សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

អ្នក​រត់​ចោល​ម៉ម សូណង់ដូ​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

មាស សុខ​ជា​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២១ ធ្នូ ២០១២

ភ្នំពេញៈ មេ​ដឹក​នាំ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សូណង់ដូ ៣ នាក់ ត្រូវ​បាន​តែង​តាំង និង ៨ នាក់​ផ្សេង​ទៀត នឹង​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួក​គេ រត់​ចោល​លោក​ម៉ម សូណង់ដូ ដែល​កំពុង​ជាប់​ឃុំ ហើយ​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ​នេះ​បើ​តាម​មន្ត្រី​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​លោក​ញឹក ប៊ុន ឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក ជា បំរ៉ុង អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា លោក​និង​សមាជិក​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍ ៩ នាក់​ទៀត ​និង​មេ​ដឹក​នាំ ៣៣ នាក់ ក្នុង​ខេត្ត​ក្រុង​១១ បាន​សម្រេច​ចិត្ត ចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយ​សារ​បាត់​បង់​ទំនុក​ចិត្ត​លើ​សមាគម បន្ទាប់ពី​ពួក​គេ​បាន​ព្យាយាម​បម្រើ និង​ខំ​រក​គន្លឹះ​ជួយ​លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ មិន​បាន​ជោគជ័យ។

លោក បញ្ជាក់​ថា៖«​ខ្ញុំ​បាន​ចរចា​ជាមួយ​នឹង​ឯកឧត្តម ញឹក ប៊ុនឆៃ ៣‑៤ ដង​ថា​ខ្ញុំ​ចង់​ចូល​រួម​ដើរ​តាម​មាគ៌ា​របស់​ព្រះ​មហាវីរក្សត្រ [នរោត្តម សីហនុ]។ សមាគម​បាន​ឈាន​ដល់​ផ្លូវ​ជាប់​គាំង​ដែល​មិន​អាច​ទៅ​មុខ​ទៀត​បាន​ទេ»។


ទោះ​ជា​យ៉ាង​ណា លោក ជា បំរ៉ុង បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ថា​តើ​សមាគម​អ្នក​ប្រជាធិបតេយ្យ​នឹង​បិទ​ទ្វារ​ឬ​យ៉ាង​ណា​ឡើយ។ ​លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​បាន​ដាក់​លក្ខខណ្ឌ​ជា​មួយ​ឯក​ឧត្តម ញឹក ប៊ុនឆៃ។ ​ខ្ញុំ​ចូល​រួម​ដើម្បី​កសាង​ជាតិ​តាម​មាគ៌ា​កណ្តាល។ ប្រសិន​បើ​ខ្ញុំ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គេ​នឹង​និយាយ​ថា ខ្ញុំ​ចង់​បាន​អត្ថប្រយោជន៍។ ប្រសិន​បើ​ចូល​គណបក្ស​ប្រឆាំង គេ​ថាខ្ញុំ​ប្រឆាំង​រដ្ឋាភិបាល​»។ លោក​បន្ថែម​ថា លោក​ញឹក ប៊ុនឆៃ​មិន បាន​សន្យា​ផ្តល់​អត្ថ​ប្រយោជន៍ ឬ​តំណែង​អ្វី​ ដល់​រូប​លោក និង​សហ​សេវិក​ឡើយ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា រូប​លោក និង​សហសេវិក​ពីរ​នាក់​ទៀត ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល។

លោកនឹម បាន​អតីត​អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា៖ «​តុលាការ​បាន​កាត់​ទោស​លោក​ ម៉ម សូណង់ដូ​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ ដូច្នេះ សមាគម មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ វា​ជាប់​គាំង»។

យ៉ាង​ណា​ក្តី លោក​ស្រី ឌិន ផាណារ៉ា ភរិយា​លោក​សូណង់ដូ និង​ជា​អគ្គ​លេខាធិការ នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​និង​សមាជិក​ទាំង​នោះ ​បាន​លាលែង​ពី​សមាគម​ក៏​ដោយ ប៉ុន្តែ​សមាគម​នឹង​នៅ​តែ​បន្ត​​ដំណើរ​ការ​ទៅ​មុខ​ដោយ​មិន​រំលាយ​ចោល​ឡើយ​រហូត ប្តី​លោក​ស្រី​ចេញ​មក​វិញ។

លោក​ស្រី បាន​លើក​ឡើង​ថា៖ «ពួក​គាត់​លាលែង​ជា​សិទិ្ធ​របស់​ពួក​គាត់​។ យើង​មាន​សមាជិក​ថ្មី​ចូល​ថែម​ទៀត វា​គ្មាន​បញ្ហា​ទេ។ ខ្ញុំ​សង្ឃឹម​ថា លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ដោះ​លែង​នៅ​ក្នុង​ពេល​ឆាប់ៗ»។ លោក​ស្រី បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ មាន​តែ​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍ ២ នាក់​ប៉ុណ្ណោះ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​សមាគម។

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​អះអាង​ថា មាន​សមាជិក​រាប់​ពាន់​នាក់​មក​ពី​សមាគម​លោក ម៉ម សូណង់ដូ ចាប់​ពី​សមាជិក​ធម្មតា ​រហូត​ដល់​ថ្នាក់​ដឹក​នាំ បាន​ចូល​រួម​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។ ​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា លោក​មិន​បាន​សន្យា​ផ្តល់​អត្ថ​ប្រយោជន៍ ឬ​តំណែង​ដល់​ពួក​គេ​ឡើយ​ ប៉ុន្តែ លោក​នឹង​ស្នើ​សុំ​រដ្ឋាភិបាល​ ចេញ​អនុក្រឹត្យ តែង​តាំង​សមាជិក ៨ រូប​ថែម​ទៀត បន្ថែម​ពី​លើ​សមាជិក​៣​រូប ដែល​បាន​តែងតាំង​ជាទីប្រក្សា​រដ្ឋាភិបាល​រួច​ហើយ។

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ដែល​បាន​ចូល​រួម​ជាមួយ​នឹង​លោក ជា បំរ៉ុង​ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ បាន​សម្តែង​ការ​សាទរ ចំពោះ​ការ​ចូល​រួម​របស់​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច ដោយ​លោក​បញ្ជាក់​ថា នេះ​គឺជា​សិទិ្ធ​របស់​ពួក​គេ ក្នុង​ការ​ធ្វើ​នយោបាយ៕ TK

No comments:

Post a Comment

I like Blogger