ភ្នំពេញៈ
ប្រជានេសាទប្រមាណជាង ១០០ នាក់ កាលពីម្សិលមិញ បាននាំគ្នាទៅតវ៉ា
នៅមុខទីស្នាក់ការអធិការដ្ឋានជលផលចតុមុខ បន្ទាប់ពីមន្ត្រីជលផល
បានចាប់ឃាត់ទូកនេសាទ របស់ពួកគេ មិនឲ្យនេសាទត្រី លើដងទន្លេសាប
ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
តំណាងប្រជានេសាទ
ទាំងនោះ លោកឡោះ យ៉ើ អាយុ ៤៩ ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍
នៅឯកន្លែងជួបប្រជុំធ្វើការតវ៉ានោះថា មន្ត្រីជលផល
បានចាប់ឃាត់ទុកទូកនេសាទរបស់ពួកគាត់ ចំនួនជាង ៤០ ទូក
ខណៈដែលពួកគាត់ កំពុងធ្វើការនេសាទត្រីលើផ្ទៃទឹកដងទន្លេសាប
ស្ថិតក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ក្នុងរដូវត្រីប្រហុកនេះ
ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបានថ្លែងថា៖ «សមត្ថកិច្ចជលផល
ចាប់ឃាត់ទូករបស់ពួកយើង ដោយចោទថា
ពួកយើងប្រើប្រាស់ម៉ាស៊ីនជាជំនួយក្នុងការនេសាទត្រី»។
លោកបាន
បន្ថែមថា ច្បាប់បានហាមឃាត់មិនឲ្យប្រជានេសាទ ជាលក្ខណៈគ្រួសារ
ប្រើប្រាស់គ្រឿងម៉ាស៊ីនជាជំនួយក្នុងការនេសាទត្រីនោះទេ
ប៉ុន្តែបច្ចុប្បន្ន ប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនទៅមុខ
ហើយប្រជាជនក៏មានគំនិតអភិវឌ្ឍធ្វើការច្នៃប្រឌិតលើការនេសាទ ដែរ
ដូច្នេះគួរតែកែសម្រួល[ធ្វើវិសោធនកម្ម]លើមាត្រាឬចំណុចខ្លះ
ដោយមានការអនុញ្ញាតឲ្យប្រជានេសាទដើរទៅតាមការវិវឌ្ឍរបស់សង្គម
ជាតិផង។
លោក សើ រេះ អាយុ ៥១ ឆ្នាំ ប្រជានេសាទមកពីភូមិងោក
ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បាននិយាយថា រៀងរាល់ឆ្នាំ
ក្នុងរដូវត្រីប្រហុក គាត់តែងតែមកនេសាទត្រីជាមួយប្អូនប្រុសគាត់
ដែលរស់នៅក្នុងតំបន់នេះ ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ
សម្រាប់ធ្វើជាស្បៀងបម្រុងទុកដោះដូរស្រូវអង្ករ
ជាមួយនឹងប្រជាកសិករ
និងទុកខ្លះសម្រាប់ហូបក្នុងរដូវបិទឡូត៍នេសាទ។
លោកបានថ្លែងថា ៖«មុខរបរនេសាទដូចជាពួកខ្ញុំ
គឺដូចជាអ្នករត់ម៉ូតូឌុបអ៊ីចឹង ថ្ងៃណាត្រីត្រូវ ក៏បាន
ថ្ងៃណាមិនត្រូវក៏អត់អ៊ីចឹងទៅ...
ដូច្នេះបើយើងមិនខំរកក្នុងរដូវត្រីត្រូវទេ
យើងបានអីយកទៅដូរស្រូវអង្ករគេហូប
បើយើងគ្មានដីធ្វើស្រែផងហ្នឹង»។
ទោះជាបែបណាក្ដី លោកឡោះ
យ៉ើ បានប្រាប់ឲ្យដឹងថា
បន្ទាប់ពីមានការសម្របសម្រួលពីក្រុមគណៈកម្មការមកពីក្រសួង
ក្រុមសមត្ថកិច្ចជលផល បានប្រគល់ទូកទាំងអស់ ឲ្យពួកគាត់វិញ
ប៉ុន្តែបានធ្វើការផាកពិន័យទូករបស់លោក សុះ មីន
ប្រជានេសាទនៅសង្កាត់ច្រាំងចំរេះ ២ ដែលបានប្រើប្រាស់ទូកម៉ាស៊ីន
ដែលមានកម្លាំងរហូតដល់ ១៣ សេស ចំនួន ២០ ម៉ឺនរៀល
និងនៅតែធ្វើការហាមប្រាម មិនឲ្យពួកគាត់
ប្រើប្រាស់កម្លាំងម៉ាស៊ីនជាជំនួយនៅក្នុងការនេសាទទេ។
លោក
សុង ហុង ប្រធានអធិការដ្ឋានជលផលចតុមុខ
បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា បញ្ហានេះ
ក្រុមអនុគណៈកម្មការ ដោះស្រាយវិវាទជលផល
បានធ្វើការសម្របសម្រួលដោះស្រាយចប់សព្វគ្រប់ហើយ
និងបានប្រគល់ទូកទាំងនោះ ដល់ប្រជានេសាទវិញហើយ៕
No comments:
Post a Comment
I like Blogger