នំពេញៈ ក្រោយពីទណ្ឌិតជាចារកម្មថៃម្នាក់
ក្នុងចំណោមពីរនាក់ ត្រូវបានដោះលែង
តាមរយៈការព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ
កាលពីចុងសប្ដាហ៍មុន ថ្មីៗនេះ រដ្ឋាភិបាលថៃ
កំពុងតែព្យាយាមធ្វើការសម្របសម្រួលជាមួយរដ្ឋាភិបាល កម្ពុជា
ក្នុងការផ្ទេរទណ្ឌិតថៃទាំងអស់ រួមទាំងលោក វីរៈ ស៊ុម ខ្វាមឃីត
ផងដែរ ទៅកាន់ប្រទេសរបស់ពួកគេវិញ។
កាលពីថ្ងៃសុក្រ អ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន
ត្រូវបានសម្រេចតាមរយៈព្រះរាជក្រឹត្យមួយឲ្យ មានសេរីភាពវិញ
ខណៈលោក វីរៈស៊ុម ខ្វាមឃីត ត្រូវបានបន្ធូរបន្ថយទោស៦ខែ
បន្ទាប់ពីអ្នកទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ២៩ ធ្នូ
ឆ្នាំ២០១០
នៅពេលដែលបានឆ្លងព្រំដែនចូលក្នុងទឹកដីកម្ពុជាដោយខុស ច្បាប់
និងបានចូលទៅតំបន់លេណដ្ឋានកងទ័ពកម្ពុជា ដោយគ្មានការអនុញ្ញាត។
អ្នកទាំងពីរត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារពី៦
ឆ្នាំ ទៅ ៨ឆ្នាំ ពីបទចារកម្ម។លោក Surapong Tovichakchaikul រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ត្រូវបានកាសែតក្នុងស្រុកថៃមួយ ដកស្រង់សម្ដីកាលពីថ្ងៃអាទិត្យថា៖«វាមិនងាយស្រួលទេ ក្នុងការធានាថា អ្នកទោសថៃ នឹងត្រូវដោះលែងពីពន្ធនាគារកម្ពុជា តាមរយៈការផ្ទេរទៅប្រទេសថៃវិញ តែខ្ញុំនឹងខិតខំស្វែងរកមធ្យោបាយទាំងអស់ ដែលអាចទៅរួច ដើម្បីធានាសេរីភាពរបស់ទណ្ឌិតរូបនោះ»។
កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងផ្លាស់ប្ដូរអ្នកទោសគ្នាទៅវិញទៅមក។
នៅ ក្នុងជំនួបជាមួយមេដឹកនាំខ្មែរ លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃចន្ទ មុនពេលចូលរួមក្នុងពិធីថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋ លោក ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានសម្រេចដោះលែងពលរដ្ឋរបស់ ខ្លួនម្នាក់និងបន្ធូរបន្ថយទោសរយៈពេល៦ខែម្នាក់។
ទោះជាបែប ណាក្ដី ក្នុងជំនួបនោះលោកស្រី យីងឡាក់ មិនបានលើកឡើងអំពីការសម្របសម្រួលឲ្យមានការផ្ទេរទណ្ឌិតនេះ ទេ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ។
លោក បានថ្លែងថា៖ «នៅក្នុងជំនួបកាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែកុម្ភៈ លោកស្រីយីងឡាក់ មិនបានលើកឡើងអំពីរឿងផ្លាស់ប្ដូរទណ្ឌិតគ្នានោះទេ។ ប៉ុន្តែ កាលពីឆ្នាំ២០១២ លោកស្រីធ្លាប់បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងពិចារណាលើសំណើសុំ ផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរ»។
ដោយឡែកកាលពីថ្ងៃអង្គារម្សិលមិញ ក្រោយពីវិលត្រឡប់ទៅដល់ប្រទេសខ្លួនវិញ លោកស្រី យីងឡាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួនថា ភាគីកម្ពុជា ក្រៅពីបានព្រមព្រៀងលើសំណើរបស់ភាគីថៃលើបញ្ហាជាច្រើនដូចជា ការតភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង ដោយផ្អែកលើការយោគយល់គ្នា កាត់បន្ថយភាពតានតឹងដាក់គ្នា ជាពិសេសរវាងប្រជាជនប្រទេសទាំងពីរ នៅបរិវេណព្រំដែន លោកស្រី បានពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា លើបញ្ហាបើកច្រកសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែធំឡើង និងរៀបចំបង្កើតក្រុមការងាររួមដើម្បីស្វាគមន៍សហគមន៍សេដ្ឋកិច្ច អាស៊ាន ឆ្នាំ២០១៥ ខាងមុខនេះ។ លើសពីនេះក៏មានការសន្យាថា នឹងពិចារណាអំពីបញ្ហា ការដោះដូរអ្នកទោសរវាងប្រទេសទាំងពីរ ដើម្បីឲ្យមកទទួលទោសនៅប្រទេសកំណើតវិញ រួមទាំងលោក វីរៈ ស៊ុមខ្វាម ឃីត ផងដែរ។ នេះបើយោងតាម គេហទំព័រ INN របស់ថៃដែលបានផ្សព្វផ្សាយកាលពីម្សិលមិញ។ លោកស្រី យីងឡាក់ បានថ្លែងថា៖«ការស្នើដោះដូរអ្នកទោសនេះដែរ ភាគីថៃ ត្រូវពិនិត្យមើលទៅលើលក្ខខណ្ឌអ្នកទោសនីមួយៗ ហើយភាគីកម្ពុជា បានសន្យាថានឹងធ្វើការពិចារណាលើបញ្ហាដែលបានលើកឡើងនេះ»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងកាលពីម្សិលមិញថា រហូតមកទល់ពេលនេះ ក្រសួងនៅមិនទាន់ទទួលបានសំណើសុំផ្ទេរទណ្ឌិតជាលាយលក្ខណ៍អក្សរ ផ្លូវការណាមួយ ពីភាគីថៃនៅឡើយទេ៕
No comments:
Post a Comment
I like Blogger