លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ នាពេលកន្លងមក។ រូបថត វីរៈ ម៉ៃ
ភ្នំពេញៈ មន្ត្រីតុលាការម្នាក់បានអះអាងថា អតីតទីប្រឹក្សាក្រសួងមហាផ្ទៃលោកឧត្ដមសេនីយ៍ឯក ឌឿន សុវណ្ណ ត្រូវតុលាការភ្នំពេញសួរចម្លើយកាលពីម្សិលមិញ បន្ទាប់ពីត្រូវចោទប្រកាន់ពីបទគំរាមក្រុមយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី នៅក្នុងខេត្តពោធិ៍សាត់ កាលពីខែតុលា។
លោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីបានថ្លែងប្រាប់ឲ្យដឹងថា លោកឧត្ដមសេនីយ៍ឯក ឌឿន សុវណ្ណ ដែលត្រូវដកហូតតំណែង និងតួនាទី រួចបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិនោះត្រូវតុលាការសួរ ចម្លើយពាក់ព័ន្ធនឹងបទចោទប្រកាន់នៅព្រឹកថ្ងៃចន្ទ។
លោកចៅក្រម បញ្ជាក់ថា លោក ឌឿន សុវណ្ណ ត្រូវតុលាការចោទប្រកាន់លើពីរករណី គឺគំរាមយោងតាមមាត្រា៦០៧ និងជ្រៀតជ្រែកខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ យោងតាមមាត្រា៦០៩នៃក្រមព្រហ្មទណ្ឌថ្មី។
លោកចៅក្រមថ្លែង ថា៖«គាត់បានមកបង្ហាញខ្លួននៅឯសាលាដំបូងភ្នំពេញព្រឹកមិញ។ ខ្ញុំបានបញ្ចប់ការសួរចម្លើយលើការចោទប្រកាន់រូបគាត់ហើយ»។ លោកបន្ថែមថា៖ «ទោះជាត្រូវតុលាការចោទប្រកាន់ក្ដី ក៏គាត់មិនត្រូវបានឃុំខ្លួនទេ។ គាត់ត្រូវបានអនុញ្ញាតឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ តុលាការ។ គាត់ត្រូវចូលមកបង្ហាញខ្លួននៅតុលាការគ្រប់ពេលដែលតុលាការត្រូវការ»។
លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមានប្រសាសន៍ថា លោក ឌឿន សុវណ្ណ ត្រូវបណ្ដេញចេញពីនគរបាលជាតិ កាលពីខែតុលា ហើយតំណែងនិងតួនាទីគាត់ក៏ត្រូវបានដកហូតតាមព្រះរាជក្រឹត្យ ហើយដែរ។ យ៉ាងណាក៏ដោយ លោកបដិសេធមិនធ្វើអធិប្បាយលម្អិតពីករណីនេះទេ។
លោកបានថ្លែងថា៖ «គាត់ត្រូវបានបណ្ដេញចេញពីនគរបាលជាតិរួចហើយ»។
មន្ត្រី នគរបាលជាន់ខ្ពស់ម្នាក់នៅក្រសួងមហាផ្ទៃសុំមិនបញ្ចេញឈ្មោះបាន ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ពីថ្ងៃទី៣១ ខែតុលា លោក ឌឿន សុវណ្ណ និងភរិយាគាត់បានសរសេរលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសុំឲ្យលោកនាយករដ្ឋមន្ត្រីលើកលែងទោស ចំពោះសកម្មភាពឆ្គាំឆ្គងរបស់គាត់ពីពេលកន្លងមក។ គាត់សូមប្រគល់ដីទំហំជាង៥០ហិកតា ដែលគាត់បានទិញពីអ្នកភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ទុកជាសម្បត្តិរដ្ឋ(រាជរដ្ឋាភិបាល)ដោយឥតទាម ទារសំណងអ្វីទាំងអស់។
លោក គង់ សំអាត មន្ត្រីនគរបាលព្រហ្មទណ្ឌនៅស្នងការដ្ឋាននគរបាលរាជធានីមាន ប្រសាសន៍ថា យោងតាមមាត្រា៦០៧ និង៦០៩ នៃក្រមព្រហ្មទណ្ឌថ្មី បើលោក ឌឿន សុវណ្ណ ត្រូវបានរកឃើញថាមានទោសកំហុសពាក់ព័ន្ធនឹងបទចោទទាំងពីរពិតមែន គាត់អាចត្រូវផ្ដន្ទាទោសដាក់ពន្ធ-នាគារពី៣ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ទៅ១០លានរៀល។
លោកថ្លែងថា៖ «ដើម្បីការពារការរត់គេច កងនគរបាលត្រូវចាត់ឲ្យតាមឃ្លាំមើលគាត់ជាប្រចាំ»។
កាល ពីថ្ងៃទី១២តុលា លោកនាយករដ្ឋមន្ត្រី បានដាក់លិខិតទូលថ្វាយព្រះមហាក្សត្រកម្ពុជាដើម្បីសុំដកតំណែង និងតួនាទីលោក ឌឿន សុវណ្ណ និងបណ្ដេញលោកចេញពីក្របខ័ណ្ឌនគរបាលជាតិ បន្ទាប់ពីលោក ឌឿន សុវណ្ណ បានដាក់លិខិតផ្ញើទៅប្រធានការិយាល័យគ្រប់គ្រងដែនដី នគរូបនីយកម្មនិងសំណង់ នៅក្នុងស្រុកវាលវែង និងមេឃុំសង្គមថ្មីខេត្តពោធិ៍សាត់ សុំជួយសម្រួលឲ្យក្រុមយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី នៅក្នុងឃុំសង្គមថ្មីវាស់វែងដីធ្លីដែលគាត់បានទិញ ពីអ្នកភូមិ៩គ្រួសារកាលពីឆ្នាំ២០០៨។ នៅក្នុងលិខិតនោះលោក ឌឿន សុវណ្ណ ថា ៖ «បើអ្នកភូមិមិនព្រមអនុវត្តតាមកិច្ចសន្យាលក់ដីពួកគេទៅឲ្យ គ្រួសារខ្ញុំទេ ខ្ញុំនឹងប្ដឹងពួកគេទៅតុលាការដើម្បីឲ្យសងលុយមកឲ្យខ្ញុំវិញ»។
លោកឧត្ដមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា លោកមិនដឹងរឿងដីលោក ឌឿន សុវណ្ណ នៅក្នុងស្រុកវាលវែងនេះទេ។
លោក ថ្លែងថា៖«រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ដឹងថា គាត់បានទិញដីពីអ្នកភូមិ៩គ្រួសារនៅក្នុងស្រុកវាលវែងទេ។ ខ្ញុំមិនអាចធ្វើអធិប្បាយពីករណីនេះឡើយ»។
លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា លោកក៏មិនបានដឹងអំពីដីធ្លីរបស់លោក ឌឿន សុវណ្ណ នៅក្នុងស្រុកនេះដែរ។
លោកបន្តថា៖ «ខ្ញុំទើបតែត្រូវបញ្ជូនមកធ្វើការជាអធិការនគរបាលស្រុកវាល វែងពាក់កណ្ដាលឆ្នាំនេះ។ ខ្ញុំមិនដឹងពីដីធ្លីគាត់នៅក្នុងស្រុកនេះទេ»។
លោក ហូ សិទ្ធី នាយខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចទាក់ទងសុំការអធិប្បាយបានទេពីថ្ងៃម្សិលមិញ។
លោក ឌឿន សុវណ្ណ និងមេធាវីការពារក្ដីគាត់ក៏មិនអាចទាក់ទងសុំការអធិប្បាយជុំវិញការចោទប្រកាន់លើរូបគាត់បានដែរ៕ PN
No comments:
Post a Comment
I like Blogger