កម្មករនៅរោងចក្រយ៉ុងវ៉ា ក្នុងខេត្តកណ្តាលរាប់ពាន់នាក់ ធ្វើការតវ៉ាកាលពីសប្តាហ៍មុន។ រូបថត ផា លីណា
កណ្តាលៈ អភិបាលរងខេត្តម្នាក់កាលពីម្សិលមិញ បានអះអាងថា លោកបានផ្តល់ប្រាក់ចំនួន ៦,៥លានដុល្លារ ដែលជាប្រាក់ខ្ចីពីថវិកាជាតិដើម្បីផ្តល់ទៅឲ្យកម្មករ និយោជិតចំនួនប្រមាណ ៧០០០ នាក់ នៅរោងចក្រ យ៉ុង វ៉ា ក្នុងក្រុងតាខ្មៅខេត្តកណ្តាល ដែលបានបិទទ្វារ។
លោក ផៃ ប៊ុន ឈឿន អភិបាលរងខេត្តកណ្តាល បានថ្លែងកាលពីម្សិលមិញថា៖ «ប្រាក់ដែលយើងត្រូវផ្តល់ទៅឲ្យកម្មករ គឺមានចំនួនប្រហែល៦,៥លានដុល្លារ។ យើងនឹងផ្តល់ឲ្យពួកគេនៅល្ងាចនេះ និងបន្ថែមទៀត នៅថ្ងៃស្អែក រហូតទាល់ពួកគេទាំងអស់ទទួលបានគ្រប់គ្នា»។ លោកបន្ថែមថា រោងចក្រពីរដែលបានបិទកាលពីចុងខែធ្នូ នៅពេលដែលក្រុមហ៊ុននេះចាប់ផ្តើមដឹកចេញទ្រព្យសម្បត្តិរបស់ ខ្លួន។ លោកបន្តថា រោងចក្រនេះនឹងត្រូវលក់ទ្រព្យសម្បត្តិរបស់ខ្លួន និងសម្ភារផ្សេងៗ។
លោក ផៃ ប៊ុន ឈឿន បានថ្លែងបន្តថា៖ «បន្ទាប់ពីនោះ យើងនឹងធ្វើការជាមួយក្រសួងមហាផ្ទៃ និងក្រសួងការបរទេសដើម្បីប្តឹងឲ្យនិយោជកសងប្រាក់នៅ សល់បន្ទាប់ពីការលក់ទ្រព្យសម្បត្តិក្រុមហ៊ុនមកឲ្យយើងវិញ »។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានថ្លែងថា លោកមិនរំពឹងថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន អាចលក់បានច្រើនជាង១លានដុល្លារទេ។ លោកបានបន្ថែមថា ម្ចាស់រោងចក្រ យ៉ុង វ៉ា ១ និង ២ មិនបានរត់គេចដូចកម្មករចោទប្រកាន់ទេ ប៉ុន្តែលោកថាក្រុមហ៊ុនលក់ទ្រព្យសម្បត្តិមួយចំនួន។ លោកបានថ្លែងបន្តថា រដ្ឋាភិបាល មិនមានកាតព្វកិច្ចសងកម្មករលើសពីអ្វីដែលបានមកពីការលក់ ទ្រព្យសម្បត្តិរបស់រោងចក្រទេ។ លោកបានបន្តថា៖ «មិនមានលុយធ្លាក់ពីលើមេឃណាយកមកបន្ថែមទេ»។
កម្មករ បានបន្តធ្វើការតវ៉ានៅរោងចក្រនេះ ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន ដោយធ្វើការបិទផ្លូវនិងទាមទារប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
តំណាងកម្មករ អ្នកស្រី សុខ ផល្លា បានថ្លែងកាលពីម្សិលមិញថា កម្មករបានយល់ព្រមបញ្ឈប់ការបិទផ្លូវ បន្ទាប់ពីត្រូវបានគេប្រាប់ថា ពួកគេនឹងទទួលបានប្រាក់រហូតដល់១៤០០ដុល្លារក្នុងម្នាក់ៗ។
ទន្ទឹមនេះដែរ លោក ខេន លូ បានវាយបកទៅរបាយការណ៍ដែលមានចំណងជើងថា ពេលព្រឹកក្នុងភាពងងឹតដែលជារបាយការណ៍ ពីសាលាច្បាប់ Stanford Law School និង សមាគមសិទ្ធិកម្មករ (WRC) ដែលចេញកាលពីថ្ងៃចន្ទ បានរិះគន់របាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា(BFC) ពាក់ព័ន្ធនឹងស្ថានភាពរោងចក្រកាត់ដេរ។
លោក បានបន្ថែមថា៖ «ប៉ុន្តែពួកគេ [អ្នកស្រាវជ្រាវទាំងនោះ] មិនបាននិយាយទៅកាន់រោងចក្រណាមួយនោះទេ»។ លោកបានគូសបញ្ជាក់ថា៖«ចំណុចជាច្រើនដែលលើកឡើងនៅក្នុងរបាយការណ៍ គឺមិនត្រឹមត្រូវ និងមានគុណវិបត្តិ។ តម្លាភាពគឺជាអ្វីដែលអ្នករាល់គ្នានឹងចង់ឃើញ...ប៉ុន្តែ នៅក្នុងទម្រង់ដែលពួកកំពុងលើកឡើងឬ? ពិតជាមិនមែនទាំងស្រុងទេ»៕ PS
No comments:
Post a Comment
I like Blogger