លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) នៅក្នុងជំនួបនៅឯវិមានសន្ដិភាពកាលពីថ្ងៃម្សិលមិញ។ រូបថត ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ខណៈដែលលោក បារ៉ាក់ អូបាម៉ា ចាប់ផ្តើមថ្លែងសុន្ទរកថា ជាសាធារណៈដំបូងលើទឹកដីកម្ពុជាក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែង នៅក្នុងទស្សនៈដែលលោកមានគោលបំណងលើកឡើងពីបញ្ហាសេរីភាព បញ្ចេញមតិនោះ ប្រព័ន្ធផ្សព្វផ្សាយរាប់បញ្ចូលទាំងក្រុមព័ត៌មានផ្ទាល់របស់ លោកផង ត្រូវបានអមដំណើរតម្រូវឲ្យចេញយ៉ាងរហ័ស។
កិច្ច ប្រជុំទ្វេភាគីរវាងលោក អូបាម៉ា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានភាព «តានតឹង»។ នេះបើយោងតាមលោក Ben Rhodes អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។
ដូចដែលបាន សន្យាលោក អូបាម៉ា បានលើកឡើងជាមួយលោក ហ៊ុន សែន អំពីបញ្ហាគណបក្សប្រឆាំង បញ្ហាសិទិ្ធមនុស្ស ដែលសមាជិកសភាសហរដ្ឋអាមេរិក បានជំរុញឲ្យលើកឡើង។
លោក Rhodes បានថ្លែងថា៖ «ជាពិសេស ខ្ញុំនិយាយអំពីសេចក្តីត្រូវការឆ្ពោះទៅការបោះឆ្នោតដោយសេរីនិង យុតិ្តធម៌ ការតម្រូវឲ្យមានគណៈកម្មាធិការបោះឆ្នោតឯករាជ្យពាក់ព័ន្ធនឹងការបោះឆ្នោតនានា ការឲ្យដោះលែងអ្នកទោសនយោបាយ និងឲ្យគណបក្សប្រឆាំងធ្វើសកម្មភាពបានពេញលេញ»។
ក្នុង កិច្ចប្រជុំបន្ទាប់ ក្រោយពីលោក ហ៊ុន សែន បានថ្លែងសុន្ទរកថាបើក លោក អូបាម៉ា ថ្លែងបានប្រមាណជា ១០ វិនាទី ក្រុមអ្នកយកព័ត៌មានចុងក្រោយក៏ត្រូវបានតម្រូវឲ្យចាក ចេញដែរ។
ទម្លាប់បែបនេះជារឿងធម្មតា ក្នុងអំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងក្នុងឋានៈជាប្រធានអាស៊ានឆ្នាំនេះ ប៉ុន្តែ ដូចជាប្លែក ដែលសូម្បីតែក្រុមសារព័ត៌មានផ្ទាល់របស់លោក អូបាម៉ា ក៏តម្រូវឲ្យចាកចេញដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់សហរដ្ឋ អាមេរិក។
ក្រោយពេលសួរថា តើអ្នកណាទទួលខុសត្រូវដេញអ្នកសារព័ត៌មាន លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ ថ្លែងថា៖«បើអ្នកចង់បានចម្លើយ សូមសួរទៅអ្នករៀបចំអាស៊ាន»។
លោកបានបញ្ជាក់ថា៖ «អ្នកត្រូវសួរទៅក្រសួងការបរទេសកម្ពុជា។ យើងមិនពាក់ព័ន្ធទេ អ្នកត្រូវនិយាយទៅអ្នករៀបចំអាស៊ាន ព្រោះសូម្បីតែប្រព័ន្ធផ្សព្វផ្សាយរបស់យើងក៏មិនត្រូវគេ អនុញ្ញាតឲ្យស្តាប់ការថ្លែងរបស់លោកប្រធានាធិបតីផង»។
នៅ ក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំមេដឹកនាំអាស៊ាននិង សហរដ្ឋអាមេរិក លោក កៅ គឹមហួន រដ្ឋលេខាធិការនៃក្រសួងការបរទេសបានថ្លែងថា សារព័ត៌មានត្រូវអនុញ្ញាតឲ្យចូលសម្រាប់តែសុន្ទរកថាបើករបស់លោក នាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖«សម្តេច នាយករដ្ឋមន្រ្តីមិនទាន់បានបញ្ចប់សុន្ទរកថាបើកទេ នៅពេលអ្នកសារព័ត៌មានត្រូវបានស្នើឲ្យចាកចេញពីបន្ទប់នោះ»។
ចំពោះ ការលើកឡើងអំពីភាព «តានតឹង» នៃកិច្ចប្រជុំទ្វេភាគីនោះលោកបានបង្វែរឲ្យអ្នកយកព័ត៌មានទៅ ស្តាប់សន្និសីទសារព័ត៌មានពិសេសស្តីពីប្រធានបទនោះ ដែលបានធ្វើឡើងដោយលោក ប្រាក់ សុខុន ទីប្រឹក្សាផ្ទាល់របស់លោកហ៊ុន សែន និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី។
លោក ថ្លែងថា លោក សុខុន បានផ្តល់ការថ្លែងសរុបដោយសង្ខេបរបស់គាត់ជាភាសាខ្មែរ ហើយបដិសេធមិនឆ្លើយសំណួរលំបាកៗរបស់អ្នកយកព័ត៌មានលោកខាង លិចទេ ដោយសារថា ភាសាអង់គ្លេសរបស់លោកមិនល្អគ្រប់គ្រាន់ បន្ទាប់ពីសួរទៅវិញថា តើលោក លោកស្រី មិនឮអ្វីដែលលោកសុខុន និយាយប្រហែល៣០នាទីមុនទេឬ?
លោក ប្រាក់ សុខុន ដំបូងបានសង្ខេបការថ្លែងលោក អូបាម៉ា ក្នុងអំឡុងការជជែកទ្វេភាគី ដោយលើកឡើងអំពីការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកប្រធានាធិបតីទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការរំលែកទុក្ខ ចំពោះការសោយទិវង្គតរបស់សម្តេចឪ នរោត្តម សីហនុ និងការកត់សម្គាល់របស់លោកដែលថា«មានការបោះជំហានឆ្ពោះទៅ រកកំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និងនយោបាយ»។
បន្ទាប់ មកលោកថ្លែងអំពីប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជម្រាបទៅលោកប្រធានាធិបតីថា លោកពេញចិត្តជាមួយនឹងការថ្លែងត្រង់ៗ របស់លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែ លោកថា មានការបំផ្លើសដែលបង្កើតឲ្យមានការយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាមានសភាពអាក្រក់ជាងនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក ហ៊ុន សែន បានថ្លែងដដែលៗ អំពីការស្នើសុំលោក បារ៉ាក់ អូបាម៉ា លុបបំណុលភាគច្រើនបំផុត ក្នុងចំណោមបំណុលជាង ៣៧០ លានដុល្លាររបស់កម្ពុជាដែលជំពាក់អាមេរិក។ កម្ពុជាកាលពីឆ្នាំមុនបានស្នើសង៣០ភាគរយនៃបំណុលនោះ ដោយហៅសំណើនេះថា ជាការសម្រុះសម្រួលពាក់ព័ន្ធនឹងលុយដែលកម្ពុជានិយាយថា ត្រូវបានប្រើដោយរដ្ឋាភិបាលគាំទ្រដោយអាមេរិក ក្នុងទសវត្សរ៍៧០ ដើម្បីបង្ក្រាបប្រជាជនរបស់ខ្លួន។
លោក ប្រាក់ សុខុន បានថ្លែងដែរថា ៖ «លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងប្រទេសកម្ពុជាមិនមានអ្នកទោសនយោបាយទេ ប៉ុន្តែ អ្នកនយោបាយដែលរំលោភច្បាប់ ពួកគេត្រូវតែប្រឈមនឹងការកាត់ទោស»។
លោកបានថ្លែងថា ការថ្លែងទាំងនោះបានធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំភ្លឺថា ស្ថានីយវិទ្យុសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ មិនត្រូវបានបិទនោះទេ ប៉ុន្តែ វាជាបុគ្គលទេដែលបានរំលោភបំពានច្បាប់ ហើយត្រូវតែដោះស្រាយដោយតុលាការ ហើយគាត់នៅតែមានឱកាសប្តឹងឧទ្ធរណ៍។
លោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ពាក់ព័ន្ធនឹងការចោទថា ជាមេគំនិតបង្កើតគម្រោងការធ្វើអបគមន៍ ប៉ុន្តែការកាត់ទោសនេះត្រូវច្រានចោលដោយរដ្ឋាភិបាលបរទេស ខ្លះនិងក្រុមសិទ្ធិមនុស្សថា ជាហេតុផលនយោបាយ។ ភ្លាមៗមុនកិច្ចប្រជុំកំពូលអាស៊ាន តំណាងរាស្រ្តជាន់ខ្ពស់អាមេរិកមួយចំនួន បានផ្ញើលិខិតមួយដល់លោក អូបាម៉ា ចោទប្រកាន់លោក ហ៊ុន សែន ថាមានការពាក់ព័ន្ធនឹងក្រុមហ៊ុនកាប់ឈើខុសច្បាប់ ហើយបានជំរុញឲ្យលោកលើកអំពីករណីនេះនិងបញ្ហាសិទ្ធិមនុស្សដទៃ ទៀតនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក។
កាលពីខែឧសភា កងកម្លាំងប្រដាប់អាវុធបានចូលព័ទ្ធភូមិប្រមា ក្នុងខេត្តក្រចេះ ជាកន្លែងដែលចោទប្រកាន់ថា មានចលនាអបគមន៍ ហើយបានបាញ់ទៅលើអ្នកភូមិដែលតវ៉ាថាពួកគេជាជនរងគ្រោះនៃ ការរំលោភយកដីធ្លី ហើយការបាញ់នោះ បានសម្លាប់ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់៕
No comments:
Post a Comment
I like Blogger