THURSDAY, 15 AUGUST 2013 ឆាយ ច័ន្ទនីដា From The Phnom Penh Post
មន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ កាលពីថ្ងៃម្សិលមិញ បានធ្វើការអំពាវនាវទៅដល់អ្នកនយោបាយទាំងអស់ ដោះស្រាយបញ្ហានយោបាយដោយសន្តិវិធី។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ «យើងមិនត្រូវការបាតុកម្មហិង្សា ហើយក៏មិនត្រូវការការបង្ក្រាបដោយហិង្សាដែរ យើងត្រូវការដំណោះស្រាយដោយសន្តិវិធី» នេះជាការអំពាវនាវ កាលពីល្ងាចមិញ របស់ក្រុមអ្នកហែក្បួនសុំសន្តិភាពប្រមាណ ៥០០ នាក់នៅរាជធានីភ្នំពេញ។
សម្រែកតាមឧបករណ៍បំពងសំឡេងនៅឯព្រះអង្គ ដងកើ មុខវាំង ពីម្សិលមិញ ក្រុមការងារដើម្បីសន្តិភាព និងអង្គការមួយចំនួន បានផ្ញើសារជូនអ្នកនយោបាយ ឲ្យរកវិធីសាស្ត្រដោះស្រាយដោយសន្តិវិធី កុំមានការបំភ័យម្ចាស់ឆ្នោត ដូចជា ដាក់រថក្រោះ បញ្ជូនកងទ័ពបំពាក់អាវុធទំនើប មករាជធានី និងខេត្តជុំវិញ។
កញ្ញា ហ៊ន សុភី តំណាងម្នាក់ក្នុងក្រុមនេះថ្លែងនៅមុខព្រះអង្គ ដងកើ ថា៖ «ដោយមានការភ័យព្រួយបារម្ភចំពោះការដែលរដ្ឋាភិបាលចល័តទ័ព ទើបយើងសុំឲ្យមានការដោះស្រាយដោយសន្តិវិធីនៅក្រោយការបោះឆ្នោតនេះ»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងថា ដោយរដ្ឋាភិបាលកំពុងចល័តទ័ព ការប្រើហិង្សាណាមួយដែលអាចកើតមានជាយថាហេតុមិនមែនជាដំណោះស្រាយល្អឡើយ។ លោកបន្តថា៖ «ការធ្វើបាតុកម្ម ឬជួបជុំគ្នាក្នុងលក្ខណៈទ្រង់ទ្រាយធំ ដែលនាំឲ្យមានហិង្សានោះ នឹងមិនចំណេញទាំងសងខាង គឺខាតប្រយោជន៍សេដ្ឋកិច្ច ទំនិញឡើងថ្លៃ និងអស្ថិរភាព។ យើងព្យាយាមឲ្យគណបក្សនយោបាយ ចូលតុចរចា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី»។
ចំណែកនៅឯរមណីយដ្ឋាន វត្ត ភ្នំ អ្នកបួងសួង ដែលភាគច្រើនពាក់អាវពណ៌បៃតងមានរូបព្រាបសន្តិភាព មានការនិមន្ត ពីព្រះសង្ឃផង មានកាន់ផ្កាឈូក ទៀន ធូប ទង់ជាតិខ្មែរ និងទង់សាសនា បានគង់ និងអង្គុយស្មឹងស្មាធិ៍ បួងសួងសុំសេចក្តីសុខសប្បាយ ដល់ពលរដ្ឋកម្ពុជាគ្រប់រូប។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងថា អ្នកចូលរួមមានការបារម្ភពីបាតុភាពនានាក្រោយការបោះឆ្នោតដែលនឹងអាចកើតមានជាយថាហេតុ។
លោកថ្លែងថា ៖ «យើងត្រូវការតែសន្តិភាព។ យើងចង់ប្រាប់ថា ឆន្ទៈពលរដ្ឋ គឺមិនចង់ឃើញការចល័តទ័ពបែបនេះឡើយ»។
និស្សិត អ៊ិត រ៉ាដា ថ្លែងថា៖ «អ្វីដែលខ្ញុំចង់បាន គឺភាពយុត្តិធម៌ នៃលទ្ធផលបោះឆ្នោត ហើយការប្រកាសលទ្ធផលរបស់ គ.ជ.ប គឺយុវជននិងពលរដ្ឋជាច្រើន មិនអាចទទួលយកបាន ព្រោះមានភាពមិនប្រក្រតីនិងភាពលម្អៀងខ្លាំងដែលពិបាកទទួលយក»។
ក្បួននេះបានដើរប្រទក្សិណជុំវិញ វត្តភ្នំ ចំនួនពីរជុំ។ ដើរបណ្តើរដៃកាន់ទៀនធូប និងផ្កាឈូក គ្រូបឋមសិក្សាអ្នកស្រី រស់ ចាន់គន្ធាវី បាននិយាយថា៖ «កូនចៅសុំវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាពលរដ្ឋខ្មែរ និងបន្ទន់ចិត្តអ្នកដឹកនាំឲ្យគិតបញ្ហារាស្ត្រជាធំ»។ អ្នកស្រីថាការបោះឆ្នោតគ្មានសេរីនិងយុត្តិធម៌ ពិបាកនឹងទទួលយក មិនមែនតែបក្សប្រឆាំងទេ សូម្បីតែពលរដ្ឋនិងមន្ត្រីតូចតាចដូចរូបគាត់ក៏ចង់ឲ្យ គ.ជ.ប បង្ហាញពីតម្លាភាព មិនធ្វើការចំណុះបក្សនយោបាយណាមួយដែរ។
ក្បួននៅមុខវាំងបានធ្វើដំណើរបន្តទៅរមណីយដ្ឋាន វត្តភ្នំ ដើម្បីបញ្ចប់ការបួងសួងនេះមានរយៈពេលពីម៉ោង ៤ ដល់ ៦ ល្ងាច។ តាមការកត់សម្គាល់ការដង្ហែក្បួននេះ អាជ្ញាធរមូលដ្ឋានថា មិនមានការសុំច្បាប់ទេ តែក៏មិនមាននគរបាលបង្ក្រាប ឬមន្ត្រីកងរាជអាវុធហត្ថត្រូវបានដាក់ពង្រាយដែរ។ ប៉ុន្តែ គេបានឃើញមានក្រុមមន្ត្រីមូលដ្ឋាននិងនគរបាលខ្លះស្លៀកពាក់ស៊ីវិល និងមានអាយកូម ចាំថតសកម្មភាពនេះដែរ។
ក្រុមអ្នករៀបចំពិធីជុំគ្នាបួងសួងសុំសន្តិភាពឲ្យដឹងថា នេះជាការចាប់ផ្តើមលើកទីមួយសម្រាប់ការបួងសួងសុំសន្តិភាពក្រោយបោះឆ្នោត ហើយការជុំគ្នាលើកទី២ ធ្វើឡើងនៅថ្ងៃទី២១ ខែ សីហា ខាងមុខនេះ គឺចំថ្ងៃសីលដដែល៕
No comments:
Post a Comment
I like Blogger