សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, October 9, 2012

ក្នុង​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពលរដ្ឋ​រងគ្រោះ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ

ឆាយ ច័ន្ទនីដា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៩​​ តុលា​ ២០១២


























ក្រុម​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ស្រែក​ទាម​ទារ​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​​ចេញ​ពី​ទី​ក្រុង​។ រូបថត ហុង មិនា

ភ្នំពេញៈ នៅ​ក្នុង​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ កាល​ពី​ម្សិល​មិញ តំណាង​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ការ​បណ្តេញ​ចេញ ដោយ​បង្ខំ ប្រមាណ ៤០០ នាក់ មក​ពី​សហគមន៍​ចំនួន​ ៤០​ ក្នុង​រាជធានី​ភ្នំពេញ និង​សកម្មជន​សិទ្ធិ​មនុស្ស បាន​ដាក់​ញតិ្ត​ជូន​រដ្ឋសភា​ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ ធ្វើ​អន្ត​រាគមន៍ ទៅ​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ​ទាំង​បំពាន ដែល​បាន​រុញ​ច្រាន​ពលរដ្ឋ​ដែល​ក្រីក្រ​ស្រាប់ ឲ្យ​កាន់​តែ​ធ្លាក់​ចូល​ជ្រៅ ទៅ​ក្នុង​រណ្តៅ​នៃ​ភាព​ក្រីក្រ​ថែម​ទៀត​។

ពលរដ្ឋ និង​សកម្មជន​សិទ្ធិ​ដីធ្លី ដែល​ចូលរួម​ក្នុង​ទិវា ដែល​ប្រារព្ធ​នៅ​អតី​តតំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន នា​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ពាក់​អាវ​យឺត​ពណ៌ខ្មៅ សរសេរ​ថា «តំបន់​គ្មាន​ការ​បណ្តេញ​ចេញ» និង​ពាក់​មួក​ធ្វើ​ពី​ក្រដាស​រឹង​ពណ៌​ស រូប​ផ្ទះ ដោយ​ខ្លះ​សរសេរ​សុំ​ឲ្យ​ដោះ​លែង​ចំពោះ​សកម្មជន​សិទ្ធិ​ដីធ្លី​លោក​ស្រី យ៉ោម បុប្ផា​ មក​ពី​សហគមន៍​បឹងកក់ និង​ខ្លះ​សុំ​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ​។ ការ​ប្រារព្ធ​ទិវា​នេះ ក៏​ធ្វើ​ឡើង ដើម្បី​រំឭក​ដល់​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ ពី​សហគមន៍​នានា ក្នុង​ក្រុង​ភ្នំពេញ​កន្លង​មក មាន​ដូច​ជា​សហគមន៍​ដី​ក្រហម ក្រុម​ ៧៨​ សហគមន៍​ផ្លូវ​រថ​ភ្លើង​ សហគមន៍​បឹងកក់ សហគមន៍​បុរី​កីឡា ដោយ​មិនមាន​នូវ​ការ​ផ្តល់​សំណង​សមរម្យ។


ក្រុម​ពលរដ្ឋ​បាន​ប្រើ​ ឧគ្ឃោសនសព្ទ​បំពង​សំឡេង ស្រែក​ច្រៀង​រៀប​រាប់​ ពី​ទុក្ខសោក​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន ក្រោម​លេស​ «អភិវឌ្ឍន៍​ទីក្រុង» និង​ស្នើ​ឲ្យ​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ផា សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់ អ្នក​ស្រី ទឹម សាក់មុន្នី សកម្ម​ជន​ដីធ្លី នៅ​បុរី​កីឡា និង​រួម​ទាំង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​លោក​ ម៉ម សុណង់ដូ ដែល​ត្រូវ​តុលាការ​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ​២០ ឆ្នាំ ​ ក្នុង​ករណី​ជម្លោះ​ដីធ្លី​មួយ​នៅ​ខេត្ត​ក្រចេះ​ផង​ដែរ​។


កញ្ញា ចេង ស្រីវណ្ណ អតីត​ប្រជា​ពលរដ្ឋ ​នៅ​តំបន់​ដី​ក្រហម ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​កាល​ពី​ដើម​ឆ្នាំ ២០០៩ ថ្លែង​ថា ក្រុម​គ្រួសារ​នាង​ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ ឈូសឆាយ​កម្ទេច​ផ្ទះ​ចោល​ដោយ​គ្មាន​សំណង​មួយ​សេនណា​សោះ ធ្វើ​ឲ្យ​ជីវភាព​របស់​គ្រួ​សារ​នាង ​កាន់​តែ​ធ្លាក់​ដុន​ដាប។ នាង​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​ថ្មី​របស់​នាង ដែល​ទិញ​និង​ជួសជុល​ អស់​ប្រមាណ​ ២ ពាន់​ដុល្លារ សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្បែរ​មាត់​លូ​ទឹក​ស្អុយ ក្នុង​តំបន់​បឹង​ត្របែក​ ក៏​អាច​ត្រូវ​រង​ការ​បណ្តេញ​ចេញ​ថែម​ទៀត​ផង​ដែរ ក្រោម​លេស «អភិវឌ្ឍន៍​រាជធានី» ដូច​គ្នា​នេះ​។ កញ្ញា​ថ្លែង​ថា ៖ «ការ​បណ្តេញ​ចេញ ដោយ​បង្ខំ​ និង​គ្មាន​សំណង គឺ​ធ្វើ​ឲ្យ​យើង​លំបាក​វេទនា ព្រោះ​យើង​មិន​បាន​លុយ​មួយ​សេន​សោះ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ទិញ​ផ្ទះ​ ក្នុង​តម្លៃ​ថោក​ ដើម្បី​រស់នៅ ទោះ​ដឹង​ថា អនាគត នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ទៀត​ក៏​ដោយ»។

លោក អ៊ាង វុទ្ធី តំណាង​អង្គការ​សមធម៌​កម្ពុជា បាន​ថ្លែង​ថា​ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ ចូលរួម​ក្នុង​ទិវា​នេះ គឺ​ដើម្បី​​រំឭក​ដល់​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​លំនៅដ្ឋាន​និង​​បញ្ឈប់​ ការ​បណ្តេញ​ចេញ​ដោយ​បង្ខំពី​ព្រោះ​ថា ការ​បណ្តេញ​ចេញ មាន​ផល​អាក្រក់​ដល់​ពលរដ្ឋ​ក្រីក្រ។

លោក​ថ្លែង​ថា៖ «​នៅ​ទីតាំង​ថ្មី មាន​ការ​លំបាក​គ្រប់​បែប​យ៉ាង​ ស្ថិត​នៅ​ឆ្ងាយ ខ្វះ​ហេដ្ឋារច​នា​សម្ព័ន្ធ កូន​ចៅ​ប្រជា​ពលរដ្ឋ បាត់​បង់​ការ​សិក្សា និង​ជីវភាព​ធ្លាក់​ដុន​ដាប ដោយ​គ្មាន​មុខ​របរ​។ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ពី​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ​ជា​ជាង​ការ​បណ្តេញ​ចេញ​ទៅ​ទីតាំង​​ថ្មី​ ដែល​មិន​មាន​ការ​រៀបចំ​ហេដ្ឋា​រចនា​សម័ន្ធ​ឲ្យ​បាន​សមរម្យ​»។

ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​រាជធានី មាន​ផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន។ លោក​បាន​ស្តី​បន្ទោស​ក្រុម​អ្នក​តវ៉ា​វិញ​ថា​ គឺ​គ្រាន់​តែ​ធ្វើ​ឡើង ដើម្បី​ប្រឆាំង​ទៅ​នឹង​ដំណើរ​ការ​អភិវឌ្ឍ​ របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ លោក ឡុង ឌីម៉ង់ បាន​និយាយ​ទៀត​ថា​៖«ការ​តវ៉ា​នេះ សឹង​តែ​ក្លាយ​ទៅ​ជា​អាជីព​របស់​ពួក​គាត់​ទៅ​ហើយ ពី​ព្រោះ​យើង​ឃើញ​អ្នក​តវ៉ា មាន​មុខ​ដដែល​ៗ។ គាត់​រក​លេស ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​មិន​បាន​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ»។

យ៉ាង​ណា​ក្តី លោក​ស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ថា ការ​អភិវឌ្ឍ​ គឺ​មិន​អាច​ចៀស​រួច​ទេ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច​ជា​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ ត្រូវ​គិតគូរ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ធ្វើ​យ៉ាង​ណា ​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​ប្រជាជន​តិច​តួច​បំផុត។

ក្រុម​មន្ត្រី​ អង្គការ​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ ត្រូវ​​បាន​អាជ្ញាធរ​រាជធានី ប្រើ​កម្លាំង​បណ្តេញ​ចេញ ដោយ​បង្ខំ ជា​អ្វី​ដែល​ក្រុម​មន្ត្រី​បាន​អធិប្បាយ​ថា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ទីក្រុង​ក៏​ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ អតីត​ទីតាំង ដែល​ត្រូវ​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ទាំង​នោះ ដូច​ជា​សហគមន៍​សម្បុក​ចាប ក្រុម ៧៨ និង​សហគមន៍​ដី​ក្រហម​ជា​ដើម​។ល។ មិន​ទាន់​ឃើញ​មាន​ការ​អភិវឌ្ឍ​អ្វី​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​ការ​ពុះ​ចែក​ដី​គ្នា ធ្វើ​របង​ទុក​ចោល​ ពី​សំណាក់​​ក្រុម​ឈ្មួញ​មាន​ប្រាក់​ស្តុកស្តម្ភ​មួយ​ចំនួន​តូច​​តែ​ប៉ុណ្ណោះ៕

Tags: ការបណ្តេញចេញដោយបង្ខំ, ការអភិវឌ្ឍន៍, ឃុំខ្លួន, ទំនាស់ដី, បឹងកក់, បុរីកីឡា, ភ្នំពេញ, សិទ្ធិមនុស្ស

No comments:

Post a Comment

I like Blogger