សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

ឃាតក​លាក់​មុខ​រង់ចាំ​សម្លាប់​មនុស្ស​នៅ​តាម​ផ្លូវ

Monday, 24 December 2012 តុង សុប្រាជ្ញ Phnom Penh Post




















រថយន្តដឹកទំនិញបុកខ្ទេចខាងមុខក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ នៅ​ខណ្ឌ​ឬស្សី​កែវ​រាជធានី​ភ្នំពេញ​កាល​ពី​ពេល​កន្លង​ទៅ។​រូប​ថតម៉េង គីមឡុង
កាលពី​ខែ​មុននេះ ​នៅ​តាម​ផ្លូវ​ជាតិ​លេខ១ ម្តុំ​រមណីយ​ដ្ឋាន​ទេសចរណ៍​កៀន​ស្វាយ មាន​រថយន្ត​វ៉ា​គ្នា ជ្រុល​ទៅ​បុក​រោង​ការ​មួយ​ដែល​សង់​រោង​ចូល​ក្នុង​ផ្លូវ​ជាតិ​លេខ១​នោះ រង​របួស​ភ្ញៀវ​ដែល​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​ជាង​២០​នាក់។ សំណួរ​សួរ​ថា​តើ ​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ?​ ឯ​រថយន្ត​ដែល​គេច​ពី​គេ ទៅ​ប៉ះ​រោងការ​នោះ​មិន​ដឹង​ថា​ត្រូវ​ចាប់​ដាក់​ទោស​កម្រិត​ណា?
រហូតមក ​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​ដោះស្រាយ​ចេញ​ផង។ តើ​មនុស្ស​យើង​គួរ​ទៅ​អង្គុយ​ញ៉ាំ​ការ ឬក៏​ញ៉ាំ​បាយ​បុណ្យ​នៅ​លើ​ផ្លូវ​សាធារណៈ​ដែរ​ឬ​អត់ បើ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​ដូច​ករណី​ខាង​លើ?

នេះ​គ្រាន់​តែ​ លើក​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ចៃដន្យ​មួយ ក្នុង​ការ​យក​ផ្លូវ​សាធារណៈ​មក​ធ្វើ​រោងការ រោង​បុណ្យ​នោះ។ កន្លង​មក​មនុស្ស​មួយ​ចំនួន​បាន​ថ្ងូរ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ដោយ​សារ​គេច​ជង្ហុក​ផ្លូវ ក្រហេង​ក្រហូង តែ​ឥឡូវ​នេះ ផ្លូវ​កាន់​តែ​ល្អ ក៏​កាន់​តែ​គ្រោះ​ថ្នាក់​ដែរ។ តាម​ទិន្នន័យ​ពី​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​រយៈ​ពេល​១១​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ គឺ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ដល់​ទៅ​ជិត​២ពាន់​នាក់ អ្នក​របួស​ធ្ងន់​ជាង​៤ពាន់​នាក់។
ការស្លាប់​បាត់​បង់​ជីវិត​នៅ​តាម​ដង ផ្លូវ​សាធារណៈ ​នៅ​តែជា​បញ្ហា​នាំ​មុខ​គេ​ដដែល បើ​ប្រៀប​ធៀប​ជាមួយ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍​ដែល​មាន​ការ​ថយ​ចុះ ជា​លំដាប់​គួរ​ឲ្យ​កត់​សម្គាល់ ធ្វើ​ឲ្យ​អត្រា​ប្រេ​វ៉ាឡង់​នៃ​អ្នក​ ផ្ទុក​មេរោគ​អេដស៍​ថយ​ចុះ​មក​ត្រឹម​០,៧ ភាគរយ ​(NCHADS, 2012)។
ចំនួន ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ មាន​ចំនួន​ខ្ពស់​ជាង​អ្នក​ស្លាប់​ដោយសារ​គ្រាប់​មីន ដែល​ជា​ឃាតក​លាក់​ខ្លួន​នៅ​ក្រោម​ដី​វិញ​ដល់​ទៅ​១០​ដង​ឯណោះ ដែល​មាន​អ្នក​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​គឺ​ប្រហែល​ជា ២០០​នាក់​តែ​ប៉ុណ្ណោះ (អង្គការ CMVIS, 2012)។ បើ​ប្រៀប​ធៀប​ជាមួយ​ការ​ធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​ថៃ​នៅ​ក្បែរ ប្រាសាទ​ព្រះ​វិហារ​កន្លង​ទៅ​នេះ មាន​ទាហាន​ស្លាប់​បន្តិច​បន្តួច​សោះ គឺ​ទាំង​រាជ​រដ្ឋាភិបាល ទាំង​ប្រជា​ពលរដ្ឋ​នាំគ្នា​ផ្អើល និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។
អង្គការជនពិការ​អន្តរជាតិ បាន​រក​ឃើញ​ថា គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​២០១១ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទំាង​មូល​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ​៣១០​លាន​ដុល្លារ ដែល​តួលេខ​នេះ កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។
នេះ​គ្រាន់​តែ​ជា​ការ​ខាត​បង់​ជាក់​ស្តែង ប្រសិន​ជន​រងគ្រោះ​ស្លាប់ ឬក៏​ពិការ​មួយ​ជីវិត​នោះ ការ​ខាត​បង់​នឹង​លើស​ពី​នេះ​ទៅ​ទៀត។ ម្យ៉ាង​ទៀត​គឺ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​ជីវភាព​ក្រុម​គ្រួសារ​ បើ​គាត់​ជា​អ្នក​រកស៊ី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ទាំង​មូល​ទៀត​គឺ​រឹតតែ​ វេទនា​ តើ​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម​សមាជិក​គ្រួសារ​របស់​គាត់។ នេះ​គឺ​សុទ្ធ​ជា​បន្ទុក​របស់​រាជ​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ភាព​ក្រីក្រ។ អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ កត្តា​ធនធាន​មនុស្ស​ ព្រោះ​ការ​ចិញ្ចឹម​មនុស្ស​ម្នាក់​ទម្រាំ​តែ​បាន​ធំ​ មាន​ការងារ​ធ្វើ​ហើយ​តើ​វា​ស៊ី​ពេល​អស់​ប៉ុន្មាន​? ហើយ​អស់​ថវិកា​ប៉ុន្មាន?​ ដែល​ទាំង​បច្ចុប្បន្ន និង​អនាគត​របស់​ជន​រង​គ្រោះ​នោះ​នឹង​ក្លាយ​ទៅ​ជា​ថ្នាក់​ដឹក​នាំ ឬ​មន្ត្រី​ជាន់​ខ្ពស់​ ក្នុង​ស្ថាប័ន​ណា​មួយ​ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​។
ជាក់ ​ស្តែង​ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ ​ការ​ស្លាប់​អតីត​ចៅ​ហ្វាយ​ខេត្ត​ក្រចេះ លោក​ ខាំ ​ភឿន ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ គឺ​គាត់​ខិត​ខំ​តស៊ូ​ពី​ណា​ពី​ណី​មក​ទម្រាំ​តែ​បាន​ឡើង​ធ្វើ​ជា​ចៅ​ហ្វាយ ខេត្ត​ នេះ​គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ។ ឧទាហរណ៍​មួយ​ទៀត​ គឺ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ផ្លូវ​ទៅ​ខេត្ត​សៀមរាប​ស្លាប់​ទាំង គ្រួសារ​មក​ពី​ស្រុក​បារាំង ដែល​មក​លេង​ស្រុក​កំណើត​ខ្លួន​ឯង។
កាល​ពី ​សម័យ​ប៉ុល​ពត​ យើង​ថា​មាន​អ្នក​ស្លាប់​ទាំង​គ្រួសារៗ ហេតុ​អ្វី​បាន​ជា​សម័យ​តេជោ មាន​សន្តិភាព​ហើយ​នៅ​មាន​អ្នក​ស្លាប់​ទាំង​គ្រួសារៗ​ទៀត​ដោយសារ​គ្រោះ​ ថ្នាក់​ចរាចរណ៍​ទៅ​វិញ? បើ​ឃើញ​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ​ខាត​បង់​ទាំង​ធនធាន​មនុស្ស ទាំង​ថវិកា​ជាតិ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​បើកបរ​មិន​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ៗ គ្នា? ហេតុអ្វី​បាន​ជា​មិន​គិត​ថា​ខ្លួន​ជា​មនុស្ស​ដ៏​សំខាន់ និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បើកបរ​ដូច​អ្នក​បើក​បរយន្ត​ហោះ?
បើ​ ប្រៀប​ធៀប​ជាមួយ​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​វិញ គឺ​គ្រាន់​ឡើង​អង្គុយ​កៅអី​យន្ត​ហោះ​ភ្លាម​គឺ​សឹង​តែ​មិន​ចាំបាច់​ឲ្យ​ អ្នក​បម្រើ​យន្តហោះ​ប្រាប់​ថា​ឲ្យ​ពាក់​ខ្សែ​ក្រវាត់​ទេ គឺ​ពាក់​ដោយ​ខ្លួន​ឯង​ហើយ​ព្រួយ​បារម្ភ​រហូត​តាំង​ពី​ឡើង​រហូត​ដល់​ចុះ​ចត ព្រោះ​ខ្លាច​ធ្លាក់។ បើ​ទោះ​បី​ជា​ការ​ធ្លាក់​យន្ត​ហោះ​ដោយ​កម្រ គឺ១ ដង ក្នុង​ចំណោម ៨ លាន នៃ​ជើង​ហោះ​ហើរ ហើយ​រាល់​ការ​ធ្លាក់​យន្តហោះ (SOAR, 2012) ទោះ​បី​អ្នក​ជិះ​ទាំង​អស់​នោះ​មិន​ស្លាប់ ឬ​ក៏​របួស​ធ្ងន់ធ្ងរ​ទាំង​អស់​ក៏​ដោយ ក៏​មនុស្ស​នៅ​តែ​ប្រុង​ប្រយ័ត្ន​ខ្លាំង ជាង​ការ​ជិះ​យាន​យន្ត​លើ​ផ្លូវ​ថ្នល់​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​រាល់ ថ្ងៃ​ទៅ​ទៀត។
ជួនកាល​យន្ត​ហោះ​ដឹក​មនុស្ស​តិច​ជាង រថយន្ត​ប៊ើស​ដឹក​អ្នក​ដំណើរ រថយន្ត​ដឹក​សិស្ស​សាលា ​និង​រថយន្ត​ដឹក​កម្មករ កម្មការិនី​ទេ។ តែ​អ្នក​បើក​ហាក់​បី​ដូច​ជា​មិន​ខ្វាយ​ខ្វល់​ពី​ជីវិត​អ្នក​ធ្វើ​ដំណើរ ជាមួយ​នឹង​គាត់​ទេ​គឺ​អាង​ឲ្យ​តែ​មាន​ការ​អ្វី​កើត​ឡើង​គឺ​បើក​ទ្វារ​ឡាន ដាក់​មេផាយ​បាត់ ចង់​អ្នក​ណា​ស្លាប់ ឬ​ក៏​របួស​អី​របួស​ទៅ​គឺ​គាត់​មាន​គោល​ការណ៍​យក​រួច​ខ្លួន​ ហើយ​ទុក​ឲ្យ​ក្រុម​ហ៊ុន​អ្នក​ដោះ​ស្រាយ​ទៅ​រួច​គ្នា។ ពេល​ខ្លះ ​សង្កេត​ឃើញ​អ្នក​បើក​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​ធន់ធ្ងន់​ក្មេងៗ​នាំ​គ្នា​ផឹក​ស្រា​លេង​សិន​ទម្រាំ​តែ​កម្មករ​ ចេញ​ពី​ធ្វើ​ការ ឬ​ទំនិ​ញ​មក​ដល់ ហើយ​ពួក​គាត់​មិន​ដឹង​ជា​រៀន​សាលា​បើកបរ​យ៉ាង​ដូច​ម្តេច​ទេ និង​បាន​កម្រិត​ណា​ទេ បាន​ឃើញ​ភាគ​ច្រើន​បើក​ព្រហើនៗ ដោយ​ប្រមាថ​អាយុ​ជីវិត​អ្នក​ដទៃ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែរ​នោះ ឬ​ក៏​គ្មាន​គិត​ពី​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​រាប់​សិប​នាក់​ទេ។ ហើយ​រថយន្ត​ដែល​គេ​បើក​ក៏​សុទ្ធ​តែ​កញ្ចាស់ៗ​ទៅ​ទៀត។
ថ្មីៗនេះ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​ផ្ទួនៗ របស់​ក្រុមហ៊ុន​រថយន្ត​ប៊ើស​ធំៗ និង​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​បរទេស ដូចជា​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​សាហាវ​នៅ ខេត្ត​ព្រៃវែង និង​ខេត្ត​កោះកុង​ជាដើម ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​សង​ឡើង​ល្វីង​មុខ ហើយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​លែង​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​គ្រោះ​ថ្នាក់​ ទាំង​នោះ​ទៀត​ផង។ សរុប​មក​វិញ ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ស្លាប់​ផុយៗ​ងាយ​ស្រួល ប្រៀប​ដូចជា​ឃាតក​លាក់​មុខ​អ៊ីចឹង។
កាល​ពី​ ឆ្នាំ​ទៅ ក្រសួង​ពាក់​ព័ន្ធ​នឹង​បញ្ហា​ចរាចរណ៍​បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ បន្ថែម​លើ​ការ​ពិន័យ​ជា​ប្រាក់ ​៥​ដង​ទៅ​លើ​តម្លៃ​ចាស់​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ជាមួយ មិន​ពាក់​មួក​សុវត្ថិភាព។ តែ​សេចក្តី​ព្រៀង​ច្បាប់​នោះ​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ គឺ​នៅ​ទើរ​ត្រឹម​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ហេតុអ្វី​បាន​ជា​យឺត​យាវ​ម្ល៉េះ? ជាមួយ​គ្នា​នេះ​ដែរ​រាជ​រដ្ឋាភិបាល​គួរ​ដាក់​ទោស ​និង​បន្ថែម​ស្ថាន​ទម្ងន់​ទោស​ទៅ​អ្នក​បើកបរ​ដែល​មិន​ប្រយ័ត្ន​ប្រយែង ធ្វើ​ឲ្យ​គ្រោះថ្នាក់​អ្នក​ដទៃ​ដោយ​ចេតនា។ មិន​មែន​គ្រាន់​តែ​បុក​រួច​ហើយ​តៃកុង​រត់បាត់ ឬរួច​ខ្លួន​នោះ​ទេ ឬ​ឲ្យ​សង​ជា​លុយ​ទៅ​ចប់​ហើយ​នោះ​ទេ ​បើ​នៅ​តែ​ដូច​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ។​ កាល​ពី​សប្តាហ៍​មុន​នេះ នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​រក​ឃើញ​នូវ​ករណី​៣​ធំៗ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​ការ​បើក​ល្បឿន​ហួស​ កំណត់ សិទ្ធិ​អាទិភាព និង​សេព​គ្រឿង​ស្រវឹង នេះ​ជា​បញ្ហា​ជាក់​ស្តែង។
សព្វថ្ងៃនេះ មាន​កត្តា​មួយ​ចំនួន​ទៀត​ដែល​ចូល​រួម​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​កើត​មាន​ដែរ​ ដូច​ជា៖​១) ចោរ​ឆក់​ខ្សែ​ក និង​កាបូប​លុយ ពី​អ្នក​ធ្វើ​ដំណើរ​តាម​ដង​វិថី ធ្វើ​ឲ្យ​ធ្លាក់​ខ្ទាត​ចេញ​ពី​ម៉ូតូ​ឌុប ឬ​ក៏​ស៊ីក្លូ​មក​លើ​ថ្នល់ ពេល​ខ្លះ​ក៏​ដួល​បោក​ស្លាប់​ដោយ​ខ្លួន​ឯង និង​ក៏​ត្រូវ​រថយន្ត​បើក​មក​បុក​ពី​ក្រោយ​ស្លាប់​ក៏​មាន​ដែរ។ មិន​ថា​តែ​ខ្មែរ​ទេ សូម្បី​តែ​ជន​បរទេស​គឺ​ឆ្អែត​ចិត្តនឹង​បញ្ហា​នេះ​ដែរ។
២) បង្គោល​ភ្លើង​ដែល​បាន​ដាំ​លើ​ចិញ្ចើម​ផ្លូវ​ នៅ​ពេល​ដែល​ពង្រីក​ផ្លូវ​រួច​ហើយ ​តែ​បង្គោល​ភ្លើង​នៅ​ដដែល​មិន​បាន​ដក​ថយ​ក្រោយ​ទេ។​ នៅ​ពេល​យប់​គឺ​អ្នក​ដំណើរ​បើក​មក​បុក​បង្គោល​ភ្លើង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ​ក៏​មាន​ តើ​ការ​បុក​បង្គោល​ភ្លើង​នៅ​លើ​ផ្លូវ​ដូច​នេះ ​សាលា​រាជធានី​ជា​អ្នក​ចេញ​សង​ជន​រង​គ្រោះ​ដែរ​ឬ​ទេ?
៣)​ អ្នក​លក់​យក​ចិញ្ចើម​ផ្លូវ​ដាក់​របស់​របរ​លក់​ពេញ ​អ្នក​ថ្មើរ​ជើង​គ្មាន​កន្លែង​ដើរ​ យក​ថ្នល់​ជា​ផ្លូវ​ដើរ​ និង​អ្នក​ចត​ម៉ូតូ​ និង​រថយន្ត​លយ​មក​ចូល​ថ្នល់ ​ធ្វើឲ្យ​អ្នក​ចេះ​គេច​ពី​ចំណត​ទាំង​នោះ ​ធ្វើ​ចូល​ទៅ​ផ្លូវ​ភាគី​ម្ខាង​ទៀត​ បុក​គ្នា​តែ​ម្តង។​
៤) ការ​សង់​ផ្ទះ​បន្ថែម​លយ​មក​ជិត​ជាប់​នឹង​ផ្លូវ​សាធារណៈ​ដែល​តូច​ចង្អៀត​ ហើយ​ចរាចរណ៍​មមា​ញឹក​ហើយ យក​ផ្លូវ​នោះ​ទៅធ្វើ​រោង​ការ បង្កក់​កូន​ ខួប​កំណើត​កូន​ ឬ​ក៏​រោង​បុណ្យ​ចូល​ពាក់​កណ្តាល​ផ្លូវ ឬ​ក៏​មួយ​ផ្លូវ​ពេញ​តែ​ម្តង។
រាជ​រដ្ឋាភិ​បាល​គួរ​តែ​ផ្តល់​អាទិភាព​ ដោះ​ស្រាយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ហើយ​គួរ​ដាក់​កាមេរ៉ា​វាស់​ល្បឿន ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង និង​ផ្លូវ​ជាតិ និង​ទិញ​រថយន្ត​ទំនើបៗ​សម្រាប់​ប្រដេញ​ រថយន្ត​ណា​ដែល​បើក​ហួស​ល្បឿន ​ឬ​ក៏​មាន​សភាព​រេ​តាម​ផ្លូវ​។
ប្រសិន​បើ​មិន​ដូច្នេះ​ទេ ទិស​ដៅ​ដែល​បាន​កំណត់​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ចុះ​ភាគរយ​ នៃ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​៣,៥​ភាគរយ​នៅ​ឆ្នាំ​២០០៨ មក​ត្រឹម​២,៨​ភាគរយ​នៅ​ឆ្នាំ​២០១៥​នឹង​មិន​ជោគ​ជ័យ​ទេ។​សម្រាប់​ពលរដ្ឋ​ដែល​ មាន​កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍ ឬ​បុណ្យ​ទាន​គួរ​តែ​ធ្វើ​លើ​ចិញ្ចើម​ផ្លូវ​បាន​ហើយ ព្រោះ​គ្មាន​ច្បាប់​ចរាចរណ៍​ឲ្យ​សង់​លើ​ផ្លូវទេ៕

No comments:

Post a Comment

I like Blogger