Monday, 04 February 2013 ភ្នំពេញ ប៉ុស្ដិ៍ From Phnom Penh Post
ក្បួនព្រះទីនាំង ដាក់មញ្ជូសា សម្តេចឪ នរោត្តម សីហនុ កំពុងដង្ហែទៅកាន់វាលព្រះមេរុ កាលពីថ្ងៃសុក្រ។ រូបថត ហុង មិនា
ភ្នំពេញៈ ជាមួយនឹងសំឡេងកាំភ្លើងធំ ភ្លេងសព
និងសំឡេងយំសោកតិចៗ របស់ប្រជានុរាស្រ្តព្រះអង្គ
ព្រះបរមសពព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទ នរោត្តម
សីហនុ ត្រូវបានដង្ហែតាមផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃសុក្រ មុនពេលតម្កល់នៅទីលានថ្វាយព្រះភ្លើង
នៅវាលព្រះមេរុ។
ទិដ្ឋភាពនៅខាងក្រៅព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃសុក្រ
មានសភាពស្រងូតស្រងាត់។ ជាមួយនឹងឧត្តមសេនីយ៍ អ្នកនយោបាយ និងឥស្សរជន
ដែលឈរជាជួរ ក្រុមស្រ្តីវ័យចំណាស់ បានឈរដោយយកចិត្តទុកដាក់
និងលើកដៃប្រណម្យ។
មនុស្សជាច្រើន កាន់ផ្កាឈូក ផ្កាម្លិះនិងធូប ខំទប់ចិត្ត
ជាមួយនឹងការស្រក់ទឹកភ្នែក ខណៈពេលដែលពួកគេ
កំពុងរង់ចាំព្រះមញ្ជូសា ព្រះបរមសពសម្តេចឪ
ដង្ហែចេញពីព្រះបរមរាជវាំង។ លោក សោម ចាន់ណា អាយុ ៣០ ឆ្នាំ ថ្លែងថា
លោកបានចូលរួមក្នុងព្រះរាជពិធីនេះ
ជាមួយនឹងក្រុមមិត្តរួមការងារ។ ដោយមានភាពស្រងូតស្រងាត់
លោកចាន់ណា បន្តថា៖
«នេះជាថ្ងៃចុងក្រោយដើម្បីសម្តែងទឹកចិត្តរបស់យើង
ចំពោះព្រះមហាវីរក្សត្រជាទីស្រឡាញ់របស់យើង។
សម្តេចឪបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រជានុរាស្រ្តព្រះអង្គ
ដូចជាដណ្តើមឯករាជ្យពីបារាំង»។
នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ព្រះមញ្ជូសា
ត្រូវបានលើកដាក់ព្រះទីនាំង យាងអមដំណើរ ដោយព្រះមហាក្សត្រ នរោត្តម
សីហមុនី ព្រះមហាក្សត្រិយ៍ មុនិនាថ សីហនុ និងសម្ដេចក្រុមព្រះ នរោត្តម
រណឫទ្ធិ។ ព្រះទីនាំងបានដឹកព្រះអង្គម្ចាស់ អារុណ រស្មី
និងសម្ដេចព្រះរាម បុប្ផាទេវី ហើយព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់
នឹងសម្តេចព្រះសង្ឃរាជ
និងតន្រ្តីករព្រះបរមរាជវាំងជាអ្នកនាំផ្លូវ។
តាមពីក្រោយព្រះទីនាំង គឺយានយន្តរូបហង្ស
ដែលដឹកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា
ព្រមទាំងឥស្សរជនដទៃទៀត។ រដ្ឋមន្រ្តី និងអភិបាលរាជធានី ខេត្ត
តន្រ្តីករ និងព្រះសង្ឃ តំណាងរាស្រ្ត និងរាស្រ្តសាមញ្ញ នគរបាល
និងជនជាតិភាគតិច ក្រុមកាយឫទ្ធិ និងទាហាន ស្ថិតក្នុងចំណោមមនុស្ស
៥០០០ នាក់ ដែលពាក់រូបសញ្ញាព្រះរាជា និងដើរក្នុងក្បួនដង្ហែ។
មានតែ អ្នកទទួលបានលិខិតអញ្ជើញជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ
ត្រូវបានអនុញ្ញាតឲ្យចូលទីលានថ្វាយព្រះភ្លើង គឺយោងតាមរដ្ឋាភិបាល
មានជាង ៣០០០ នាក់ រាប់ទាំងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី
និងសមាជិកគ្រួសារប៉ុណ្ណោះ
ដែលត្រូវបានអនុញ្ញាតឲ្យចូលទីលានថ្វាយព្រះភ្លើង
ដោយត្រូវឆ្លងកាត់ប្រដាប់ត្រួតពិនិត្យជាមុនសិន។
ស្រ្តីម្នាក់ឈរមើលជិតទីលានថ្វាយព្រះភ្លើងឈ្មោះ អ៊ុំ យល់ អាយុ
៦៣ ឆ្នាំ បានថ្លែងថា អ្នកស្រី
បានធ្វើដំណើរមួយថ្ងៃមុនពីស្រុកល្វាឯម ខេត្តកណ្តាល
ជាមួយនឹងកូនស្រី ដើម្បីមកសម្តែងគារវកិច្ចដល់សម្តេចឪ។
អ្នកស្រីបញ្ជាក់ថា៖
«នេះជាលើកចុងក្រោយរបស់ខ្ញុំដើម្បីនិយាយលាព្រះអង្គ
ហើយព្រះអង្គនឹងមិនយាងត្រឡប់មកវិញឡើយ។
ខ្ញុំគោរពព្រះអង្គជារៀងរហូត ទោះបីពេលនេះ
ព្រះអង្គសោយទិវង្គតក៏ដោយ»។
អ្នកស្រី សេង ស អាយុ ៦៧ ឆ្នាំ
អង្គុយលើដីក្បែរទីលានថ្វាយព្រះភ្លើង ហើយបានរង់ចាំក្បួនដង្ហែ។
អ្នកស្រី ស បានធ្វើដំណើរមកពីខេត្តព្រៃវែង កាលពី៥ ថ្ងៃមុន
ហើយបានដើរនៅមុខព្រះបរមរាជវាំងចាប់ពីពេលមកដល់ភ្នំពេញ។
អ្នកស្រី ស ដែលបានជួបព្រះមហាវីរក្សត្រប៉ុន្មានលើក
ពេលព្រះអង្គចុះទៅខេត្តនានា ក្នុងពេលអ្នកស្រីនៅក្មេងនោះ
បានថ្លែងថា៖ «ខ្ញុំមិនចង់ឲ្យព្រះអង្គចាកចេញពីយើងទេ។
ខ្ញុំសង្ឃឹមថាព្រះអង្គទៅបរលោក
ហើយចាប់ជាតិជាជនកម្ពុជាម្តងទៀត»។ អ្នកស្រីបានបន្ថែមថា៖
«ខ្ញុំព្រួយបារម្ភថា រឿងអាក្រក់ នឹងកើតឡើងលើប្រទេសកម្ពុជាយើង
ដោយសារឥឡូវនេះ ព្រះអង្គបានសោយទិវង្គតហើយ»។
មនុស្សជាច្រើន បានចាប់ផ្តើមនឿយហត់ ខណៈពេលដែលពួកគេ
កំពុងរង់ចាំក្បួនដង្ហែ។ មន្រ្តីបានអង្គុយលើចិញ្ចើមផ្លូវ
នៅជុំវិញព្រះបរមរាជវាំង ចំណែកឯអ្នកមកពីខេត្តនានា
អង្គុយក្រោមម្លប់ប៉ាណូ មានព្រះឆាយាល័ក្ខណ៍សម្តេចឪ។
អ្នកដទៃទៀតយកព្រះឆាយាល័ក្ខណ៍ សម្តេចឪ មកបាំងកម្តៅថ្ងៃ។
ប៉ុន្តែ ខណៈផ្កាឈូក ចាប់ផ្តើមស្វិតស្រពោន មន្រ្តីសុខាភិបាល
បាននិយាយថា មកដល់វេលាថ្ងៃត្រង់
ពួកគេបានព្យាបាលមនុស្សតិចតួចបំផុត។
លោក វេជ្ជបណ្ឌិត លី ប៊ុនឈឿន ដែលអង្គុយក្នុងតង់គ្រូពេទ្យ
បោះនៅក្បែរព្រះបរមរាជវាំង បានថ្លែងថា
គ្មានអ្នកណាម្នាក់សន្លប់ទេ ត្រឹមម៉ោង១០ និង ៣០ នាទី
បើទោះបីជាប្រជាជន ទាហាន និងនគរបាលជាច្រើននាក់
បានឆ្លៀតឱកាសនេះធ្វើតេស្តឈាម ទទួលបានថ្នាំ
និងសេវាសុខាភិបាលដទៃទៀតក៏ដោយ។
លោក ឡេស អ៊ីត្រេស មន្រ្តីពីក្រសួងសុខាភិបាល ដែលត្រៀមបម្រុង
នៅក្នុងតង់មុខរដ្ឋសភាចាស់ បានថ្លែងថា លោកបានព្យាបាលអ្នកសន្លប់
តែពីរនាក់ប៉ុណ្ណោះ។ លោកបន្ថែមថា៖ «ប៉ុន្តែមានមនុស្សប្រហែល៦៥០
នាក់ ដែលយកថ្នាំវិលមុខ ថ្នាំរាក
និងថ្នាំឈឺក្បាលពីតង់នៅព្រឹកនេះ»។
មិនមែនមានតែករណីទាំងនេះទេ។ គឺភ្លាមៗ បន្ទាប់ពីព្រះមញ្ជូសា
ហែឆ្លងផុតឥស្សរជន ដែលកំពុងរង់ចាំនៅវេលាម៉ោងប្រហែល៨ និង ៣០
នាទីព្រឹក លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ក៏បានសន្លប់ផងដែរ។
លោកត្រូវបានបញ្ជូនដោយអង្គរក្ស និងមន្រ្តីនាំយ៉ាងប្រញាប់ប្រញាល់
ទៅកាន់រថយន្តសាមុយក្បែរនោះ
ដែលបើកចេញភ្លាមៗបន្ទាប់ពីមន្រ្តីអាយុ៦៣ ឆ្នាំ រូបនេះ
បានចូលទៅខាងក្រោយរថយន្ត។ បុគ្គលិកពេទ្យ នៅកន្លែងកើតហេតុ
បានបដិសេធ មិនផ្តល់ការអត្ថាធិប្បាយឡើយ។
ដូនជីអាយុ ៦៣ ឆ្នាំ អ្នកស្រី ទីន គុណ ពីស្រុកទ្រាំង ខេត្តតាកែវ
បានថ្លែងថា៖ « យើងភ្ញាក់ផ្អើល
ពេលឃើញព្រះបរមសពចេញពីព្រះបរមរាជវាំង។
ខ្ញុំសោកស្តាយចំពោះការបាត់បង់សម្តេចឪ។
ខ្ញុំមានអារម្មណ៍ដូចបាត់បង់ឪពុកផងដែរ»។ អ្នកស្រី គុណ មានអាយុ ១០
ឆ្នាំ កាលពីពេលថ្វាយព្រះភ្លើង ព្រះបរមសព ព្រះមហាក្សត្រ នរោត្តម
សុរាម្រិត ព្រះបិតាព្រះបាទ នរោត្តម សីហនុ។ អ្នកស្រីបន្តថា៖
«ខ្ញុំមិនដឹងច្រើនអំពីការថ្វាយព្រះភ្លើងនៅពេលនោះទេ
បើធៀបនឹងសម្តេចឪពេលនេះ ប៉ុន្តែខ្ញុំអាចនិយាយបានថា
ព្រះរាជដង្ហែព្រះបរមសពថ្ងៃនេះ អស្ចារ្យណាស់។
ស័ក្តិសមព្រះកិត្តិនាមសម្តេចឪ»។
ភ្លេងស្គរត្រែ បានបន្លឺតាមផ្លូវរាជធានីភ្នំពេញ
ខណៈដែលព្រះរាជដង្ហែ ធ្វើដំណើរយឺតៗពីព្រះបរមរាជវាំង។
ឈប់បន្តិចនៅវត្តភ្នំ
មុននឹងដង្ហែបន្តមកតាមមហាវិថីព្រះនរោត្តម។
ស្លៀកពាក់ សម្លៀកបំពាក់ពណ៌ស និងខ្មៅ អ្នកឈរអមតាមផ្លូវ
បានលុតជង្គង់ ពេលព្រះមញ្ជូសា បានមកដល់
ហើយអ្នកខ្លះស្រក់ទឹកភ្នែក ខណៈពេលសំពះកាន់ធូប។
សន្តិសុខនៅតាមសងខាងផ្លូវ បានណែនាំអ្នកដែលមិនលុតជង្គង់
ឲ្យលុតជង្គង់។ នៅត្រឹមម៉ោង១១ព្រឹក
ក្បួនដង្ហែបានមកដល់វិមានឯករាជ្យ។ សមាជិកគ្រួសាររាជវង្ស
បានបាចអង្ករនៅតាមមហាវិថីសីហនុ
មុនពេលបត់ឆ្វេងទៅឆ្វេងម្តងទៀត ទៅតាមផ្លូវសុធារស់
ជាកន្លែងដែលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី
និងព្រះមហាក្សត្រិយ៍ មុនិនាថ កំពុងរង់ចាំ ដោយឆ្ពោះត្រង់ទៅ
កន្លែងដែលព្រះរាជពិធី បានចាប់ផ្តើមពីរបីម៉ោងមុននោះ។
នៅជិតព្រះបរមរាជវាំង ព្រះតេជគុណ ជុំ សុផាត ព្រះជន្ម ៨៥ វស្សា
គង់នៅវត្តអច្ចាច ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
បានតាមដានក្បួនដង្ហែ ជាមួយនឹងការកោតស្ងប់ស្ញែង។ ព្រះតេជគុណ
មានសង្ឃដីកាដោយរំពឹងពីអតីតកាលថា៖
«កាលពេលដែលអាត្មាធ្លាប់ធ្វើជាទាហាន បម្រើព្រះអង្គ
ព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះយើងទាំងអស់គ្នា
ហើយព្រះអង្គយកចិត្តទុកដាក់នឹងទាហានទាំងអស់។
អាត្មាគោរពព្រះអង្គខ្លាំងណាស់»។ ព្រះតេជគុណ ធ្លាប់ធ្វើជាទាហាន
បម្រើព្រះបាទនរោត្តម សីហនុ នៅមុនពេលមានរដ្ឋប្រហារធ្វើ ដោយក្រុម
លន់ នល់។
ស្ត្រីចំណាស់វ័យ ៧៤ ឆ្នាំ ឈ្មោះ អូន វេត បានថ្លែងថា
គ្មានអ្វីអាចរារាំងអ្នកស្រីពីការមកគោរពព្រះអង្គជាចុង
ក្រោយបាននោះទេ។ អ្នកស្រីបន្ត៖ «អាត្មាឈឺ
ប៉ុន្តែអាត្មាត្រូវតែព្យាយាមមក
បើទោះបីជាខ្ញុំមានអាយុចាស់ខ្លាំងក៏ដោយ ពីព្រោះយើងគោរព
និងស្រឡាញ់សេ្តចរបស់យើងខ្លាំងណាស់»។ «ពេញមួយជីវិតរបស់ព្រះអង្គ
ព្រះអង្គបានបម្រើជាតិមាតុភូមិ និងប្រជាជនទាំងអស់»។
មន្រ្តីបានព្យាករថា ប្រជាជនមកកាន់ទុក្ខប្រមាណមួយលាននាក់
នឹងមកចូលរួមពិធីដង្ហែកាលពីថ្ងៃសុក្រប៉ុន្តែចំនួនពិតប្រាកដ
មានច្រើនជាងនេះ។ អេក្រង់ទូរទស្សន៍ ត្រូវបានដាក់បញ្ចាំង
នៅជុំវិញរាជធានី
ក្នុងគោលបំណងកុំឲ្យមានចំនួនប្រជាជនណែនខ្លាំងពេក
ប៉ុន្តែប្រជាជនដែលឈប់ដំណើរមើលតាមអេក្រង់នោះគឺមានចំនួនមិន
ច្រើនទេ។ ប្រជាជន ដែលឈប់ដំណើរ
ដើម្បីទស្សនាការផ្សាយបន្តផ្ទាល់
បាននាំគ្នានិយាយអំពីសមិទ្ធផលដែលសម្តេចឪសម្រេចបាន
និងស្នាព្រះហស្ដ ក្នុងការទាមទារឯករាជ្យ និងការផ្សះផ្សាជាតិ។
អ្នកស្រី ជែវ ជីសុភី អាយុ ៣៨ ឆ្នាំ បានថ្លែងថា៖
«ខ្ញុំមានអារម្មណ៍សង្វេគខ្លាំងណាស់
ពីព្រោះយើងធ្លាប់មានសម្តេចឪ... ឥឡូវនេះ សម្តេចឪ
បានចាកចេញពីយើងហើយ»។
លោក ញឹម ង៉ូ ដែលជាអ្នករត់ម៉ូតូឌុបមានអាយុ ៥៨ ឆ្នាំ
ដែលកំពុងអង្គុយលើម៉ូតូ ជាមួយកូនស្រី បាននិយាយថា
នេះជាថ្ងៃកាន់ទុក្ខ មិនមែនជាថ្ងៃធ្វើការទេ។ លោកបន្តថា៖
«ខ្ញុំចងចាំកាលខ្ញុំនៅពីក្មេងក្នុងទសវត្សរ៍៦០ក្នុងអំឡុង
សម័យសម្តេចឪ វាជាសម័យកាលដែលមានភាពរីករាយ»។
លោកង៉ូក៏ដូចជាអ្នកផ្សេងទៀតបានសម្តែងការខកចិត្ត
ចំពោះគុណភាពមិនល្អ នៃការផ្សាយព្រះរាជពិធីដង្ហែព្រះបរមសពនោះ
ពីព្រោះវាមិនច្បាស់។
ផ្លូវផ្សេងៗ នៅភាគខាងត្បូងរាជធានីមានសភាពដូចធម្មតា
ប៉ុន្តែផ្លូវសំខាន់ៗ គឺមានសភាពស្ងប់ស្ងាត់ ខុសពីធម្មតា
ខណៈផ្ទះមួយចំនួនដែលជិតផ្លូវត្រូវបិទចរាចរណ៍។
តាមបណ្តោយមហាវិថីនរោត្តម ស្ត្រីចំណាស់ឈ្មោះសុធា អាយុ ៧៦ ឆ្នាំ
បានដើរដោយថ្មើរជើងឆ្ពោះទៅវិមានឯករាជ្យ
ដើម្បីមើលក្បួនដង្ហែជាមួយនឹងកូនស្រី និងចៅស្រី។
ស្រ្តីចំណាស់រូបនេះ ថ្លែងថា៖ «ខ្ញុំចង់ទៅព្រះបរមរាជវាំង
ដើម្បីទៅជិតព្រះមេរុ ប៉ុន្តែខ្ញុំមិនអាចដើរឆ្ងាយបានទេ។
ទៅត្រឹមវិមានឯករាជ្យគឺបានហើយ។
ខ្ញុំមិននៅផ្ទះមើលតាមទូរទស្សន៍ទេ។
ការមើលដោយផ្ទាល់ភ្នែកគឺវាល្អជាង»។
ខណៈដែលក្បួនដង្ហែ កំពុងរំកិលតាមមហាវិថីព្រះសីហនុ លោក សោម ថូរ
អាយុ៨០ ឆ្នាំ មកពីស្រុកកៀនស្វាយ ខេត្តកណ្តាល
បានអង្គុយនៅកែងផ្លូវសុធារសដោយកាន់កាំបិតកោរនៅនឹងដៃ
ហើយបានថ្លែងថា៖ «ខ្ញុំនឹងកោរសក់របស់ខ្ញុំដោយខ្លួនឯង
នៅពេលក្បួនដង្ហែមកដល់ទីនេះ»។ «អ្នកនៅជិតខ្ញុំ
នឹងជួយកោរបង្ហើយ និងកោរឲ្យស្អាត»។ អ្នកនៅជិតលោកថូរ
គឺស្រ្តីពីរនាក់ ដែលមានវ័យខ្ទង់
៦០ឆ្នាំមកពីស្រុកជាមួយលោកថូរ។ លោកបន្តថា៖
«ខ្ញុំអង្គុយនៅទីនេះ ក្រោមកម្ដៅថ្ងៃយូរ ក៏មិនអីដែរ ពីព្រោះថា
សម្តេចឪ បូជាច្រើនណាស់សម្រាប់យើង»។
នៅតាម ផ្សារនានា អាជីវករ និងអ្នកទិញ បានសម្តែងការគោរព
និងកោតសសើរចំពោះសម្តេចឪ ពីមាត់មួយទៅមាត់មួយ។ អ្នកស្រី ហង្ស
បុប្ផា អាយុ ៥២ឆ្នាំ អាជីវករលក់គ្រឿងអលង្ការ នៅផ្សារទួលទំពូង
ថ្លែងថា៖ «ខ្ញុំបានធ្វើបូកាន់ទុក្ខចំនួនមួយពាន់បូ
ដើម្បីចែកដោយមិនគិតថ្លៃ។
កាលពេលដែលព្រះអង្គយាងចូលទិវង្គតពេលថ្មីៗ
ខ្ញុំបាននាំយកបូកាន់ទុក្ខ ទឹកសុទ្ធ ទៀន ទៅព្រះបរមរាជវាំង
ដើម្បីចែកដោយមិនគិតប្រាក់ដល់ប្រជាជន ដែលទៅគោរពព្រះអង្គ»។
អ្នកស្រីបន្តថា៖ «ចុងសប្តាហ៍នេះ គឺសំខាន់ណាស់សម្រាប់ខ្ញុំ
ដើម្បីធ្វើការគោរពព្រះអង្គជាចុងក្រោយ
ខ្ញុំចង់នាំកូនស្រីទៅដែរ ដើម្បីឲ្យពួកគេយល់ដឹងអំពីថា
តើព្រះបាទនរោត្តម សីហនុ
មានសារៈសំខាន់យ៉ាងណាសម្រាប់ប្រទេសរបស់យើង»។
នៅតាមផ្សារ អ្នកដើរទិញម្ហូបទូទៅពាក់អាវស
និងពាក់បូខ្មៅកាន់ទុក្ខ។ អ្នកនាង សុគន្ធា ស៊ីន
បានថ្លែងទាំងស្រក់ទឹកភ្នែកថា៖ «ខ្ញុំមានអារម្មណ៍ថា
នេះជាលើកចុងក្រោយដែលយើងអាចគោរពព្រះអង្គ។ ខ្ញុំគិតថា
យើងបាត់បង់ព្រះមហាក្សត្រដ៏ឆ្នើម»។ អ្នកនាងបន្តថា៖ «ឥឡូវនេះ
ព្រះអង្គបានចាកចេញទៅ។ ខ្ញុំសង្ឃឹមថា
មន្រ្តីនៅក្នុងរដ្ឋាភិបាលនឹងយកគំរូតាមព្រះអង្គ
ហើយយើងសូមបន់ស្រន់ឲ្យព្រះអង្គនាំសេចក្តីសុខ វិបុលភាព
និងការអភិវឌ្ឍមកដល់ប្រទេសកម្ពុជា។ ខ្ញុំគិតថា
មនុស្សជំនាន់ក្រោយ នឹងអាចរៀនតាមព្រះអង្គ
ដើម្បីដឹកនាំកម្ពុជាទៅរកភាពរុងរឿង»។
បរិយាកាសទូទៅ ប្រកបដោយសេចក្តីក្រៀមក្រំ ប្រជាជនជាច្រើន មានអារម្មណ៍កាន់តែក្តុកក្តួលទៅៗ ខណៈការកាន់ទុក្ខកំពុងបន្ត។
ដោយដៃម្ខាងកាន់ផ្កាឈូកជ័រ និងដៃម្ខាងទៀត
កាន់ព្រះឆាយាល័ក្ខណ៍របស់សម្តេចឪ អ្នកស្រី សួន ចាន់ថុន អាយុ ៦៥
ឆ្នាំមកពីខេត្តតាកែវ បានយំ នៅពេលដែលមញ្ជូសាសម្តេចឪ
បានហែមកដល់អ្នកស្រី។ «សម្តេចឪរបស់ខ្ញុំគឺជាស្តេចល្អ។
យើងមិនអាចរកស្តេចណាល្អមកប្រៀបធៀប នឹងព្រះអង្គបានទេ។
ព្រះអង្គគឺជាក្សត្រឆ្នើមដែលធ្វើឲ្យប្រទេស មានសន្តិភាព»។
នៅ ជិតវត្តឧណ្ណាលោម អ្នកស្រី ពិន លាភ អាយុ៥៥ ឆ្នាំ
ដែលមកពីខេត្តកំពង់ស្ពឺ ដោយដាក់មុងមកជាមួយផង
បាននិយាយទាំងស្រក់ទឹកភ្នែកថា៖«ខ្ញុំមានការបារម្ភណាស់
ពីព្រោះខ្ញុំមិនដឹងថា
តើមានអ្វីនឹងកើតឡើងចំពោះប្រទេសរបស់យើងទេ
បន្ទាប់ពីព្រះអង្គសោយទិវង្គត ប៉ុន្តែខ្ញុំសង្ឃឹមថា
ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនឹងបន្តជួយប្រទេសកម្ពុជារបស់
យើង»៕ TK/PS
No comments:
Post a Comment
I like Blogger