WEDNESDAY, 14 AUGUST 2013 គឹម សារុំ From The Phnom Penh Post
ឈើប្រណីតដែលសមត្ថកិច្ចស្ទាក់ចាប់បានកន្លងមក។ រូបថត សហការី
កំពតៈ ឈើគ្រញូងជាច្រើនដុំនិងមានទម្ងន់ជិត ២ តោន ត្រូវសមត្ថកិច្ចនគរបាលខេត្ត កំពត ចាប់បានកាលពីរំលងអធ្រាត្រថ្ងៃអង្គារ នៅភូមិ ស្លាបតាឱន ស្រុក កំពង់ត្រាច ខេត្ត កំពត ខណៈឈ្មួញកំពុងរើនិងជញ្ជូនចេញពីរថយន្តដើម្បីដាក់ក្នុងទូកបំណងដឹកចេញទៅប្រទេសវៀតណាម។
លោក អ៊ិន ជីវ៉ា ស្នងការរងនគរបាលខេត្ត កំពត បានឲ្យដឹងថា ដុំឈើគ្រញូងដែលកម្លាំងសមត្ថកិច្ចស្រុក កំពង់ត្រាច រឹបអូសបាន កាលពីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៣ ខែ សីហា គឺឈ្មួញបម្រុងដឹកចេញទៅវៀតណាម។
លោកថា សមត្ថកិច្ចចម្រុះដែលមានខាងខណ្ឌ រដ្ឋបាលព្រៃឈើខេត្តនិងព្រះរាជអាជ្ញាខេត្តបានថ្លឹងឃើញជាង ១.៥០០ គីឡូក្រាម ហើយបានធ្វើកំណត់ហេតុរួមគ្នារួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តរក្សាទុកបណ្តោះអាសន្ន។
លោកថ្លែងថា៖ «ឈើគ្រញូងទាំងនេះ ឈ្មួញដឹកតាមរថយន្តពីរ គ្រឿង ប៉ុន្តែមួយចំនួនឈ្មួញបានយកចុះទូកខ្លះហើយព្រោះសមត្ថកិច្ចយើងទៅចាប់ក្នុងពេលឈ្មួញកំពុងរើដាក់ទូក។ ឈើគ្រញូងដែលរឹបអូសបានទាំងនេះ ខាងមេព្រៃនឹងធ្វើកំណត់ហេតុទៅកាន់តុលាការ»។
លោក ហាញ់ គារ អធិការស្តីទីនគរបាលស្រុក កំពង់ត្រាចបានឲ្យដឹងថា ឈើគ្រញូងនេះមិនដឹងថា ឈ្មួញដឹកមកពីទីណាទេ តែកម្លាំងលោកបានស្ទាក់ចាប់នៅពេលកម្មករកំពុងរើពីរថយន្តដាក់ចូលទៅក្នុងទូក។
លោក ហាញ់ គារ បានប្រាប់ថា ឈើនោះគេដឹកតាមរថយន្ត ដែលមួយគ្រឿងជារថយន្តកូរ៉េកែច្នៃពណ៌ខៀវចំណុះមួយតោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2D-1034 និងមួយគ្រឿងទៀតម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0296 ប៉ុន្តែអ្នកបើកបរនិងអ្នកជិះនៅក្នុងរថយន្តបានរត់គេចខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់៕
No comments:
Post a Comment
I like Blogger