Friday, 08 February 2013 គឹម សារុំ From The Phnom Penh Post
លោក មេធាវី ជូង ជូងី កើតនៅឆ្នាំ១៩៦៩ ជាកូនអ្នកចម្ការ រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូនប្រុសស្រី៩នាក់។ លោកបានបញ្ចប់បរិញ្ញាបត្ររូបវិទ្យាឆ្នាំ១៩៩១-១៩៩៥ និងបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ១៩៩៩ ហើយលោកបានក្លាយជាមេធាវីនៅឆ្នាំ២០០៣ បន្ទាប់ពីលោកបញ្ចប់ការសិក្សាសាលាមេធាវីរយៈពេល១ឆ្នាំ។ បច្ចុប្បន្នលោកជាសមាជិកក្នុងក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា។
ក្នុង អាជីពជាមេធាវី លោក ជូង ជូងី ភាគច្រើនការពាររឿងក្តី ឲ្យអ្នកក្រីក្រ ដែលតំណាងឲ្យកូនក្តីចាប់ពីជាង៩០គ្រួសារ រហូត ដល់ជាង៤ពាន់គ្រួសារ។ ដូចជាទំនាស់ដីធ្លីនៅបឹងកក់ ការពារក្តីឲ្យអ្នកតំណាងរាស្រ្ត និងសកម្មជននយោបាយមកពីគណបក្សសមរង្ស៊ី ពិសេសការពារក្តីឲ្យលោកសមរង្ស៊ីពាក់ព័ន្ធការចោទប្រកាន់រឿងដក បង្គោលព្រំដែននៅស្វាយរៀង បទចោទក្លែងបន្លំឯកសារ និងផ្តល់ព័ត៌មានមិនពិត ពាក់ព័ន្ធនឹងលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង។
ខាង ក្រោមនេះជាបទសម្ភាស ផ្ទាល់ជាមួយលោក ជូង ជូងី ជុំវិញបទពិសោធក្នុងអាជីពជាមេធាវី ដែលលោកបានឆ្លងកាត់ជាច្រើនឆ្នាំកន្លងមក ៖
រាល់រឿងក្តីដែលលោកបានការពារសុទ្ធតែជាបញ្ហាប្រឈមនឹងសុវត្ថិភាព តើនេះជាចំណូលចិត្តរបស់លោកឬ?
រឿង នេះបើនិយាយពីចំណូលចិត្តគឺគ្មានទេ តែវាជាមនសិការ ជាឆន្ទៈរបស់ខ្ញុំ ព្រោះរឿងក្តីដែលខ្ញុំកាន់ សុទ្ធតែប្រឈមនឹងអ្នកកាន់អំណាច តែខ្ញុំយល់ថា គួរតែជួយការពារឲ្យកូនក្តី។ខ្ញុំយល់ថា តួនាទីជាមេធាវីសំខាន់ គឺជួយការពារខាងផ្លូវច្បាប់ធ្វើយ៉ាងណាឲ្យមានយុត្តិធម៌ និងមានលំនឹងនៅក្នុងសង្គមរបស់យើង។
ស្តាប់ទៅលោកការពាររឿងក្តីខ្លះប្រឈមគ្រោះថ្នាក់ខ្លាំង តើលោកធ្លាប់រងការគំរាមកំហែង ឬជួបបញ្ហាអ្វីខ្លះដែរទេ?
រឿង ក្តីដែលប្រឈមទាំងឡាយ ដែលខ្ញុំការពារកន្លងមក ដូចជាមិនទាន់មានការគំរាមអីធំដុំទេ តែខ្ញុំក៏បារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ ដូចជា រឿងអ្នកបឹងកក់ ជារឿងក្តីដីធ្លីដ៏ធំ ប្រជាពលរដ្ឋច្រើន ហើយក្រុមហ៊ុនស៊ូកាគូអ៊ីន ម្ចាស់ជាអ្នកមានអំណាចធំ តែខ្ញុំក៏ ប្រយ័ត្នប្រយែងខ្លួនឯងផង និងសម្រាប់កូនក្តីផង ខ្ញុំក៏រងការគំរាមនិងត្រូវគេប្តឹងបកវិញដែរ។ តែទោះយ៉ាងណាខ្ញុំសប្បាយចិត្តទៅវិញ ព្រោះខ្ញុំបានការពារជនក្រីក្រដែលប៉ះពាល់ផលប្រយោជន៍ពួកគាត់ ច្រើន ហើយបើខ្ញុំមិនហ៊ានប្រឈមទេ ក៏មិនដឹងធ្វើជាមេធាវីធ្វើអីដែរ។ ម្យ៉ាងវិញទៀត បើនិយាយពីយុត្តិធ៌មនៅស្រុកខ្មែរវិញ តុលាការគ្មានយន្តការក្នុងការសម្រេចទេ ហើយអត់បានធានាក្នុងការផ្តល់យុត្តិធម៌ដែរ នៅពេលដែលចៅក្រមចាត់ការលើរឿងក្តី ឬសម្រេចក្តីណាមួយនោះ។
ចៅ ក្រមឬព្រះរាជអាជ្ញាម្នាក់ៗ គាត់មានឆន្ទានុសិទ្ធិនៅក្នុងការសម្រេចក្តី តែជាញឹកញយបើទោះជាគាត់សម្រេចក្តីខុស ក៏គាត់អត់មានបញ្ហាអីដែរ។ មានន័យថា ទោះជាគាត់សម្រេចបំពាន ពីខ្មៅទៅជាស ក៏គាត់នៅតែអត់អីដែរ។ អ៊ីចឹងរឿងក្តីដែលខ្ញុំកាន់ភាគច្រើនគឺអយុត្តិធ៌ម និងមានតិចតួចណាស់ដែលកូនក្តីខ្ញុំទទួលបានយុត្តិធម៌។
តើលោកមានការរង្គៀសចិត្តខ្លះទេ នៅពេលរឿងក្តីមួយ ដែលលោករំពឹងថាឈ្នះប៉ុន្តែបែរជាត្រូវចាញ់ទៅវិញនោះ?
ខ្ញុំ មានការរង្គៀសចិត្តដែរ តែបើខ្ញុំរាថយវាធ្វើឲ្យបាត់គុណភាពជាមេធាវី ហើយខ្ញុំនៅតែរីករាយ ពីព្រោះថា អយុត្តិធម៌កើតឡើងក្នុងរឿងក្តីដែលខ្ញុំកាន់នោះ គឺជាអយុត្តិធម៌ដែលកើតឡើងដោយសារមន្រ្តីតុលាការអត់ចាត់ការរឿង ក្តីឲ្យបានត្រឹមត្រូវ។ រាល់ការការពាររឿងក្តីមួយៗ កូនក្តីខ្ញុំចាញ់មែនតែការចាញ់នេះមិនមែនខ្ញុំធ្វេសប្រហែសទេ គឺខ្ញុំបានប្រឹងអស់កម្លាំងបញ្ញា ដើម្បីការពារប្រយោជន៍ជូនកូនក្តីខ្ញុំ។
តើលោកគិតយ៉ាងណាដែរទៅ ពេលដែលលោកគិតថា វាអយុត្តិធម៌សម្រាប់លោក និងកូនក្តីបែបនេះនោះ ?
ជួន កាលខ្ញុំនឹកតូចចិត្តដែរ ដោយសារតែយើងខំប្រឹងអស់ពីលទ្ធភាព តែវាទទួលបានផលផ្ទុយទៅវិញ ទាំងខ្ញុំនិងកូនក្តីខ្ញុំយល់ថាឈ្នះលើផ្លូវច្បាប់ តែបែរជាត្រូវតុលាការសម្រេចឲ្យចាញ់វិញ ពេលនោះយើងតូចចិត្តហើយត្រូវតែបង្ខំចិត្តទទួលយក ព្រោះវាទៅជាបែបនេះហើយ វាមិនដឹងជាធ្វើយ៉ាងម៉េចទេ មានតែខំព្យាយាមតតាំងទៀត។ តែខ្ញុំក៏ត្រេកអរ ដល់រដ្ឋាភិបាលដែរ ដែលបានចាត់ការលោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ និងចៅក្រមឈ្មោះ ហ៊ួត ហ៊ាង នៅខេត្តកណ្តាល និងនៅមានចៅក្រម ព្រះរាជអាជ្ញា ជាច្រើនទៀតដែលធ្វើផ្តេសផ្តាស ហើយមិនទាន់ត្រូវបានចាត់ការ។
អ្វី ដែលខ្ញុំចាប់អារម្មណ៍មួយទៀតនោះ ត្រង់ថា ប្រជារាស្រ្តនៅពេលដែលគាត់ធ្វើខុស គឺមានចៅក្រមមានព្រះរាជអាជ្ញា ជាអ្នកផ្តន្ទាទោស តែពេលមន្រ្តីតុលាការធ្វើខុសវិញ មិនទាន់ឃើញមានយន្តការណាមួយធានាពីការដាក់ទោសទណ្ឌ អ្នកទាំងនេះវិញទេ។ យើងមានឧត្តមក្រុមប្រឹក្សាអង្គចៅក្រម មានក្រសួងយុត្តិធម៌មែន ហើយខ្ញុំធ្លាប់ប្តឹងមេធាវីជាច្រើនណាស់ តែមកដល់ពេលនេះមិនឃើញមានចំណាត់ការទេ។
តើលោកយល់ថា ចៅក្រមឬព្រះរាជអាជ្ញាមានសេចក្តីក្លាហានក្នុងការកាត់ក្តីទេ?
ខ្ញុំមើលឃើញថាចៅក្រមឬព្រះរាជអាជ្ញានៅកម្ពុជាមួយចំនួន អត់ទាន់មានសេចក្តីក្លាហានក្នុងការបំពេញឲ្យបានត្រឹមត្រូវលើ វិជ្ជាជីវៈគ្រប់គ្រាន់ ដើម្បីផ្តល់ភាពយុត្តិធម៌ទេ គឺគាត់ភ័យខ្លាចនឹងរងឥទ្ធិពលរបស់អ្នកកាន់អំណាចនិងពីអ្នកមាន ទឹកលុយ ព្រោះគាត់នៅខ្លាចបាត់បង់តួនាទី។
សម្រាប់មន្ត្រី តុលាការឬមេធាវី ដែលកាន់ក្តីពីខ្មៅទៅជាស ពីត្រូវទៅជាខុស ជាទស្សនៈផ្ទាល់របស់ លោក តើគួរធ្វើយ៉ាងណា?
តាមខ្ញុំពួកគាត់ អត់ហ៊ានប្រឈមទេ ជាច្បាប់ធម្មជាតិអ្នកតូចតែងតែខ្លាចអ្នកធំមានអំណាចឬអ្នកមាន លុយកាក់ទ្រព្យធន តែយើងម្នាក់ៗ ក៏គួរតែធ្វើអ្វីដែលត្រឹមត្រូវ។ បញ្ហាទី១ ចៅក្រមឬព្រះរាជអាជ្ញាត្រូវប្រកាន់នូវសីលធម៌របស់ខ្លួន ទី២ ត្រូវឈប់យកតួនាទីវិជ្ជាជីវៈទៅធ្វើអាជីវកម្ម និង ទី៣ ទាំងអស់គ្នាត្រូវមានមនសិការ និងមានឆន្ទៈខ្ពស់ស្រឡាញ់យុត្តិធម៌៕
No comments:
Post a Comment
I like Blogger