Wednesday, 21 November 2012 គឹម យុទ្ធណា Phnom Penh Post
ប្រជាសហគមន៍បុរីកីឡា មកតវ៉ាពីការបាត់បង់ដី ផ្ទះសម្បែង សង្ស័យមកពីអំពើពុករលួយ។ រូប ហេង ជីវ័ន
ភ្នំពេញៈ អង្គការតម្លាភាពកម្ពុជាបានប្រកាសថា ខ្លួននឹងអនុវត្តកម្មវិធី និងផែនការយុទ្ធសាស្ត្រមួយក្នុងរយៈពេល៣ឆ្នាំ ដែលចាប់ផ្តើមពីឆ្នាំ២០១២នេះ រហូតដល់ឆ្នាំ២០១៥ ក្នុងបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់អំពើពុករលួយ ដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។
លោក ព្រាប កុល នាយកប្រតិបត្តិរបស់អង្គការតម្លាភាពកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា កម្មវិធីផែនការ៣ឆ្នាំ ធ្វើឡើងដើម្បីគាំទ្រតម្លាភាពនិងសុចរិតភាព ព្រមទាំងពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យរួមគ្នាទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។
លោកបន្តថា កម្មវិធីនេះនឹងធ្វើការសហការជាមួយនឹងអង្គការសង្គមស៊ីវិល រដ្ឋាភិបាល វិស័យឯកជន សិស្ស និស្សិត ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងមន្ត្រីរាជការ ដើម្បីបង្កើតឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាឲ្យមានប្រសិទ្ធភាពក្នុងការប្រឆាំងអំពើពុករលួយ។
លោកបញ្ជាក់ថា៖ «វាជាការប្រមូលកម្លាំងក្នុងចលនាសង្គមមួយដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវការយល់ដឹងអំពីបញ្ហាអំពើពុករលួយនៅក្នុងសង្គម និងធ្វើការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ»។
តាមការបញ្ជាក់របស់លោក ព្រាប កុល បានឲ្យដឹងថា កម្មវិធីផែនការ៣ឆ្នាំ បានធ្វើឡើងដោយពឹងផ្អែកលើសសរទ្រូង៣សំខាន់គឺៈ ទី១-ការសិក្សាស្រាវជ្រាវ និងការតស៊ូមតិ ទី២-ការបង្កើតសម្ព័ន្ធភាពនិងភាពជាដៃគូ និងទី៣-ការចូលរួមពីសាធារណជន និងប្រព័ន្ធព័ត៌មានផ្សេង។ លោកបន្តថា កម្មវិធីផែនការ៣ឆ្នាំនេះត្រូវចំណាយថវិកាប្រមាណ ២លាន៥សែនដុល្លារសហរដ្ឋអាមេរិក ដែលជាការគាំទ្រមូលនិធិដោយប្រទេស ស៊ុយអែត និងប្រទេសអូស្ត្រាលី។
លោក ព្រាប កុល រំពឹងថា លទ្ធផលបានពីកម្មវិធីផែនការរយៈពេល៣ឆ្នាំនេះ និងធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងឲ្យកាន់តែច្បាស់ពីផលប៉ះពាល់ពីអំពើពុករលួយនៅក្នុងសង្គម។ លោកបន្ថែមថា៖ «យើងនឹងចងក្រងលទ្ធផលនេះដាក់ជូនទៅរដ្ឋាភិបាល សង្គមស៊ីវិល និងគណបក្សនយោបាយដើម្បីដាក់ជារបៀបវារៈមួយធ្វើការពិភាក្សា ពិសេសធ្វើយ៉ាងណាឲ្យអ្នកធ្វើការពាក់ព័ន្ធ ចាត់ទុកអំពើពុកលួយជាជំងឺសង្គមមួយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងសង្គម»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងសុំការពន្យល់បានទេកាលពីថ្ងៃម្សិលមិញ ខណៈលោក កែវ រ៉េមី ជាអ្នកនាំពាក្យអង្គភាពនេះ បានបដិសេធមិនផ្តល់ការពន្យល់បន្ថែមពីគម្រោងកម្មវិធីនោះ។
នៅក្នុងសេចក្តីប្រកាសរបស់អង្គការតម្លាភាព ចែកផ្សាយកាលពីថ្ងៃម្សិលមិញ នៅក្នុងកម្មវិធី ដែលមានឈ្មោះថា «រួមគ្នាប្រឆាំងអំពើពុករលួយ» អង្គការតម្លាភាពកម្ពុជាបានកត់សម្គាល់ថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហាធំមួយដែលមាន«លក្ខណៈជាប្រព័ន្ធ»។ អំពើពុករលួយកើតមានស្ទើរតែគ្រប់វិស័យនៅក្នុងសង្គមដែលរួមមាន វិស័យឯកជន វិស័យសាធារណៈ និងស្ថាប័នតុលាការ។
សេចក្តីប្រកាសនោះបានបន្តថា៖ «អំពើពុករលួយមានការពាក់ព័ន្ធចាប់ពីឥស្សរជននៅថ្នាក់ខ្ពស់រហូតដល់ថ្នាក់ទាប»។ សេចក្តីប្រកាសបន្តថា អំពើពុករលួយកាត់បន្ថយចំណូលថវិការដ្ឋដែលបានមកពីការប្រមូលពន្ធ ដែលជាលទ្ធផលនាំឲ្យមានការរារាំងដល់ការអភិវឌ្ឍ ប្រទេសជាតិ ខណៈដែលអំពើពុករលួយបានបំផ្លាញធនធានសាធារណៈយ៉ាងច្រើនលើសលប់កន្លងមក។
របាយការណ៍របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្ដរជាតិ USAIDS កាលពីឆ្នាំ២០០៨បានឲ្យដឹងថា ប្រទេសកម្ពុជាបាត់បង់ចំណូលថវិការដ្ឋប្រមាណ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដោយសារតែអំពើពុករលួយ។
ចំណែក របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ កាលពីឆ្នាំ២០០៩ បានចាត់ប្រទេសកម្ពុជាទៅក្នុងលំដាប់ទី១៥៨ ជាប់ក្នុងបញ្ជីពុករលួយ នៅក្នុងចំណោមប្រទេស១៨០ ក្នុងនោះ ស្ថាប័នពុករលួយជាងគេគឺតុលាការ មន្ត្រីផ្តល់សេវាសាធារណៈ និងមន្ត្រីប៉ូលិស៕
No comments:
Post a Comment
I like Blogger