ភ្នំពេញៈ មន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងសម្លឹងមើលការបង្កើត តុលាការផ្នែកពាណិជ្ជកម្ម នាពេលខាងមុខដើម្បីជួយសម្រួល ដល់អ្នកវិនិយោគទាំងអស់នៅប្រទេសកម្ពុជា ក្នុងការដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម ដោយសារកម្ពុជាកំពុងតែមានកំណើនវិនិយោគកាន់តែច្រើនឡើង។
នៅក្នុងជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការនៅកម្ពុជា ជាមួយនឹងលោក ជេមន៍ សឿហ្គាណាត ប្រធានគណៈមេធាវីអាមេរិក នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកុម្ភៈនេះ លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានដកស្រង់ប្រសាសន៍ ឧបនាយករដ្ឋមន្ត្រីសុខ អានថា វិស័យច្បាប់កម្ពុជាមានការរីកចម្រើនខ្លាំង នឹងកម្ពុជាកំពុងសម្លឹងមើលការបង្កើតនូវតុលាការពាណិជ្ជកម្ម នាពេលខាងមុខ ដើម្បីដោះស្រាយវិវាទផ្នែកជំនួញ។
លោកឯក ថា បានឲ្យដឹងទៀតថា លោក ជេមន៍ សឿហ្គាណាត ប្រធានគណៈមេធាវីអាមេរិកបានសម្តែងការស្វាគមន៍ចំពោះគោលជំហររបស់កម្ពុជា ក្នុងការបង្កើតឲ្យមានតុលាការនេះ និងលោកក៏បានស្វាគមន៍ចំពោះដំណើរការរីកចម្រើន នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលជាស្ថាប័នជួយបណ្តុះបណ្តាលផ្នែកចៅក្រម ព្រះរាជអាជ្ញារ ក្រឡាបញ្ជីរផងដែរ។
លោកឯក ថា បានបញ្ជាក់ទៀតថា លោកឧបនាយករដ្ឋមន្ត្រីសុខ អាន ចង់មាន កិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងរវាង រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនិងគណៈមេធាវីអាមេរិក ដូចជា ដំណើរផ្លាស់ប្តូរទស្សនកិច្ចការងារជាដើម។
ឆ្លើយតបនឹងបញ្ហានេះ លោក ជេមន៍ សឿហ្គាណាត ក៏បាននិយាយដែរថា លោកនឹងពិនិត្យមើលអ្វីដែលខាងភាគីគណៈមេធាវីអាមេរិកអាចជួយដល់ប្រព័ន្ធច្បាប់កម្ពុជា នូវអ្វីដែលខ្វះខាត នាពេលមុខថែមទៀត។
មន្ត្រីអ្នកនាំពាក្យនេះ ក៏បានឲ្យដឹងថា កម្ពុជាបានបញ្ជូនមេធាវី ចំនួន ១៨នាក់ទៅរៀននៅឯក្រៅប្រទេសផ្នែកតុលាការពាណិជ្ជកម្ម ដែលនឹងអាចក្លាយជាចៅក្រមពាណិជ្ជកម្មនាពេលខាងមុខ។
No comments:
Post a Comment
I like Blogger