ភ្នំពេញៈ អង្គការ Action Aid និង DIPECHO ដែលធ្វើការផ្ដោតទៅលើគ្រោះមហន្តរាយ បានជំរុញឲ្យរដ្ឋាភិបាល ប្រញាប់ធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីគ្រោះមហន្តរាយដើម្បីអាចជួយសង្គ្រោះ និងការពារជនរងគ្រោះពីគ្រោះមហន្តរាយឲ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ អង្គការ Action Aid មានផែនការបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដើម្បីបញ្ចៀសការស្លាប់ និងការខូចខាត ដោយធ្វើការអប់រំ ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានដោយផ្ទាល់ និងបង្រៀនពីការដាំដំណាំតាមបច្ចេកវិទ្យាថ្មី ដោយចៀសវាងទឹកជំនន់ និងអប់រំពីវិធីសាស្ត្រ ក្នុងការចិញ្ចឹមសត្វឲ្យមានសុវត្ថិភាពផងដែរ។
លោក Andrew Martin ប្រធានគម្រោង DIPECHO បានថ្លែងថា រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីគ្រោះមហន្តរាយ ដើម្បីត្រៀមដាក់ជូនរដ្ឋសភា ធ្វើការអនុម័ត។ លោកបានថ្លែងថា៖ «នៅពេលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័ត គ្រោះមហន្តរាយ នឹងត្រូវឆ្លើយតបភ្លាមៗ ដើម្បីជួយជនរងគ្រោះ។ អង្គការ Action Aid ខិតខំបណ្ដុះបណ្ដាល មន្ត្រីខាងគ្រោះមហន្តរាយ និងអ្នកកាសែត ដើម្បីរាយការណ៍ពីបញ្ហាគ្រោះមហន្តរាយ ជួយដល់ជនរងគ្រោះ»។
លោកស្រី Caroline McCausland នាយកអង្គការ Action Aid ប្រចាំកម្ពុជាបានថ្លែងថា អង្គការ Action Aid ជារឿយៗ តែងតែធ្វើការបណ្ដុះបណ្ដាល ចែករំលែកបទពិសោធ ដល់អ្នកកាសែតនិងមន្ត្រីខាងគ្រោះមហន្តរាយដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។
អង្គការ Action Aid ឲ្យដឹងថា ទឹកជំនន់ដែលកើតឡើងស្ទើររៀងរាល់ឆ្នាំ នៅខេត្តបន្ទាយមានជ័យ បានបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ពីព្រោះជាកន្លែង ដែលមានគ្រាប់មីន នៅតំបន់មានទឹកជំនន់ ដែលអាជ្ញាធរត្រូវប្រកាសប្រាប់ដល់អ្នកស្រុកឲ្យមានការប្រុង ប្រយ័ត្ន។
លោកស្រី Caroline McCausland បានថ្លែងថា៖ «ជួនកាល គ្រោះមហន្តរាយ មានទំហំតូចមិនត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដូចជាគ្រោះមហន្តរាយដោយទឹកជំនន់លក្ខណៈទ្រង់ទ្រាយធំនោះទេ ប៉ុន្តែយើងត្រូវគិតពីគ្រោះថ្នាក់ទាំងតូច ទាំងធំ ដែលមានផលប៉ះពាល់ដល់មនុស្ស និងបំផ្លាញផ្ទះសម្បែង និងដំណាំអ្នកស្រុកផងដែរ»។
លោក កែវ វី ប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ NCDM បានឲ្យដឹងថា កាលពីឆ្នាំមុន គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្ដីព្រាងច្បាប់ ឲ្យ NCDM វិញ ដើម្បីកែប្រែមាត្រាមួយចំនួន តម្រូវទៅតាមស្ថានការណ៍ជាក់ស្ដែង។ លោកបានថ្លែងថា៖«NCDM កំពុងកែប្រែមាត្រាមួយចំនួនដែលគណៈរដ្ឋមន្ត្រីស្នើឡើង។ សេចក្ដីព្រាងច្បាប់នេះ មានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងដើម្បីបញ្ចៀសការស្លាប់ និងការខូតខាតទ្រព្យសម្បត្តិ»។
យោង តាមរបាយការណ៍របស់ NCDM មានអ្នកស្លាប់ដោយទឹកជំនន់ចំនួន២៥០នាក់ នៅក្នុងគ្រោះទឹកជំនន់ កាលពីឆ្នាំ ២០១១ និង១៤ នាក់ទៀត បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ ឆ្នាំ ២០១២ ព្រមទាំងមានការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង និងដំណាំជាច្រើនផ្សេងទៀត៕ PN
No comments:
Post a Comment
I like Blogger