សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​លោក​ចាន់ សុវ៉េត​តែ​នៅ​រក្សា​បទ​ចោទ​ដដែល

Tuesday, 25 December 2012 ម៉ៃ ទិត្យ​ថារ៉ា និង Abby Seiff Phnom Penh Post





















លោក ចាន់ សុវ៉េត អមដោយ​អ្នក​គាំទ្រ អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ នៅ​ពេល​ដែលលោក​​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិល​មិញ​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង​ ទាក់ទិន​ទៅ​នឹង​បទល្មើស​ផ្តល់​ជំនួយ​ដល់​ចារី​ សាលា​ដំបូង​រាជធានី បាន​សម្រេច​មិន​ធ្វើ​ការ​ឃុំ​ខ្លួន​ លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ ហុក​ទេ ប៉ុន្តែ​ចៅក្រម​ស៊ើប​សួរ​បាន​បដិសេធ​មិន​លើក​លែង​បទ​ចោទ​ប្រកាន់​ដោយ​សម្រេច​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។

នៅ ក្រៅ​បន្ទប់​តុលាការ​កាល​ពី​រសៀល​ម្សិលមិញ មជ្ឈដ្ឋាន​អ្នក​តាម​ដាន​សិទ្ធិ​មនុស្ស​ពី​​អង្គការ​អាដហុក និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ ​មនុស្ស​កាន់​តែ​មាន​អារម្មណ៍​តានតឹង​ឡើងៗ​នៅ​ពេល​ដែល​ការ​សាកសួរ លោក​ចាន់ សុវ៉េត ដែល​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​បិទ​ទ្វារ​ បាន​ឈាន​ចូល​ដល់​ម៉ោង​ទីពីរ។


នៅ​ទីបំផុត បន្ទាប់​ពី​ប្រហែល​៧០​នាទី​ក្រោយ​ពីចូល​បន្ទប់​តុលាការ លោក ចាន់ សុវ៉េត បាន​ដើរ​ចេញ​ពី​បន្ទប់​តុលាការ និង​បាន​ប្រកាស​ថា លោក​នឹង​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ។ ​លោក​បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​បន្ទប់​តុលាការ​ថា​៖ «​តុលាការ​បាន​សម្រេច​មិន​ឃុំ​ខ្លួន​ខ្ញុំ​ទេ​ ប៉ុន្តែ​បទ​ចោទ​ប្រកាន់​នៅ​តែ​មាន ដដែល​»។

លោក បាន​បន្ថែម​ដោយ​ខ្លី មុន​ពេល​ដើរ​ចេញ​ពី​តុលាការ​ ដោយ​មាន​ការ​អបអរ​ពី​ក្រុម​អ្នក​តវ៉ា​ចំនួន​ប្រហែល​១០០​នាក់ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ដទៃៗ​នៅ​មុខ​នោះ​ថា​៖ «​ពួក​គេ​មិន​លើក​លែង​បទ​ចោទ​ប្រកាន់​នេះ​ទេ ហើយ​ព្រះ​រាជ​អាជ្ញា​នៅ​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​នៅ​ឡើយ​»។

អ្នកស្រី ង៉ែ ផាន អាយុ​៥៩​ឆ្នាំ​ ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ស្ទឹងត្រែង​ដើម្បី​មើល​ដំណើរ​ការ​នីតិវិធី​ តុលាការ​នេះ​ បាន​ថ្លែង​ថា​៖ «យើង​ស្វែងរក​យុត្តិធម៌ ​ដូច្នេះ​នេះ​ហើយ​ជា​ហេតុផល​ដែល​យើង​មក​គាំទ្រ​គាត់​»។ «​គាត់​ជា​មន្រ្តី​សិទ្ធិ​មនុស្ស គាត់​នៅ​តែ​ទទួល​ការ​កោះ​ហៅ​ពី​តុលាការ​។ ​តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច​ទៅ​សម្រាប់​ប្រជាជន​ធម្មតា​? ​តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង​ប្រសិន​បើ​យើង​ហ៊ាន​និយាយ​ចេញ​មក ដូច​គាត់​?»

ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​ជំនួយ​ដល់​ចារី ដែល​ជា​បទ​ល្មើស​មួយ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​៣​ឆ្នាំ លោក ចាន់ សុវ៉េត នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​បន្ថែម​ទៀត និង​ចូល​សវនាការ ប្រសិន​បើ​តុលាការ​នៅ​តែ​បន្ត​នីតិវិធី​ទៅ​មុខ​ទៀត។

ខណៈ​ដែល​មន្រ្តី​តុលាការ​នៅ​តែ​លាក់​ព័ត៌មាន​លម្អិត​អំពី​ករណី​នេះ​មេ ធាវី​លោក ចាន់ សុវ៉េត បាន​ថ្លែង​ថា ​យោង​តាម​សំណុំ​រឿង​នេះ លោក ចាន់ សុវ៉េត ទទួល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ផ្តល់​ជំនួយ​ដល់​មេ​គំនិត​ ម្នាក់​ក្នុង​ចំណោម​មេ​គំនិត​នៃ​តំបន់​អបគមន៍​ខេត្ត​ក្រចេះ​ដែល អាជ្ញាធរ​ចោទ​ប្រកាន់​។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​បដិសេធ​ជា​ដដែល​ដោយ​លោក ចាន់ សុវ៉េត ​និង​មេធាវី​របស់​លោក រួម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​។ ទោះ​យ៉ាង​ណា​ក្តី ដោយ​សារ​តែ​មាន​ករណី​កាត់​ទោស​លោក ម៉ម សូណង់ដូ ក្រុម​សិទ្ធិ​មនុស្ស​កំពុង​តែ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ អំពី​ស្ថានភាព​នេះ ​ខណៈ​កំពុង​មាន​ក្តី​បារម្ភ​ថា​លោក​ ចាន់ សុវ៉េត​ អាច​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ដែរ។

លោក ម៉ម សូណង់ដូ ត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​តុលា ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ចលនា​តំបន់​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ ហើយ​ដែល​ការ​កាត់​ទោស​នេះ​ត្រូវ​បាន​រិះគន់​ថា ​ជា​ហេតុផល​នយោបាយ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា៖ « វា​ជា​សញ្ញា​ល្អ​មួយ​ដែល​ពួក​គេ​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ពី​តុលាការ​ រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​។ ​ប៉ុន្តែ​បទ​ចោទ​ប្រកាន់​នៅ​តែ​មាន ហេតុ​ដូច្នេះ​ វា​នៅ​តែ​ជា​បញ្ហា​មួយ​ទៀត​​ដែល​យើង​នៅ​ត្រូវ​ការ​តាម​ដាន​យក​ចិត្ត​ទុក ដាក់ ហើយ​បញ្ហា​នេះ​នៅ​តែ​ជា​ក្តី​បារម្ភ ដរាប​ណា​បទ​ចោទ​ប្រកាន់​នៅ​តែ​មាន​លើ​រូប​គាត់ ក្រុម​សិទ្ធិ​មនុស្ស​នៅ​តែ​ធ្វើ​ការ​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​»។

លោក អ៊ូ វីរៈ បាន​ស្គាល់​ថា នៅ​មាន​ការ​ភ័យ​ខ្លាច​ជា​ច្រើន​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស ​វា​កំពុង​មាន​និន្នាការ​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​នឹង​មិន​ចៀស​ពី​ការ​បំបិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​បំបិទ​ការ​ងារ​របស់​ក្រុម​មនុស្ស​មួយ​ចំនួន​ទេ។​

នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លី​មួយ​ធ្វើ​ឡើង​នៅ​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ធន សារ៉ាយ ប្រធាន​អង្គការ​អាដហុក​បាន​ថ្លែង​ឲ្យ​ថា​៖ «ដូច​ដែល​គាត់​បាន​ប្រាប់​ព្រះ​រាជ​អាជ្ញា ​គាត់​មិន​មាន​កំហុស​ទេ ហើយ​ក្នុង​នាម​ជា​សកម្មជន​សិទ្ធិ​មនុស្ស គាត់​មិន​បាន​បំពាន​លើ​ច្បាប់​ទេ​»។ លោក​បន្ត​ថា លក្ខខណ្ឌ​តាម​ដាន​របស់​តុលាការ​គឺ​មាន​លក្ខខណ្ឌ​តឹងតែង​និង​ពិបាក​ទទួល យក ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ របស់​គាត់​​។​លោក​បាន​បន្ថែម​ថា​ ៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​តុលាការ​ធ្វើ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើ​លោក​ចាន់ សុវ៉េត​»។

លោក បាន​ឲ្យ​ដឹង​ទៀត​ថា​តុលាការ​បាន​ចោទ​ប្រកាន់​លោក​សុវ៉េត ទាក់​ទិន​ទៅ​នឹង​ការ​ជួយ​ប្រជាពលរដ្ឋ​ស្រេក​ឃ្លាន​ដែល​អត់​អាហារ​ចំនួន បី​ថ្ងៃ​ដូច្នេះ​ក្នុង​នាម​សម្បុរសធម៌​និង​ធ្វើ​ការ​លើ​វិស័យ សិទ្ធិ​មនុស្ស​ គឺត្រូវ​តែ​ជួយ​។​

លោក ឆែ វីរៈ ចៅក្រម​ស៊ើប​សួរ មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ៕ PS

No comments:

Post a Comment

I like Blogger