អ្នកភូមិនៅស្រុកបទុមសាគរ ធ្វើការតវ៉ា កាលពីឆ្នាំមុន។ រូបថត ម៉ៃ ទិត្យថារ៉ា
កោះកុងៈ ប្រជាពលរដ្ឋប្រមាណ ២០នាក់ ដែលរស់នៅក្នុងស្រុកចំនួនពីរ បាននាំគ្នាទៅធ្វើការតវ៉ា នៅខាងមុខសាលាខេត្តកោះកុងកាលពីម្សិលមិញ ដើម្បីស្នើសុំឲ្យអាជ្ញាធរ បញ្ជូនក្រុមនិស្សិត របស់លោកនាយករដ្ឋមន្ត្រី ចុះទៅវាស់វែងដីធ្លី របស់ពួកគេ ដែលមានជម្លោះដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនចិន Union Development Group។
អ្នកស្រី ម៉ឹង អាន តំណាងអ្នកភូមិ បានថ្លែងថា អ្នកភូមិមកពីស្រុកបទុមសាគរ និងគិរីសាគរ បានកើតមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចិនជាច្រើនឆ្នាំមកហើយ ពុំមានអាជ្ញាធរណាយកចិត្តទុកដាក់ធ្វើការដោះស្រាយឡើយ។ អ្នកភូមិបានរង់ចាំក្រុមនិស្សិតរបស់លោកនាយករដ្ឋមន្ត្រី ចុះមកវាស់ដី ជាច្រើនខែមកហើយ ប៉ុន្តែមិនឃើញចុះមកឡើយ ទើបអ្នកភូមិនាំគ្នាមកតវ៉ា នៅមុខសាលាខេត្ត។ អ្នកស្រីបានបញ្ជាក់ថា៖«បើដីយើង ត្រូវបានយុវជនស្ម័គ្រចិត្តរបស់សម្តេច ចុះមកវាស់វែងឲ្យ យើងនឹងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដូច្នេះ ក្រុមហ៊ុន មិនអាចមករំលោភយកដីយើងហើយបង់ប្រាក់សំណង បន្តិចបន្តួចបាននោះទេ»។ អ្នកស្រីបានចោទសួរថា៖«ហេតុអ្វីបានជាអាជ្ញាធរ មិនអនុញ្ញាតឲ្យក្រុមយុវជនស្ម័គ្រចិត្ត របស់សម្តេចហ៊ុន សែន ចុះវាស់វែងដីឲ្យពួកយើង?»។
អ្នកស្រីម៉ឹង អាន បានឲ្យដឹងថា អ្នកភូមិខ្លះ មិនព្រមទទួលយកប្រាក់សំណង ពីក្រុមហ៊ុននេះទេ ហើយអ្នកភូមិខ្លះទៀត ក៏សុខចិត្តទទួលយកប្រាក់សំណងតិចតួច ដើម្បីទៅរស់នៅកន្លែងផ្សេង។
លោកសុន តារា អភិបាលរងខេត្តកោះកុង ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានថ្លែងកាលពីម្សិលមិញថា អាជ្ញាធរកំពុងពិនិត្យមើលករណីជម្លោះដីធ្លីនេះ ដើម្បីស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តកោះកុង បានថ្លែងថា ក្រុមហ៊ុនចិន បានរឹបអូសដីស្រែនិងចម្ការពីប្រជាពលរដ្ឋ ដោយគ្មានផ្ដល់សំណងសមរម្យឡើយ ហើយថែមទាំងបង្ខំបណ្ដេញអ្នកភូមិចេញពីភូមិបច្ចុប្បន្ន ឲ្យទៅរស់នៅកន្លែងតាំងទីលំនៅថ្មី ជាតំបន់ព្រៃគ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានមុខរបរចិញ្ចឹមជីវិត។ លោកបាននិយាយថា៖ «ពួកគាត់ធ្លាប់ឡើងមកសាលាខេត្តកោះកុងម្ដងរួចមកហើយ ប៉ុន្តែ គ្មានដំណោះស្រាយនៅឡើយ»។
ផ្ទៃដីឧទ្យានជាតិបទុមសាគរទំហំ ៣៦០០០ ហិកតា ត្រូវបានរដ្ឋាភិបាល កាត់ទៅឲ្យក្រុមហ៊ុនចិន Union Development Group កាលពីឆ្នាំ ២០០៨ ដើម្បីឲ្យក្រុមហ៊ុននេះ ធ្វើការអភិវឌ្ឍជាតំបន់រមណីយដ្ឋាន និងសណ្ឋាគារ នៅក្នុងវិស័យទេសចរណ៍។ គម្រោងនេះបានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ១១៤៣ គ្រួសារ នៅក្នុងស្រុកពីរ គឺស្រុកបទុមសាគរ និងស្រុកគិរីសាគរ។ អ្នកភូមិបានធ្វើការតវ៉ាជាច្រើនលើកមកហើយតែគ្មានដំណោះស្រាយ ទេ៕ PN
No comments:
Post a Comment
I like Blogger