យុវជនគាំទ្របក្ស សង្គ្រោះជាតិចាំទប់ វៀតណាម មិនឲ្យបោះឆ្នោតនៅវត្ត ចម្ប៉ា។ រូបថត វិសាល
កណ្តាលៈ យុវជនពីរនាក់ នៅក្នុងស្រុក កៀនស្វាយ
ដែលចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិ
ដោយធ្វើការរារាំងមន្ត្រីគណបក្សប្រជាជនដែលទៅពីតំបន់ផ្សេង
មិនឲ្យចូលបោះឆ្នោតក្នុងឃុំរបស់ខ្លួន បានរត់គេចចេញពីផ្ទះ
បន្ទាប់ពីក្រុមយុវជន
គណបក្សកាន់អំណាចមួយក្រុមបានទៅគំរាមសម្លាប់ពួកគេដល់ផ្ទះ
កាលពីថ្ងៃចន្ទ។
នេះបើតាមការអះអាងរបស់យុវជនដែលកំពុងរត់គេចខ្លួន
និងក្រុមគ្រួសាររបស់ពួកគេ។
លោក អុល សុខឡេង អាយុ ២៧ ឆ្នាំ ដែលកំពុងលាក់ខ្លួន
ពីការតាមសម្លាប់នោះ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា
លោកនិងបងប្រុស កំពុងលាក់ខ្លួនដើម្បីគេចពីការចាប់ខ្លួន
និងសម្លាប់របស់ក្រុមយុវជនដែលជាមនុស្សមកពីគណបក្សប្រជាជន។
លោកបាននិយាយថា៖ «បងប្រុសខ្ញុំ បានគេចខ្លួន តាំងពីថ្ងៃចន្ទ
ហើយខ្ញុំ បានគេចពីផ្ទះកាលពីថ្ងៃអង្គារ
បន្ទាប់ពីមនុស្សរបស់គណបក្សប្រជាជន មានគ្នាប្រហែល ១០
នាក់បានមកគំរាមសម្លាប់ពួកយើង បន្ទាប់ពីបងប្រុសខ្ញុំ
បានរារាំងប្រធានគណៈពង្រឹងគណបក្សប្រជាជន ប្រចាំឃុំ គគីរធំ ខេត្ត
កណ្ដាល គឺលោក ង៉ោ សុវណ្ណ មិនឲ្យបោះឆ្នោតជាច្រើនដង នៅក្នុងឃុំ
គគីរធំ កាលពីថ្ងៃអាទិត្យ»។
លោក អុល សុខឡេង បានអះអាងទៀតថា ក្រុមមនុស្សគាំទ្រគណបក្សប្រជាជន
បានទៅផ្ទះរបស់លោក មួយថ្ងៃក្រោយពីការបោះឆ្នោតរួច
ដើម្បីរកបងប្រុសលោក។ លោកបានឲ្យដឹងថា៖
«ពួកគេបានសួរឪពុកម្ដាយខ្ញុំរកបងប្រុសខ្ញុំ
ហើយពួកគេបានគំរាមសម្លាប់ក្រុមគ្រួសារខ្ញុំ នៅពេលឪពុកម្ដាយខ្ញុំ
មិនប្រាប់ពួកគេថា បងប្រុសខ្ញុំនៅទីណានោះ»។
លោកសុខ ឡេង បានពួននៅក្បែរផ្ទះ នៅពេលក្រុមមនុស្សទាំងនោះស្រែក
និងគំរាមឪពុកម្ដាយរបស់លោកហើយលោកបានប្រើទូរស័ព្ទដៃថត
វីដេអូពីសកម្មភាពរបស់ពួកគេ។ «ពួកគេបានដើរមករកខ្ញុំ
ក្នុងបំណងដណ្តើមយកទូរស័ព្ទដៃខ្ញុំដើម្បីបោកចោល
តែខ្ញុំមិនឲ្យពួកគេទេ។
បន្ទាប់ពីនោះមក ពួកគេចង់ចាប់ខ្លួនខ្ញុំ
តែខ្ញុំបានរត់ទៅរកគេជួយ ហើយពួកគេបានដេញតាមខ្ញុំ»។
លោកបន្តថា៖ «បុរសម្នាក់បានដកកាំភ្លើងដើម្បីបម្រុងបាញ់ខ្ញុំ
នៅពេលខ្ញុំរត់បានប្រហែល ២០ ម៉ែត្រពីផ្ទះ តែជាសំណាងល្អ
ក្រុមអ្នកភូមិ បានស្រែកឲ្យបុរសនោះបញ្ឈប់សកម្មភាព។
ពួកគេបានចាកចេញដោយនិយាយថា ពួកគេនឹងសម្លាប់ខ្ញុំ
និងក្រុមគ្រួសារខ្ញុំ»។
លោក សុខ ឡេង បាននិយាយទៀតថា៖ «ខ្ញុំមានការព្រួយបារម្ភ ពីឪពុក
ម្ដាយខ្ញុំ និងប្អូនស្រីនៅផ្ទះ
ហើយខ្ញុំនៅតែមានការភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំនិងបងប្រុសខ្ញុំ
មិនហ៊ានស្នាក់នៅផ្ទះទៀតទេ ព្រោះមនុស្សទាំងនោះ នឹងចាប់ខ្លួន
ឬក៏សម្លាប់យើងនៅថ្ងៃណាមួយ»។
ម្ដាយរបស់លោក សុខ ឡេង អ្នកស្រី កុល រ៉ាន អាយុ ៥១ ឆ្នាំ
បានថ្លែងកាលពីថ្ងៃម្សិលមិញថា
អ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង
ពីកូនប្រុសទាំងពីររបស់អ្នកស្រី។
អ្នកស្រីនិយាយថា៖«ខ្ញុំមិនដឹងថា តើពួកគេនៅទីណាទេ
តែពួកគេតែងតែទូរស័ព្ទមកលេងខ្ញុំ»។
អ្នកស្រី បានលើកឡើងថា ក្រុមលោក ង៉ោ សុវណ្ណ
ខឹងនឹងគ្រួសារអ្នកស្រី ដែលគាំទ្រគណបក្សសង្គ្រោះជាតិ
ទើបបានជាពួកគេ ចង់សម្លាប់កូនប្រុសអ្នកស្រីយ៉ាងដូច្នេះ។
អ្នកស្រីបន្ថែមថា៖«ខ្ញុំបានដាក់ពាក្យបណ្ដឹង ទៅនគរបាលប៉ុស្តិ៍
និងក្រុមសិទ្ធិមនុស្ស អាដហុក ដើម្បីឲ្យជួយធ្វើអន្តរាគមន៍
និងការពារសន្តិសុខគ្រួសារខ្ញុំ»។
លោក នូ ពីប៉ូ នាយប៉ុស្តិ៍នគរបាល ឃុំ គគីរធំ ស្រុក កៀនស្វាយ
បានមានប្រសាសន៍ ពីថ្ងៃម្សិលមិញថា
លោកបានទទួលពាក្យបណ្ដឹងរបស់អ្នកស្រី កុល រ៉ាន រួចហើយ ហើយលោក
កំពុងធ្វើការស៊ើបអង្កេតពីករណីនេះ។
លោកថ្លែងថា៖ «ខ្ញុំនឹងហៅអ្នកពាក់ព័ន្ធទាំងអស់ទៅសាកសួរ។
នៅពេលការស៊ើបអង្កេតចប់ ខ្ញុំនឹងបញ្ជូនករណីនេះ ទៅកាន់តុលាការ»។
លោក នូ ពីប៉ូ បានបន្តថា លោកមិនទាន់ដឹងថា
តើក្រុមមនុស្សដែលអ្នកស្រី កុល រ៉ាន ចោទប្រកាន់នោះ
ជាក្រុមអ្នកគាំទ្រគណបក្សប្រជាជន ឬយ៉ាងណានៅឡើយទេ
ពីព្រោះលោកកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។
លោក ង៉ោ សុវណ្ណ អតីតតំណាងរាស្ត្រគណបក្ស សម រង្ស៊ី
ដែលបានទៅចុះចូលជាមួយគណបក្សប្រជាជនកាលពីមុនការបោះឆ្នោត ឆ្នាំ
២០០៨ ដែលបច្ចុប្បន្ន ជាប្រធានគណៈ ពង្រឹងគណបក្សប្រជាជន ប្រចាំឃុំ
គគីរធំ មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីថ្ងៃម្សិលមិញ
ប៉ុន្តែលោកបាននិយាយតាមវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដោយបដិសេធ
នឹងការចោទប្រកាន់របស់លោក អុល សុខឡេង។
លោកបានអះអាងថា៖ «ការគំរាមសម្លាប់អ្នកណាម្នាក់
គឺមិនមែនជាវប្បធម៌របស់យើងទេ។ ខ្ញុំបានទទួលព័ត៌មានថា
ពួកគេបានចោទប្រកាន់ខ្ញុំថា ខ្ញុំបានប៉ុនប៉ងបាញ់សម្លាប់ពួកគេ
នៅក្នុងភូមិនេះ តើខ្ញុំអាចបាញ់ពួកគេយ៉ាងដូចម្ដេចកើត?
យើងមិនមានកាំភ្លើងទេ»។
ជាមួយគ្នានេះដែរយុវជនគាំទ្រ គណបក្សសង្គ្រោះជាតិ ចំនួន ៥
នាក់នៅក្នុងស្រុក មេមត់ ខេត្ត កំពង់ចាម
ក៏ត្រូវបានគេរាយការណ៍ផងដែរថា ត្រូវបាននាយប៉ុស្តិ៍ឃុំ ចាន់មូល
គំរាមសម្លាប់ផងដែរ។
លោក គុយ ប៊ុនរឿន បេក្ខជនតំណាងរាស្ត្រខេត្ត កំពង់ចាម
របស់គណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីថ្ងៃម្សិលមិញថា
កាលពីថ្ងៃអង្គារនាយប៉ុស្តិ៍និងមន្ត្រីរបស់គាត់
បានគំរាមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ៥
នាក់នៅពេលពួកគេកំពុងតែនិយាយជាមួយគ្នានៅតាមផ្លូវនៅក្នុងភូមិ។
លោកបន្តថា៖ «ក្រុមមន្ត្រីនគរបាលបានយកទូរស័ព្ទរបស់ពួកគេ
និងគំរាមបោកគ្រាប់បែកសម្លាប់ពួកគេ ព្រោះពួកគេដឹងថា យុវជនទាំង ៥
នាក់នោះជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ»។ លោកបានបន្តថា
លោកបានដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរបាលស្រុក មេមត់
និងគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត
ហើយលោកបានសុំឲ្យក្រសួងមហាផ្ទៃផ្ដន្ទាទោសនគរបាលប៉ុស្តិ៍ទាំងនោះ
តាមផ្លូវច្បាប់។
លោក ប៊ុនរឿន បន្តឲ្យដឹងថា៖«តាមច្បាប់
ពួកគេមានតួនាទីការពារសន្តិសុខអ្នកភូមិ មិនមែនទៅគំរាម
ឬក៏សម្លាប់អ្នកភូមិនោះឡើយ»។
នាយប៉ុស្តិ៍ឃុំ ចាន់មូល លោក ណោ ចាន់មុនីរ័ត្ន មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីថ្ងៃម្សិលមិញ៕ PN
No comments:
Post a Comment
I like Blogger