សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

អ្នក​ភូមិ​ស្នើ​ក្រុម​និស្សិត​ទៅ​វាស់​ដី​ជម្លោះ

សែន ដា​​វីត ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២១ ធ្នូ ២០១២
121221_03
អ្នក​ភូមិ​នៅ​ស្រុក​បទុម​សាគរ ធ្វើ​ការ​តវ៉ា កាល​ពី​ឆ្នាំ​មុន​។ រូបថត ម៉ៃ ទិត្យ​ថារ៉ា

កោះកុងៈ ប្រជា​ពលរដ្ឋ​ប្រមាណ ២០​នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​ បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​ នៅ​ខាង​មុខ​សាលា​ខេត្ត​កោះកុង​កាល​ពី​ម្សិលមិញ ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ បញ្ជូន​ក្រុម​និស្សិត​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ចុះ​ទៅ​វាស់​វែង​ដី​ធ្លី​ របស់​ពួក​គេ ដែល​មាន​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃ ជា​មួយ​ក្រុមហ៊ុន​ចិន Union Development Group​។

អ្នក​ស្រី​ ម៉ឹង អាន តំណាង​អ្នក​ភូមិ បាន​ថ្លែង​ថា​ អ្នក​ភូមិ​មក​ពី​ស្រុក​បទុម​សាគរ​ និង​គិរីសាគរ បាន​កើត​មាន​ជម្លោះ​ដីធ្លី ជា​មួយ​ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​ឆ្នាំមក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ដោះស្រាយ​ឡើយ។ អ្នក​ភូមិ​បាន​រង់​ចាំ​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ចុះ​មក​វាស់​ដី ​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​ចុះ​មក​ឡើយ​ ទើប​អ្នក​ភូមិ​នាំ​គ្នា​មក​តវ៉ា នៅ​មុខ​សាលា​ខេត្ត​។ អ្នក​ស្រី​បាន​បញ្ជាក់​ថា៖«បើ​ដី​យើង ត្រូវ​បាន​យុវជន​ស្ម័គ្រចិត្ត​របស់​សម្តេច ចុះ​មក​វាស់​វែង​ឲ្យ​​ យើង​នឹង​មាន​ប័ណ្ណកម្ម​សិទ្ធិ​ស្រប​ច្បាប់​ ដូច្នេះ ​ក្រុមហ៊ុន មិន​អាច​មក​រំលោភ​យក​ដី​យើង​ហើយ​បង់​ប្រាក់​សំណង បន្តិច​បន្តួច​បាន​នោះ​ទេ»​។ អ្នក​ស្រី​បាន​ចោទ​សួរ​ថា​៖«ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត របស់​សម្តេច​ហ៊ុន សែន ចុះ​វាស់​វែង​ដី​ឲ្យ​ពួក​យើង​?»។


អ្នក​ស្រី​ម៉ឹង​ អាន បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ខ្លះ ​មិន​ព្រម​ទទួល​យក​ប្រាក់​សំណង ពី​ក្រុមហ៊ុន​នេះ​ទេ ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត​ ក៏​សុខ​ចិត្ត​ទទួល​យក​ប្រាក់​សំណង​តិច​តួច ដើម្បី​ទៅ​រស់​នៅ​កន្លែង​ផ្សេង។

លោក​សុន តារា អភិបាល​រង​ខេត្ត​កោះកុង ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​កំពុង​ពិនិត្យ​មើល​ករណី​ជម្លោះ​ដី​ធ្លី​នេះ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ ជូន​ប្រជា​ពលរដ្ឋ។

លោក អ៊ិន គង់ជិត អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​កោះកុង បាន​ថ្លែង​ថា ក្រុមហ៊ុន​ចិន បាន​រឹប​អូស​ដី​ស្រែ​និង​ចម្ការ​ពី​ប្រជា​ពលរដ្ឋ ដោយ​គ្មាន​ផ្ដល់​សំណង​សមរម្យ​ឡើយ ហើយ​ថែម​ទាំង​បង្ខំ​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ភូមិ​បច្ចុប្បន្ន ឲ្យ​ទៅ​រស់នៅ​កន្លែង​តាំង​ទីលំនៅ​ថ្មី ជា​តំបន់​ព្រៃ​គ្មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​គ្មាន​មុខ​របរ​ចិញ្ចឹម​ជីវិត។ លោក​បាន​និយាយ​ថា៖ «​ពួក​គាត់​ធ្លាប់​ឡើង​មក​សាលា​ខេត្ត​កោះកុង​ម្ដង​រួច​មក​ហើយ ប៉ុន្តែ គ្មាន​ដំណោះស្រាយ​នៅ​ឡើយ​»។

ផ្ទៃ​ដី​ឧទ្យាន​ជាតិ​បទុម​សាគរ​ទំហំ​ ៣៦​០០០ ហិកតា ត្រូវ​បាន​រដ្ឋាភិបាល ​កាត់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចិន Union Development Group​ កាល​ពី​ឆ្នាំ​ ២០០៨​ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​នេះ ធ្វើ​ការ​អភិវឌ្ឍ​ជា​តំបន់​រមណីយដ្ឋាន និង​សណ្ឋាគារ នៅ​ក្នុង​វិស័យ​ទេសចរណ៍​។ ​គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​ ១១៤៣​ គ្រួសារ​ នៅ​ក្នុង​ស្រុក​ពីរ គឺ​ស្រុក​បទុម​សាគរ និង​ស្រុក​គិរី​សាគរ​។ អ្នក​ភូមិ​បាន​ធ្វើ​ការ​តវ៉ា​ជាច្រើន​លើក​មក​ហើយ​តែ​គ្មាន​ដំណោះស្រាយ ទេ៕ PN

No comments:

Post a Comment

I like Blogger