ប្រជាពល រដ្ឋទាំង១៣គ្រួសារនៅក្នុងឃុំ-ស្រុកត្រពាំងប្រាសាទបានដាក់ពាក្យ ប្តឹងរួមទៅសមាគមសិទ្ធិមនុស្សអាដហុកខេត្តកាលពីដើមខែសីហានេះ ដើម្បីសុំអន្តរាគមន៍ក្នុងទំនាស់ដីធ្លីជាង៩០ហិកតា ជាមួយនឹងក្រុមអ្នកមានលុយ មានអំណាចដែលបានប្រើកម្លាំងយោធាកងពលអន្តរាគមន៍លេខ៦ ទៅកាងការពារដីនោះ។
លោក ស្រី ណារ៉េន អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តនេះបានឲ្យដឹងពី ថ្ងៃពុធថា អាដហុកខេត្តបានចុះទៅធ្វើការស៊ើបអង្កេតដល់កន្លែងទំនាស់កាលពី ថ្ងៃអង្គារ។ លោកបញ្ជាក់ថា៖«យើងឃើញផ្ទះពលរដ្ឋត្រូវគេរុះរើ ដំឡូងជាងមួយហិកតាត្រូវទាហានបាញ់ថ្នាំបំផ្លាញ»។
លោកថា តាមការស៊ើបអង្កេតបង្ហាញថា ក្រុមទាហានអត់មានអីពាក់ព័ន្ធទៅនឹងដីនោះទេ ប៉ុន្តែ ត្រូវគេបញ្ជូនទៅកាងការពារផលប្រយោជន៍បុគ្គល មិនឲ្យពលរដ្ឋចូលក្នុងដីគាត់ ដែលធ្លាប់កាន់កាប់និងដាំដុះជាយូរមកនោះ។
លោកបានឲ្យដឹងថា ម្ចាស់ចម្ការដំឡូងឈ្មោះ មាង លីហួ អាយុ ៣៣ ឆ្នាំ បានដាក់ពាក្យបណ្តឹងមកអាដហុកពីថ្ងៃអង្គារ ប្តឹងកងទ័ពពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ អាដហុកកំពុងរៀបចំពាក្យបណ្តឹងនោះ ដាក់បន្តទៅតុលាការខេត្តនៅថ្ងៃសុក្រនេះ។
លោក មាង លីហួ កាលពីម្សិលមិញបានប្រាប់ថា លោកប្តឹងមេបញ្ជាការរងកងអន្តរាគមន៍លេខ៦ ឈ្មោះ សេង សាន្ត ដែលជាអ្នកបញ្ជានិងឈ្មោះ ផល ផា ជាអ្នកដឹកនាំកម្លាំងទៅបាញ់ថ្នាំបំផ្លាញដំឡូងគាត់ជាង១ហិកតា កាលពីថ្ងៃទី៣ ខែសីហា។
លោក លីហួ បន្តថា៖ «ខ្ញុំប្តឹងទារសំណង២ពាន់ដុល្លារ និងសុំឲ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់»។ លោកថា បន្ទាប់ពីអាដហុកចុះទៅអង្កេតមានទាហាន៨នាក់មានកំាភ្លើង អាកាមួយដើម ទៅគំរាមបាញ់និងចាប់ពលរដ្ឋដាក់គុកថែមទៀត បើអ្នកណាហ៊ានទៅជាន់ដីនោះ។
លោក មាង លីហួ អះអាងដែរថា គាត់បានទិញដី៥ហិកតា កាលពីឆ្នាំ២០០៨ (១ហិកតាតម្លៃ៤០០ដុល្លារ)។ កាលពីខែសីហា ឆ្នាំ២០១២ ក្រុមនិស្សិតបានចុះវាស់វែងដីគាត់និងដីពលរដ្ឋតំបន់នេះ ប៉ុន្តែ ត្រូវគេប្តឹងទាស់មិនឲ្យចេញប្លង់ ហើយពេលអាជ្ញាធរបិទប្រកាសក្បាលដី ស្រាប់តែដីពួកគាត់ត្រូវកាន់កាប់ដោយអ្នកផ្សេងទៅវិញ។
លោក លីហួ និយាយថា៖«វាប្រាកដជាមានការសូកប៉ាន់ បើមិនអ៊ីចឹងមិនមែនពេលវាស់ដាក់ឈ្មោះពួកយើង តែពេលចេញប្លង់បែរជាឈ្មោះអ្នកផ្សេងបែបនេះទេ?»
ដោយសាររងភាព អយុត្តិធម៌បែបនេះ ពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដែរ ប៉ុន្តែ រហូតមកដល់ពេលនេះ ពុំមានដំណោះស្រាយនឹងការឆ្លើយតបទេ។
លោក ផុន កុសល អភិបាលរងស្រុកត្រពាំងប្រាសាទបានបញ្ជាក់ថា អាជ្ញាធរបានទទួលពាក្យបណ្តឹងពីពលរដ្ឋ ហើយបានចេញលិខិតកោះហៅខាងកងទ័ពឲ្យចូលបំភ្លឺដែរ ប៉ុន្តែ គាត់មិនឃើញមកទេ។ អាជ្ញាធរក៏បានចេញលិខិតថ្មីទៀតដាក់ទៅមេបញ្ជាការសុំឲ្យទាហាន ដែលរងការចោទចូលបំភ្លឺនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
លោកអភិបាលរង ថ្លែងដែរថា ៖ «រឿងប្លង់ដីវិញ យើងពិភាក្សាជាមួយនឹងមន្ទីរសុរិយោដី ហើយបានសម្រេចតម្កល់ទុកសិនដើម្បីរង់ចាំធ្វើការដោះស្រាយ»។
មន្ត្រីយោធារងការចោទប្រកាន់មិនអាចទាក់ទងសុំបំភ្លឺបានទេពីម្សិលមិញ៕
No comments:
Post a Comment
I like Blogger