Tuesday, 13 November 2012 David Boyle, From The Phnom Penh Post
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ី ក្នុងក្បួនក្រុមយុវជនបក្សដែលសមត្ថកិច្ចរារាំង។ រូបថត មិនា
ភ្នំពេញៈ សភាសហរដ្ឋអាមេរិកគ្រោងនឹងអនុម័តសេចក្តីសម្រេចប្រហាក់ប្រហែល នឹងលិខិតរិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្ញើជូនលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយសមាជិកសភាសហរដ្ឋអាមេរិករាប់សិបនាក់ កាលពីសប្តាហ៍មុន។ នេះបើយោងតាមតំណាងរាស្រ្តជាន់ខ្ពស់នៃគណបក្ស សម រង្ស៊ី បានឲ្យដឹងកាលពីម្សិលមិញ។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានថ្លែងកាលពីម្សិលមិញថា លិខិតរបស់សមាជិកសភា ដែលចោទប្រកាន់លោក ហ៊ុន សែន ថា បានរំលោភសិទិ្ធមនុស្ស និងមានការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់នោះ គឺគ្រាន់តែជាការចាប់ផ្តើមនៃក្តីបារម្ភដែលកំពុងកើតឡើងរបស់ សហរដ្ឋអាមេរិកមកលើព្រឹត្តិការណ៍វិវត្ដនៅកម្ពុជា ហើយជឿជាក់ថា លោក អូបាម៉ា នឹងលើកឡើងបញ្ហាទាំងនេះនាសប្តាហ៍នេះ។
លោកស្រី បានបន្តថា ៖ «លោកប្រធានាធិបតី អូបាម៉ា មកកម្ពុជាមិនត្រឹមតែដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ គឺលោកមក ព្រោះកម្ពុជាជាម្ចាស់ផ្ទះ ហើយកំពុងរំលោភលើសិទិ្ធមនុស្ស»។ លោកស្រីបន្តទៀតថា៖«ខ្ញុំប្រាកដណាស់ថា លោក បារ៉ាក់ អូបាម៉ា ប្តេជ្ញាខ្លាំងហើយភាសារបស់លោក ក៏នឹងមានលក្ខណៈខ្លាំងដែរ»។
លោកស្រី មូរ សុខហួរ បានបន្ថែមថា លោកស្រីនិងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា បានដើរតួនាទីសំខាន់ក្នុងការជំរុញឲ្យមានលិខិត និងសេចក្តីសម្រេច ដែលលោកស្រីប្រាកដថា នឹងត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិក ពេលសភាជួបប្រជុំនៅចុងខែនេះ។
លោកស្រីបានឲ្យដឹងទៀតថា៖ «ដូចដែលខ្ញុំបាននិយាយ មូលហេតុ គឺយើងមានការគាំទ្រ និងភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា មានការរំលោភសិទិ្ធមនុស្សជាច្រើនឆ្នាំ»។
លោកស្រីបានសង្កត់ធ្ងន់ទៀតថា ពួកគេពុំបានស្នើសុំឲ្យសភាអាមេរិកធ្វើការពិចារណាផ្អែកលើជំនួយឡើយ។
លិខិតចុះថ្ងៃទី ៣១ ខែតុលា ដែលចុះហត្ថលេខាដោយលោក ចន ម៉ាក់ខេន អតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងលោក Barbara Boxer ព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យ បានជំរុញឲ្យលោក បារ៉ាក់ អូបាម៉ា លើកឡើងនូវបញ្ហារំលោភសិទិ្ធមនុស្សធំៗជាច្រើនករណី ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លិខិតនោះក៏បាន អំពាវនាវឲ្យមានកំណែទម្រង់លើគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតកម្ពុជា និងស្នើឲ្យលើកលែងទោសដល់លោក សម រង្ស៊ី ពីការផ្តន្ទាទោសព្រហ្មទណ្ឌដែលគណបក្ស សម រង្ស៊ី អះអាងថា គឺដោយសារមូលហេតុនយោបាយ ដើម្បីឲ្យមេដឹកនាំប្រឆាំងរូបនេះអាចវិលត្រឡប់ចូលមកក្នុងប្រទេសវិញ។
ទាំងសមាជិកព្រឹទ្ធសភា និងសមាជិកសភា ដែលជាហត្ថលេខីលើលិខិតនោះ មិនបានឆ្លើយតបនឹងសំណើសាកសួរព័ត៌មានពីភ្នំពេញ ប៉ុស្តិ៍ ឡើយ។
គ្មានការឆ្លើយតបជាផ្លូវការណាមួយ ចំពោះលិខិតនោះ ត្រូវបានប្រកាសនៅរាជធានីភ្នំពេញ ពីមន្រ្តីនៅក្រសួងការបរទេស និងក្រសួងព័ត៌មាន ហើយនិងអ្នកនាំពាក្យរដ្ឋាភិបាលផ្សេងៗពុំលើកទូរស័ព្ទ ឬបានបិទទូរស័ព្ទរបស់ខ្លួនតែម្តង។
លោក Carlyle Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកល វិទ្យាល័យ New South Wales បានថ្លែងថា ភាពស្ងប់ស្ងាត់ គឺជាការឆ្លើយតបសមស្រប ដែលបង្ហាញពីការយល់ដឹង អំពីយន្តការនៃប្រព័ន្ធនយោបាយសហរដ្ឋអាមេរិក ហើយ លោក បានសួរថា តើលទ្ធផលអ្វីខ្លះដែលព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកព្យាយាម សម្រេចនោះ។
លោកបានលើកឡើងថា៖ «ត្រូវប្រយ័ត្នចំពោះអ្វី ដែលអ្នកស្នើសុំ ព្រោះលោក ហ៊ុន សែន អាចតឹងរ៉ឹង ប្រសិនបើលោកចង់ ហើយចិនមិនបានលើកឡើងពីបញ្ហាទាំងអស់នេះទេ កម្ពុជានិងលោកហ៊ុន សែន ពួកគេបានចង្អុលបង្ហាញការនោះជាច្រើនលើកច្រើនសាហើយ»។
លោក បញ្ជាក់ថា៖ «តើនេះជាយុទ្ធសាស្រ្តនយោបាយ ឬតើអ្នកមានយុទ្ធសាស្រ្តបន្តដែរឬទេ? តើយើងនឹងបោះឆ្នោតលើសេចក្តីសម្រេច ក្នុងព្រឹទ្ធសភា? តើយើងនឹងកម្រិតប្រាក់ទៅស្ថានទូត ឬជំនួយដល់កម្ពុជា ដើម្បីដាក់ទោសពួកគេ ដាក់សម្ពាធលើពួកគេលើសិទិ្ធមនុស្ស? តើអ្នកនឹងធ្វើអ្វីបន្ទាប់ទៀត?»។
បើទោះជាសេចក្តីសម្រេច មានផលប៉ះពាល់តិចតួច សេចក្តីសម្រេចអាចជា«ការព្រមាន» ដែលបង្ហាញថា សភាអាមេរិកដែលអាចមានអំណាចលើផលប្រយោជន៍សំខាន់របស់កម្ពុជា ដូចជា ការអនុគ្រោះពាណិជ្ជកម្មសម្រាប់វិស័យកាត់ដេរ និងការលើកលែងបំណុលបន្សល់ពីសម័យ លន់ នល់។
លោក Carlyle Thayer បានបញ្ជាក់បន្ថែមថា ៖ «សំឡេងខ្លាំងផ្នែកការទូតនេះ វាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ហើយអ្នកបោះឆ្នោតនៅអាមេរិកទទួលភាពរីករាយ។ ពួកគេរីករាយដែលឮពីការលើកឡើងពីបញ្ហាសិទិ្ធមនុស្សប៉ុន្តែ វាត្រូវការសុភវិនិច្ឆ័យនិងតុល្យភាព»៕ TK
No comments:
Post a Comment
I like Blogger