សមត្ថកិច្ចពិនិត្យម៉ូតូ នៅផ្លូវជាតិលេខ២ ពេលចលនាយុវជនបក្សសមរង្ស៊ីហែក្បួន។ រូបថត ហុង មិនា
ភ្នំពេញៈ ក្រុមយុវជនគណបក្សសមរង្ស៊ី កាលពីម្សិលមិញត្រូវសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការរារាំងដំណើរប៉ុនប៉ងធ្វើបាតុកម្មអហិង្សា នៅមុខស្ថានទូតអាមេរិកនៅភ្នំពេញដើម្បីសុំឲ្យប្រធានាធិបតីអាមេរិកអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យមានការលើកលែងទោសដល់សកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ ដោយសមត្ថកិច្ចអនុវត្តក្រោមរូបភាពជាការត្រួតពិនិត្យលេខម៉ូតូ ប័ណ្ណបើកបរ និងពន្ធប្រចាំឆ្នាំ។
ក្រុមយុវជនគណបក្សប្រឆាំងសមរង្ស៊ី ដែលពាក់អាវយឺតពណ៌ផ្ទៃមេឃ ខាងមុខមានរូបអតីតព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ និងខាងក្រោយមានរូបលោកបារ៉ាក់ អូបាម៉ា ត្រូវសមត្ថកិច្ចធ្វើការត្រួតពិនិត្យស្លាកលេខម៉ូតូ តាមផ្លូវជាតិលេខ២ នៅម្តុំចាក់អង្រែ ប្រមាណជា៣០០ម៉ែត្រ ពីទីស្នាក់ការគណបក្សសមរង្ស៊ី។ ការត្រួតពិនិត្យនោះបានធ្វើឲ្យស្ទះចរាចរណ៍ផងដែរ ព្រោះតែគ្រប់ម៉ូតូអ្នកធ្វើដំណើរសុទ្ធតែត្រូវសមត្ថកិច្ចត្រួតពិនិត្យ។ នៅក្នុងនោះ សមត្ថកិច្ចបានឃាត់ម៉ូតូក្រុមចលនាយុវជនគណបក្សសមរង្ស៊ី ប្រមាណ១០គ្រឿង ដោយសារពុំមានប័ណ្ណបើកបរ និងម៉ូតូពលរដ្ឋទូទៅជិត ៥០គ្រឿងទៀត។
គម្រោងប្រមូលផ្តុំធ្វើបាតុកម្មនៃចលនាយុវជនគណបក្សសមរង្ស៊ី ធ្វើឡើងខណៈលោកប្រធានាធិបតី និងលោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមានវត្តមាននៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកអាមេរិក កិច្ចប្រជុំពាក់ព័ន្ធជាច្រើននៅកម្ពុជានៅថ្ងៃទី១៩ និងទី២០ខែវិច្ឆិកានេះ។
លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសមរង្ស៊ីបានឲ្យដឹងថា សមត្ថកិច្ចឃាត់យកម៉ូតូពួកគេពេលពួកគេហែក្បួនចេញពីស្នាក់ការគណបក្សបានប្រមាណ៣០០ម៉ែត្រ។ លោកបន្តថា៖ «គោលបំណងពួកខ្ញុំគឺស្នើសុំឲ្យលោក អូបាម៉ា ជួយអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះលែងអ្នកទោសនយោបាយ និងសកម្មជនដីធ្លីព្រមទាំងរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ នៅឆ្នាំ២០១៣ ជាពិសេស សុំឲ្យមានការបង្រួបបង្រួមជាតិឲ្យស្របទៅតាមព្រះរាជតម្រិះព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ កាលពីព្រះអង្គនៅមានព្រះជន្ម»។
លោកបន្តថា ក្រុមយុវជនគណបក្សសមរង្ស៊ីនៅភ្នំពេញទាំង៩ខណ្ឌ នឹងបង្ហោះប៉ឺតប៉ោងចេញពីទីតាំងផ្សេងៗនៅចំពេលដែលលោក អូបាម៉ា មកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃចន្ទ ដោយមានចងភ្ជាប់នូវបដាទាមទារសុំឲ្យលោក អូបាម៉ា ជួយអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាលនោះផង ដែលនេះជាជម្រើសចុងក្រោយរបស់ពួកលោក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា លោកគាំទ្រចំពោះទង្វើពួកគេ ពីព្រោះសង្គមកម្ពុជា ជាសង្គមបើកចំហ តែអ្នកទាំងនោះក៏ត្រូវតែសហការជាមួយអាជ្ញាធរដើម្បីរក្សាសណ្តាប់ធ្នាប់ ព្រោះថា រដ្ឋាភិបាលកំពុងតែរៀបចំកិច្ចប្រជុំអាស៊ាន។លោកបន្តថា៖«សិទ្ធិសេរីភាពរបស់ប្រជាជនមិនមែនជាសត្រូវរបស់រាជរដ្ឋាភិបាលនោះទេ»។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីពុំអាចទាក់ទង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក្នុងពេលពិនិត្យការងារនៅមណ្ឌលព័ត៌មាន នៃកិច្ចប្រជុំកំពូលអាស៊ាននាព្រឹកថ្ងៃទី១៩វិច្ឆិកាថ្លែងថា លោក អូបាម៉ា នឹងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី១៩ វិច្ឆិកា។លោកជម្រាបអ្នកកាសែតថា លោក អូបាម៉ាមកទស្សនកិច្ចកម្ពុជានេះ ក្នុងនាមជាមិត្តមិនមែនជាគ្រូប្រដៅរបស់កម្ពុជាទេ។
ឆ្លើយនឹងសំណួរអ្នកកាសែតជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស ដែលថា លោក អូបាម៉ា នឹងលើកឡើងជាមួយនឹងប្រមុខដឹកនាំកម្ពុជា លោក ខៀវ កាញារីទ្ធ ប្រតិកម្មតបថា៖ «លោក អូបាម៉ា មកនេះមកជាមិត្ត មិនមែនមកជាគ្រូប្រដៅទេ។ អ៊ីចឹងលើការជជែកគ្នា គឺស្មើសិទ្ធិ ស្មើភាព។ សំខាន់ គឺការជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជានិងអាមេរិកជារឿងធំ»។
រីឯការទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ របស់គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលមួយចំនួន តាមរយៈការស្នើឲ្យលោក អូបាម៉ា ជួយធ្វើអន្តរាគមន៍នោះ ត្រូវលោករដ្ឋមន្ត្រីបញ្ជាក់ថា សុំឲ្យអ្នកដែលទាមទារ បញ្ជូនឈ្មោះមក អ្នកណាខ្លះ ជាអ្នកទោសនយោបាយ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា៖ «បើមានអ្នកទោសនយោបាយ សុំឲ្យឈ្មោះមក យើងនឹងពិនិត្យពិចារណា។ ប៉ុន្តែ បើអ្នកទោសដែលជាប់ដោយសារបញ្ហារំលោភ ប៉ះពាល់ទៅលើច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជាទេ អាហ្នឹងជារឿងផ្សេង»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូបានថ្លែងថា អាជ្ញាធរត្រូវខិតខំការពារនិងពង្រឹងសន្តិសុខជូនមន្ត្រីមកចូលរួមប្រជុំអាស៊ាន ប៉ុន្តែ បើការធ្វើការតវ៉ាឬក៏បញ្ចេញមតិដោយសន្តិវិធី មិនប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ នោះអាជ្ញាធរមិនគួររារាំងពួកគេទេ។ លោកបន្តថា៖ «យើងគួរតែបង្ហាញឆន្ទៈអំពីការគោរពសិទ្ធិមនុស្សទៅពិភពលោក ឲ្យគេដឹងថា យើងពុំបានរឹតត្បិតសេរីភាពបញ្ចេញមតិទេពីព្រោះយើងជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ»៕
No comments:
Post a Comment
I like Blogger