សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, October 22, 2012

ពលរដ្ឋ​ផ្អើល​មើល​រូប​សម្តេច​ឪ​ក្នុង​ព្រះ​ខែ

Monday, 22 October 2012 ខៀវ ភិរម្យ​ From Phnom Penh Post
















ព្រះចន្ទដែល​ប្រជាពលរដ្ឋ​នាំគ្នាផ្អើល​មើ​លថាមាន​ព្រះឆាយាល័ក្ខណ៍សម្ដេច​ឪ កាលពី​យប់មិញ​។ រូប អាំ វ៉ាលីនដា

ភ្នំពេញៈ ភាព​ភ្ញាក់ផ្អើល​របស់​ប្រជាពលរដ្ឋ​បាន​កើត​ឡើង​ផ្ទួនៗ​គ្នា ក្រោយ​ដែល​ព្រះ​មហាវីរក្សត្រ សម្តេច​ព្រះ​បាទ ន​រោត្តម សីហនុ ទ្រង់​សោយទិវង្គត ហើយ​កាល​ពី​យប់​មិញ​នេះ អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​បាន​ទូរស័ព្ទ​ផ្ទួន​ៗ គ្នា​មក ភ្នំពេញ ប៉ុស្តិ៍ ដោយ​បាន​អះអាង​ថា បាន​មើល​ឃើញ​ព្រះឆាយា​ល័ក្ខណ៍​សម្តេច​ឪ​នៅ​ក្នុង​ព្រះខែ ថ្ងៃ៦ កើត​ ភាគ​ច្រើន​ដូច​រូប​ក្នុង​ក្រដាស​ប្រាក់​១ម៉ឺន​រៀល​។
កញ្ញា នួន ពេជ្រស៊ូដានី អ្នក​រស់​នៅ​ម្តុំ​បុរី​សឡា សង្កាត់​ស្ទឹងមានជ័យ រៀប​រាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នាង​បាន​​មើល​ឃើញ​រូប​សម្តេច​ឪ ក្នុង​ចំណិត​ព្រះ​ខែ បន្ទាប់​ពី​អ្នក​ភូមិ​ផ្អើល​មើល​ឈូ​ឆរ​នៅ​លើ​ដង​ផ្លូវ។​
ពេជ្រ ស៊ូដានី និយាយ​ថា ៖ «​ខ្ញុំ​មើល​ឃើញ​ច្បាស់​ជា​រូប​សម្តេច​ឪ ទ្រង់​ព្រះ​ភក្ត្រ​ពណ៌​ស ដូច​ក្នុង​រូប​ដង្ហែ​ព្រះ​បរមសព។ ព្រះភក្ត្រ​ព្រះ​អង្គ​ញញឹម​សម្លឹង​មក​កាន់​ភព​ផែន​ដី​»។  កញ្ញា​បន្ត​ថា៖ ​«ដើម្បី​មើល​ឃើញ​រូប​នេះ ត្រូវ​សម្លឹង​ក្នុង​អារម្មណ៍​យូរ​បន្តិច។ ដំបូង​ត្រូវ​ឈរ​ឲ្យ​ចំ​សម្លឹង​ទៅ​ព្រះ​ខែ នឹង​ឃើញ​លោក​ខែ​ព្រែក យើង​ត្រូវ​សម្លឹង​ទៅ​ចំណិត​រាង​ខ្មៅ​ ដំបូង​នឹង​ឃើញ​ស្នាម​ញញឹម​ព្រះអង្គ សម្លឹង​មួយ​សន្ទុះ​ទៀត​នឹង​ឃើញ ព្រះ​នេត្រ និង​ព្រះ​កាយ​ព្រះអង្គ មួយ​កំណាត់​ដូច​រូប​ដាក់​ដង្ហែ​ព្រះ​បរមសព​មក​អ៊ី​ចឹង​»។

កញ្ញា ពេជ្រស៊ូដានី បន្ត​ថា ​វា​ជា​អព្ភូត​ហេតុ​អស្ចារ្យ​មួយ ដែល​នាង​មិន​ធ្លាប់​ឃើញ​តាំង​ពី​ដឹង​ក្តី​មក  នាង​ក៏​មិន​ដឹង​ថា វា​ជា​ប្រផ្នូល​យ៉ាង​ណា​ដែរ​ទេ?
លោក អ៊ឹម រាត្រី អាយុ​៤៨​ឆ្នាំ នៅ​ចម្ការ​ដូង ក្នុង​សង្កាត់-ខណ្ឌ​ដង្កោ ក៏​អះអាង​ដែរ​ថា អ្នកភូមិ​និង​អ្នក​ផ្ទះ​គាត់​៩០ ភាគរយ​បាន​មើល​ឃើញ ព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះ នរោត្តម សីហនុ នៅ​ក្នុង​ចំណិត​ព្រះ​ខែ​ ក្នុង​យប់​ថ្ងៃ​៦ កើត ខែ​អស្សុជ នេះ​ដែរ។
លោក រាត្រី បន្ត​ថា ៖​« ខ្ញុំ​សម្លឹង​យូរ​ដែរ​បាន​ឃើញ​ច្បាស់​តែ​ម្តង គឺ​ឃើ​ញ​ដូច​រូប​ក្នុង​ក្រដាស​ប្រាក់​១​ម៉ឺន​រៀល​អ៊ីចឹង។ ទ្រង់​សម្លឹង​មក​ក្រោម​គួរ​ឲ្យ​អស្ចារ្យ​ណាស់​»។
លោក​បន្ត​ថា៖​«ខ្ញុំ​ មាន​អារម្មណ៍​ថា ព្រះអង្គ​បាន​ឡើង​ទៅ​ឋានសួគ៌​ហើយ ហើយ​ទ្រង់​កំពុង​តែ​សម្លឹង​មក​កាន់​ កូន​ចៅ ចៅ​ទួត  ដែល​កំពុង​តែ​គោរព​ដួង​វិញ្ញាណក្ខន្ធ ក្នុង​ភាព​ក្រៀមក្រំ និង​បួង​សួង​ឲ្យ​ព្រះអង្គ​ជួយ​ថែរក្សា​​ប្រទេស​កម្ពុជា​ឲ្យ​មាន​សុខ​សន្តិភាព​»។
ការ​ផ្អើល​មើល​រូប​សម្តេច​ឪ ប្រតិស្ឋាន​ក្នុង​ព្រះខែ​យប់​មិញ​នេះ​មិន​មែន​តែ​នៅ​ភ្នំពេញ​ទេ  អ្នក​ខេត្ត​កណ្តាល ខេត្ត​ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រហូត​នៅ​ប្រទេស​ថៃ ឥណ្ឌា ខ្លះ​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ដែរ ប៉ុន្តែ​ក៏​មាន​អ្នក​ដែល​ថា មើល​មិន​ឃើញ​ឬ​គ្រាន់​តែ​ព្រិល​នោះ​ក៏​មិន​តិច​នាក់​ដែរ។
កញ្ញា ធឿន ស៊ីនួន នៅ​ម្តុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​អះអាង​ថា នាង​បាន​ឃើញ​រូប​ព្រះឆាយា​ល័ក្ខណ៍​ដូច​ក្នុង​ក្រដាស​លុយ​១ម៉ឺន​រៀល ហើយ​ថា អ្នក​ផ្សារ​បាន​ផ្អើល​មក​មើល​ពេញ​ផ្លូវ​។ «ខ្ញុំ​ព្រឺ​ខ្លួន​ណាស់ ពេល​មើល​យូរ​ទៅ​កាន់​តែ​ច្បាស់​ឡើង​ៗ»។​
សម្រាប់​អ្នក​ព្រៃវែង  លោក ប្រាក់ ផល្លី នៅ​ឃុំ​ធាយ ស្រុក​បាភ្នំ ថា មាន​ការ​ផ្អើល​មើល​ព្រះ​ខែ​នេះ​ដែរ តែ​គាត់​មើល​មិន​ឃើញ​ទេ​។ លោក​ថា៖ ​«​មិន​ដឹង​យ៉ាង​ម៉េច​ទេ មក​ពី​ឯង​គ្មាន​និស្ស័យ​ក៏​មិន​ដឹង​»។
លោក ពុត ថុង អ្នក​រត់​តាក់​ស៊ី កំពង់ឆ្នាំង ភ្នំពេញ និយាយ​ថា៖​«ក្រុង​កំពង់ឆ្នាំង​គេ​ផ្អើល​ថា​មើល​ឃើញ​សម្តេច​ឪ​ច្រើន​គ្នា​ដែរ តែ​ខ្ញុំ ខំ​ដាក់​ទឹក​ផ្តិល​មើល​ដែរ​តែ​មើល​ឃើញ​ព្រិលៗ មិន​ច្បាស់​ជា​អ្វី​ទេ»​។ លោក​ថា បើ​យ៉ាង​នេះ​មែន​មិន​ដឹង​ថា​មាន​ប្រផ្នូល​យ៉ាង​ណា​ទេ​?
ទាក់ទិន​ការ មើល​ឃើញ​រូប​ព្រះ​ករុណា​សម្តេចឪ ក្នុង​ព្រះ​ខែ​នេះ លោក​អាចារ្យ ញាណ ភឿន សហប្រធាន​គ្រូ​បង្រៀន​អាចារ្យ​ស្រុក​ខ្មែរ និង​ជា​ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា បាន​កត់​សម្គាល់​ថា ​នៅ​ភូមិ​ម្តុំ​ផ្ទះ​គាត់​គេ​មើល​ឃើញ​គ្រប់​គ្នា ផ្ទះ​លោក​សល់​តែ​គាត់​ដែល​ភ្នែក​មិន​ល្អ​មើល​មិន​ឃើញ​។  លោក​ថា ព្រះ​សង្ឃ​នៅ​ឥណ្ឌានិង​នៅ​ប្រទេស​ថៃ ទូរស័ព្ទ​មក​លោក​ថា នៅ​ទីនោះ​ក៏​មើល​ឃើញ​ដែរ។​
លោក ញាណ ភឿន រម្លឹក​ថា នៅ​ឆ្នាំ​១៩៧០ ពេល​រដ្ឋ​ប្រហារ​ លោក លន់​ នល់ ទម្លាក់​ព្រះ​អង្គ ពី​ប្រមុខ​រដ្ឋ ធ្លាប់​មើល​ឃើញ​ម្តង ហើយ​លោក​ក៏​បាន​ឃើញ​ដែរ​។ តែ​កាល​នោះ​ឃើញ​រូប​ព្រះអង្គ​គង់​មួយ​ជំហរ​តែ​ម្តង ក្រោម​ដើម​ពោធិ៍​ក្នុង​លោក​ខែ ដែល​ពេល​នោះ​គេ​លើក​ឡើង​ពី​ប្រផ្នូល​ខុស​ៗ​គ្នា។
ចំពោះ​ការ ភ្ញាក់​ផ្អើល​លើក​នេះ ជា​ទស្សនៈ​លោក​តាម​ការ​ចេះ​ដឹង​តាម​គម្ពីរ​សាសនា គឺវា​ជា​អព្ភូតហេតុ​មួយ​អស្ចារ្យ​ ដែល​តាម​ជំនឿ​ខ្មែរ​ថា «កាល​ណា​ស្លាប់​បាន​៧ ថ្ងៃ នោះ​ព្រះសព​នឹង​ដឹង​ខ្លួន » ហើយ​សម្តេច​ឪ​លោក​សោយទិវង្គត​បាន​៧​ថ្ងៃ​គត់ ក៏​លេច​បាតុភូត​អស្ចារ្យ​ក្នុង​ព្រះ​ខែ​នេះ ជា​ប្រផ្នូល​មួយ​របស់​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពង់​ខ្ពស់​។
លោក អាចារ្យ​អះអាង​ថា៖ «​បុគ្គល​មាន​គុណធម៌​ខ្ពស់​អាច​បង្ហាញ​ឲ្យ​ឃើញ​ហេតុ​អស្ចារ្យ​ឲ្យ​កក្រើក​ ញាប់​ញ័រ​នៃ​អ្នក​សាង​បុណ្យ​និង​មាន​កុសលធម៌​និង​សាមគ្គីធម៌។ ការ​បង្ហាញ​ភាព​អស្ចារ្យ​នេះ​ គឺ​បញ្ជាក់​បាន​ថា អ្នក​ធ្វើ​ល្អ​តែង​បាន​ផល​ល្អ អ្នក​សាង​អាក្រក់​នឹង​ទទួល​ផល​អាក្រក់​។ ​ព្រះ​អង្គ​បង្ហាញ​បារមី​នេះ​មាន​ន័យ​ថា ស្រុក​ខ្មែរ​បាន​សុខសន្តិ​ភាព​ហើយ​»។
ព្រះ​តេជគុណ សុខ ប៊ុនធឿន ព្រះ​ចៅអធិការ​វត្ត នន្ទមុនី សង្កាត់​ស្ទឹង​មានជ័យ មាន​សង្ឃ​ដីកា​ថា ព្រះអង្គ​មិន​បាន​ទត​មើល​ទេ តែ​ថា បើ​ដូច​តែ​បរិស័ទ​បាន​ឃើញ​ នោះ​តាម​ព្រះ​ធម៌ ជា​ប្រផ្នូល​មួយ​បង្ហាញ​ពី​បារមីធម៌ ដែល​អតីត​ព្រះ​មហាក្សត្រ ដែល​ធ្លាប់​មាន​ព្រហ្ម​វិហារ​ធម៌ ចំពោះ​ប្រជានុរាស្ត្រ​ព្រះអង្គ​ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​រហូត​មក។​
ព្រះតេជគុណ មាន​សង្ឃ​ដីកា​ថា ៖ ​«នេះប្រ​ស្នា​ល្អ ដែល​គុណធម៌​ព្រះ​អតីត​ព្រះ​មហាក្សត្រ​នឹង​នាំ​ភាព​សុខ​សាន្ត​មក​សន្តោស ដល់​ប្រជានុរាស្ត្រ​ ឲ្យ​មាន​ការ​គោរព​ស្រឡាញ់ ​ការ​យោគយល់​គ្នា ដូច​ធ្លាប់​មាន​ព្រហ្មវិហារ​ធម៌​និង​សង្គ្រោះ​កូន​ចៅ​រៀង​មក»។​
ទាក់ទិន​នឹង​អព្ភូតហេតុ​ចម្លែក​នេះ ពី​ម្សិលមិញ លោក វីរៈ រស់នៅ ភ្នំពេញ ដែល​បាន​ទៅ​ដុត​ធូប​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​តា​នៅ​មុខ​ព្រះ​បរមវាំង និយាយ​ថា គាត់​ក៏​ឃើញ​ភាព​អស្ចារ្យ​ដែរ​នា​ពេល​រសៀល​ម្សិលមិញ​នោះ គឺថា​មាន​ភ្លៀង​តិច​នៅ​ជុំវិញ​ព្រះ​រាជវាំង​ តែ​នៅ​ចំ​ពី​មុខ​ព្រះ​រាជវាំង​ដែល​មនុស្ស​ម្នា​មក​កក​កុញ​ទៅ​គោរព​ព្រះ​បរម សព​ព្រះអង្គ​បែរ​ជា​ស្ងួត​អត់​មាន​ភ្លៀង​មួយ​តំណក់​ទាល់​តែ​សោះ។
ពី ម្សិលមិញ​ដែរ ក្រុម​អ្នក​បង្ហោះ​រូប​តាម​បណ្តាញ​សង្គម​ក៏​បាន​បង្ហោះ​រូប ដុតទៀន​ធូប​ ដែល​ឆេះ​ចេញ​ជា​រូប​នាគ គួរ​ឲ្យ​ចម្លែក​ដែរ។​ រូប​នេះ​គេ​សង្ស័យ​ថា អ្នក​ថត​ច្នៃ ប៉ុន្តែ អ្នក​ថត​រូប​ល្បី​ម្នាក់​ គឺ​លោក ម៉ៃ ថា «វា​ជារូ​ប​គាត់​ថត​បាន​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​ មិន​បាន​កាឡៃ​អី​នោះ​ទេ»។
ក្នុង​អំឡុង ​ពេល​ដង្ហែ​ព្រះ​បរមសព​ពីទីក្រុង​ប៉េកាំង​មក​ភ្នំពេញ អ្នក​ដែល​ទៅ​ទទួល​ព្រះបរម​សព​នៅ​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​អះអាង​ថា កម្តៅ​ថ្ងៃ​មុន​យន្ត​ហោះ​ចុះ​ចត​ម្នាក់​ៗ​សឹង​តែ​ទ្រាំ​មិន​បាន ប៉ុន្តែ គ្រាន់​តែ​យន្ត​ហោះ​​នាំ​ព្រះ​បរម​សពចុះ​ចត​ភ្លាម ដុំ​ពពក​ខ្មៅ​បាន​មក បាំង​ចំ​ពី​លើ​ព្រះ​សព និង​មាន​ខ្យល់​ត្រជាក់​បក់​មក​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​។ អ្នក​កាសែត​ម្នាក់​លាន់​មាត់​ថា«វា​អស្ចារ្យ​ដែល​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​សោះ​ ទេ»។​
អ្នក​រង់ចាំ​ដង្ហែ​នៅ​ម្តុំ​វិមាន​ឯករាជ្យ​វិញ​និយាយ​ថា គាត់​ក៏​ឃើញ​រឿង​អស្ចារ្យ​មួយ​ដែរ ខណៈ​ដែល​ក្បួន​ម៉ូតូ​ដង្ហែ ​អម​ព្រះបរម​សព​មក​ដល់​វិមាន​ឯករាជ្យ ម៉ូតូ​ប្រមាណ​៦​ទៅ​៧​គ្រឿង​ស្រាប់​តែ​រលត់​ម៉ាស៊ីន​ អូស​ទៅ​អែប​ផ្លូវ ដែល​នេះ​មិន​ដឹង​ថា មក​ពី​បញ្ហា​បច្ចេកទេស​ឬ​អព្ភូត​ហេតុ​ និង​បារមី​អតីត​ព្រះ​មហាក្សត្រ ពេល​យាង​ដល់​បូជនីយដ្ឋាន ជា​ស្នា​ព្រះហស្ត​ព្រះអង្គ​ឬ​ក៏​យ៉ាង​ណា​ឡើយ?
រាល់​ការ​កត់​សម្គាល់ ទាំង​អស់​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពិត​សុំ​មិន​ពន្យល់​នោះ​ទេ តែ​ថា នេះ​វា​ជា​ការ​និយាយ​និង​ផ្អើល​តៗ​គ្នា​តែ​ប៉ុណ្ណោះ តែ​បើ​ប្រជាជន​គាត់​ជឿ​ហើយ​ គ្មាន​អ្នក​ណា​ហ៊ាន​ប្រឆាំង​នឹង​គាត់​ឡើយ​៕

No comments:

Post a Comment

I like Blogger