សម្ដេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ
និងព្រះមហាក្សត្រ នរោត្តម សីហមុនី
នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិចូលព្រះបរមរាជវាំង
កាលពីថ្ងៃម្សិលមិញ។ រូបថត ស្រេង ម៉េងស៊្រុន
Friday, 08 February 2013 ម៉ៃ ទិត្យថារ៉ា From The Phnom Penh Post
ភ្នំពេញៈ សំណង់មហាបញ្ចា នៅវាលព្រះមេរុ នឹងត្រូវរក្សាទុក បន្ទាប់ពីព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ត្រូវបានបញ្ចប់ ហើយព្រះបរមអដ្ឋិរបស់ព្រះអង្គ ត្រូវបានដង្ហែចេញពីវាលព្រះមេរុ យកទៅតម្កល់ក្នុងព្រះបរមរាជវាំង កាលពីព្រឹកម្សិលមិញ។
លោក ញឹក ប៊ុនឆៃ អនុគណៈកម្មាធិការបុណ្យព្រះបរមសព បានឲ្យដឹងកាលពីល្ងាចម្សិលមិញថា គណៈកម្មាធិការបុណ្យព្រះបរមសព បានជជែកគ្នា នាពេលកន្លងមក ហើយបានយល់ស្របគ្នាថា នឹងពុំរុះរើ សំណង់មហាបញ្ចា នៅវាលព្រះមេរុទេ បើទោះបីជាព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ ត្រូវបានបញ្ចប់ក៏ដោយ។ ប៉ុន្តែ លោកបានថ្លែងថា៖«យើងពុំទាន់ដឹងច្បាស់ថា នឹងត្រូវរក្សាទុកយូរប៉ុនណានោះទេ ចាំមើលប្រជុំគ្នាពីរ-បីថ្ងៃទៀត ពីព្រោះមានសំណង់ខ្លះ មិនអាចទុកយូរបានទេ»។
យ៉ាងណាក្តី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងជាអតីតលេខាផ្ទាល់ របស់ព្រះមហាវីរក្សត្របានមានបន្ទូលថា ជាធម្មតាគ្រប់ព្រះមហាក្សត្រទាំងអស់ពីបុរាណបានធ្វើពិធីបុណ្យ ព្រះសព នៅវាលព្រះមេរុ ហើយបន្ទាប់ពីព្រះរាជពិធីបុណ្យចប់ហើយ តាមប្រពៃណី គឺសំណង់មហាបញ្ចាត្រូវរុះរើទាំងអស់។ ព្រះអង្គម្ចាស់ មានបន្ទូលថា៖«បើជាការគោរពប្រពៃណី ពីអតីត និងគោរពសម្តេចឪ គឺត្រូវរុះរើចេញ តែរឿងនេះ វាទាក់ទិនទៅនឹងរដ្ឋាភិបាលជាអ្នកសម្រេច»។
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះ អង្គប្រសូតនៅថ្ងៃអង្គារ ទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់សោយទិវង្គត នៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។
នៅ ក្នុងថ្ងៃថ្វាយព្រះភ្លើង ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ដោះលែងអ្នកទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៤៩៦ នាក់ ក្នុងនោះ អ្នកទោស៤១២ នាក់ ត្រូវលើកលែងទោស និងអ្នកទោស៨៤ នាក់ ត្រូវបន្ធូរបន្ថយទោស។
ចាប់ពី ថ្ងៃទី១ ខែកុម្ភៈ ក្នុងព្រះរាជពិធី ដង្ហែព្រះបរមសព ចេញពីព្រះបរមរាជវាំង រហូតដល់ថ្ងៃប្រារព្ធព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ចេញពីវាលព្រះមេរុទៅតម្កល់ក្នុងព្រះបរមរាជវាំងកាលពីម្សិលមិញ យ៉ាងហោចណាស់ក៏មានពលរដ្ឋប្រមាណជិត ២ម៉ឺននាក់ បានរកជំនួយផ្នែកសុខភាពពីសេវាសុខាភិបាល ដែលដាក់ប៉ុស្តិ៍ប្រចាំការនៅក្នុងព្រះរាជពិធីនេះ។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣១ ខែមករា រហូតដល់ថ្ងៃទី ៧ ខែកុម្ភៈនៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសព មានពលរដ្ឋចំនួន១៩១១៧ នាក់ ដែលមានអាការ ដូចជា វិលមុខ ឈឺក្បាល ឈឺពោះ ជាដើម បានមករកជំនួយពីមន្ត្រីសុខាភិបាល។ លោកថ្លែងថា៖ «ពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ គឺអាចសង្គ្រោះនៅកន្លែងបាន»។ ក្នុងព្រះរាជពិធីនោះកន្លែងសង្គ្រោះបន្ទាន់ មានចំនួន ២៨ គោលដៅ រីឯរថយន្តសង្គ្រោះបន្ទាន់មានចំនួន៣៧ រថយន្ត។ លោកថ្លែងថា៖«មានតែពលរដ្ឋ៥ នាក់ ប៉ុណ្ណោះ ដែលបានដួលសន្លប់ហើយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ តែពេលនេះពួកគាត់ បានជាសះស្បើយអស់ហើយ»។
កាលពីព្រឹកម្សិលមិញ ផ្លូវនៅជុំវិញព្រះបរមរាជវាំងត្រូវបានបើកឲ្យធ្វើចរាចរណ៍ជា ធម្មតាវិញ បន្ទាប់ពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ចេញពីវាលព្រះមេរុ ទៅតម្កល់ក្នុងព្រះបរមរាជវាំង បានចប់សព្វគ្រប់ នៅវេលាម៉ោង៩ និង៤០នាទី។
ព្រះបរមអដ្ឋិ របស់ព្រះបរមរតនកោដ្ឋ ត្រូវបានដាក់នៅក្នុងកោដ្ឋចំនួន៣ កោដ្ឋចំនួន ២ ធ្វើអំពីមាស និងកោដ្ឋមួយទៀត ធ្វើពីថ្មកែវ ដែលព្រះមហាក្សត្រ យាងទៅតម្កល់ ក្នុងព្រះបរមរាជវាំង ក្នុងព្រះទីនាំងមហាមន្ទីរ ក្នុងវិហារព្រះកែវមរកត។ នេះគឺជាកិច្ចបញ្ចប់ព្រះរាជកិច្ចនៃព្រះរាជពិធីបុណ្យព្រះបរមសព សម្តេចឪ រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃដង្ហែព្រះបរមសព ចេញពីព្រះបរមរាជវាំងកាលពីថ្ងៃទី១ កុម្ភៈ និងថ្វាយព្រះភ្លើង ព្រះបរមសព កាលពីថ្ងៃទី ៤ កុម្ភៈ។ ជាមួយគ្នានេះ រូបសំណាកសម្តេចឪ ក៏អាចនឹងត្រូវសាងសង់ក្នុងពេលឆាប់ៗផងដែរ។
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីសម្ពោធស្តូប សម្រាប់គោរពវិញ្ញាណក្ខន្ធ អ្នកកាសែតដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា រូបសំណាកសម្តេចឪ នឹងសាងសង់នៅក្បែរវិមានឯករាជ្យ ព្រោះជាកន្លែងដែលគណៈប្រតិភូជាន់ខ្ពស់នានាអញ្ជើញមកដល់ ងាយស្រួលបំពាក់កម្រងផ្កា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការសាងសង់រូបសំណាក របស់ព្រះមហាវីរក្សត្រនរោត្តម សីហនុ រង់ចាំតែការសព្វព្រះរាជហឫទ័យ ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី និងព្រះវររាជមាតាទ្រង់សព្វព្រះរាជហឫទ័យលើរូបរបស់សម្តេចឪ ប្រភេទណាប៉ុណ្ណោះ បន្ទាប់មកយើងនឹងចាប់ផ្តើមសាងសង់ភ្លាម»៕
No comments:
Post a Comment
I like Blogger