លោក សម រង្ស៊ី ដែលរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។ ភ្នំពេញ ប៉ុស្ដិ៍
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីម្សិលមិញ បានតម្កល់រក្សាការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបិទផ្លូវតវ៉ាលើសំណុំរឿងរបស់ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ដែលបានប្តឹងជំទាស់នឹងការលុបឈ្មោះកូនក្តីរបស់លោកចេញពីបញ្ជីឈ្មោះបោះឆ្នោត។
នេះជាការសម្រេចតម្កល់សំណុំរឿងលើកទីពីរ ដែលគណបក្សសមរង្ស៊ី បានដាក់ពាក្យប្តឹងមកស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានតម្កល់ម្តងរួចមកហើយ កាលពីចុងសប្តាហ៍កន្លងទៅនូវបណ្តឹងពាក់ព័ន្ធនឹងការស្នើសុំលុបឈ្មោះអ្នកបោះឆ្នោតជាជនជាតិវៀតណាមចំនួន ៣៥៧នាក់ នៅក្នុងឃុំចំនួន ៣ ក្នុងស្រុក កោះធំ ខេត្តកណ្តាល។
លោក ជូង ជូងី ដែលជាមេធាវីដើមបណ្តឹងបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា ក្នុងសវនាការដែលមានលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងសមាជិក៧នាក់ផ្សេងទៀតនោះ បានប្រកាសសម្រេចរក្សាទុកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះរបស់ គ.ជ.ប ទាំងស្រុង និងបិទបណ្តឹងតវ៉ាផងដែរ។
លោក បញ្ជាក់ថា៖ «លោកប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឯក សំអុល បានប្រកាសរក្សាតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប ទុកជាបានការដដែល និងបិទផ្លូវមិនមានបណ្តឹងតវ៉ា»។
លោកមេធាវី មិនបានពន្យល់ឲ្យបានក្បោះក្បាយពីការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានតម្កល់រក្សាការសម្រេចរបស់គ.ជ.ប ទេ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ «ខ្ញុំមិនអស់ចិត្តចំពោះសេចក្តីសម្រេចបែបហ្នឹង គឺវាហួសពីការនិយាយ»។
លោកបញ្ជាក់ថា កូនក្តីរបស់លោក នៅមិនទាន់មានប្រតិកម្មបែបណានៅឡើយទេ កាលពីថ្ងៃម្សិលមិញ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ ត្រូវបាន ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប កាលពីថ្ងៃទី៥ វិច្ឆិកា សម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ដោយសំអាងលើសាលដីការរបស់តុលាការកំពូលទាក់ទិនទៅនឹងរឿងបំផ្លាញ តម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្ត ស្វាយរៀង កាលពីឆ្នាំ២០០៩។ តែ លោកមេធាវី ជូង ជូងី បានដាក់ពាក្យប្ដឹងទាស់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ទៅក្រុមប្រឹក្សាធម្មនុញ្ញ។
មិនត្រឹមតែលោក សម រង្ស៊ី ម្នាក់ប៉ុណ្ណោះទេ ដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សូម្បីតែសមាជិកគ្រួសាររបស់លោក ក៏ត្រូវបានចៅសង្កាត់បឹងរាំងលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតផងដែរ ដោយសំអាងថាគ្រួសាររបស់លោកបានផ្លាស់ប្តូរលំនៅពីសង្កាត់បឹងរាំង ខណ្ឌដូនពេញទៅរស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាទីស្នាក់ការគណបក្សសមរង្ស៊ី។
ទោះយ៉ាងណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានថ្លែងរិះគន់ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញថា ជាការសម្រេចក្រោម«ឥទ្ធិពលនយោបាយរបស់គណបក្សកាន់អំណាច»។
លោកបញ្ជាក់ថា៖ «យើងដឹងរួចជាស្រេចហើយថា ស្ថាប័នទាំងអស់ គឺស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជន។ យើងកំពុងតែតស៊ូមតិ តាមរយៈប្រជាពលរដ្ឋ សហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិលដើម្បីកៀងគរស្ថាប័នប្រជាធិបតេយ្យសំខាន់ៗឲ្យទៅជាស្ថាប័នឯករាជ្យ អព្យាក្រឹតវិញទើបអាចដោះស្រាយបញ្ហាបានទាំងបញ្ហារំលោភសិទ្ធិមនុស្ស អំពើពុករលួយ ការបោះឆ្នោត»។
នៅពេលចោទសួរថា តើការតម្កល់សេចក្តីសម្រេចនោះ វាមានផលប៉ះពាល់ដល់ការបោះឆ្នោតរបស់លោកសម រង្ស៊ី ឬយ៉ាងណានោះ? លោក យឹម សុវណ្ណបានថ្លែងថា បើកាលណាមានដំណោះស្រាយនយោបាយរួម រឿងទាំងអស់នោះវាអាចដោះស្រាយបាន។ លោកថា បញ្ហាសំខាន់ពេលនេះត្រូវជំរុញឲ្យមានការដោះស្រាយផ្នែកនយោបាយមួយ ពីព្រោះករណីរបស់ឯកឧត្តម សម រង្ស៊ី មិនមែនជាករណីទោសព្រហ្មទណ្ឌឬបទឧក្រិដ្ឋនោះទេ វាជាករណីរឿងនយោបាយសុទ្ធសាធ។
លោកបញ្ជាក់ថា៖ «គណបក្សកាន់អំណាច គឺគេប្រើប្រាស់ស្ថាប័នរបស់គេទាំងអស់ បង្កឲ្យមានបញ្ហាកើតឡើង និងមិនមានការឯកភាពជាតិ។ ដូច្នេះ ប្រសិនបើគណបក្សប្រជាជននៅធ្វើបន្តទៀត នោះការបោះឆ្នោតដោយសេរី និងយុត្តិធម៌ វាមិនមានទេ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានប្រាប់កាលពីម្សិលមិញថា លោក សម រង្ស៊ី ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត ហើយក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចថា គាត់គ្មានសិទ្ធិនៅក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតទេ។
លោក បានបញ្ជាក់ថា៖ «ដូច្នេះតាមច្បាប់បោះឆ្នោត គាត់មិនអាចឈរឈ្មោះជាបេក្ខជនបោះឆ្នោតបានទេ»។
លោកបានបន្ដទៀតថា តាមផ្លូវច្បាប់ គឺដូចជាគ្មានដំណោះស្រាយអ្វីនោះទេ ពីព្រោះការងារត្រូវបានធ្វើក្នុងរយៈពេលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយក្រោយការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបានបិទផ្លូវតវ៉ាអស់ហើយ។
លោក បានបន្ថែមទៀតថា៖ «ខ្ញុំមិនដឹងដែរទេថា មានការសម្របសម្រួលបែបនោះ តែបើតាមច្បាប់បោះឆ្នោត គឺអត់មានទេ។ យើងមិនអាចកែតម្រូវច្បាប់ទៅតាមមនុស្សម្នាក់ៗបានតាមចិត្តយ៉ាងអ៊ីចឹងនោះទេ!»៕
No comments:
Post a Comment
I like Blogger