លាក់យន្តហោះ (SOAR, 2012) ទោះបីអ្នកជិះទាំងអស់នោះមិនស្លាប់ ឬក៏របួសធ្ងន់ធ្ងរទាំងអស់ក៏ដោយ ក៏មនុស្សនៅតែប្រុងប្រយ័ត្នខ្លាំង ជាងការជិះយានយន្តលើផ្លូវថ្នល់ដែលប្រឈមនឹងគ្រោះថ្នាក់រាល់ ថ្ងៃទៅទៀត។
ជួនកាលយន្តហោះដឹកមនុស្សតិចជាង រថយន្តប៊ើសដឹកអ្នកដំណើរ រថយន្តដឹកសិស្សសាលា និងរថយន្តដឹកកម្មករ កម្មការិនីទេ។ តែអ្នកបើកហាក់បីដូចជាមិនខ្វាយខ្វល់ពីជីវិតអ្នកធ្វើដំណើរ ជាមួយនឹងគាត់ទេគឺអាងឲ្យតែមានការអ្វីកើតឡើងគឺបើកទ្វារឡាន ដាក់មេផាយបាត់ ចង់អ្នកណាស្លាប់ ឬក៏របួសអីរបួសទៅគឺគាត់មានគោលការណ៍យករួចខ្លួន ហើយទុកឲ្យក្រុមហ៊ុនអ្នកដោះស្រាយទៅរួចគ្នា។ ពេលខ្លះ សង្កេតឃើញអ្នកបើករថយន្តដឹកកម្មករ និងរថយន្តធន់ធ្ងន់ក្មេងៗនាំគ្នាផឹកស្រាលេងសិនទម្រាំតែកម្មករ ចេញពីធ្វើការ ឬទំនិញមកដល់ ហើយពួកគាត់មិនដឹងជារៀនសាលាបើកបរយ៉ាងដូចម្តេចទេ និងបានកម្រិតណាទេ បានឃើញភាគច្រើនបើកព្រហើនៗ ដោយប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរតាមផ្លូវដែរនោះ ឬក៏គ្មានគិតពីអ្នកដែលរួមដំណើរជាមួយរាប់សិបនាក់ទេ។ ហើយរថយន្តដែលគេបើកក៏សុទ្ធតែកញ្ចាស់ៗទៅទៀត។
ថ្មីៗនេះ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរផ្ទួនៗ របស់ក្រុមហ៊ុនរថយន្តប៊ើសធំៗ និងរថយន្តដឹកភ្ញៀវទេសចរបរទេស ដូចជាគ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវនៅ ខេត្តព្រៃវែង និងខេត្តកោះកុងជាដើម ធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងសងឡើងល្វីងមុខ ហើយក្រុមហ៊ុនធានារ៉ាប់រងលែងលក់ទៅឲ្យក្រុមហ៊ុនរថយន្តគ្រោះថ្នាក់ ទាំងនោះទៀតផង។ សរុបមកវិញ ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺស្លាប់ផុយៗងាយស្រួល ប្រៀបដូចជាឃាតកលាក់មុខអ៊ីចឹង។
កាលពី ឆ្នាំទៅ ក្រសួងពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍បានធ្វើសេចក្តីព្រាងច្បាប់ បន្ថែមលើការពិន័យជាប្រាក់ ៥ដងទៅលើតម្លៃចាស់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយ មិនពាក់មួកសុវត្ថិភាព។ តែសេចក្តីព្រៀងច្បាប់នោះមិនទាន់ចេញនៅឡើយទេ គឺនៅទើរត្រឹមទីស្តីការគណៈរដ្ឋមន្រ្តី ហេតុអ្វីបានជាយឺតយាវម្ល៉េះ? ជាមួយគ្នានេះដែររាជរដ្ឋាភិបាលគួរដាក់ទោស និងបន្ថែមស្ថានទម្ងន់ទោសទៅអ្នកបើកបរដែលមិនប្រយ័ត្នប្រយែង ធ្វើឲ្យគ្រោះថ្នាក់អ្នកដទៃដោយចេតនា។ មិនមែនគ្រាន់តែបុករួចហើយតៃកុងរត់បាត់ ឬរួចខ្លួននោះទេ ឬឲ្យសងជាលុយទៅចប់ហើយនោះទេ បើនៅតែដូចនេះ គ្រោះថ្នាក់ចរាចរណ៍នៅកើតឡើងជារៀងរាល់ឆ្នាំ។ កាលពីសប្តាហ៍មុននេះ នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានរកឃើញនូវករណី៣ធំៗ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការបើកល្បឿនហួស កំណត់ សិទ្ធិអាទិភាព និងសេពគ្រឿងស្រវឹង នេះជាបញ្ហាជាក់ស្តែង។
សព្វថ្ងៃនេះ មានកត្តាមួយចំនួនទៀតដែលចូលរួមធ្វើឲ្យគ្រោះថ្នាក់កើតមានដែរ ដូចជា៖១) ចោរឆក់ខ្សែក និងកាបូបលុយ ពីអ្នកធ្វើដំណើរតាមដងវិថី ធ្វើឲ្យធ្លាក់ខ្ទាតចេញពីម៉ូតូឌុប ឬក៏ស៊ីក្លូមកលើថ្នល់ ពេលខ្លះក៏ដួលបោកស្លាប់ដោយខ្លួនឯង និងក៏ត្រូវរថយន្តបើកមកបុកពីក្រោយស្លាប់ក៏មានដែរ។ មិនថាតែខ្មែរទេ សូម្បីតែជនបរទេសគឺឆ្អែតចិត្តនឹងបញ្ហានេះដែរ។
២) បង្គោលភ្លើងដែលបានដាំលើចិញ្ចើមផ្លូវ នៅពេលដែលពង្រីកផ្លូវរួចហើយ តែបង្គោលភ្លើងនៅដដែលមិនបានដកថយក្រោយទេ។ នៅពេលយប់គឺអ្នកដំណើរបើកមកបុកបង្គោលភ្លើងគ្រោះថ្នាក់ធ្ងន់ធ្ងរ ក៏មាន តើការបុកបង្គោលភ្លើងនៅលើផ្លូវដូចនេះ សាលារាជធានីជាអ្នកចេញសងជនរងគ្រោះដែរឬទេ?
៣) អ្នកលក់យកចិញ្ចើមផ្លូវដាក់របស់របរលក់ពេញ អ្នកថ្មើរជើងគ្មានកន្លែងដើរ យកថ្នល់ជាផ្លូវដើរ និងអ្នកចតម៉ូតូ និងរថយន្តលយមកចូលថ្នល់ ធ្វើឲ្យអ្នកចេះគេចពីចំណតទាំងនោះ ធ្វើចូលទៅផ្លូវភាគីម្ខាងទៀត បុកគ្នាតែម្តង។
៤) ការសង់ផ្ទះបន្ថែមលយមកជិតជាប់នឹងផ្លូវសាធារណៈដែលតូចចង្អៀត ហើយចរាចរណ៍មមាញឹកហើយ យកផ្លូវនោះទៅធ្វើរោងការ បង្កក់កូន ខួបកំណើតកូន ឬក៏រោងបុណ្យចូលពាក់កណ្តាលផ្លូវ ឬក៏មួយផ្លូវពេញតែម្តង។
រាជរដ្ឋាភិបាលគួរតែផ្តល់អាទិភាព ដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយគួរដាក់កាមេរ៉ាវាស់ល្បឿន នៅតាមផ្លូវក្នុងក្រុង និងផ្លូវជាតិ និងទិញរថយន្តទំនើបៗសម្រាប់ប្រដេញ រថយន្តណាដែលបើកហួសល្បឿន ឬក៏មានសភាពរេតាមផ្លូវ។
ប្រសិនបើមិនដូច្នេះទេ ទិសដៅដែលបានកំណត់របស់ក្រសួងសុខាភិបាលក្នុងការធ្វើឲ្យចុះភាគរយ នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពី៣,៥ភាគរយនៅឆ្នាំ២០០៨ មកត្រឹម២,៨ភាគរយនៅឆ្នាំ២០១៥នឹងមិនជោគជ័យទេ។សម្រាប់ពលរដ្ឋដែល មានកម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬបុណ្យទានគួរតែធ្វើលើចិញ្ចើមផ្លូវបានហើយ ព្រោះគ្មានច្បាប់ចរាចរណ៍ឲ្យសង់លើផ្លូវទេ៕
No comments:
Post a Comment
I like Blogger