ទឹកលិចផ្លូវនៅក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាលពីម្សិលមិញ។ រូបថត សហការី
បន្ទាយមានជ័យៈ
លំនៅឋានប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកចំនួនបី
និងក្រុងចំនួនពីរនៃខេត្ត បន្ទាយមានជ័យ
ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងដែលបង្កឡើងមកពីប្រព័ន្ធ
សម្ពាធទាបនិងមូសុងនិរតី នាប៉ុន្មានថ្ងៃកន្លងមកនេះ។
លោក ទ្រី ណារិន អភិបាលខេត្ត បន្ទាយមានជ័យ
បានឲ្យដឹងកាលពីម្សិលមិញថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ
បានធ្វើឲ្យផ្នែកខ្លះនៃស្រុក ថ្មពួក ស្រុក ស្វាយចេក និងស្រុក
អូរជ្រៅ រួមទាំងក្រុង សិរីសោភ័ណ និងក្រុង ប៉ោយប៉ែត
មានការជន់លិចផ្លូវ និងភូមិកររបស់ប្រជាពលរដ្ឋ។ លោកថ្លែងថា៖
«ការជន់លិចដោយជំនន់ទឹកភ្លៀងនេះមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរ
នៅឡើយទេ។ នៅពេលនេះ
កម្លាំងអាជ្ញាធរកំពុងតែប្រើគ្រឿងចក្រជីកកាយប្រឡាយ
ដើម្បីបង្ហូរទឹកចេញ»។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែត
និយាយថា៖«ថ្វីបើពេលនេះទឹកបានហូរស្រកពីភូមិ
និងដងផ្លូវខ្លះក្ដី
ប៉ុន្តែបើសិនមានភ្លៀងធំបន្តធ្លាក់មកទៀតការលង់នឹងនៅតែបន្ត
អូសបន្លាយរយៈពេលយូរព្រោះក្រុង ប៉ោយប៉ែត
មានរាងដូចជាបាតឆ្នាំងខ្ទះនិងមានប្រព័ន្ធអូរសម្រាប់រំដោះទឹកចេញ
ពីទីក្រុងចំនួនតែពីរប៉ុណ្ណោះ»។
លោក យូ ប៊ុនថន អាយុ ៣៨ ឆ្នាំ នៅភូមិ ប៉ាលិលេយ្យ សង្កាត់ ប៉ោយប៉ែត
បាននិយាយថា
ភូមិរបស់លោកឲ្យតែនៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាគឺតែងតែ
មានទឹកលិច។
លោកបន្តថា៖«បើអាជ្ញាធរជីកប្រព័ន្ធមេលូបង្ហូរទឹកឲ្យធំនោះ
ប្រហែលជាគ្មានការដក់លិចបែបនេះទេ»។
លោក គង់ សុខ ចៅសង្កាត់ ប៉ោយប៉ែត បាននិយាយថា
ក្នុងសង្កាត់របស់លោកមានភូមិចំនួនបួនបានរងការលិចលង់ដោយជំនន់
ទឹកភ្លៀង ហើយលំនៅឋានប្រជាពលរដ្ឋប្រមាណជិត ១០០ ខ្នង បានលិច។
លោកថ្លែងថា៖«បច្ចុប្បន្ន យើងបានប្រើអេស្កាវាទ័រ ៤
គ្រឿងកាយប្រឡាយដើម្បីរំដោះទឹកចេញពីតំបន់ដែលលិចនោះ»។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញ
កាលពីថ្ងៃអង្គារ បានព្យាករថា ក្នុងរយៈពេលពីបីថ្ងៃខាងមុខនេះ
កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងជោកជាំពេញផ្ទៃប្រទេស។
នៅក្នុងសេចក្ដីជូនដំណឹងនោះ លោក លឹម គានហោ
រដ្ឋមន្ត្រីក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋ
និងអាជ្ញាធរមូលដ្ឋានទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ
ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងវិសម្ពាធទាប
ដែលកំពុងគ្របដណ្ដប់លើតំបន់អាងទន្លេមេគង្គលើក្នុងប្រទេសថៃ
និងឡាវ។
លោកបញ្ជាក់ថា ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥
ឥទ្ធិពលនៃប្រព័ន្ធខាងលើនេះ អាចនឹងបង្កឲ្យមានព្យុះ និង
ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងប្រទេសកម្ពុជាដែលនឹងអាចបង្កឲ្យ
មានជំនន់ទឹកភ្លៀង
នៅផ្នែកខ្លះនៃតំបន់វាលទំនាបនិងតំបន់តាមដងទន្លេមេគង្គ ទន្លេសាប
និងទន្លេបាសាក់។
លោក អ៊ូ ម៉ៅ អាយុ ៤៨ ឆ្នាំ រស់នៅភូមិ សាមគ្គីមានជ័យ ក្រុង ប៉ោយប៉ែត
បានឲ្យដឹងថា ភូមិរបស់លោកគ្មានប្រព័ន្ធលូបង្ហូរទឹកទេ
ហើយតែងតែជន់លិចជាប្រចាំនៅពេលដែលមានភ្លៀង។ លោកថ្លែងថា៖
«ឥឡូវនេះក្នុងផ្ទះខ្ញុំទឹកបានលិចចូលត្រឹមកជើង។
គ្រួសារខ្ញុំកំពុងរៀបចំធ្វើធ្នើរដើម្បីកល់អីវ៉ាន់ឲ្យផុតពីទឹក»។
នៅ ឯស្រុក អូរជ្រៅ ឃុំ អូរបីជាន់ អាជ្ញាធរ
និងប្រជាពលរដ្ឋបានឲ្យដឹងថា
ទឹកភ្លៀងដែលហូរពីតំបន់ខ្ពង់រាបប្រទេសថៃនិងការហូរចាក់ពីតំបន់
មួយចំនួននៅផ្នែកខាងលើនៃស្រុកនេះ
បានកាត់ផ្ដាច់ផ្លូវមួយខ្សែក្នុងភូមិ កូនដំរី ត្រង់ចំណុចព្រែកយាង។
លោក សួង មឿន មេឃុំ អូរបីជាន់ និយាយថា អ្នកភូមិ កូនដំរី
នៅពេលនេះកំពុងជន់លិចដោយសារទឹកហូរមកពីថៃធ្វើឲ្យដាច់ផ្លូវ
ដែលបង្កការលំបាកដល់ការធ្វើដំណើរ។
លោកបន្តថា៖«មានការដាច់ផ្លូវទំបន់ព្រែកយាងប្រវែងជាង ២០ ម៉ែត្រ»៕
No comments:
Post a Comment
I like Blogger