សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, October 24, 2012

មហាជន​ផ្អើល​មើល​ដុំ​ពពក​​​មាន​ទ្រង់ទ្រាយ​ដូច​ព្រះភក្ត្រ​សម្ដេច​ឪ

Wednesday, 24 October 2012 ម៉ៃ ទិត្យថារ៉ា និង សូ វិសាល​, From The Phnom Penh Post





















ព្រះមហាក្សត្រ ទ្រង់ព្រះកន្សែង​ពេល​យាង​ចេញ​ពី​ព្រះបរមរាជ​វាំង​ស្វាគមន៍ប្រជាពលរដ្ឋ​រាប់សែន​នាក់​ដែលបាន​មកចូល​រួម​រំលែក​មរណទុក្ខ​នៃព្រះបរមសពសម្ដេច​ឪ​ ពីម្សិលមិញ។ រូបថត មិនា

ភ្នំពេញៈ មាន​ការ​ផ្អើល​ទះ​ដៃ​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​កង​រំពង មើល​អព្ភូត​ហេតុ​ដុំ​ពពក ដែល​ដូច​ព្រះ​ភក្ត្រ​សម្តេច​ឪ នរោត្តម សីហនុ នៅ​ខាង​មុខ​ព្រះ​បរមរាជ​វាំង កាល​ពី​ម៉ោង​ប្រមាណ​ជា ៦ និង​ ២០​ នាទី យប់​មិញ ខណៈ​ដែល​មាន​ព្រះ​សង្ឃ​ប្រមាណ​ជាង​ ១ ម៉ឺន​អង្គ និង​សាធារណជន​មិន​តិច​ជាង ១០ ម៉ឺន​នាក់​ បាន​សូត្រ​ធម៌ តាំង​សមាធិ និង​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្តេច​ឪ​ដែល​ជា​ថ្ងៃ​កាន់​ព្រះ​រាជ​មរណទុក្ខ ចុង​ក្រោយ​ទៅ​តាម​កាល​កំណត់​របស់​រាជរដ្ឋាភិបាល។
លោក ឡាច ពៅ ជំនួយ​ការ​ថត​រូប នៅ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​អះអាង​ថា មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ នៅ​មុខ​ព្រះ​បរម​រាជវាំង បាន​ផ្អើល​មើល​ដុំ​ពពក ដែល​មាន​រូប ដូចព្រះ​ភក្រ្ត សម្តេច​ឪ​កាល​ពី​យប់​មិញ​។ លោក​បន្ត​ថា​៖«​នៅ​ពេល​មាន​ការ​ស្រែក​ហ៊ោ កញ្ជ្រៀវ​ឲ្យ​មើល​ទៅ​លើ​មេឃ ខ្ញុំ​មើល​ទៅ​ឃើញ​ដុំ​ពពក មាន​រូប​ដូច​សម្តេច​ឪ អ៊ីចឹង​។ វា​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ខ្ញុំ​ជឿ នៅ​ពេល​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ដូច​សម្តេច​ឪ​មែន»។​ លោក ឡាច ពៅ បាន​ឲ្យ​ដឹង​ទៀត​ថា ដុំ​ពពក​ ដែល​មាន​រូប​ព្រះឆាយា​ល័ក្ខណ៍​សម្តេច​ឪ​នេះ គឺ​មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​បន្ទាប់​មក​ក៏​រលាយ​បាត់​ទៅ​វិញ។

លោក បាន​គូស​បញ្ជាក់​ទៀត​ថា៖«គឺ​ដូច​ព្រះ​ភក្ត្រ​សម្តេច​ឪ​មែន ប៉ុន្តែ​ខ្ញុំ ទាញ​កាមេរ៉ា​ថត​មិន​ទាន់​ទេ ដោយ​សារ​តែ​មាន​រយៈ​ពេល​ខ្លី​ពេក។ ប៉ុន្តែ​អ្នក​កាសែត​ម្នាក់​ទៀត នៅ​ក្បែរ​ខ្ញុំ​គាត់​ថត​រូប​នេះ​បាន»។
សាធារណជន​ជាច្រើន​ទៀត រួម ទាំង​អ្នក​ថត​រូប​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ៣ នាក់​ ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​ ក៏​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ដែរ​ថា ពួក​គេ​បាន​មើល​ឃើញ​ដុំ​ពពក ដែល​មាន​ទ្រង់​ទ្រាយ​ដូច​ព្រះភក្ត្រ​សម្តេច​ឪ។
អ្នក​ស្រី​វ៉ា ពៅ រស់​នៅ​ម្តុំ​វិមាន​ឯករាជ្យ ដែល​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ដែរ បាន​អះអាង​ថា អ្នក​ស្រី​មើល​ឃើញ​ដូច​ជា​ផ្សែង​ធូប ដែល​ដុត​នៅ​មុខ​វាំង ហើយ​ហុយ​ទៅ​ផ្តុំ​គ្នា​ នៅ​លើ​អាកាស ចេញ​ជា​រូប​ព្រះភក្ត្រ សម្តេច​ឪ។ អ្នក​ស្រី​អះអាង​ថា៖ «ខ្ញុំ​មើល​ទៅ​ឃើញ​ដូច​រូប​សម្តេច​ឪ​អ៊ីចឹង ហើយ​អ្នក​នៅ​ជិត​ខ្ញុំ ក៏​សុទ្ធ​តែ​មើល​ឃើញ​ដូច​គ្នា​ដែរ។ ដំបូង​ឡើយ ផ្អើល​ចេញ​ពី​ព្រះសង្ឃ ហើយ​ផ្អើល​តគ្នា​មើល​ទៅ​ឃើញ​ដូច​រូប​សម្តេច​ឪ ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ទះ​ដៃ​ពេញ​មុខ​វាំង»។
នេះ ​គឺជា​អព្ភូត​ហេតុ​លើក​ទីពីរ​ហើយ បន្ទាប់​ពី​មាន​ការ​ផ្អើល​មើល​រូប​ព្រះ​ភក្ត្រ​សម្តេច​ឪ នៅ​ក្នុង​ព្រះ​ចន្ទ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ចាប់​តាំង​ពី​សម្តេច​ឪ បាន​យាង​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា នៅ​ទីក្រុង​ប៉េកាំង ក្នុង​ព្រះជន្មាយុ ៩០ ព្រះ​វស្សា​។
ការ​ដែល​មាន​ព្រះ​សង្ឃ រហូត​ទៅ​ដល់​ជាង​១ ម៉ឺន​អង្គ និង​សាធារណជន​មិន​តិច​ជាង ១០ ម៉ឺន​នាក់​ និមន្ត និង​បាន​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ នរោត្តម សីហនុ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង អាច​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​ដែល​មាន​ប្រជា ពលរដ្ឋ​ច្រើន​បំផុត ចូល​រួម​កាន់​ទុក្ខ​និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ មេ​ដឹក​នាំ​ខ្មែរ។
«សម្តេច តាជាវររាជ​បិតា​ឯករាជ្យ» គឺជា​អក្សរ​ពណ៌​ស សរសេរ​នៅ​លើ​បូពណ៌​ខ្មៅ ដែល​ពាក់​នៅ​លើ​ក្បាល​កម្មករ ប្រមាណ​ជា ៥ ពាន់​នាក់ មក​ពី​សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ដើរ​និង​ឈរ​ប្រជ្រៀត​គ្នា​ជា​បែប​ផែន​យ៉ាង​មាន​របៀប ដោយ​នៅ​ក្នុង​ដៃ​​របស់​ពួក​គេ មាន​កាន់​ផ្កា ទៀន ធូប ហើយ​ខ្លះ​កាន់​ព្រះ​ឆាយ​ល័ក្ខណ៍​សម្តេច​ឪ និង​ទង់ជាតិ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។
ព្រះ​សង្ឃ​ប្រមាណ​ជាង ១ ម៉ឺន អង្គ និង​ប្រជា​ពលរដ្ឋ​មិន​តិច​ជាង​១០ ​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​រួម​មាន​សមាជិក​គណបក្ស​នយោបាយ តាជី​ យាយជី សិស្សានុសិស្ស អង្គការ​សង្គម​ស៊ីវិល​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ របស់​លោក​ម៉ម សូណង់ដូ និង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ នៅ​សហគមន៍​បឹងកក់ ដែល​ពលរដ្ឋ​ខ្លះ​មាន​កោរ​សក់ បាន​ធ្វើ​ឲ្យ​ទីធ្លា​នៅ​ខាង​មុខ​បរិវេណ​ព្រះ​បរម​រាជវាំង ពេញ​ប្រៀប​ទៅ​ដោយ​មនុស្ស​។ ក្រុម​អ្នក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ មើល​ទៅ​សុទ្ធ​តែ​បាន​សម្តែង​នូវ​សមាន​ទុក្ខ​ក្តុកក្តួល និង​សោកស្តាយ​ជា​ទី​បំផុត ចំពោះ​ការ​ឃ្លាត​ចាក​ឆ្ងាយ​ជា​រៀង​រហូត របស់​សម្តេច​ឪ។
ជាមួយ​គ្នា​នោះ សកម្មភាព​មនុស្សធម៌​គួរ​ឲ្យ​គោរព​ជា​ច្រើន ត្រូវ​បាន​មនុស្ស​ជាច្រើន​ក្រុម បាន​ធ្វើ​ឡើង​យ៉ាង​មមា​ញឹក ដូច​ជា​ការ​ចែក​ទឹក​បរិសុទ្ធ បាយ​ប្រអប់ ចែក​បបរ ទឹក​ក្រូច ​កន្សែង​ត្រជាក់ ក្រដាស​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ​ជា​ដើម​។ល។ ​បើ​ទោះ​បី​ជា​មាន​ពលរដ្ឋ​ច្រើន​យ៉ាង​ណាក៏​ដោយ ក៏​ពុំ​មាន​សំរាម​បោះ​ចោល​ពាស​វាល​ពាស​កាល​ដែរ ដោយ​សារ​តែ​មាន​ព្រះ​សង្ឃ​ និង​ពលរដ្ឋ​​ជា​ច្រើន បាន​ដើរ​ប្រមូល​សំរាម​ទាំង​នោះ​ យក​ទៅ​ដាក់​នៅ​កន្លែង​ដែល​មាន​សណ្តាប់​ធ្នាប់។
ផ្សែង ធូប បាន​ហុយ​ទ្រលោម អណ្តែត​ទៅ​លើ​អាកាស នៅ​កណ្តាល​ហ្វូង​មនុស្ស​ច្រើន​កក​កុញ ដែល​កំពុង​លុត​ជង្គង់​នៅ​មុខ​ព្រះ​ឆាយាល័ក្ខណ៍​សម្តេចឪ​ ខ្លះ​បាន​យំ​ហូរ​ទឹក​ភ្នែក​រហាម បង្ហាញ​នូវ​ភាព​ក្តុកក្តួល​អាឡោះ​អាល័យ គួរ​ឲ្យ​សង្វេគ​ក្រៃ​លែង។
នៅ ម៉ោង​ប្រមាណ​ជា​ ៥ ល្ងាច​សំឡេង​ស្រែក​ទ្រហោ​យំ បាន​លាន់​ឮយ៉ាង​កង​រំពង​ នៅ​ខណៈ​ដែល​ព្រះ​បាទ សម្តេច​ព្រះ​នរោត្តម​ សីហមុនី​ និង​សម្តេច​ម៉ែ​ ទ្រង់​បាន​យាង​មក​ចាប់ដៃ​សួរ​សុខ​ទុក្ខ​ ប្រជា​ពលរដ្ឋ នៅ​ខាង​ក្រៅ​ព្រះ​បរម​រាជ​វាំង នៅ​មុន​ពេល​ដែល​ទ្រង់ ប្រារព្ធ​ពិធី​តាំង​សម្មាធិ និង​បង្សុកូល​នៅ​ខាង​មុខ​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​ឪ​កាល​ពី​ល្ងាច ​ម្សិលមិញ។ បន្ទាប់​ពី​បាន​គង់​នៅ​ខាង​មុខ​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​ឪ សម្តេច​ម៉ែ បាន​ថើប​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ ដែល​បាន​ដាក់​តាំង​ នៅ​ខាង​មុខ​ព្រះ​សង្ឃ សម្រាប់​ប្រារព្ធ​ពិធី​បង្សុកូល។
អ្នក​ស្ត្រី សុខ ណង់ អាយុ ៦៦ ឆ្នាំ ពាក់​អាវស សំពត​ខ្មៅ មក​ពី​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​បាន​ស្នាក់​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ចំនួន​បី​ថ្ងៃ​មក​ហើយ​នោះ ដែល​យំ​ហូរ​ទឹក​ភ្នែក​រហាម បាន​ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ ដែល​ពលរដ្ឋ​ទូទាំង​ប្រទេស​ចូល​រួម​កាន់​មរណ​ទុក្ខ​ព្រះ​មហា​វីរក្សត្រ ។ អ្នក​ស្រី ត្រូវ​តែ​អុជធូប ដើម្បី​ឧទ្ទិសកុសល ដល់​ព្រះ​មហាវីរក្សត្រ សូម​ឲ្យ​ព្រះ​អង្គ បាន​យាង​ទៅ​សោយ​សុខ ​នៅ​ឋាន​សួគ៌ និង​សូម​ឲ្យ​បែរ​ក្រោយ ជួយ​ថែរក្សា​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ឲ្យ​មាន​សុខ​សន្តិភាព​ ដូច​កាល​ដែល​ព្រះ​អង្គ​នៅ​មាន​ព្រះជន្ម​។ ​ស្ត្រី​ចំណាស់​រូប​នេះ ​បាន​និយាយ​ទៀត​ថា​៖ «ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ពេល​ណា​ដែល​ខ្ញុំ​ បាន​ចូល​អុជធូប​គោរព​ព្រះ​បរមសព​របស់​ព្រះ​អង្គ​នៅ​ក្នុង​វាំង​ ដើម្បី​តប​ស្នងសង​គុណ​ព្រះ​អង្គ​ ដែល​បាន​ជួយ​ប្រទេស ឲ្យ​មាន​សុខ​សន្តិភាព​»។ អ្នក​ស្រី​បាន​បញ្ជាក់​ទៀត​ថា​៖«បើ​ទោះ​បី​ជា​ព្រះ​អង្គ​ សោយទិវង្គត​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​គោរព​ព្រះអង្គ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​អស់​ជីវិត»។
ដៃ​ម្ខាង​កាន់​ព្រះ​ ឆាយាល័ក្ខណ៍​សម្តេច​ឪ ជាមួយ​នឹង​ធូប ដៃ​ម្ខាង​កាន់​ឈើ​ច្រត់ នៅ​ខាង​មុខ​​ផ្សែង​ធូប​កំពុង​តែ​ហុយ​ទ្រលោម លោក សេង ឆូយ​ អាយុ ៧៦ ឆ្នាំ មក​ពី​ខេត្ត​កំពង់ចាម ដែល​ធ្លាប់​ធ្វើ​ជា​ទាហាន នៅ​ក្នុង​សម័យ​សង្គមរាស្ត្រ​និយម បាន​និយាយ​ថា​ លោក​ពិត​ជា​មិន​អាច​បំភ្លេច​បាន​ទេ ចំពោះ​គុណ​បំណាច់​របស់​​សម្តេច​ឪ ដែល​បាន​ធ្វើ​ ចំពោះ​ប្រទេស​កម្ពុជា។ លោក​បាន​បន្ត​ថា​៖«ព្រះ​អង្គ​គឺជា​ម្ចាស់​ផែន​ដី​របស់​ខ្ញុំ​ ព្រះ​អង្គ​បាន​ជួយ​ប្រទេស​ដ៏​តូច​មួយ​នេះ​ ឲ្យ​រួច​ចាក​ផុត​ពី​ភ្នក់​ភ្លើង​សង្គ្រាម និង​ទុក្ខ​វេទនា​។ ខ្ញុំ​សូម​បួង​សួង​ឲ្យ​ព្រះអង្គ​ បាន​យាង​មក​ចាប់​ជាតិ​ក្នុង​ត្រកូល​រាជ​វង្ស ហើយ​ឡើង​សោយរាជ្យ ​គ្រប់​គ្រង​ផែន​ដី​កម្ពុជា​បន្ត​ទៀត​»។​
អង្គុយ​នៅ​ក្នុង​រទេះ ដៃ​កាន់​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហាវីរក្សត្រ​ លោក​សៀ សុផុន អាយុ ៤៦ ឆ្នាំ​ តំណាង​សមាគម​អ្នក​ប្រជាធិបតេយ្យ មក​ពី​ខេត្ត​កំពង់ចាម ​បាន​ថ្លែងថា អ្វី​ដែល​លោក​មក​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ឧទ្ទិសកុសល​ ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ ក៏​ដូច​ជា​ថ្លែង​ការ​ដឹង​គុណ​ ដល់​ព្រះ​អង្គ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស ថ្ងៃ ២៣​ តុលា​ឆ្នាំ ១៩៩១​ ដើម្បី​បញ្ចប់​សង្គ្រាម​​ដ៏​រ៉ាំ​រ៉ៃ រវាង​ខ្មែរ​និង​ខ្មែរ​។​ លោក និយាយ​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា​ រាជ​រដ្ឋាភិបាល នឹង​ធ្វើ​តាម​គន្លង​របស់​ព្រះ​មហាវីរក្សត្រ​ ធ្វើ​ឲ្យ​ប្រទេស​រីកចម្រើន និង​ប្រព័ន្ធ​តុលាការ​យុត្តិធម៌​មិន​លម្អៀង​»។
កំពុង​តែ​មមាញឹក​ ក្នុង​ការ​ដើរ​ចែក​ទឹក​សុទ្ធ​ដោយ​ឥតគិត​ថ្លៃ​ដល់​សាធារណជន យុវសិស្ស​អង្គ​ សុគន្ធ​មុន្នីរ័ត្ន​ សិស្ស​ថ្នាក់​ទី១២ នៃ​វិទ្យាស្ថាន​ប៊ែលធី បាន​ថ្លែង​ថា ខ្លួន​និង​មិត្ត​រួម​ថ្នាក់ បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ​អស់​រយៈ​ពេល ​២​ ថ្ងៃ​មក​ហើយ​ ហើយ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នេះ​ គឺ​ដើម្បី​រួម​ចំណែក ក្នុង​ការ​ចូល​រួម​រំលែក​មរណ​ទុក្ខ ​របស់​ព្រះ​មហាក្សត្រ​។ កញ្ញា​បន្ត​ថា​៖ ​«​ពួក​យើង​គ្មាន​ថវិកា​អី​ច្រើន​នឹង​គេទេ ​គឺ​បាន​រៃ​លុយ​មិត្តភក្តិ​ម្នាក់​ពី ៥០០០ ទៅ ១០០០០ រៀល​ប៉ុណ្ណោះ ដើម្បី​យក​មក​ទិញ​ទឹក​សុទ្ធ​ ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ខ្ញុំ​បាន​ចែក​អស់​ចំនួន ​៤៥ ​យួរ ​រួច​មក​ហើយ​។ ខ្ញុំ​មាន​ការ​រីករាយ ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​សង្គម​ ជា​ពិសេស​នៅ​ក្នុង​ឱកាស​ដ៏​មហា​ឡោរិក​នេះ»។
នៅ​ខណៈ​មនុស្ស​រាប់ម៉ឺន នាក់​បាន​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​មហាវីរក្សត្រ​នោះ​ ព្រះ​សង្ឃ​ប្រមាណ​ជាង ​១ ម៉ឺន​អង្គ​ មក​ពី​គ្រប់​វត្ត​ ក្នុង​រាជធានី​ភ្នំពេញ​ និង​មក​ពី​តាម​បណ្តា​វត្ត​ផ្សេងៗ នៅ​ជិត​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​តាំង​សម្មាធិ​ និង​សូត្រ​មន្ត​បង្សុកូល ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះ​មហាវីរក្សត្រ។
ព្រះធម្មពោធិ៍សាចារ្យ ​គី សុវណ្ណរតនា ចៅ​អធិការ​វត្ត​ថ្វាយ​បង្គំ និង​ជា​វិទ្យាធិការ​រង ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ បាន​មាន​ថេរ​ដីកា​ថា​៖«​នេះ​គឺជា​ការ​បង្សុកូល​ដ៏​ធំ​បំផុត​មួយ ​ដែល​ពុំ​ធ្លាប់​មាន​នៅ​ពេល​កន្លង​មក។​ មិន​ដែល​មាន​ពិធី​បង្សុកូល​ណា​ មាន​ព្រះ​សង្ឃ​ជាង ១ ម៉ឺន​អង្គ​យ៉ាង​ដូច្នេះ​ទេ»៕

No comments:

Post a Comment

I like Blogger