សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, October 3, 2012

អ្នក​មាន​ជម្លោះ​ដី​ធ្លី​​នៅ​ភ្នំពេញ​ដាក់​ទ្រុង​ខ្លួន​ឯង​ជំរុញ​ឲ្យ​ក្រសួង​យុត្តិ​ធម៌​បញ្ចប់​ជម្លោះ​

ញឹម សុខន និង អ៊ឹង ប៊ុនថន VOD ថ្ងៃទី​៣ តុលា ២០១២
ពល​​រដ្ឋ​ដែល​មាន​ជម្លោះដី​ធ្លី ​នៅរាជ​ធានី​ភ្នំពេញ​​ បាន​ចូល​ក្នុង​​​ទ្រុង​ឈើ​ស្រែក​​រក​យុត្តិធម៌​​នៅមុ​ខក្រសួង​យុត្តិ​ធម៌​ ជំរុញ​ឲ្យ​​​ក្រសួង​​នេះ​ជួយ​​អ​​ន្ត​រា​គមន៍​​បញ្ចប់​​​ជម្លោះ​ដី​ធ្លី ​និង​ដោះ​​​​​​​​​​លែង​​​តំណា​​​​ង​​ពួក​គេ​​​ពីរ​​នា​ក់​ ​ពី​ពន្ធ​នា​គារ​​ឲ្យ​មាន​​សេរី​ភាព​​វិញ​។

យុទ្ធ​សាស្ត្រ​តស៊ូ​មតិ​​បែប​ថ្មី​នេះ ​​បាន​​ធ្វើ​​ឡើង​ ដោយ​សហ​គមន៍​នៅ​តំបន់​បឹង​​កក់​ និង​អតីត​​បុរី​កីឡា​​ប្រមាណ​ជា​៦០នាក់​​ នៅ​ព្រឹក​​ថ្ងៃ​​ពុធ​នេះ​។ ពួក​គេជាស្រ្តី​ និង​កុ​មារ បាន​​​លើក​រូ​​ប​​​ព្រះពុទ្ធ​ និង​​សម្ភារៈ​​មួយ​ចំនួន​ធ្វើពី​ឈើដាក់​​តាំង​​នៅមុខ​​ក្រសួង​​យុត្តិ​​​ធម៌​​ ដោយ​មាន​​មនុស្ស​​ស្រី​ពីរ​នាក់ ​​ចូល​​​ទៅក្នុង​​​ទ្រុង​នោះ។ រូប​ទាំង​នោះ ​រួម​មាន​ ជញ្ជីង​​​តំ​ណាង​​យុត្តិ​ធម៌ ​ផ្ទះ​តូច​មួយ​​តំណាង​​​លំនៅ​ឋាន​ និង​មាន​​​បិទ​​​រូប​​​ថ​​ត​​​​​​តំណាង​ពួកគេពីរ​នាក់ ​​ដែល​តុលាការ​កំពុង​ឃុំ​ខ្លួន​ ៖​”យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​អ្នក​ស្លូត​ត្រង់ ​និង​អ្នក​រងគ្រោះ​ដោយ​គ្មាន​​កំហុស​។​ អយុត្តិធម៌​ណាស់!! យើងជា​រាស្ត្រ​ខ្មែរ​ត្រូវ​ការ​សេ​រី​ភាព និង​ភាព​យុត្តិធម៌។​ យុត្តិ​ធម៌​ ​ត្រូវ​តែ​មាន​សម្រាប់​អ្នក​ក្រ”​។


កុមារា ​លី​ ហូ ​អាយុ​៨​ឆ្នាំ ​កូន​អ្នក​ស្រី​ ​យ៉ោម បុ​ប្ផា ដែល​​កំពុង​ជាប់​ឃុំ​ អំពាវនាវ​​ឲ្យ​ក្រសួ​​ង​យុត្តិ​​​ធម៌​ អន្ត​​​រាគមន៍​ដោះលែង​ម្តាយ​គេ​ពី​ពន្ធ​នាគារ​វិ​ញ​ ៖”ដោះលែង​ម៉ែ​ខ្ញុំ​មក​វិញ​មក ម៉ែ​ខ្ញុំ​គ្មាន​កំហុសទេ ​អយុត្តិធម៌​​សម្រាប់គាត់ណាស់។ ខ្ញុំ​មិន​អាច​បែកពី​ម៉ែ​ខ្ញុំ​បាន​ទេ”​។

តំណាង​​អ្នក​ភូមិ​៤​នាក់ថ្លែង​ ក្រោយ​ពី​​ចូល​ជួប​មន្ត្រី​នៅ​ក្រសួង​យុត្តិធម៌​ថា​ សំណូម​ពរ​របស់​គេ​​ត្រូវ​បា​ន​ទទួល​យក​ ប៉ុន្តែ​មិន​មាន​ការ​សន្យានឹង​អន្តរ​គមន៍​ទេ ៖ ”គាត់​ឲ្យ​យើង​រង​ចាំ​គាត់​មួយ​រយៈ​ទៀត មិន​ដឹង​ថា​ថ្ងៃណា។ ពួក​ខ្ញុំ​ទាំង​បួន​នាក់​ហ្នឹង​​ក៏​បាន​ជំរុញទៅ​គាត់។​ សូម​ឲ្យ​គាត់​​ជួយ​ធ្វើ​ការ​នេះឲ្យ​បាន​ឆាប់ ដើម្បី​ជួយ​ជំរុញ​ទៅ​តុលាការ​​​ឲ្យ​តុលាការ​រក​យុត្តិ​ធម៌​ជូនប្រជាពល​រដ្ឋ​​ពួក​ខ្ញុំ​ទាំងពីរ​នាក់​​ហ្នឹង​ផង ​ដោយគាត់​គ្មាន​កំហុស។ ខ្ញុំ​ក៏​សង្ឃឹម​ជឿជាក់​ខ្លាំង​ណាស់​សម្រាប់​ក្រសួង​យុត្តិធម៌ សង្ឃឹម​ថា​មាន​​សម្រាប់​ពួក​ខ្ញុំ​ រងទុក្ខ​តំបន់​អភិវឌ្ឍន៍​​ទាំង​បឹង​កក់ និង​បុរីកីឡា” ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ មាន​ប្រសា​​សន៍​​​​នៅ​កន្លែ​​ង​​អ្ន​​​ក​​​​​ភូមិ​ប្រមូល​ផ្តុំ​នោះ​​ថា ​ការ​តាំង​រូប​ភាព​​បែប​នេះ ​បង្ហាញ​ថា ​អ្នក​មាន​​​ជម្លោះ​ដី​ធ្លី​មិន​​មាន​ជំ​​នឿ​​​លើ​តុលា​ការ។ លោក​ជំរុញ​ឲ្យ​អាជ្ញា​ធរ​​ពាក់​ព័ន្ធ​​​រិះ​រក​មធ្យោ​បាយ​​ដោះ​​​ស្រាយ​ ដោយ​​​តម្លា​​​ភាព ​​​ដើ​​ម្បី​​​បញ្ចប់​ការ​តវ៉ា​ និង​ជា​មុខ​មាត់​របស់​រដ្ឋា​ភិបាល​។

កាល​ពី​ថ្ងៃទី​១១ ​ខែ​កញ្ញា ​ឆ្នាំ​២០១២ ​សហគមន៍​ទាំង​ពីរ​នេះ​ បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធ​ម៌​ម្តង​រួច​មក​ហើយ ​សុំ​អន្តរា​គមន៍​ដោះ​លែង​​តំណាង​ពួកគេ ​និង​ជួយ​រក​ដំណោះស្រាយ​ជម្លោះ​​ដី ​ដែល​អូស​បន្លាយ​​ប្រមាណ​​៥​ឆ្នាំ​នោះ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ពួកគេ​​អះ​អាង​​ថា​​​អត់​មាន​ចម្លើយ។​

សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ គឺអ្នក​ស្រី ​យ៉ោម បុប្ផា ​ត្រូវ​បាន​តុ​​លាការ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​​គារ​​​ព្រៃ​ស​​ ​កាល​ពីដើ​ម​ខែ​កញ្ញា ​ដោយ​ចោទ​​ប្រកាន់​ពី​ប​ទ​ហិង្សា​ដោ​យ​ចេតនា ​និង​​​ម្នា​​​​ក់​ទៀត ​គឺ​អ្នក​ស្រី​​ទឹម​​ ​សាក់មុនី ​សកម្ម​ជន​ដីធ្លី​​​​នៅ​​អតីត​​​បុរីកីឡា​ត្រូវបា​ន​ឃុំ​ខ្លួន​​​​ដែរ​ ​​ ​ក្រោម​​បណ្តឹ​​ង​​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច ​ចោទ​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ ៕​

Tags: ការបណ្តេញចេញដោយបង្ខំ, ការអភិវឌ្ឍន៍, ទំនាស់ដី, បឹងកក់, បុរីកីឡា, ភ្នំពេញ, សិទ្ធិមនុស្ស

No comments:

Post a Comment

I like Blogger