អ្នកកាន់ទុក្ខក្នុងពិធីបុណ្យសព នៅវត្តថាន់ កាលពីម្សិលមិញ។ រូបថត លីណា
ភ្នំពេញៈ ព្រះអង្គម្ចាស់មួយអង្គ អតីតមេបញ្ជាការកងទ័ពអាកាស នៅក្នុងរបបលោកសេនាប្រមុខ លន់ នល់ បានចូលទិវង្គត កាលពីថ្ងៃអាទិត្យក្នុងព្រះជន្ម៧៧ វស្សា ដោយជំងឺគាំងបេះដូង។
អ្នកអង្គម្ចាស់ក្សត្រី នរោត្តម សោមា ព្រះជន្ម ៤៣ វស្សា ដែលជាបុត្រី របស់ព្រះអង្គម្ចាស់ នរោត្តម វ៉ាត់ វ៉ានី ដែលបានយាងចូលទិវង្គត មានឲ្យដឹងថា ព្រះបិតារបស់ទ្រង់ បានចាប់ផ្ដើមមានសុខភាពមិនស្រួល ដោយសារជំងឺបេះដូង។
សពរបស់ទ្រង់ ត្រូវតម្កល់ទុក នៅឯកន្លែងបូជាសព នៅក្នុងវត្តថាន់ ក្នុងខណ្ឌចំការមន។ ព្រះអង្គម្ចាស់នរោត្តម វ៉ាត់ វ៉ានី មានបុត្រ ៦ អង្គ។ រាជបុត្រភាគច្រើន រស់នៅសហរដ្ឋអាមេរិក។
អ្នកអង្គម្ចាស់ ក្សត្រី សោម៉ាបាន បន្ថែមថា៖ «ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី ព្រះអង្គ បានយាងទៅចូលរួមពិធីបុណ្យព្រះសពនេះ កាលពីយប់មិញ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ជាក្មួយប្រុស របស់ព្រះអង្គម្ចាស់ វ៉ាត់ វ៉ានី មានបន្ទូលថា ព្រះអង្គម្ចាស់ វ៉ាត់ វ៉ានី ធ្លាប់ធ្វើជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទ័ពអាកាស នៅក្នុងរបបលន់ នល់ ហើយបន្ទាប់មកព្រះអង្គបានចាកចេញទៅអាមេរិក ក្នុងឆ្នាំ១៩៧៥។ ព្រះអង្គជាតួអង្គមួយ ដែលបានដង្ហែតាមព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ដែលបានបង្កើតគណបក្ស ហ៊្វុនស៊ិនប៉ិច នៅក្នុងឆ្នាំ១៩៨៥។
ព្រះអង្គម្ចាស់ចក្រី នុពល បានមានបន្ទូលថា៖ «តាងនាមឲ្យព្រះរាជវង្សានុវង្ស ទូលព្រះបង្គំ យើងខ្ញុំ សូមសម្ដែងនូវការសោកស្ដាយ ឥតឧបមា ចំពោះការបាត់បង់នូវសែព្រះរាជវង្សមួយអង្គទៀត បន្ទាប់ពីបាត់បង់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដមសីហនុ ដែលទ្រង់បានសោយព្រះទិវង្គត នាពេលកន្លងទៅថ្មីៗនេះ»៕ PN
No comments:
Post a Comment
I like Blogger