ក្រុមតស៊ូមតិធ្វើសមាជប្រជាជន នៅក្រៅហាងស្ទឹងមាស។ រូបថត ជីវ័ន
ភ្នំពេញៈ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ខិតជិតមកដល់ ក្រុមសកម្មជនបានថ្លែងថា ពួកគេត្រូវអាជ្ញាធរបដិសេធទាំងកន្លែងសាធារណៈនិងឯកជន ប៉ុន្តែពួកគេនៅតែប្តេជ្ញាពិភាក្សាលើបញ្ហា ដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំ។
តំណាងមកពីសមាជ ប្រជាជនអាស៊ាន បានថ្លែងកាលពីម្សិលមិញថា ពួកគេនៅតែគ្រោងនៅថ្ងៃព្រហស្បតិ៍ដើរឆ្ពោះទៅក្រសួងការ បរទេស ដើម្បីបង្ហាញអនុសាសន៍ឲ្យអាស៊ានពិចារណា បើទោះជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យដើរជាក្បួន ឬប្រើវិធីរាំងស្ទះដទៃជាច្រើនទៀតក៏ដោយ។
លោក ស មូរ៉ា អ្នករៀបចំសមាជប្រជាជនអាស៊ាននិងជាប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានថ្លែងថា ៖ «វាពិបាកសម្រាប់យើង ប៉ុន្តែយើងសង្ឃឹមថា សាលារាជធានីនឹងយល់ពីក្តីបារម្ភរបស់យើង ហើយផ្តល់កន្លែងឲ្យ»។
លោក មូរ៉ា បានឲ្យដឹងថា ប៉ុន្តែ កន្លែងសម្រាប់សមាជប្រជាជនអាស៊ាន គ្មានផ្តល់ឲ្យទេរហូតមកដល់ពេលនេះ។ និយាយខ្លីគឺនៅក្នុងភាពងងឹតនៅឡើយ លោកលើកឡើងថា ភោជនីយដ្ឋានស្ទឹងមាស ជាកន្លែងរៀបចំព្រឹត្តិការណ៍នេះ មិនផ្តល់ភ្លើងអគ្គិសនីសម្រាប់ការបើកសមាជ៤ថ្ងៃនេះទេ។
លោក មូរ៉ា បញ្ជាក់ថា ពេលព្រឹកអាជ្ញាធរមូលដ្ឋានបានដាក់សម្ពាធលើម្ចាស់ភោជនីយដ្ឋាន នានា មិនឲ្យទទួលជាកន្លែងរៀបចំសមាជទេ ដោយដាក់បញ្ញត្តិឲ្យម្ចាស់ភោជនីយដ្ឋាននានាទទួលខុសត្រូវតាម ច្បាប់ ប្រសិនមានអ្វីបានកើតឡើង។
លោកឲ្យដឹងទៀតថា៖ «នេះជាវិធីគំរាមធ្វើឲ្យម្ចាស់ភោជនីយដ្ឋានមានការភ័យខ្លាចខ្លាំង»។
ប៉ុន្តែ អ្នកចូលរួមរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីធ្លាភោជនីយដ្ឋានដើម្បីស្តាប់ចម្រៀងជំរុញទឹកចិត្ត និងសុន្ទរកថានានា កាលពីរសៀលម្សិលមិញ។ ក្នុងសមាជប្រជាជនអាស៊ានមានការអះអាងថា ប្រជាជនជាង ២ពាន់នាក់នឹងចូលរួមក្នុងសិក្ខាសាលា។
លោកស្រី លី ពិសី អ្នករៀបចំសមាជប្រជាជនអាស៊ាន បានឲ្យដឹងថា អ្នកចូលរួមទាំងនេះរួមមានកសិករ សហគមន៍ដែលទទួលរងផលប៉ះពាល់ដោយការចាប់យកដីធ្លី និងការបណ្តេញចេញ កម្មកររោងចក្រ សហជីព ជនជាតិដើម អ្នករកស៊ីផ្លូវភេទ សមាជិកនៃសហគមន៍ខ្ទើយ និងតំណាងមកពីប្រទេសអាស៊ានដទៃទៀត។
លោកស្រី Shalmali Guttal មន្រ្តីកម្មវិធីថៃនៅ Focus on the Global South ជាអង្គការគាំទ្រមូលដ្ឋាន បានប្រាប់ទៅអង្គសមាជដែរថា ៖ «យើងទាំងអស់គ្នាមើលឃើញច្បាស់ថា អាជ្ញាធរអាចផ្តាច់ចរន្តអគ្គិសនី ប៉ុន្តែពួកគេមិនអាចកាត់ផ្តាច់ថាមពលយើងឡើយ»។ សំឡេងហ៊ោឮឡើងចំពោះសម្តីរបស់លោកស្រី។
ខណៈម្ចាស់ភោជនីយដ្ឋានស្ទឹងមាស ពុំមានពេលដើម្បីផ្តល់ការអត្ថាធិប្បាយបាន មជ្ឈមណ្ឌលទួលគោក ដែលកាលពីម្សិលមិញ បានលុបចោលការព្រមព្រៀងរៀបចំសិក្ខាសាលាសមាជប្រជាជនអាស៊ាន នៅថ្ងៃនេះ បានថ្លែងថា មជ្ឈមណ្ឌលមិនអាចរៀបចំសន្និសីទបានទេ ព្រោះសមាជនេះមិនបង្ហាញការអនុញ្ញាតពីអាជ្ញាធរឃុំ ឬ សង្កាត់។
លោក ស មូរ៉ា បន្តថា មជ្ឈមណ្ឌលទួលគោកក៏បានទទួលការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន ផងដែរ។ លោកបន្តថា អ្នកចូលរួមសមាជប្រជាជនអាស៊ានក៏មិនត្រូវបានទទួលឲ្យស្នាក់នៅ ផ្ទះសំណាក់ដែរ ក្នុងនោះ មានផ្ទះសំណាក់មហាលាភ ក្នុងខណ្ឌទួលគោក ជាការអះអាងដែលផ្ទះសំណាក់បានបដិសេធ។
លោកស្រី Guttal បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា កន្លែងជាច្រើនទៀតសម្រាប់ព្រឹត្តិការណ៍សមាជប្រជាជនអាស៊ាន បានលុបចោល បើទោះជាព្រឹត្តការណ៍នេះជាព្រឹត្តការណ៍ឯកជន ដែលនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលក្តី។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងមុនពេលចាប់ផ្តើមសមាជប្រជាជនអាស៊ាន កាលពីម្សិលមិញថា លោកមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ដើម្បីឆ្លើយតបឡើយ ហើយក្រោយមក លោកមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ លោកចៅសង្កាត់ និង មេប៉ុស្តិ៍សង្កាត់ជ្រោយចង្វារ បដិសេធចំពោះការគាបសង្កត់លើកន្លែងនានាដូចជា ស្ទឹងមាស ដែលថា មិនឲ្យរៀបចំសមាជប្រជាជនអាស៊ាន៕ TK
No comments:
Post a Comment
I like Blogger