សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, October 9, 2012

សហគមន៍​ព្រៃឈើ​ត្រពាំងរូង ខេត្តកំពង់ធំ ត្រូវបាន​វាស់វែង​ជា​តំបន់​ព្រៃឈើ​ការពារ

កូឡាប CEN ថ្ងៃទី៩ តុលា ២០១២

ខេត្តកំពង់ធំ​: ​គម្រោង​គ្រប់គ្រង​ព្រៃឈើប្រកបដោយ​និរន្ត​ភាព និង​ការលើកកម្ពស់​របរ​ចិញ្ចឹមជីវិត នៅ​ជនបទ ត្រូវបាន​បង្កើតឡើងតាមរយៈ​សហគមន៍​ព្រៃឈើ ផ្តួចផ្តើម​អំពី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ដែល​បណ្តាលមកពី​ការបាត់បង់ និង​រេច​រឹល (REDD) ព្រៃឈើ នៅ​កម្ពុជា​។ គម្រោង​នោះ បាន​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការ​ធ្វើ​ឲ្យ​អាកាសធាតុ​ពិភពលោកមាន​លំនឹង តាមរយៈ​ការ​ស្រូប​កាបូន ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែ​ប្រួ​ល​អាកាសធាតុ​។ ការគ្រប់គ្រង និង​ការអភិរក្ស​ប្រកបដោយ​និរន្ត​ភាព​នូវ​ព្រៃឈើ ត្រូវបាន​មន្ត្រី​ជំនាញ និង​ម្ចាស់ជំនួយចុះ​វាស់វែង កំណត់​ដែន​ព្រៃ​ការពារ ដែលមាន​ទំហំ​ជិត ១.០០០ ហិកតា នៅ​សហគមន៍​ព្រៃឈើត្រពាំងរូង ក្នុង​ខេត្តកំពង់ធំ​។​

​គម្រោង​អភិរក្ស​ព្រៃឈើ​នោះ ត្រូវបាន​ឧបត្ថម្ភ​ឡើង​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប ក្នុង​កិច្ចប្រជុំ​រវាង​លោក ហ្ស​ង ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-Francois CAUTAIN) ឯកអគ្គរដ្ឋទូត ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុម​អ្នកសារព័ត៌មាន​ជាមួយ​ក្រុម​សហគមន៍​ព្រៃឈើ​ត្រពាំងរូង ស្ថិតនៅ​ឃុំ​ជ័យ មាន​ចម្ងាយ​ប្រហែល​១៦ គីឡូម៉ែត្រ ខាងជើង​ក្រុង​កំពង់ធំ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងែ​ទី​៨ ខែតុលា ឆ្នាំ​២០១២ និង​មានការ​ចូលរួម​ពី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​/​ខណ្ឌ កំពង់ធំ និង​ពី​ពលរដ្ឋ​សហគមន៍​ជាច្រើន​នាក់​ផងដែរ​។​


​ទោះបីជា​កិច្ចព្រមព្រៀង ស្តីពីព្រៃឈើ​សហគមន៍​រយៈពេល ១៥​ឆ្នាំនេះ ត្រូវបាន​បន្ត​សម្រាប់រ​យៈ​ពេល ១៥​ឆ្នាំ​ទៀត គិត​ចាប់ពី​ឆ្នាំ​២០០៩ កន្លងទៅនេះ​ក៏ដោយ ក៏​សហគមន៍​ព្រៃឈើនៅតែ​បន្ត​ប្រឈមមុខ​នឹង​សកម្មភាព​រំលោភ​ទន្ទ្រាន​យក​ដី និង​សកម្មភាព​ខុសច្បាប់ ដែល​ពុំ​អាច​គ្រប់គ្រង​បាន ដូចជា ការកាប់​ព្រៃឈើ និង​ការដាក់​អន្ទាក់​សត្វព្រៃ នៅក្នុង​តំបន់​ព្រៃឈើ​សហគមន៍​នេះ ដោយសារតែ​សហគមន៍ មិនមាន​ផែនការ​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​បានច្បាស់លាស់​។​

​ក្នុងន័យ​ថែរក្សា​ព្រៃឈើ​សហគមន៍​តំបន់​ត្រពាំងរូង មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សហគមន៍​ព្រៃឈើថ្នាក់​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក (RECOFTC) ដោយមាន​ការគាំទ្រ​ពី​ជំនួយ​របស់​សហភាព​អឺរ៉ុប ជាង ១,៦ លាន​អឺរ៉ូ និង​ដោយមាន​ការសហការ​ជា​ដៃគូ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ (FA) នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) និង​អង្គការ​អូ​ស្វា​ម​-​ចក្រភព​អង់គ្លេស បាន​ជួយ​ដល់​គណៈកម្មការ​គ្រប់គ្រង​ព្រៃឈើ​សហគមន៍​ថ្នាក់មូលដ្ឋាន ដើម្បី​រៀបចំ​ផែនការ​គ្រប់គ្រង​ព្រៃឈើ​សហគមន៍​របស់ខ្លួន ចំនួន ៩៧៧,៥៣ ហិកតា​។

​នេះ​គឺជា​ផែនការ​គ្រប់គ្រង​ព្រៃឈើ​ទី​១នៅ​កម្ពុជា ដែល​ទទួលបាន​នូវ​ការអនុម័ត​ជា​ផ្លូវការដោយ​រដ្ឋបាល​ព្រៃឈើ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មី​នេះ​។ សហគមន៍​នេះ​ជឿជាក់ថា ផែនការ​នេះនឹង​ជួយ​ដល់​ពួកគាត់ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​សហគមន៍​របស់​ពួកគាត់ ប្រកបដោយ​និរន្ត​ភាព ដូចជាការគ្រប់គ្រង​ផ្សេងៗ​ទៀត​ដែរ តាមរយៈ​ការប្រមូល​ផល​ព្រៃឈើ និង​ការប្រមូល​ផលិតផល​ព្រៃឈើ មិនមែន​ឈើ (NTFP) ប្រកបដោយ​និរន្ត​ភាព សម្រាប់​កែលម្អ​ការប្រកប​របរ​ចិញ្ចឹមជីវិត​។

​គម្រោង​នេះ មាន​រយៈពេល​ពី​ខែមករា ឆ្នាំ​២០១១ ដល់​ខែមករា ឆ្នាំ​២០១៥ ដែល​អនុវត្ត​ន៍នៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី កំពង់ធំ ក្រចេះ ពោធិ៍សាត់ កំពត តាកែវ និង​ខេត្ត​កែប ក្នុងទិសដៅ​ការលុបបំបាត់​ភាពក្រីក្រ​ធ្ងន់ធ្ងរ និង​ភាពអត់ឃ្លាន តាមរយៈ ការលើក​កម្ពស់​ការប្រកប​របរ​ចិញ្ចឹមជីវិតនៅ​តំបន់​ជនបទ ទន្ទឹមនឹងនេះធានា​ឲ្យ​មាន​ចីរភាព​បរិស្ថាន តាមរយៈ​អភិរក្ស​ព្រៃឈើ​។​

​លោក តន ទីន អនុប្រធាន​គណៈកម្មកា​រ​ព្រៃឈើ​ត្រពាំងរូង បាន​ថ្លែង​ពី​ក្នុងព្រៃ​សហគមន៍ ពេល​ចុះ​បំពេញបេសកកម្ម​វាស់វែង​បែងចែក​ព្រៃ​សហគមន៍ ដែល​ពុះ​ជា​ឡូត៍​តូចៗ ថា ការវាស់វែង​ព្រៃ​ឡូ​តិ៍​គំរូ​ក្នុង​ឡូ​ត៍ទី​២ គឺ​យើង​ធ្វើការ​វាស់វែង​ដោយ​ដាំ​បង្គោល​ជា​ជួរ​និង​ដាក់​ខ្សែ​ទាញ​តម្រង់​តាមរយៈ​ត្រីវិស័យ សម្រាប់​បែងចែក​មុខ​ឡូត៍ ហើយ​ការធ្វើ​បែបនេះជា​ប្រយោជន៍ដើម្បី​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​សហគមន៍​ត្រពាំងរូង​នេះវា​មាន​ឈើ​ប៉ុន្មាន​? និង​ទំហំ​ប៉ុនណា​?​។

​លោក តន ទីន បាន​បញ្ជាក់ថា ដីព្រៃ​សហគមន៍​នេះមាន​ជាង ៩៧៧,៥៣ ហិកតា ដែល​ចែកចេញជា ៤​តំបន់ ប៉ុន្តែ​យើង​អាចធ្វើ​សារពើភណ្ឌបានតែ​តំបន់​ទី​៣ ដែល​អាច​ធ្វើបាន​ចំនួន ១៣​ឡូត៍ ព្រោះ​ជា​តំបន់ដែលមាន​ព្រៃឈើ​ក្រាស់​ជាងគេ ហើយ​វិធានការ​នេះ វា​មាន​ប្រសិទ្ធភាព ដោយសារ​យើង​មាន​គណៈកម្មការ​គ្រប់គ្រង​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ដែល​គ្រោង​ស្រាប់ និង​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ស​ហគ​មន៍​។

​លោក​បាន​ថ្លែងបន្តនៅក្នុង​ព្រៃ​ទៀតថា ការធ្វើ​បែបនេះ ដោយមាន​ការសម្របសម្រួល​ពី​រដ្ឋបាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ក្នុង​ការជួយ​បណ្តុះបណ្តាល​ដល់​សមាជិក​សហគមន៍ និង​គណៈកម្មការ​សហ​គម​ន៍ ដើម្បី​ឲ្យ​គាត់​ចេះ​ពី​វិធីសាស្ត្រ​សារពើភណ្ឌ ពី​វិធី​ការរាប់​ដើមឈើ ក្នុងការ​រាប់​ដំណុះ រាប់មុខ​១០ ទៅដល់ ២៩ សង់ទីម៉ែត្រ និង​រាប់​អនុផល ដែល​មុខកាត់​ពី ២៥ ទៅដល់​៥០ សង់ទីម៉ែត្រ និង​រាប់​ចាប់​ពីមុខ ៣០ សង់ទីម៉ែត្រ ឡើងទៅ​។

​លោក តន ទីន បានបញ្ជាក់​បន្ថែមថា “​ការដកហូត​អនុផល​ពី​ព្រៃឈើ​សហគមន៍ ដូចជា ឈើ​បង្គោលរបង ( ដើម​ខ្លង ព្រោះ​វា​អត់​ធំ​ទៅមុខទៀត​ទេ ) ប៉ុន្តែ​ដើមកកោះ ដើម​ផ្តៀក មិនអាច​ដកហូត​បាន​ទេ យើង​ទុក​។ យើង​ដកហូត​ជា​លក្ខណៈ​ប្រពៃណី ដូចជា ឃ្មុំ វ​ល្លិគុយ វ​ល្លិត្រី វ​ល្លិរពា​ក់ វ​ល្លិផ្តៅ ជាដើម​”​។​

​ចំណែក​លោក មក់ ឈន់ អនុគណៈកម្មការ​កណ្តា​ល នៅក្នុង​សហគមន៍​ត្រពាំងរូង បាន​និយាយថា បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង ​ពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ត្រពាំងរូង បាន​អាស្រ័យ​ផល​អនុផល​ប្រើប្រាស់​ជា​របៀប​ប្រពៃណី ដូចជា អុស វ​ល្លិ ផ្សិត ជា​លក្ខណៈ​របៀប​ប្រពៃណី​។

​លោក មក់ ឈន់ បាន​បន្តថា ក្នុងការ​ការពារ​ព្រៃឈើ​សហគមន៍​នេះ បាន​ប្រើប្រាស់​កម្លាំង​យាមល្បាត ហើយ​ឲ្យ​យល់​ពី​ច្បាប់ ក្នុង​កិច្ចព្រមព្រៀង​សហគមន៍​បាន យើង​អាច​ធ្វើបាន ក្នុងនោះ​ពេល​ចុះ​ល្បាត បាន​ជួប​ជនល្មើសក្នុងពេល​កាប់​ទន្ទ្រាន​ព្រៃឈើ​អុស គឺត្រូវធ្វើ​ការដកហូត​។

​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ធំ បាន​និយាយ​នៅក្នុង​ព្រៃ​សហគមន៍​ថា នៅក្នុង​ខេត្តកំពង់ធំ​នេះ មាន​សហគមន៍ ចំនួន ៩៣ សហគមន៍ ដែល​បានរៀបចំនិង​បង្កើតដូច​ថ្ងែ​នេះ ដែល​គោរព​ទៅតាម​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត តាម​គោលការណ៍​ណែនាំ​ព្រៃឈើ អនុក្រឹត្យ និង​ច្បាប់​ស្តីពី​ព្រៃឈើ ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ជាមួយ​អង្គការ​ជា​ដៃគូ​ មាន​អង្គការ​ជាតិ និង​អន្តរជាតិ នៅលើ​ផ្ទៃដី ៨ ម៉ឺន ៧​ពាន់​ហិកតា មាន​ប្រជាជន ១២០ ភូមិ ចូលរួម​២១ ឃុំ និង​៧​ស្រុក​។​

​លោក តិ​ប ញាតា បាន​ថ្លែងបន្តថា “​ការបង្កើត​ព្រៃឈើ​សហគមន៍ គោលដៅ​របស់​យើង គឺ​រួមគ្នា​ការពារ​ព្រៃឈើ រួម​ការពារ​គម្រប​ព​ណ៌​បៃតង ដើម្បី​បំពេញ​គោលដៅ​សហស្ស​វត្សរ៍ ក្នុង​ឆ្នាំ​២០១៥ ឲ្យ​បាន​គម្រប​ព្រៃឈើ ៦០​ភាគរយ​”​។

​លោក​បន្តថា ដោយ​យើង​មាន​ចំនួន​បរិមាណ​រដ្ឋបាល​ព្រៃឈើ មាន​កម្រិត និង​គោលការណ៍​បាន​កំណត់ថា ប្រគល់​ផ្នែក​ណាមួយនៃ​ដែន​ជម្រក​បម្រុង​អចិន្ត្រៃយ៍ សម្រាប់​ការគ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ គឺ​សហគមន៍​ព្រៃឈើ​នេះឯង ហើយ​ការចូលរួម​ការពារ​ព្រៃឈើ​នេះ យើង​ម្នាក់ឯងមិន​គ្រប់​ជ្រុងជ្រោយ​ទេ គឺ​ទាមទារ​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន ហើយ​ក្នុងនេះយើង​ឃើញ​ហើយ បង្ហាញ​ហើយ ​មាន​ជាង ១​ម៉ឺន ៣​ពាន់ គ្រួសារ​ចូលរួម​បង្កើត​។ ផ្នែក​ផ្សេងទៀត មានការ​គ្រប់គ្រងដោយ​រដ្ឋបាល​ព្រៃឈើ និង​ផ្នែក​ផ្សេងទៀត​ដែលមាន​ភូមិ​នៅក្បែរ​ក្នុង​តំបន់​ព្រៃ ត្រូវ​គ្រប់​គ្រងដោយ​សហគមន៍ ដែលមាន​ភាពល្អប្រសើរ និង​មាន​និរន្ត​ភាព​។​

​លោក តិ​ប ញាតា បាន​មានប្រសាសន៍ថា រដ្ឋបាល​ព្រៃឈើ មាន​តួនាទី​ក្នុងការ​សម្របសម្រួល​ក្នុង​ការផ្តល់​បច្ចេកទេស និង​ពេលខ្លះ​យើងក៏​អាច​ផ្តល់​ធនធាន​ដល់​សហគមន៍​មូលដ្ឋាន​ផងដែរ និង​មានការ​កៀរគរ​ពី​សហគមន៍ជាតិ និង​អន្តរជាតិ តាមរយៈ​ការ​ចូលមក​ភូមិដ្ឋាន និង​ដើម្បី​ពន្យល់​គាត់​ដឹង​ពី​សារប្រយោជន៍​នៃ​ព្រៃឈើ ពី​របៀប​នៃ​ការគ្រប់គ្រង​ព្រៃឈើដោយ​សហគមន៍ គឺ​គាត់​បាន​យល់​ពី​អ្វីដែល​ជាក់ស្តែង ប៉ុន្តែ​គាត់​មាន​ប្រពៃណី​តាំងពីដើម​មក​ថា ករណី​ដែល​គ្រប់គ្រង​ដោយ​ពួកគាត់ គាត់​ពេញចិត្ត​ទទួលយក ហើយ​ចូលរួម​បង្កើត​ដោយ​ស្ម័គ្រចិត្ត ហើយ​ភាគ​ច្រើន​កន្លងមកនេះ គឺ​គាត់​ចូលរួម​ស្ម័គ្រចិត្ត គឺ​គាត់​បានដាក់​ពាក្យស្នើសុំ​ទៅ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ឲ្យ​រដ្ឋបាល​ព្រៃឈើសម្របសម្រួល​បង្កើត​សហគមន៍​ព្រៃឈើ ព្រោះ​កន្លែង​ខ្លះ​មានការ​គំរាមកំហែង​ច្រើន​រដ្ឋបាល​ព្រៃឈើ ត្រូវតែ​ជួយ​។​

​លោក ហ្ស​ង ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-Francois CAUTAIN) ឯកអគ្គរដ្ឋទូត ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ពី​ក្នុងព្រៃ​សហគមន៍​ត្រពាំងរូង​ថា សហគមន៍​ព្រៃឈើ ដែលមាន​ចូលរួម​ចំនួន ៣​ភូមិ សហគមន៍​ព្រៃឈើ គេ​មាន​ផែនការ​របស់គេ ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​នៅក្នុង​តំបន់​របស់​ពួកគេ ក្នុង​គោលបំណង​ការពារ​ព្រៃឈើ​សហគមន៍​ទាំងអស់នេះ ហើយ​គម្រោង​នេះ គឺជា​គម្រោង​ដ៏​ល្អ​បំផុត​មួយ មានការ​សហការគ្នារ​វាង​សហគមន៍​ព្រៃឈើ រដ្ឋបាល​ព្រៃឈើ និង​អង្គការ​ជា​ដៃគូ​អនុវត្ត​ន៍គម្រោង ដែល​ទទួល​ថវិកា​ពី​សហភាព​អឺរ៉ុប នៅក្នុង​ការធានា​ការ​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​បានល្អ​ តាមរយៈ​ផែនការ​គ្រប់គ្រង​ព្រៃឈើ​ដែលមាន​ការអនុម័ត​យ​ល់​ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​ជាការ​ងារ​មួយដែល​សំខាន់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅមុខទៀត​យើងនឹង​ឃើញ​មាន​ផ្ទៃដី​ជាង ២​លាន​ហិកតា ជា​ផ្ទៃដីដែលមាន​ការគ្រប់គ្រងដោយ​សហគមន៍​ព្រៃឈើ ដែល​ធានាថា ធនធានធម្មជាតិ ក៏ដូចជា​ព្រៃឈើ ត្រូវបាន​គ្រប់គ្រង​ដោយ​សមស្រប​។

​លោក ហ្ស​ង ហ្វ្រ​ង់​ស័​រ កូ​តាំង បាន​បន្ថែមថា សហភាព​អឺរ៉ុប មកដល់ពេលនេះ​បានទទួល​សំណើសុំ​ការគាំទ្រសម្រាប់​សហគមន៍​គ្រប់គ្រង​ព្រៃឈើ ចំនួន​៩៣ សំណើ​។ ក្នុងនោះ មាន ៣​សំណើ​ហើយដែល​ទទួលបាន​ការអនុម័ត​យល់ព្រម​ពី​រាជ​រដ្ឋាបាល​ភិ​បាល​កម្ពុជា ហើយ​នៅក្នុង​សំណើ​ទាំងអស់នេះ មាន​បញ្ជាក់​ពី​ផែនការនៅក្នុង​ការគ្រប់គ្រង​ព្រៃឈើឲ្យ​បានល្អ​នោះ​។ ដូច្នេះ​ខ្ញុំ​គិតថា គឺជា​ការងារ​ដ៏​ល្អ ដែល​សហគមន៍​ព្រៃឈើ​ចូលរួម​អនុវត្តន៍​នៅក្នុង​គម្រោងក្នុងការ​គ្រប់​គ្រង់​ព្រៃឈើឲ្យ​បានល្អ​បំផុត​”៕​ S

Tags: ការអភិវឌ្ឍន៍, កំពង់ធំ, សិទ្ធិមនុស្ស

No comments:

Post a Comment

I like Blogger