Tuesday, 05 February 2013 ម៉ៃ ទិត្យថារ៉ា និងឃុត សុភចរិយា From The Phnom Penh Post
ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះករុណា
ព្រះបរមរតនកោដ្ឋ សម្ដេចឪ កាលពីថ្ងៃម្សិលមិញ។ ព្រះរាជពិធីនេះ
មានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ...តំណាងប្រទេសផ្សេងៗទៀតជាច្រើនរូប។
រូបថត ហេង ជីវ័ន
ភ្នំពេញៈ ផ្សែងខ្មៅខ្មួលខ្មាញ់បានផុសឡើងនៅ
ជុំវិញព្រះបរមមេរុ ហោះហើរទៅលើវេហាស៍
នៅពេលដែលស្នូរកាំជ្រួចនិងកាំភ្លើងធំ
លាន់កងរំពងនៅវេលាម៉ោង៦:៣៥នាទី
រីឯសំឡេងទ្រហោយំក៏លាន់ឮយ៉ាងទ្រហឹងអឺងកងបង្ហាញ នូវភាពសោកស្តាយ
និងអាឡោះអាល័យដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ
ខណៈដែលពិធីថ្វាយព្រះភ្លើងបានប្រារព្ធថ្វាយដោយព្រះមហាក្សត្រ
ព្រះបាទ នរោត្តម សីហមុនី ហើយបន្ទាប់មកទណ្ឌិតចំនួន៤១២នាក់
ក៏បានរំកិល ខ្លួនចូលមកដើម្បីស្តាប់ព្រះរាជបន្ទូលរបស់ព្រះអង្គ
មុនត្រូវបានព្រះរាជប្រទានការលើកលែងទោស
និងដោះលែងឲ្យមានសេរីភាពទៅជួបជុំគ្រួសារវិញ។
មានព្រះរាជបន្ទូលទៅកាន់ទណ្ឌិតដែលពាក់អាវយឺតពណ៌ស
មានព្រះឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ
ដែលជាព្រះបិតាជាទីគោរពសក្ការៈ ក្សត្រទ្រង់មានព្រះកន្សែងផងនោះថា៖
«ចាប់ពីពេលនេះទៅ លោក លោកស្រី បងប្អូន
មានសេរីភាពពេញលេញវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ
ញាតិមិត្តឯស្រុកកំណើតបងប្អូនវិញ។ សូមលោក លោកស្រី ទាំងអស់
បងប្អូនគ្រប់រូប ខិតខំអប់រំ កាយ វាចា ចិត្ត ស្ថិតក្នុងសេចក្តីស្ងប់
និងសេចក្តីថ្លៃថ្នូរ សេចក្តីចម្រើនឲ្យក្លាយទៅជាពលរដ្ឋដ៏ល្អ»។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលទាំងទឹកព្រះនេត្ររលីងរលោង
ទៀតថា «សូមលោក លោកស្រី ទាំងអស់ បងប្អូនគ្រប់រូប ខិតខំបំពេញការងារ
រកទទួលទានដូចពលរដ្ឋធម្មតា ដើម្បីរួមចំណែកកសាងសង្គមគ្រួសារ
និងសង្គមជាតិឲ្យបានរីកចម្រើនទៅថ្ងៃអនាគត។
អង្គព្រះមហាក្សត្របានបន្តព្រះរាជបន្ទូលថា៖«ខ្ញុំសូមថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ
កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជាប្រមុខដែលបានជួយបងប្អូនគ្រប់រូប
ទទួលបានសេរីភាពឡើងវិញនាពេលនេះ។ ខ្ញុំសូមជូនពរ បងប្អូនគ្រប់ៗរូប
ប្រកបដោយសេចក្តីសុខគ្រប់ប្រការ អាយុយឺនយូរ សុខភាពបរិបូរណ៍។
សូមបងប្អូនបានទទួលជោគជ័យដរាប គ្រប់ការងារទាំងឡាយដែលត្រូវបំពេញ
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សូមបង ប្អូនគ្រប់គ្នា ទាំងខ្ញុំ
ព្រះមាតា រាជរដ្ឋាភិបាល ប្រជារាស្ត្រ ទូទាំងប្រទេស
យើងលើកដៃទូលថ្វាយលើកដៃប្រណម្យថ្វាយព្រះរាជកុសលដ៏ច្រើនបំផុត
ថ្វាយព្រះរាជបិតា ជាទីគោរពសក្ការៈ
សូមព្រះអង្គបានយាងទៅគ្រងរាជ្យទិព្វ សម្បត្តិឋានសួគ៌
និងសម្បត្តិនិព្វាន គង់ប្រថាប់នៅឋាននិព្វាន
ជាមួយព្រះពុទ្ធជាអម្ចាស់ជារៀងរហូត»។
ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា៖
«សូមព្រះវររាជបិតាជាទីគោរពសក្ការៈ ព្រះអង្គ តាមថែទាំ
ថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជា ជាដរាបតទៅ»។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ
បានឲ្យដឹងថា អ្នកទោសដែលត្រូវលើកលែងទោស៤១២ នាក់ ក្នុងនោះ
មានស្ត្រី ៦៤
នាក់ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះមហា
វីរក្សត្រនរោត្តមសីហនុ។
ទណ្ឌិតទាំងអស់មកពីពន្ធនាគារទូទាំងប្រទេស
ត្រូវបានយកមកដាក់នៅពន្ធនាគារព្រៃស
មុននឹងដឹកយកទៅចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព
នៅឯវាលព្រះមេរុ។
លោកឲ្យដឹងទៀតថា ទណ្ឌិតដែលត្រូវលើកលែងទោស
ទទួលបានសម្លៀកបំពាក់មួយកំប្លេរ មានខោ និងអាវយឺតស
មានព្រះឆាយាល័ក្ខណ៍សម្តេចព្រះនរោត្តម សីហនុ នៅខាងមុខ
និងខាងក្រោយមានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ
អមដំណើរដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពេលយាងនិវត្តន៍ចូលមាតុប្រទេសនៅឆ្នាំ១៩៩១។
អ្នកទោសម្នាក់ៗក៏ទទួលបានប្រាក់៥ម៉ឺនរៀលផងដែរ។
លោក បានថ្លែងថា៖
«លក្ខខណ្ឌដែលត្រូវលើកលែងទោសដល់ទណ្ឌិតគឺសម្រាប់អ្នកជាប់ទោសរួច
ហើយ ២ ភាគ ៣ នៃទោសសរុប អ្នកមានជំងឺ
ទណ្ឌិតស្ត្រីណាដែលមានក្មេងទៅតាមម្តាយ និងអ្នកទោសចាស់ជរា
ក្នុងនោះ ក៏មានទណ្ឌិតជាជនបរទេស៣០នាក់ផងដែរ»។
ស្ថិតក្នុងទឹកមុខរីករាយ លោក សួរ ហ៊ន អាយុ៥៣ឆ្នាំ
ទណ្ឌិតមកពីខេត្តកំពត ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១០
ឆ្នាំ ពីបទទទួលផលចោរកម្ម ហើយបានអនុវត្តទោស៩ឆ្នាំរួចហើយ
នៅក្នុងពន្ធនាគារបានថ្លែងថា លោកមានការសប្បាយរីករាយ
ហើយរំភើបរកពាក្យនិយាយមិនត្រូវទេ
ពីព្រោះលោកមានភ័ព្វព្រេងបានមកបុណ្យសម្តេចតា។ លោកបាននិយាយថា៖
«បើទោះជាឲ្យខ្ញុំគិត
ក៏ពុំហ៊ានគិតដែរថាបានមានវាសនាមកចូលរួមបុណ្យព្រះបរមសពសម្តេចឪ
ពីព្រោះខ្ញុំនៅក្នុងពន្ធនាគារឯខេត្ត
ហើយជាប់ទោសដល់ទៅ១០ឆ្នាំនោះ។
ខ្ញុំពិតជាមានភ័ព្វវាសនាខ្ពស់បំផុត»។
ស្ថិតក្នុងទឹកមុខភ័យផងអរផងនោះលោក ឯក ជួង អាយុ៦២ឆ្នាំ
មកពីពន្ធនាគារ ខេត្តស្វាយរៀង
ដែលមកស្នាក់ក្នុងពន្ធនាគារព្រៃសមួយថ្ងៃមុន
ដើម្បីរង់ចាំព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រព្រះបាទ នរោត្តម
សីហមុនី នោះ លោកបានថ្លែងឲ្យដឹងថា
លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១២ឆ្នាំ
ពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្តែ លោកបានអនុវត្តទោស៨ឆ្នាំ៤ខែ ១០
ថ្ងៃ នៅក្នុងពន្ធនាគាររួចហើយ។ នេះ គឺយុត្តិធម៌ណាស់សម្រាប់រូបលោក។
លោកថ្លែងឲ្យដឹងទៀតថា
៖ «ខ្ញុំមិននឹកស្មានថាខ្ញុំមានវាសនាដល់ថ្នាក់នេះទេ
ដែលបានគេដឹកជញ្ជូនយកមកចូលរួមបុណ្យសម្តេចតា។
ខ្ញុំសប្បាយចិត្តជាជាងដែលខ្ញុំមានសេរីភាពពីជាប់ទោសបានទៅជួប
ជុំគ្រួសារខ្ញុំទៅទៀត»។
ផ្សែងបានចាប់ផ្តើមហុយចេញពីព្រះបរមបញ្ចាតម្កល់ព្រះបរមសព
នៅវេលាម៉ោង ៦:៣៥ នាទី
រីឯសំឡេងទ្រហោយំក៏បានបន្លឺខ្លាំងឡើងៗផងដែរ
នៅឯផ្នែកខាងជើងនៃទីវាលព្រះបរមមេរុដែលពលរដ្ឋមួយចំនួនអាចមើល
ចេញពីចិញ្ចើមផ្លូវខាងមុខផ្ទះ។ ស្រែកទ្រហោយំខ្លាំងៗ
ព្រមទាំងនិយាយទាំងទឹកភ្នែកហូរហាមពេញផែនថ្ពាល់នោះ អ្នកស្រី សួន
លីណា អាយុ ៧២ ឆ្នាំ ដែលបានធ្វើដំណើរមកពីខេត្តសៀមរាប បានថ្លែងថា
គាត់សោកស្តាយរកពាក្យអ្វីមកផ្តឹមពុំបានទេ
ហើយចាប់ពីពេលនេះតទៅព្រះមហាក្សត្រនឹងយាងចាកចោលអ្នកស្រី
និងពលរដ្ឋកម្ពុជាទាំងមូលហើយ។ អ្នកស្រីថ្លែងថា៖
«ព្រះអង្គបានលាចាកពីភពផែនដីនិងពួកយើងចាប់ពីពេលនេះតទៅហើយ។
យើងលែងបានឃើញលោកទៀតហើយ។ ខ្ញុំស្តាយព្រះអង្គណាស់
ខ្ញុំលែងបានឃើញស្នាមញញឹមរបស់ព្រះអង្គទៀតហើយ»។
ខុសពីពលរដ្ឋដែលនៅភាគខាងជើងវាលព្រះមេរុ
ពលរដ្ឋរាប់ពាន់នាក់ត្រូវបានឈរជាពីរជួរនៅខាងមុខតុលាការកំពូល
ដោយអាជ្ញាធរបានបិទជិតមិនឲ្យឆ្លងកាត់ផ្លូវនឹងធ្វើដំណើរចូលមក
ខាងមុខព្រះបរមរាជវាំងទេនោះ អ្នកស្រី អ៊ុយ ថាន អាយុ ៥៩ ឆ្នាំ
មកពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានថ្លែងឲ្យដឹងថា
អ្នកស្រីចង់ទៅមើលព្រះរាជពិធីថ្វាយព្រះភ្លើងនិងគោរពព្រះបរមរតន
កោដ្ឋ នៅឯវាលព្រះមេរុ តែគាត់ត្រូវបានហាមឃាត់។
អ្នកស្រី និយាយទៀតថា៖ «ពេលព្រឹកគេថា មិនឲ្យចូលទេ
ពីព្រោះរវល់ភ្ញៀវកិត្តិយសគេមក តែដល់ពេលល្ងាចក៏នៅតែមិនឲ្យចូល
ទីបំផុតខ្ញុំពុំបានអុជធូបជូនដំណើរព្រះអង្គដដែល»។
លោក ហាង ប្រុស
មន្ត្រីប៉េអឹមដែលនៅឈរហាមមិនឲ្យពលរដ្ឋចូលធ្វើការបួងសួងនោះបាន
ឲ្យដឹងថា
នៅថ្ងៃនេះគឺអនុញ្ញាតឲ្យពលរដ្ឋចូលអុជធូបគោរពព្រះអង្គគឺចាប់ពី
ម៉ោង៧ដល់ម៉ោង ៩ ព្រឹក
ពីព្រោះភ្ញៀវកិត្តិយសមកពីក្រៅប្រទេសច្រើនមកចូលរួមព្រះរាជពិធី។
លោក បានឲ្យដឹងទៀតថា ៖ «អ្វីដែលខ្ញុំធ្វើ
គឺធ្វើតែតាមបទបញ្ជាតែប៉ុណ្ណោះ»។
ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមសពបានបញ្ចប់
ជាមួយនឹងការចែកអំណោយដល់ទណ្ឌិតដែលត្រូវដោះលែង
បន្ទាប់ពីព្រះមហាក្សត្រ និងសម្តេចម៉ែ
បានថ្វាយព្រះភ្លើងដល់ព្រះបរមសព
ព្រះអង្គទាំងទ្វេក៏បានព្រះរាជប្រទានជាវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវ
កិត្តិយសបរទេស ដែលបានជម្រាបលាផងដែរ
ហើយពិធីទាំងមូលត្រូវបានបញ្ចប់នៅម៉ោងប្រមាណជា៨យប់។
រីឯសម្តេចក្រុមព្រះបានបួសមុខភ្លើងគ្រងស្បង់ចីពរ ដោយសម្តេចសង្ឃ
ទេព វង្ស តាមការគ្រោងទុក ទ្រង់នឹងសាងព្រះផ្នួសរយៈពេល១សប្តាហ៍។
យោងតាមកម្មវិធីរបស់គណៈកម្មាធិការរៀបចំបុណ្យព្រះបរមសពព្រះបរម
រតនកោដ្ឋ នៅព្រឹកថ្ងៃអង្គារនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ
ព្រមទាំងសមាជិកព្រះរាជវង្សានុវង្សនឹងយាងមករើសព្រះបរមអដ្ឋិដើម្បី
រក្សាទុកនៅក្នុងព្រះបរមកោដ្ឋ។
ចំណែកព្រះអង្គារ(ផេះ)នឹងត្រូវនាំយកទៅបាចនៅក្នុងទន្លេចតុមុខ។
ព្រះបរមអដ្ឋិនឹងត្រូវរក្សាទុកនៅក្នុងព្រះបរមកោដ្ឋ
នៅវាលព្រះបរមមេរុ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ
ទើបបានចាត់ដង្ហែយកទៅរក្សាទុកនៅក្នុងព្រះបរមរាជវាំង៕
រាយការណ៍បន្ថែមៈ ឆាយ ច័ន្ទនីដា
No comments:
Post a Comment
I like Blogger