WEDNESDAY, 14 AUGUST 2013 ឆាយ ច័ន្ទនីដា The Phnom Penh Post
ក្រុមអ្នកបួងសួងសុំសន្តិភាពនៅរមណីយដ្ឋាន វត្តភ្នំកាលពីឆ្នាំមុន។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិលប្រមាណ ២០ នៅកម្ពុជា នឹងធ្វើពិធីបួងសួងសុំឲ្យមានសន្តិភាព នៅរមណីយដ្ឋាន វត្តភ្នំ នាវេលាម៉ោង ៤ រសៀល ថ្ងៃពុធនេះ នៅពេលដែលប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីភាពចលាចលណាមួយ ដែលអាចកើតឡើង ខណៈដែលគណបក្សប្រឆាំង បានព្រមានធ្វើការតវ៉ាប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោត ហើយកងកម្លាំងជាច្រើន ត្រូវបានរដ្ឋាភិបាលដាក់ពង្រាយខុសប្រក្រតី។
លោក មឿន តុលា ប្រធានកម្មវិធីការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានឲ្យដឹងកាលពីម្សិលមិញថា កម្មវិធីដែលគ្រោងធ្វើឡើង នឹងមានមនុស្សចូលរួមមិនតិចជាង ១០០ នាក់ឡើយ ដោយអ្នកទាំងនោះ មកពីអង្គការ សហព័ន្ធ សហជីព សមាគម និងបណ្តាញយុវជននឹងជួបជុំគ្នានៅបរិវេណមុខនាឡិកាវត្តភ្នំ ហើយធ្វើការបួងសួងនៅចំថ្ងៃសីលនេះ។
លោកបន្តថា៖ «យើងបន់ស្រន់តាមជំនឿសាសនា សុំឲ្យមានសន្តិភាពសម្រាប់អ្នកបោះឆ្នោត និងសូមកុំឲ្យមានការប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា»។
ការធ្វើពិធីបួងសួងសុំសន្តិភាពនេះ គឺបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស លទ្ធផលបណ្តោះអាសន្នកាលពីថ្ងៃចន្ទ ដែលលទ្ធផលនេះ ដូចគ្នាទៅនឹងការប្រកាសរបស់គណបក្សប្រជាជន កាលពីយប់ថ្ងៃទី ២៨ ខែ កក្កដា គឺគណបក្សប្រជាជនឈ្នះបាន ៦៨ អាសនៈ ហើយគណបក្សសង្គ្រោះជាតិ ឈ្នះបាន ៥៥ អាសនៈ។
គណបក្សសង្គ្រោះជាតិបានច្រានចោលភ្លាមៗចំពោះលទ្ធផលនេះ ដោយអះអាងដូចកាលពីពេលកន្លងមកថា ខ្លួនជាអ្នកឈ្នះ ដោយទទួលបានអាសនៈយ៉ាងតិចចំនួន ៦៣។ គណបក្សប្រឆាំងបានធ្វើការព្រមានជាច្រើនលើកមកហើយថា ខ្លួននឹងធ្វើការតវ៉ាធំមួយ ប្រសិនបើគណៈកម្មការឯករាជ្យមួយ មិនត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើភាពមិន ប្រក្រតីក្នុងការបោះឆ្នោតទេនោះ។ ជាមួយគ្នានេះ ចាប់តាំងពីថ្ងៃបោះឆ្នោតមក រដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងខុសប្រក្រតី ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មានការភ័យខ្លាច៕
No comments:
Post a Comment
I like Blogger