សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

អ្នកបឹង​កក់​មាន​ទំនុក​ចិត្ត​ចំពោះ WB

ឃុត សុ​ភចរិយា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២១ ធ្នូ ២០១២

ភ្នំពេញៈ ក្រុមអ្នកតវ៉ា មានទំនុក​ចិត្ត​ថា ធនាគារ​ពិភព​លោក​(WB)​នឹង​នៅ​តែ​ផ្អាក​ការ​ផ្តល់​កម្ចី​ដល់​កម្ពុជា រហូត​ទាល់​តែ​ជម្លោះ​ដីធ្លី នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​ដោះ​ស្រាយ។ នេះ​បើ​យោង​តាម​តំណាង​អ្នក​ភូមិ​ដែល​បាន​ថ្លែង។

ខណៈ​កំពុង​មាន​ការ ​តវ៉ា​នៅ​ខាង​ក្រៅ តំណាង​ចំនួន៧​នាក់​បាន​ជួប​ជាមួយ លោក Alassane Sow អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភព​លោក នៅ​ការិយាល័យ​របស់​លោក​នៅ​មហា​វិថី​នរោត្តម ហើយ​ក្រុម​អ្នក​តំណាង បាន​អះ​អាង​ថា លោក​បាន​ធ្វើ​ការ​សន្យា​ខ្លាំង​ក្លា​មួយ​ដើម្បី​ជួយ​ពួកគេ។

លោក ដួង គា តំណាង​ប្រជា​ជន​នៅ​តំបន់​បឹងកក់ បាន​ថ្លែង​បន្ទាប់​ពី​ជួប​ជាមួយ​លោក​Alassane Sow ថា៖ «យើង​មាន​សេចក្តី​រីករាយ»។ លោក​បន្ត​ថា៖​«លោក Alassane Sow អះ​អាង​ថា គាត់​នឹង​បន្ត​ផ្អាក​កម្ចី​ដល់​រដ្ឋាភិបាល ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ដីធ្លី​របស់​យើង​ក្នុង​លក្ខណៈ​ តម្លាភាព​ទេ​នោះ»។ ធនាគារ​ពិភព​លោក​បាន​ផ្តល់​កម្ចី​ចុង​ក្រោយ​ដល់​កម្ពុជា​ក្នុង​ខែធ្នូ ឆ្នាំ ២០១០ និង​បាន​ប្រកាស​កាល​ពី​ខែ​សីហា ឆ្នាំ​មុន​ថា ខ្លួន​នឹង​មិន​ផ្តល់​កម្ចី​ដល់​រដ្ឋាភិបាល​ទៀត​ទេ​រហូត​ទាល់​តែ​រដ្ឋាភិបាល ដោះ​ស្រាយ​ជម្លោះ​នៅ​តំបន់​បឹងកក់​ចប់​សព្វ​គ្រប់។ ក្រោយ​មក​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​កាត់​ដី​ចំនួន​១២,៤៤ ហិកតា ដើម្បី​ផ្តល់​ទៅ​ឲ្យ​គ្រួសារ​ជាង ៧៥០ គ្រួសារ​នៅ​តំបន់​បឹងកក់ ហើយ​ដែល​ការ​កំណត់​ចែក​ដី​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​រហូត​មក​​ដល់​ពេល​នេះ។


ជាការឆ្លើយតប​នឹង​សំណួរ​ទៅ​កាន់​លោក Alassane Sowអំពី​ជំហរ​របស់​ធនាគារ​ពិភព​លោក ស្តីពី​បញ្ហា​កម្ចី​ដល់​កម្ពុជា អ្នក​នាំ​ពាក្យ​ប្រចាំ​ប្រទេស លោក ប៊ូ សារឿន បាន​សូម​ឲ្យ​មាន​ការ​ឆ្លើយ​ឆ្លង​តាម​អ៊ីមែល មុន​ពេល​បង្វែរ​ទៅ​អត្ថា​ធិប្បាយ​របស់​លោក​ស្រី Pamela Cox អនុប្រធាន​ធនាគារ​ពិភព​លោក អំពី​បញ្ហា​នេះ​នៅ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី៧ ធ្នូ។

ក្នុងអំឡុង​បទសម្ភាស​នោះ លោកស្រី Cox ថា កម្ចី​របស់​ធនាគារ​ពិភព​លោក​ចំពោះ​កម្ពុជា​នឹង​មិន​បន្ត​ផ្តល់​ឲ្យ​ទេ មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប៉ុន្តែ​បាន​ថ្លែង​ថា ធនាគារ​នេះ​មិន​ដាក់​លក្ខខណ្ឌ​លើ​កម្ចី​ទេ។

ការតវ៉ា​ដោយ​រាំ​បទ Gangnam Style កាល​ពី​ថ្ងៃ​ចន្ទ បាន​ផ្តល់​ឥទ្ធិពល​សម្រាប់​ការ​តវ៉ា​នៅ​ក្រៅ​ធនាគារ​កាល​ពី​ម្សិល​មិញ ដោយ​ក្នុង​នោះ​រួមមាន​អ្នក​ភូមិ​មក​ពី​តំបន់​បឹងកក់ បុរីកីឡា​និង​ថ្មគោល។ ការ​តវ៉ា​នេះ ​បាន​ធ្វើ​ឡើង​ខណៈ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​អំពាវ​នាវ​ឲ្យ​មាន ការ​ដោះ​លែង​ជា​បន្ទាន់​ទៅ​លើ​អ្នក​តវ៉ា​ដីធ្លី​ពីរ​នាក់ ពី​ពន្ធនាគារ​ព្រៃស ក្នុង​ក្រុង​ភ្នំពេញ គឺ​អ្នក​ស្រី យ៉ោម បុប្ផា អាយុ ២៩​ឆ្នាំ មក​ពី​តំបន់​បឹង​កក់ និង អ្នក​ស្រី ទឹម សាក់​មុន្នី អាយុ​៦៥ អ្នក​ភូមិ​បុរីកីឡា ដោយ​ហៅ​ការ​ចោទ​ប្រកាន់​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ថា ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ៕

No comments:

Post a Comment

I like Blogger