សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, October 9, 2012

អ្នក​គាំទ្រ​ទូល​សុំ​ព្រះមហាក្សត្រ ឲ្យ​ជួយ​ដោះ​លែង​លោក ម៉ម សូណង់ដូ

មាស សុខ​ជា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៩ តុលា ២០១២



























ក្រុម​អ្នក​គាំ​ទ្រ​​ ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ។ រូបថត ជីវ័ន

ភ្នំពេញៈ សមាជិក​សមាគម​អ្នក ប្រជាធិបតេយ្យ​ប្រមាណ ១០០ នាក់ បាន​យក​ញត្តិ ភ្ជាប់​ជា​មួយ​ស្នាម​មេ​ដៃ ប្រជា​ពលរដ្ឋ​ជាង ១៤ ម៉ឺន​នាក់ ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​សម្តេចឪ នរោត្តម សីហនុ ដើម្បី​ទូល​សុំ​ឲ្យ​ក្សត្រ​ទាំង​ពីរ​ព្រះ​អង្គ ជួយ​ព្រះរាជ​អន្តរាគមន៍ ដោះ​លែង​លោក ម៉ម សូណង់ដូ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ។

លោក​ស្រី ហួន ផាន់ណារី អគ្គលេខាធិការ​រង​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ថ្លែង​នៅ​មុខ​ព្រះ​បរមរាជវាំង បន្ទាប់​ពី​ដាក់​ញត្តិ កាល​ពី​ម្សិលមិញ​ថា៖ «​ប្រទេស​របស់​យើង​មាន​ព្រះមហាក្សត្រ។ យើង​សង្ឃឹម​ថា ព្រះ​មហាក្សត្រ នឹង​ជួយ​អន្តរាគមន៍​ដោះ​លែង​គាត់។ នេះ​មិន​មែន​ជា​សំណើ​សុំ​លើក​លែង​ទោស​ទេ តែ​ជា​សំណើ​សុំ​ដោះ​លែង ព្រោះ​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ»។ លោក​ស្រី បាន​បន្ថែម​ថា បន្ទាប់​ពី​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ព្រះ​បុរមរាជវាំង​អស់​កន្លះ​ម៉ោង មក លោក​ស្រី ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង ហើយ​មន្រ្តី​រាជវាំង​ពីរ-បី​នាក់ បាន​មក​ជួប​លោក​ស្រី ហើយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ គឺ​លោក ឡាំង ចំណាប់ បាន​ទទួល​យក​ញត្តិ និង​ស្នាម​មេដៃ​ពី​លោក​ស្រី ដោយ​សន្យា​ថា គាត់​នឹង​យក​ស្នាម​មេដៃ និង​ញត្តិ​ទាំង​នេះ ថ្វាយ​ព្រះ​មហាក្សត្រ។


ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថ ធម្មិកោ លេខា​ផ្ទាល់​របស់​សម្តេច​ឪ បាន​មាន​បន្ធូល​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ទទួល​ស្គាល់​ថា ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿង​នយោបាយ។ ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ មាន​បន្ទូល​ថា​៖ «នរណា ក៏​ដឹង​ដែរ​ថា ករណី​របស់​លោក ម៉ម សូណង់​ដូ គឺ​ជា​រឿង​នយោបាយ។ ដូច្នេះ ព្រះ​មហាក្សត្រ មិន​ជ្រៀត​ជ្រែក​ក្នុង​ករណី​នយោបាយ​ទេ​។ ព្រះ​មហាក្សត្រ អាច​ដោះ​លែង​ល្គឹក​ណាលោក ម៉ម សូណង់ដូ មាន​កិច្ច​ព្រមព្រៀង​ជាមួយ រាជរដ្ឋាភិបាល​។ ប្រសិន​បើ​គ្មាន​ការ​ចរចា​រវាង​លោក ម៉ម សូណង់​ដូ និង​រាជ​រដ្ឋាភិបាល​ទេ ព្រះមហាក្សត្រ​ ពិត​ជា​មិន​មាន​សិទ្ធិ​ដោះ​លែង ​(ម៉ម សូណង់ដូ)​ទេ​»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា​ រឿង​លោក​ម៉ម សូណង់​ដូ នឹង​ត្រូវ​ធ្លាក់​ដល់​សាលាឧទ្ធរណ៍ ហើយ​ខាង​អ្នក​គាំ​ទ្រ​គាត់ ​មិន​គួរ​ដោះស្រាយ​តាម​រយៈ​ការ​តវ៉ា​តាម​ផ្លូវ​ឡើយ។ លោក​និយាយ​ថា៖ « តុលាការ ​នៅ​តែ​បន្ត​នីតិវិធី ឲ្យ​គេ​ឆ្លើយ​ឆ្លង​តាម​អង្គហេតុ និង​អង្គ​ច្បាប់​។ ដូច្នេះ​ការ​ធ្វើ​បាតុកម្ម​តាម​ចិញ្ចើម​ថ្នល់​ មិនមែន​ជា​ការ​ដោះ​ស្រាយ​ដោយ​យុត្តិធម៌​ទេ គួរ​តែ​រក​មេធាវី​ដែល​ពូកែ ដើម្បី​តទល់​ក្តី​ ក្នុង​តុលាការ​ឧទ្ធរណ៍​»។

ប្រធាន​វិទ្យុ​សំបុក​ ឃ្មុំ​ លោក ម៉ម សូណង់​ដូ ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ ២០​ ឆ្នាំ​កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា​នេះ ​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ចោទ​ដែល​ថា​ ជា​មេ​គំនិត​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ​។ ការ​ផ្តន្ទាទោស លោក សូណង់​ដូ ត្រូវ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហ​គមន៍​អន្តរ​ជាតិ​ ក្នុង​នោះ​ក៏​មាន​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺ​រ៉ុប​ផង​ដែរ​ដោយ​លើក​ឡើង​ថា ករណី​លោក​សូណង់ដូ​តុលាការ​មិន​មាន​ភស្តុតាង​សមរម្យ​ណា​មួយ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ ឬ​ដាក់​ទោស​គាត់​ឡើយ​ហើយ​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​ការ​ដោះ​លែង​ជា​បន្ទាន់​៕

Tags: ការអភិវឌ្ឍន៍, ឃុំខ្លួន, ទំនាស់ដី, ភ្នំពេញ, ម៉ម សុណង់ដូ, សិទ្ធិមនុស្ស


No comments:

Post a Comment

I like Blogger