សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

តុលាការ​យោធា​កោះ​ហៅ​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

ឡេង ម៉ាលី វិទ្យុអាស៊ីសេរី ថ្ងៃទី២៣ ខែធ្នូ ២០១២

​យក​ព័ត៌មាន​ឱ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) មួយ​រូប ត្រូវ​តុលាការ​យោធា​កោះ​ហៅ​ឱ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១២ ទាក់ទង​នឹង​អត្ថបទ​របស់​ខ្លួន​ដែល​សរសេរ​អំពី​ការ​ឈូស​ឆាយ​យក​ដី​របប​យោធា​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ គឺ​លោក ប៊ុត រស្មីគង្គា ថ្លែង​ថា លោក​នឹង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​លោក ប៉ោក ប៉ន ជា​អនុ​ប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី ២៤ ធ្នូ ឆ្នាំ ២០១២ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ អំពី​សុវត្ថិភាព​ក្ដី៖ «ឥឡូវ​នេះ​ខ្ញុំ​ព្រួយបារម្ភ ខ្វល់​ថា តើ​គេ​ហៅ​ទៅ​ហ្នឹង​ក្នុង​បទ​បរិហារ​កេរ្តិ៍ បទ​ផ្ដល់​ព័ត៌មាន​មិន​ពិត ឬ​ក៏​ជា​សាក្សី ឈ្លេចសួរ​ពី​រឿង​អត្ថបទ​ដែល​ខ្ញុំ​បាន​ចុះ​ផ្សាយ​ហ្នឹង​បាទ!»។

លោក ប៊ុត រស្មីគង្គា មាន​ប្រសាសន៍​ឱ្យ​ថា នៅ​ក្នុង​ដីកា​កោះ​ចេញ​ដោយ​លោក ប៉ោក ប៉ន អនុប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ គឺ​តម្រូវ​ឱ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​បទ​ព្រហ្មទណ្ឌ ទាក់ទង​នឹង​អត្ថបទ​របស់​លោក ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០១២ ដែល​ថា លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ គន់ គីម ពាក់ព័ន្ធ​នឹង​ការ​កាត់​យក​ដី​របប​យោធា ៥ ពាន់​ហិកតារ លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម ពីរ គឺ​ក្រុមហ៊ុន​តៃនិញ សៀមរាប និង​ក្រុមហ៊ុន បេស រ៉ូយ៉ាល់ (Best Royal)។ បញ្ហា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​របស់​គ្រួសារ​កង​ទ័ព។


អត្ថបទ​កាសែត​លោក ប៊ុត រស្មីគង្គា បាន​បន្ត​ថា ទាក់ទង​នឹង​បញ្ហា​នេះ​មាន​មនុស្ស​ប្រមាណ ១.៥០០​នាក់ ដែល​មាន​មេ​បញ្ជាការ មេ​បញ្ជាការ​រង និង​កូន​ទាហាន​ផង គ្រោង​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តវ៉ា​រឿង​កាត់​ដី​នោះ។

នៅ​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២ ដដែល មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ ២ និង​មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ ដែល​មាន​លោក​ឧត្ដម​សេនីយ៍ ឈុំ ខេង និង​មេ​បញ្ជាការ​រង​ចំនួន ១២ រូប​ទៀត បាន​ផ្ញើ​លិខិត​បំភ្លឺ​ថា អ្វី​ដែល​លោក ប៊ុត រស្មី​គង្គា សរសេរ​នោះ​មិន​ត្រឹម​ត្រូវ​ទេ ហើយ​សុំ​ឱ្យ​កែ​តម្រូវ​ឡើង​វិញ។ កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​លិខិត​នោះ​ នៅ​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ ២០១២។

លោក ប៊ុត រស្មីគង្គា ថ្លែង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ដីកា​នេះ ពី​ព្រោះ​រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ដឹង​ថា នរណា​ជា​ដើម​បណ្ដឹង​ទេ៖ «ថ្ងៃ​ទី ២ ខែ​កក្កដា យើង​បាន​កែ​តម្រូវ រួច​ក៏​ស្ងាត់​ជ្រាប​ទៅ។ ពេល​ថ្មីៗ នេះ ស្រាប់​តែ​មាន​លិខិត​មួយ កោះ​ហៅ​ខ្ញុំ​ឱ្យ​មក​ចូល​បំភ្លឺ​តុលាការ។ ប៉ុន្តែ​ក្នុង​សំណុំ​រឿង ដែល​គេ​កោះ​ហៅ​ខ្ញុំ​ហ្នឹង គឺ​គេ​ដាក់​សំណុំរឿង​ព្រហ្មទណ្ឌ។ អ៊ីចឹង​ខ្ញុំ​ឆ្ងល់​ដែរ​ថា តើ​ខ្ញុំ​ត្រូវ​គេ​ប្ដឹង​ពី​បទ​អី យើង​ក៏​អត់​ច្បាស់​ដែរ។ ឥឡូវ​ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ»។

លោក ប៊ុត រស្មីគង្គា មាន​ប្រសាសន៍​ថា ពាក្យ​បណ្ដឹង​ដែល​ទាក់ទង​នឹង​រូប​លោក​នេះ​ទំនង​ជា​មិន​មែន​ធ្វើ​ឡើង​លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ គន់ គីម ទេ ពី​ព្រោះ​កន្លង​មក​ធ្លាប់​មាន​ការ​បកស្រាយ​បំភ្លឺ​រួច​រាល់​ម្ដង​ហើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ការ​បញ្ជាក់​ពី​លោក ប៉ោក ប៉ន អនុ​ប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ធ្នូ នេះ៕

No comments:

Post a Comment

I like Blogger