ក្បួនយុទ្ធនាការឃោសនា បោះឆ្នោត របស់គណបក្ស សង្គ្រោះជាតិនៅ ក្រុង បាត់ដំបង។ រូបថត ហេង ជីវ័ន
«គុក ដាក់បងបានតែប្រាណទេស្រី
តែចិត្តមេត្រីនៅមានសេរីមិនបាត់បង់ឡើយ»
នេះជាផ្នែកខ្លះដែលបានបង្កប់ក្នុងបទចម្រៀងដ៏ពីរោះក្រអួនក្រអៅ
របស់អធិរាជសំឡេងមាស រហូតមកដល់ពេលនេះ គ្មានអ្នកស្នងជំនួស គឺលោក
ស៊ីន ស៊ីសាមុត ដែលខ្លឹមសារនេះ បានបង្ហាញច្បាស់អំពីភក្តីភាពស្នេហា
រវាងបុរស និងនារីមួយគូ មានទឹកចិត្តបរិសុទ្ធ ស្មោះស័្មគ្រ
ស្រឡាញ់គ្នាប្តូរផ្តាច់ ទោះបីជួបឧបសគ្គ
រារាំងដោយអំណាចបុណ្យស័ក្តិ វណ្ណៈ យ៉ាងណាក្តី។
ពិតមែនជាបទចម្រៀងក្តី
ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង
អំពីទឹកចិត្តមនុស្សគ្រប់រូប
ពិសេសក្នុងសង្គមកម្ពុជាយើងតាំងពីដើមរៀងមក។
ធាតុពិតទឹកចិត្តមនុស្សគ្រប់រូប មិនត្រូវបាននរណាទិញ លក់
ឬផ្លាស់ប្តូរបានទេ ទោះបីត្រូវរារាំងសំឡុត គំរាមកំហែងក៏ដោយ។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយនឹងការកាប់សម្លាប់
ការប្លន់យកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងពីប្រជាពលរដ្ឋ
ដោយរដ្ឋអំណាច ប៉ុល ពត គេនៅតែមើលឃើញថា ប្រជាជនកម្ពុជា
នៅទូទាំងប្រទេស រស់នៅជាមួយនឹងការបៀមកំហឹងឈឺចាប់។
វិស័យព្រះពុទ្ធសាសនា ទោះបីរបបនេះរារាំង
និងបំផ្លិចបំផ្លាញយ៉ាងណាក្តី
ក៏ប្រជាពលរដ្ឋនៅតែគោរពព្រះពុទ្ធសាសនាបន្តប្រតិបត្តិធម៌ដោយលាក់
ស្ងៀមស្ងាត់ នៅក្នុងផ្លូវចិត្តលុបមិនជ្រះ។ ជាមួយគ្នានេះដែរ
ទោះបីរបបនេះ នាំប្រជាពលរដ្ឋ ឲ្យស្រែកបន្ទរតាមខ្លួនថា ជយោ!
កម្ពុជា ប្រជាធិបតេយ្យ មហាលោតផ្លោះមហាអស្ចារ្យ ក៏សម្រែកនេះ
មិនបានឆ្លុះបញ្ចាំងពីទឹកចិត្ត ស្រឡាញ់របបអាវខ្មៅឡើយ។ យើងឃើញទេ
តើរបបនេះ រស់បានប៉ុន្មានឆ្នាំ។ ការដួលរលំនៃរបបយង់ឃ្នង
មួយចំណែកធំក៏ផ្តើមចេញពីភាពសត្យានុម័តនៃការមិនគាំទ្រខាងផ្លូវ
ចិត្តរបស់ប្រជាជនកម្ពុជាផងដែរ។
ក្រៅពីនេះ ក៏នៅមានអក្សរសិល្ប៍ខ្មែរ រឿងព្រេងខ្មែរខ្លះទៀត
ក៏បានបង្ហាញពីស្នេហាស្មោះត្រង់ មានភក្តីភាពនឹងគ្នាប្តូរផ្តាច់
រហូតដល់សម្លាប់ខ្លួនទាំងគូក៏មានមិនអាចផ្លាស់ប្តូរចិត្ត
មិនតាមការអូសទាញពីឪពុកម្តាយ ដូចជា រឿង ទុំ ទាវជាដើម។
ហេតុអ្វីបានជាយើងចោះយកខ្លឹមសារមួយផ្នែកនៃបទចម្រៀងខាងលើមក
ពិចារណា។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ទី៥
ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ២៦ ខែកក្កដា
ឆ្នាំ ២០១៣ មានគណបក្សនយោបាយចំនួន ៨
ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត គ.ជ.ប បានធ្វើយុទ្ធនាការឃោសនា ស្វែងរកការគាំទ្រ
យ៉ាងគគ្រឹកគគ្រេងតាមគ្រប់រូបភាព។
មានគណបក្សនយោបាយធំៗពីរ ដែលគេឃើញថា មានសក្តានុពល
គឺគណបក្សប្រជាជនកម្ពុជាកាន់អំណាចដឹកនាំប្រទេសជាង ៣០ឆ្នាំ មកហើយ
និងគណបក្សសង្គ្រោះជាតិដែលទើបនឹងកើតចេញពីការច្របាច់បញ្ចូលគ្នា
រវាងគណបក្សសម រង្ស៊ី របស់លោក សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។
រូបភាពឃោសនាគគ្រឹកគគ្រេងរបស់គណបក្សទាំងពីរ
បើពិនិត្យឲ្យស៊ីជម្រៅទៅ ក្បួនឃោសនារកសំឡេងឆ្នោត
របស់គណបក្សសង្គ្រោះជាតិ
ហាក់មានសភាពខុសឆ្ងាយពីគណបក្សប្រជាជនកម្ពុជា នៅត្រង់ថា
គណបក្សប្រជាជនជាបក្សកាន់អំណាច
មានធនធានសម្បូរបែបមានកម្លាំងមានមធ្យោបាយនិងសម្ភារឃោសនាសម្បូរ
បែប ដែលគេជឿថា គណបក្សមួយនេះ បានចំណាយទឹកប្រាក់យ៉ាងច្រើន
បម្រើឲ្យយុទ្ធនាការឃោសនា រយៈពេលមួយខែនេះ
រីឯសមាជិកចូលរួមក៏ត្រូវបានប្រើប្រាស់ ដោយកម្លាំងសមាជិកបក្ស
មន្ត្រីរាជការ និងនគរបាល អាវុធហត្ថ និងកងខេមរភូមិន្ទ។
រីឯគណបក្សសង្គ្រោះជាតិវិញ
កម្លាំងចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រភាគច្រើន
ជាសមាជិកចេញពីប្រជាពលរដ្ឋ យុវជនជាសិស្ស និស្សិតសុទ្ធសាធ ព្រោះថា
មន្ត្រីរាជការ
ទោះបីជាមានទឹកចិត្តគាំទ្រលើគណបក្សសង្គ្រោះជាតិក៏ដោយ
ក៏មិនហ៊ានចេញមុខគាំទ្រជាសាធារណៈដែរ ដោយសារខ្លាចមេក្រសួង
មេស្ថាប័នខ្លួន ប្រថាប់ត្រាក្រហម។
ប្រថាប់ ត្រាក្រហមមានន័យថា ចំណាំមុខ
មិនត្រូវបានការយកចិត្តទុកដាក់ មិនទទួលបានការដំឡើងឋានៈ
មានការរើសអើង ធ្វើឲ្យមន្ត្រីរាជការខ្លាចរអា។
បើនៅមូលដ្ឋានឯណោះវិញ ប្រសិនបើអាជ្ញាធរដឹងថា
មន្ត្រីរាជការឬប្រជាពលរដ្ឋគាំទ្រគណបក្សណា
ក្រៅពីគណបក្សកាន់អំណាចនឹងបង្កើតរឿងបន្ទុចបង្អាក់គ្រប់បែបយ៉ាង
ក្រោមលេសនេះ លេសនោះមិនចេះចប់ មិនចេះហើយ។
ក្នុងករណីដែលអ្នកទាំងនោះត្រូវការធ្វើសំបុត្រស្នាមបញ្ជាក់ពី
អាជ្ញាធរ មិនដូចអ្វីដែលកាលពីមុនការស្ងៀមស្ងាត់ សម្តេច ហ៊ុន សែន
បានប្រាប់ទៅមន្ត្រីក្រោមឱវាទជាពិសេសអាជ្ញាធរគ្រប់លំដាប់ ថ្នាក់
ឲ្យយកចិត្តទុកដាក់បម្រើសេវាសាធារណៈ
រាប់ទាំងការធ្វើលិខិតស្នាមជូនប្រជាពលរដ្ឋ
មិនត្រូវរើសមុខមិនយកកម្រៃ ពេលខ្លះបើប្រជាពលរដ្ឋជាប់រវល់
ទៅឃ្វាលគោនៅឯស្រែ អាជ្ញាធរត្រូវយកលិខិតនេះ
ជូនដល់ផ្ទះប្រជាពលរដ្ឋទៀតផង។ ប៉ុន្តែជារឿយៗអនុសាសន៍
បានត្រឹមតែអនុសាសន៍ប៉ុណ្ណោះ។
ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិវិញ
ក្រៅពីការចូលរួមដោយសមាជិកគាំទ្រដែលមានឯកសណ្ឋានបក្ស
ក៏នៅមានលាយឡំទៅដោយប្រជាពលរដ្ឋយ៉ាងច្រើនកុះករចេញពីផ្ទះ
ចេញពីកន្លែងលក់ដូរ ចេញពីកន្លែងសិប្បកម្ម ចេញពីគ្រប់ច្រកល្ហក
ទៅឈរទទួលស្វាគមន៍ នៅតាមសងខាងដងផ្លូវ ចាំស្តាប់ខ្លឹមសារនយោបាយ
លើកឡើងដោយសកម្មជនគណបក្ស។ ជាមួយគ្នានោះ
ក៏មានប្រជាពលរដ្ឋជាច្រើនទៀត
បានទៅចូលរួមក្នុងក្បួនដង្ហែក្នុងសម្លៀកបំពាក់ធម្មតា
ពុំមានឯកសណ្ឋានបក្សក៏ដោយក្នុងទឹកមុខសប្បាយរីករាយ
រាក់ទាក់កក់ក្តៅ ព្រមទាំងនាំយកទៅជាមួយនូវសម្ភារឃោសនា
ម្ហូបអាហារ ទឹកសុទ្ធដែលគេជឿថា របស់របរទាំងនោះ
គឺជាប្រាក់ចំណាយចេញពីហោប៉ៅផ្ទាល់ ចេញពីទឹកចិត្ត
និងជំនឿជឿជាក់របស់ពួកគាត់។
មានរូបភាពឃោសនារកសំឡេងគាំទ្រ របស់គណបក្សខ្លះ
ពិតមែនតែមានសភាពគគ្រឹកគគ្រេង ដោយភាពហ៊ឺហាហ៊ឹកហ៊ាក់
មានចាក់ធុងបាស់ធំៗ បំពងសំឡេងខ្ទរខ្ទារ
មានប្រគំតន្ត្រីបញ្ចេញសំឡេងស្ទើរកក្រើកមេឃកក្រើកដី ព្រៃព្រឹក្សា
សូម្បីចានបាយ ដែលភ្ញៀវកំពុងបរិភោគអាហារ
ក្នុងភោជនីយដ្ឋានមួយក្បែរនោះ
ក៏ញាក់ញ័ររង្គើស្ទើរធ្លាក់ចេញពីតុដែរ នោះក៏មិនប្រាកដថា
មានអ្នកចូលរួមខ្លះគាំទ្រចេញពីបេះដូងឡើយ។ យើងមិនចាត់ទុកថា
រូបភាពឃោសនាបែបនេះលាយឡំ ដោយភាពអវិជ្ជមាន
ឬដោយការចាត់តាំងណាមួយឡើយ ប៉ុន្តែជាទូទៅ
ត្រូវបានអ្នកវិភាគសង្គមទទួលស្គាល់ថា មន្ត្រីគណបក្សមួយនោះ
មានលុយកាក់ មានធនធាន គ្រាន់តែក្បួនដង្ហែគណបក្ស
សូម្បីរថយន្តខ្លះដង្ហែក្នុងក្បួន មួយគ្រឿងមានតម្លៃមិនក្រោម ២០
ម៉ឺនដុល្លារឡើយ។
យើងយល់ថា ទិដ្ឋភាពបែបនេះ គ្រាន់តែបង្ហាញពីភាពគគ្រឹកគគ្រេង
តែសម្បកក្រៅ រីឯសាច់ក្នុងមិនតាន់ណែន
ពុំឆ្លុះបញ្ចាំងពីទឹកចិត្តពិតប្រាកដ នៃអ្នកចូលរួមឡើយ។
មកដល់ចំណុចនេះ ធ្វើឲ្យយើងនឹកឃើញទៅដល់ប្រជាពលរដ្ឋ
នៅក្នុងរបប ប៉ុល ពត នៅតែលបលួចគោរពក្នុងផ្លូវចិត្ត
ការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា
បើទោះបីជាមានការបំផ្លិចបំផ្លាញវត្តអារាម
ឃារឃាំងមិនឲ្យមានជំនឿលើសាសនាក្តី
ដូចគ្នាទៅនឹងសម្រែកជ័យឃោសដែលចេះតែនាំគ្នាស្រែកច្រំដែលៗថា
«ជយោ!កម្ពុជាប្រជាធិបតេយ្យ មហាលោតផ្លោះ មហាអស្ចារ្យ»
បន្ទាប់ពីនោះមក សម្រែកទាំងនោះ រលាយសូន្យឈឹងរហូតដល់សព្វថ្ងៃ។
ការលើកយកខ្លឹមសារផ្នែកខ្លះ នៃបទចម្រៀង
«គុកដាក់បងបានតែប្រាណទេស្រី
តែចិត្តមេត្រីនៅមានសេរីមិនបាត់បង់ឡើយ»
មកឆ្លុះបញ្ចាំងពុំមែនជាគតិលោក
ពុំមែនជាកម្រងប្រៀនប្រដៅតាមក្បួនគម្ពីរ ឬ
សាស្ត្រាច្បាប់ណាមួយនោះទេ គ្រាន់តែបញ្ជាក់ថា
ការប្រើប្រាស់អំណាចគាបសង្កត់ ដោយអំពើសំឡុត គំរាមកំហែង បំភិតបំភ័យ
ពិតជាពុំទទួលបានផលឡើយ គឺទទួលបានតែសម្បក
ឯខ្លឹមខាងក្នុងយកមិនបានទេ។
ម្យ៉ាងទៀតគ្រាន់តែចង់ផ្តល់ជាគំនិតខ្លះៗ
ជូនដល់គណបក្សនយោបាយទាំងឡាយ
ពុំត្រូវមើលរំលងពាក្យមួយឃ្លាខាងលើនេះឡើយ ព្រោះថា
ការមើលរំលងជាដើមចមនៃបរាជ័យ។
យើងរង់ចាំអ៊ុតមើលលទ្ធផលផ្លូវការនៃការបោះឆ្នោត ថ្ងៃទី ២៨
ខែកក្កដា ឆ្នាំ ២០១៣ នេះ តើមានភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព
អាចទទួលយកបានត្រឹមកម្រិតណា?
ដោយនាយ ប៊ូ ញូញ ប្រជាពលរដ្ឋនៅខេត្ត រតនគិរី
No comments:
Post a Comment
I like Blogger