THURSDAY, 15 AUGUST 2013 ផាក់ ស៊ាងលី From The Phnom Penh Post
អ្នកភូមិមានជម្លោះដីធ្លីថតរូបពេលមកសុំអន្តរាគមន៍ពីអង្គការ អាដហុក ខេត្ត រតនគិរី កន្លងមក។ រូបថត អង្គការ អាដហុ
រតនគិរីៈ តុលាការខេត្ត រតនគិរី បានចេញដីកាកោះហៅ អ្នកភូមិជនជាតិដើម ទំពួន ៥ នាក់បន្តទៀត ដើម្បីសួរនាំ ពាក់ព័ន្ធទៅនឹងអំពើហិង្សាក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែង ដែលបានអូសបន្លាយអស់រយៈពេលជាង ៧ ឆ្នាំមកហើយ។ រឿងក្តីនេះ តុលាការបានគំរាមចាប់ឃុំខ្លួនប្រជាពលរដ្ឋ ប្រសិនបើមិនព្រមចូលទៅបំភ្លឺទៅតាមការកោះហៅ។
ចាប់តាំងពីឆ្នាំ ២០០៧ មក អាជ្ញាធរ និងតុលាការ បានកោះហៅអ្នកភូមិ ប៉ាអរ ស្ថិតនៅក្នុងឃុំ កិះចុង ស្រុក បរកែវ ដើម្បីសួរនាំ និងបំភ្លឺ នៅតុលាការ រាប់សិបដងមកហើយ ហើយថ្ងៃសុក្រស្អែកនេះ និងនៅសប្តាហ៍ក្រោយ អ្នកភូមិ ៥ នាក់ នឹងត្រូវតុលាការសួរនាំម្តងទៀត ពាក់ព័ន្ធទៅនឹងអំពើហិង្សា នៅបន្ទាប់ពីពួកគាត់ និងអ្នកភូមិផ្សេងទៀត នាំគ្នាទៅហាមឃាត់ក្រុមហ៊ុន លី សុខគីម មិនឲ្យសាងសង់ផ្ទះលើដីភូមិមួយកន្លែង កាលពីអំឡុងឆ្នាំ ២០១១។
ដីកាដែល ចេញដោយចៅក្រមស៊ើបសួរ លោក ឡុច ឡៅ បានបញ្ជាក់ថា៖ «ចុងចោទត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ហើយត្រូវចូលមកបង្ហាញខ្លួន នៅចំពោះមុខចៅក្រម តាមពេលកំណត់។ បើមិនព្រមចូលតាមការកំណត់ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន»។
លោក ក្វាស ទីវ អាយុ ៥៦ ឆ្នាំ ជាអ្នកភូមិម្នាក់ ក្នុងចំណោម ៥ នាក់ ដែលត្រូវតុលាការកោះហៅ ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៧ មកលោក ត្រូវបានតុលាការ ហៅទៅសួរ ៧ ដងទៅហើយ។ លោក ទីវ ដែលមានកូន ១០ នាក់ក្នុងបន្ទុកបានបញ្ជាក់ថា៖ «យើងមានការអន្ទះអន្ទែងក្នុងចិត្ត និងព្រួយខ្លាំងណាស់ ពេលរឿងដីធ្លីជាង ៧ ឆ្នាំ ដោះមិនចេញ ហើយបើគិតទាំងមេស្រុកនិងតុលាការផងសួរយើងជិត ២០ ដងហើយ»។ ទោះយ៉ាងណា លោកនឹងចូលទៅតុលាការតាមដីកាកោះបើទោះបីជាតុលាការចោទប្រកាន់លោក និងអ្នកភូមិផ្សេងទៀតដដែលៗថា បានរស់នៅលើដីក្រុមហ៊ុន ទំហំជាង ១០០ ហិកតាយ៉ាងណាក៏ដោយ។ «ពលរដ្ឋបានកាប់ឆ្ការព្រៃរស់នៅនិងដាំដុះលើដីនេះយូរមកហើយ តែមានគេលួចលក់ដីឲ្យក្រុមហ៊ុន។ យើងម្ចាស់ដី មិនបានលក់ផង ឲ្យយើងចេញម៉េចនឹងកើត?»។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី បានឲ្យដឹងថា តុលាការ បានបន្តអនុវត្តខុសនីតិវិធីច្បាប់និងបំពានការប្រកាសរបស់ក្រសួង យុត្តិធម៌ និងក្រសួងដែនដី ព្រោះថា ភាគីទំនាស់ មិនទាន់មានប្លង់កម្មសិទ្ធិនោះទេ គឺអ្នកទិញ (ក្រុមហ៊ុន) មានតែលិខិតទិញលក់ ដែលប្រថាប់ត្រាដោយមេឃុំប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «គ្មានអ្នកណាមួយមានប្លង់រឹងកាន់កាប់ដីនោះទេ ហេតុនេះរឿងនេះគួរប្រគល់ឲ្យភូមិបាលជាអ្នកដោះស្រាយវិញ»។
មិនអាចទាក់ទងក្រុមហ៊ុនលី សុខគីម បានទេ កាលពីម្សិលមិញ ប៉ុន្តែលោកចៅក្រមស៊ើបសួរ ឡុច ឡៅ បានមានប្រសាសន៍ថា ករណីនេះគឺជាការបង្កអំពើហិង្សា ដោយចេតនាក្នុងទំនាស់ដីធ្លី។
នៅក្នុងទំនាស់នេះ ពលរដ្ឋបានស្វះស្វែងរកកិច្ចអន្តរាគមន៍គ្រប់ច្រកល្ហកតាំងពី ស្ថាប័ននានា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប៉ុន្តែគ្មានដំណោះស្រាយនោះទេ។
កាលពីខែ កុម្ភៈអ្នកភូមិជាង ៤០ គ្រួសារ បានរៃអង្គាសប្រាក់បានជាង ១៥០០ ដុល្លារ យកទៅឲ្យបុរសម្នាក់ដែលអះអាងថា ជាជំនួយការតំណាងរាស្ត្រ ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយ។ ប៉ុន្តែបន្ទាប់ពីទទួលបានលុយនោះមក បុរសម្នាក់នោះបានបាត់ស្រមោលរហូតតែម្ដង៕
No comments:
Post a Comment
I like Blogger