សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, August 2, 2013

«គុក​ដាក់​បង​បាន​តែ​ប្រាណ​ទេ​ស្រី​តែ​ចិត្ត​មេត្រី​នៅ​មាន​សេរី​មិន​បាត់បង់​ឡើយ​»

Friday, 02 August 2013 ប៊ូ ញូញ The Phnom Penh Post
130802_06b
ក្បួនយុទ្ធ​នា​ការ​​​ឃោសនា ​បោះ​ឆ្នោត របស់​គណ​បក្ស ​សង្គ្រោះ​ជាតិ​នៅ​ ក្រុង​ បាត់​ដំបង​​។ រូបថត ហេង ជីវ័ន
 
«គុក ដាក់​បង​បាន​តែ​ប្រាណ​ទេ​ស្រី តែ​ចិត្ត​មេត្រី​នៅ​មាន​សេរី​មិន​បាត់បង់​ឡើយ​» នេះ​ជា​ផ្នែក​ខ្លះ​ដែល​បាន​បង្កប់​ក្នុង​បទ​ចម្រៀង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ របស់​អធិរាជ​សំឡេង​មាស រហូត​មក​ដល់​ពេល​នេះ គ្មាន​អ្នក​ស្នង​ជំនួស គឺ​លោក ស៊ីន ស៊ីសាមុត ដែល​ខ្លឹមសារ​នេះ បាន​បង្ហាញ​ច្បាស់​អំពី​ភក្តីភាព​ស្នេហា រវាង​បុរស និង​នារី​មួយ​គូ មាន​ទឹក​ចិត្ត​បរិសុទ្ធ ស្មោះស័្មគ្រ ស្រឡាញ់​គ្នា​ប្តូរ​ផ្តាច់ ទោះ​បី​ជួប​ឧបសគ្គ រារាំង​ដោយ​អំណាច​បុណ្យ​ស័ក្តិ វណ្ណៈ យ៉ាង​ណា​ក្តី។
ពិត​មែន​ជា​បទ​ចម្រៀង​ក្តី ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់ស្តែង អំពី​ទឹក​ចិត្ត​មនុស្ស​គ្រប់​រូប ពិសេស​ក្នុង​សង្គម​កម្ពុជា​យើង​តាំង​ពី​ដើម​រៀង​មក​។ ធាតុ​ពិត​ទឹក​ចិត្ត​មនុស្ស​គ្រប់​រូប មិន​ត្រូវ​បាន​នរណា​ទិញ លក់ ឬ​ផ្លាស់​ប្តូរ​បាន​ទេ ទោះ​បី​ត្រូវ​រារាំង​សំឡុត គំរាម​កំហែង​ក៏​ដោយ។
ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជាមួយ​នឹង​ការ​កាប់​សម្លាប់ ការ​ប្លន់​យក​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ពី​ប្រជា​ពលរដ្ឋ ដោយ​រដ្ឋ​អំណាច ប៉ុល ពត គេ​នៅ​តែ​មើល​ឃើញ​ថា ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស រស់​នៅ​ជាមួយ​នឹង​ការ​បៀម​កំហឹង​ឈឺចាប់​។ វិស័យ​ព្រះពុទ្ធ​សាសនា ទោះ​បី​របប​នេះ​រារាំង និង​បំផ្លិច​បំផ្លាញ​យ៉ាង​ណា​ក្តី ក៏​ប្រជា​ពលរដ្ឋ​នៅ​តែ​គោរព​ព្រះពុទ្ធ​សាសនា​បន្ត​ប្រតិបត្តិ​ធម៌​ដោយ​លាក់​ ស្ងៀម​ស្ងាត់ នៅ​ក្នុង​ផ្លូវ​ចិត្ត​លុប​មិន​ជ្រះ។ ជាមួយ​គ្នា​នេះ​ដែរ ទោះ​បី​របប​នេះ នាំ​ប្រជា​ពលរដ្ឋ ឲ្យ​ស្រែក​បន្ទរ​តាម​ខ្លួន​ថា ជយោ! កម្ពុជា ប្រជាធិបតេយ្យ មហា​លោត​ផ្លោះ​មហាអស្ចារ្យ ក៏​សម្រែក​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទឹក​ចិត្ត ស្រឡាញ់​របប​អាវ​ខ្មៅ​ឡើយ។ យើង​ឃើញ​ទេ តើ​របប​នេះ រស់​បាន​ប៉ុន្មាន​ឆ្នាំ។ ការ​ដួល​រលំ​នៃ​របប​យង់​ឃ្នង មួយ​ចំណែក​ធំ​ក៏​ផ្តើម​ចេញ​ពី​ភាព​សត្យានុម័ត​នៃ​ការ​មិន​គាំទ្រ​ខាង​ផ្លូវ​ ចិត្ត​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ។

ក្រៅ​ពី​នេះ ក៏​នៅ​មាន​អក្សរ​សិល្ប៍​ខ្មែរ រឿង​ព្រេង​ខ្មែរ​ខ្លះ​ទៀត ក៏​បាន​បង្ហាញ​ពី​ស្នេហា​ស្មោះ​ត្រង់ មាន​ភក្តីភាព​នឹង​គ្នា​ប្តូរ​ផ្តាច់ រហូត​ដល់​សម្លាប់​ខ្លួន​ទាំង​គូ​ក៏​មាន​មិន​អាច​ផ្លាស់​ប្តូរ​ចិត្ត មិន​តាម​ការ​អូស​ទាញ​ពី​ឪពុក​ម្តាយ ដូច​ជា រឿង ទុំ ទាវ​ជាដើម។
ហេតុអ្វី​បាន​ជា​យើង​ចោះ​យក​ខ្លឹមសារ​មួយ​ផ្នែក​នៃ​បទ​ចម្រៀង​ខាង​លើ​មក​ ពិចារណា។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ ទី៥ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ ២០១៣ មាន​គណបក្ស​នយោបាយ​ចំនួន ៨ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត គ.ជ.ប បាន​ធ្វើ​យុទ្ធនាការ​ឃោសនា ស្វែង​រក​ការ​គាំទ្រ យ៉ាង​គគ្រឹក​គគ្រេង​តាម​គ្រប់​រូបភាព។
មាន​គណបក្ស​នយោបាយ​ធំៗ​ពីរ ដែល​គេ​ឃើញ​ថា មាន​សក្តានុពល គឺ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​ដឹក​នាំ​ប្រទេស​ជាង ៣០ឆ្នាំ មក​ហើយ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​នឹង​កើត​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា។ រូបភាព​ឃោសនា​គគ្រឹក​គគ្រេង​របស់​គណបក្ស​ទាំង​ពីរ បើ​ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ​ទៅ ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មាន​សភាព​ខុស​ឆ្ងាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ត្រង់​ថា គណបក្ស​ប្រជាជន​ជា​បក្ស​កាន់​អំណាច មាន​ធនធាន​សម្បូរ​បែប​មាន​កម្លាំង​មាន​មធ្យោបាយ​និង​សម្ភារ​ឃោសនា​សម្បូរ​ បែប ដែល​គេ​ជឿ​ថា គណបក្ស​មួយ​នេះ បាន​ចំណាយ​ទឹក​ប្រាក់​យ៉ាង​ច្រើន បម្រើ​ឲ្យ​យុទ្ធនាការ​ឃោសនា រយៈ​ពេល​មួយ​ខែ​នេះ រីឯ​សមាជិក​ចូល​រួម​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់ ដោយ​កម្លាំង​សមាជិក​បក្ស មន្ត្រី​រាជការ និង​នគរបាល អាវុធហត្ថ និង​កង​ខេមរភូមិន្ទ។
រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ កម្លាំង​ចូល​រួម​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​គាំទ្រ​ភាគ​ច្រើន ជា​សមាជិក​ចេញ​ពី​ប្រជា​ពលរដ្ឋ យុវជន​ជា​សិស្ស និស្សិត​សុទ្ធសាធ ព្រោះ​ថា មន្ត្រី​រាជការ ទោះ​បី​ជា​មាន​ទឹក​ចិត្ត​គាំទ្រ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​មិន​ហ៊ាន​ចេញ​មុខ​គាំទ្រ​ជា​សាធារណៈ​ដែរ ដោយ​សារ​ខ្លាច​មេ​ក្រសួង មេ​ស្ថាប័ន​ខ្លួន ប្រថាប់​ត្រា​ក្រហម។
ប្រថាប់ ត្រា​ក្រហម​មាន​ន័យ​ថា ចំណាំ​មុខ មិន​ត្រូវ​បាន​ការ​យក​ចិត្ត​ទុក​ដាក់ មិន​ទទួល​បាន​ការ​ដំឡើង​ឋានៈ មាន​ការ​រើស​អើង ធ្វើ​ឲ្យ​មន្ត្រី​រាជការ​ខ្លាច​រអា​។ បើ​នៅ​មូលដ្ឋាន​ឯណោះ​វិញ ប្រសិន​បើ​អាជ្ញាធរ​ដឹង​ថា មន្ត្រី​រាជការ​ឬ​ប្រជា​ពលរដ្ឋ​គាំទ្រ​គណបក្ស​ណា ក្រៅ​ពី​គណបក្ស​កាន់​អំណាច​នឹង​បង្កើត​រឿង​បន្ទុច​បង្អាក់​គ្រប់​បែប​យ៉ាង ក្រោម​លេស​នេះ លេស​នោះ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​។ ក្នុង​ករណី​ដែល​អ្នក​ទាំង​នោះ​ត្រូវ​ការ​ធ្វើ​សំបុត្រ​ស្នាម​បញ្ជាក់​ពី​ អាជ្ញាធរ មិន​ដូច​អ្វី​ដែល​កាល​ពី​មុន​ការ​ស្ងៀម​ស្ងាត់ សម្តេច ហ៊ុន សែន បាន​ប្រាប់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ជា​ពិសេស​អាជ្ញាធរ​គ្រប់​លំដាប់ ថ្នាក់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ រាប់​ទាំង​ការ​ធ្វើ​លិខិត​ស្នាម​ជូន​ប្រជា​ពលរដ្ឋ មិន​ត្រូវ​រើស​មុខ​មិន​យក​កម្រៃ ពេល​ខ្លះ​បើ​ប្រជា​ពលរដ្ឋ​ជាប់​រវល់ ទៅ​ឃ្វាល​គោ​នៅ​ឯ​ស្រែ អាជ្ញាធរ​ត្រូវ​យក​លិខិត​នេះ ជូន​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ទៀត​ផង​។ ប៉ុន្តែ​ជា​រឿយៗ​អនុសាសន៍ បាន​ត្រឹម​តែ​អនុសាសន៍​ប៉ុណ្ណោះ​។
ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក្រៅ​ពី​ការ​ចូល​រួម​ដោយ​សមាជិក​គាំទ្រ​ដែល​មាន​ឯក​សណ្ឋាន​បក្ស ក៏​នៅ​មាន​លាយ​ឡំ​ទៅ​ដោយ​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​ចេញ​ពី​ផ្ទះ ចេញ​ពី​កន្លែង​លក់​ដូរ ចេញ​ពី​កន្លែង​សិប្បកម្ម ចេញ​ពី​គ្រប់​ច្រក​ល្ហក ទៅ​ឈរ​ទទួល​ស្វាគមន៍ នៅ​តាម​សង​ខាង​ដង​ផ្លូវ ចាំ​ស្តាប់​ខ្លឹមសារ​នយោបាយ លើក​ឡើង​ដោយ​សកម្មជន​គណបក្ស។ ជាមួយ​គ្នា​នោះ ក៏​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ទៀត បាន​ទៅ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​ក្នុង​សម្លៀក​បំពាក់​ធម្មតា ពុំ​មាន​ឯក​សណ្ឋាន​បក្ស​ក៏​ដោយ​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ រាក់​ទាក់​កក់​ក្តៅ ព្រម​ទាំង​នាំ​យក​ទៅ​ជាមួយ​នូវ​សម្ភារ​ឃោសនា ម្ហូប​អាហារ ទឹក​សុទ្ធ​ដែល​គេ​ជឿ​ថា របស់​របរ​ទាំង​នោះ គឺ​ជា​ប្រាក់​ចំណាយ​ចេញ​ពី​ហោប៉ៅ​ផ្ទាល់ ចេញ​ពី​ទឹក​ចិត្ត និង​ជំនឿ​ជឿ​ជាក់​របស់​ពួក​គាត់។
មាន​រូបភាព​ឃោសនា​រក​សំឡេង​គាំទ្រ របស់​គណបក្ស​ខ្លះ ពិត​មែន​តែ​មាន​សភាព​គគ្រឹក​គគ្រេង ដោយ​ភាព​ហ៊ឺហា​ហ៊ឹកហ៊ាក់ មាន​ចាក់​ធុង​បាស់​ធំៗ បំពង​សំឡេង​ខ្ទរ​ខ្ទារ មាន​ប្រគំ​តន្ត្រី​បញ្ចេញ​សំឡេង​ស្ទើរ​កក្រើក​មេឃ​កក្រើក​ដី ព្រៃ​ព្រឹក្សា សូម្បី​ចាន​បាយ ដែល​ភ្ញៀវ​កំពុង​បរិភោគ​អាហារ ក្នុង​ភោជនីយដ្ឋាន​មួយ​ក្បែរ​នោះ ក៏​ញាក់​ញ័រ​រង្គើ​ស្ទើរ​ធ្លាក់​ចេញ​ពី​តុ​ដែរ នោះ​ក៏​មិន​ប្រាកដ​ថា មាន​អ្នក​ចូល​រួម​ខ្លះ​គាំទ្រ​ចេញ​ពី​បេះដូង​ឡើយ​។ យើង​មិន​ចាត់​ទុក​ថា រូប​ភាព​ឃោសនា​បែប​នេះ​លាយ​ឡំ ដោយ​ភាព​អវិជ្ជមាន ឬ​ដោយ​ការ​ចាត់​តាំង​ណា​មួយ​ឡើយ ប៉ុន្តែ​ជា​ទូទៅ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​ទទួល​ស្គាល់​ថា មន្ត្រី​គណបក្ស​មួយ​នោះ មាន​លុយ​កាក់ មាន​ធនធាន គ្រាន់​តែ​ក្បួន​ដង្ហែ​គណបក្ស សូម្បី​រថយន្ត​ខ្លះ​ដង្ហែ​ក្នុង​ក្បួន មួយ​គ្រឿង​មាន​តម្លៃ​មិន​ក្រោម ២០ ម៉ឺន​ដុល្លារ​ឡើយ។
យើង​យល់​ថា ទិដ្ឋភាព​បែប​នេះ គ្រាន់​តែ​បង្ហាញ​ពី​ភាព​គគ្រឹក​គគ្រេង តែ​សម្បក​ក្រៅ រីឯ​សាច់​ក្នុង​មិន​តាន់​ណែន ពុំ​ឆ្លុះ​បញ្ចាំង​ពី​ទឹក​ចិត្ត​ពិត​ប្រាកដ នៃ​អ្នក​ចូល​រួម​ឡើយ។
មក​ដល់​ចំណុច​នេះ ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ទៅ​ដល់​ប្រជា​ពលរដ្ឋ នៅ​ក្នុង​របប ប៉ុល ពត នៅ​តែ​លប​លួច​គោរព​ក្នុង​ផ្លូវ​ចិត្ត ការ​គោរព​ប្រណិប័តន៍​ព្រះ​ពុទ្ធ​សាសនា បើ​ទោះ​បី​ជា​មាន​ការ​បំផ្លិច​បំផ្លាញ​វត្ត​អារាម ឃារឃាំង​មិន​ឲ្យ​មាន​ជំនឿ​លើ​សាសនា​ក្តី ដូច​គ្នា​ទៅ​នឹង​សម្រែក​ជ័យឃោស​ដែល​ចេះ​តែ​នាំ​គ្នា​ស្រែក​ច្រំ​ដែលៗ​ថា «ជយោ​!កម្ពុជា​ប្រជាធិបតេយ្យ មហា​លោត​ផ្លោះ មហា​អស្ចារ្យ» បន្ទាប់​ពី​នោះ​មក សម្រែក​ទាំង​នោះ រលាយ​សូន្យ​ឈឹង​រហូត​ដល់​សព្វ​ថ្ងៃ​។ ការ​លើក​យក​ខ្លឹមសារ​ផ្នែក​ខ្លះ នៃ​បទ​ចម្រៀង «គុក​ដាក់​បង​បាន​តែ​ប្រាណ​ទេ​ស្រី តែ​ចិត្ត​មេត្រី​នៅ​មាន​សេរី​មិន​បាត់បង់​ឡើយ» មក​ឆ្លុះ​បញ្ចាំង​ពុំ​មែន​ជា​គតិ​លោក ពុំ​មែន​ជា​កម្រង​ប្រៀន​ប្រដៅ​តាម​ក្បួន​គម្ពីរ ឬ សាស្ត្រា​ច្បាប់​ណា​មួយ​នោះ​ទេ គ្រាន់​តែ​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​អំណាច​គាប​សង្កត់ ដោយ​អំពើ​សំឡុត គំរាម​កំហែង បំភិត​បំភ័យ ពិត​ជា​ពុំ​ទទួល​បាន​ផល​ឡើយ គឺ​ទទួល​បាន​តែ​សម្បក ឯ​ខ្លឹម​ខាង​ក្នុង​យក​មិន​បាន​ទេ។ ម្យ៉ាង​ទៀត​គ្រាន់​តែ​ចង់​ផ្តល់​ជា​គំនិត​ខ្លះៗ ជូន​ដល់​គណបក្ស​នយោបាយ​ទាំង​ឡាយ ពុំ​ត្រូវ​មើល​រំលង​ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ​ឡើយ ព្រោះ​ថា ការ​មើល​រំលង​ជា​ដើម​ចម​នៃ​បរាជ័យ​។ យើង​រង់​ចាំ​អ៊ុត​មើល​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ នេះ តើ​មាន​ភាព​ត្រឹម​ត្រូវ យុត្តិធម៌ តម្លាភាព អាច​ទទួល​យក​បាន​ត្រឹម​កម្រិត​ណា?
ដោយ​នាយ ប៊ូ ញូញ ប្រជា​ពលរដ្ឋ​នៅ​ខេត្ត រតនគិរី
 

No comments:

Post a Comment

I like Blogger