ភ្នំពេញៈ ដងផ្លូវសំខាន់ៗមួយចំនួននៅតែបន្តបិទ មិនឲ្យប្រជាពលរដ្ឋចូលថ្វាយបង្គំ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដដែល ក្នុងថ្ងៃទី៥ ខណៈព្រះញាតិវង្សានុវង្ស មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៅបន្តជួបជុំគ្នានៅទីលាន ព្រះបរមមេរុ ដើម្បីប្រារព្ធពិធីរើសព្រះបរមអដ្ឋិព្រះអង្គ និងនាំយកព្រះអង្គារទៅបំប្លេង ក្នុងទន្លេចតុមុខ។
តាមកម្មវិធីរបស់គណៈកម្មាធិការបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី៥ ខែកុម្ភៈ នៅម៉ោង៦កន្លះព្រឹក ព្រះរាជវង្សានុវង្ស មន្ត្រីព្រះបរមរាជវាំង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងឥស្សរជនមួយចំនួន នឹងជួបជុំគ្នានៅវាលព្រះមេរុ លុះដល់ម៉ោង៧ព្រឹក ព្រះមហាក្សត្រនិងមហាក្សត្រិយ៍ទ្រង់យាងដល់ នឹងចាប់ផ្តើមពិធីតាមបែបសាសនាដើម្បីរើសព្រះបរមអដ្ឋិព្រះ បរមរតនកោដ្ឋ ដោយមានព្រះសង្ឃ៨អង្គសូត្រមន្តថ្វាយព្រះពរស្រោចស្រពព្រះ សុគន្ធវារី និងមានព្រះសង្ឃ ៤ អង្គសូត្រថ្វាយប្រែព្រះបរមរូប ទើបបានព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងរើសព្រះបរមអដ្ឋិ រួចដង្ហែយាងទៅតម្កល់នៅលើមហាបញ្ចា ក្នុងព្រះពន្លានៅទិសខាងត្បូង។
បន្ទាប់ពីបញ្ចប់ពិធីនេះ ព្រះករុណា ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិ និងព្រះញាតិវង្សបន្តដង្ហែព្រះអង្គារ(ផេះ)ព្រះបរមរតនកោដ្ឋ នាំយកទៅបំប្លេងនៅក្នុងទន្លេចតុមុខ នៅម៉ោង១០និង ២០ នាទីព្រឹកថ្ងៃអង្គារ។
ព្រះរាជពិធីបំប្លេងព្រះអង្គារនេះ ព្រះករុណាព្រះមហាក្សត្រ បានព្រះរាជទាន ឲ្យសម្តេចព្រះរាមា នរោត្តម យុវនាថ ជាព្រះរាជតំណាង អមដោយព្រះរាជវង្សានុវង្សបំពេញព្រះរាជកិច្ចនេះជំនួស។ ព្រះអង្គារ ត្រូវបានតម្កល់លើព្រះទីនាំងបុស្បុក ដែលមានព្រះសង្ឃទាំងពីរគណៈនិមន្តពីមុខ ព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ត្រីជាច្រើនរូប មានក្រុមភ្លេងក្លងឆ្នៈ ដង្ហែឆ្ពោះទៅវេទិកាបុណ្យអុំទូកជាប់ព្រះអង្គដងកើ មុខព្រះបរមរាជវាំង ដើម្បីយាងព្រះអង្គារទៅបំប្លេង តាមព្រះទីនាំងសាឡង់ តុបតែងជារូបនាគធំៗ ចំនួនពីរ។
តាម ការពណ៌នានៃអ្នកអត្ថាធិប្បាយដែលស្តាប់ឮពីឧគ្ឃោសនសព្ទ ដាក់តាមបង្គោលភ្លើង តាមសួនច្បារបានរៀបរាប់ឲ្យដឹងថា ការបំប្លេងព្រះអង្គារនេះ គឺ ដើម្បីផ្តល់សេចក្តីត្រជាក់ត្រជុំ សម្បូរសប្បាយ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏ឲ្យរីកចម្រើនដល់របរកសិកម្ម ពីព្រោះប្រជាពលរដ្ឋ ៨០ ភាគរយ ប្រកបរបរកសិកម្ម ដូច្នេះការបំប្លេងព្រះបរមអដ្ឋិ នឹងធ្វើឲ្យផលដំណាំទទួលបានផ្លែផ្កាល្អ។
នាឱកាសនោះ ចរាចរណ៍តាមផ្លូវទឹកហើយនិងសកម្មភាពនានា នៅលើដងទន្លេបួនមុខ នៅមុខព្រះបរមរាជវាំងបានផ្អាក កប៉ាល់បូមខ្សាច់ កប៉ាល់ដឹកទំនិញ ទូកទេសចរណ៍ ទូកអ្នកនេសាទ... ត្រូវកម្លាំងសន្តិសុខផ្លូវទឹកបញ្ជាឲ្យផ្អាកតាំងពីព្រលឹម ដើម្បីកុំឲ្យរំខានដល់ព្រះរាជពិធីយកព្រះអង្គារ(ផេះ)ទៅ បំប្លេងចូលក្នុងទន្លេចតុមុខ។
រីឯទិដ្ឋភាពនៅតាមដងផ្លូវធំៗនៅ ជុំវិញព្រះបរមរាជវាំង សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលអុជធូប ឬថ្វាយផ្កា ដើម្បីគោរពចំពោះព្រះបរមរតនកោដ្ឋ ដូចថ្ងៃមុននោះទេ គឺមានសភាពស្ងប់ស្ងាត់ ហើយមានចំនួនពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលបានរង់ចាំនៅច្រកខាងត្បូងមុខតុលាការកំពូល។
អង្គុយមុខ ខ្លោងទ្វារតុលាការកំពូលក្នុងទឹកមុខស្រងូតស្រងាត់ អ្នកស្រី អ៊ុយ ថាន អាយុ៥៩ឆ្នាំ មកពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលខកខានពុំបានចូលថ្វាយបង្គំនិងបួងសួងដល់ព្រះបរមរតនកោដ្ឋ បានរៀបរាប់ឲ្យដឹងថា អ្នកស្រីពុំទាន់ត្រឡប់ទៅវិញទេ គឺនៅរង់ចាំក្រែងលោអាជ្ញាធរបើកឲ្យចូលទៅថ្វាយបង្គំនៅខាង មុខព្រះបរមរាជវាំង។
អ្នកស្រីនិយាយថា៖ «បើសិនល្ងាចនេះខ្ញុំបានចូលទៅថ្វាយបង្គំនៅឯវាលព្រះមេរុ ទើបខ្ញុំត្រឡប់ទៅផ្ទះវិញដោយអស់ចិត្តបាន»។
អ្នកស្រីបន្តឲ្យដឹងទៀតថា គាត់ខកខានតាំងពីថ្ងៃដែលបានមកដល់ដំបូង ដោយសារអាជ្ញាធរប្រាប់ថា ដល់ម៉ោងបិទទៅហើយ ព្រោះអនុញ្ញាតឲ្យពលរដ្ឋចូលចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៩ព្រឹកតែប៉ុណ្ណោះ ហើយគាត់ក៏បានរង់ចាំដល់ថ្ងៃរើសព្រះបរមអដ្ឋិ ហើយនៅតែពុំបានចូលគោរពទៀត។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា លោកពុំទាន់ទទួលបានតួលេខពិតប្រាកដ ថាតើមានចំនួនពលរដ្ឋប៉ុន្មាននាក់បានមកចូលរួមក្នុងពិធីថ្វាយព្រះ ភ្លើងព្រះបរមរតនកោដ្ឋ នៅទីក្រុងភ្នំពេញទេ រីឯបញ្ហាបិទផ្លូវហាមមិនឲ្យពលរដ្ឋចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះបរមរតនកោដ្ឋនោះពុំទាក់ទិនជាមួយសាលារាជធានីភ្នំពេញទេ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញពុំអាចទំនាក់ទំនងដើម្បីសុំការ អត្ថាធិប្បាយបានទេ កាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែក លោក ហ៊ាង ប្រុស មន្ត្រីប៉េអឹមដែលយាមនៅខាងមុខតុលាការកំពូលនោះបានឲ្យដឹងថា លោកធ្វើតែតាមបញ្ជាថា្នក់លើប៉ុណ្ណោះ លោកពុំដឹងអំពីមូលហេតុច្បាស់លាស់ដែរ៕
No comments:
Post a Comment
I like Blogger