សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, August 15, 2013

តុលាការ​កោះ​ហៅ​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី ៥ នាក់

THURSDAY, 15 AUGUST 2013 ផាក់ ស៊ាងលី From The Phnom Penh Post
130815_09
អ្នក​ភូមិ​​មាន​ជម្លោះ​ដី​ធ្លី​ថត​រូប​ពេល​មក​សុំ​អន្តរា​គមន៍​ពី​អង្គ​ការ ​អាដ​ហុក ​ខេត្ត​ រត​នគិរី​ កន្លង​មក​។ រូបថត អង្គ​ការ​ អាដ​ហុ

រតនគិរីៈ តុលាការ​ខេត្ត រតនគិរី បាន​ចេញ​ដីកា​កោះ​ហៅ អ្នក​ភូមិ​ជនជាតិ​ដើម ទំពួន ៥ នាក់​បន្ត​ទៀត ដើម្បី​សួរ​នាំ ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​កន្លែង ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៧ ឆ្នាំ​មក​ហើយ។ រឿង​ក្តី​នេះ តុលាការ​បាន​គំរាម​ចាប់​ឃុំ​ខ្លួន​ប្រជា​ពលរដ្ឋ ប្រសិន​បើ​មិន​ព្រម​ចូល​ទៅ​បំភ្លឺ​ទៅ​តាម​ការ​កោះ​ហៅ។
ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក អាជ្ញាធរ និង​តុលាការ បាន​កោះ​ហៅ​អ្នក​ភូមិ ប៉ាអរ ស្ថិត​នៅ​ក្នុង​ឃុំ កិះចុង ស្រុក បរកែវ ដើម្បី​សួរ​នាំ និង​បំភ្លឺ នៅ​តុលាការ រាប់​សិប​ដង​មក​ហើយ ហើយ​ថ្ងៃ​សុក្រ​ស្អែក​នេះ និង​នៅ​សប្តាហ៍​ក្រោយ អ្នក​ភូមិ ៥ នាក់ នឹង​ត្រូវ​តុលាការ​សួរ​នាំ​ម្តង​ទៀត ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា នៅ​បន្ទាប់​ពី​ពួក​គាត់ និង​អ្នក​ភូមិ​ផ្សេង​ទៀត នាំ​គ្នា​ទៅ​ហាម​ឃាត់​ក្រុមហ៊ុន លី សុខគីម មិន​ឲ្យ​សាង​សង់​ផ្ទះ​លើ​ដី​ភូមិ​មួយ​កន្លែង កាល​ពី​អំឡុង​ឆ្នាំ ២០១១។
ដីកា​ដែល ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ លោក ឡុច ឡៅ បាន​បញ្ជាក់​ថា៖ «ចុង​ចោទ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ហើយ​ត្រូវ​ចូល​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​មុខ​ចៅក្រម តាម​ពេល​កំណត់។ បើ​មិន​ព្រម​ចូល​តាម​ការ​កំណត់ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន»។

លោក ក្វាស ទីវ អាយុ ៥៦ ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់ ក្នុង​ចំណោម ៥ នាក់ ដែល​ត្រូវ​តុលាការ​កោះ​ហៅ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក​លោក ត្រូវ​បាន​តុលាការ ហៅ​ទៅ​សួរ ៧ ដង​ទៅ​ហើយ។ លោក ទីវ ដែល​មាន​កូន ១០ នាក់​ក្នុង​បន្ទុក​បាន​បញ្ជាក់​ថា៖ «យើង​មាន​ការ​អន្ទះ​អន្ទែង​ក្នុង​ចិត្ត និង​ព្រួយ​ខ្លាំង​ណាស់ ពេល​រឿង​ដីធ្លី​ជាង ៧ ឆ្នាំ ដោះ​មិន​ចេញ ហើយ​បើ​គិត​ទាំង​មេ​ស្រុក​និង​តុលាការ​ផង​សួរ​យើង​ជិត ២០ ដង​ហើយ»។ ទោះ​យ៉ាង​ណា លោក​នឹង​ចូល​ទៅ​តុលាការ​តាម​ដីកា​កោះ​បើ​ទោះ​បី​ជា​តុលាការ​ចោទ​ប្រកាន់​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត​ដដែលៗ​ថា បាន​រស់​នៅ​លើ​ដី​ក្រុមហ៊ុន ទំហំ​ជាង ១០០ ហិកតា​យ៉ាង​ណា​ក៏​ដោយ។ «ពលរដ្ឋ​បាន​កាប់​ឆ្ការ​ព្រៃ​រស់​នៅ​និង​ដាំដុះ​លើ​ដី​នេះ​យូរ​មក​ហើយ តែ​មាន​គេ​លួច​លក់​ដី​ឲ្យ​ក្រុមហ៊ុន។ យើង​ម្ចាស់​ដី មិន​បាន​លក់​ផង ឲ្យ​យើង​ចេញ​ម៉េច​នឹង​កើត?»។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស អាដហុក ខេត្ត រតនគិរី បាន​ឲ្យ​ដឹង​ថា តុលាការ បាន​បន្ត​អនុវត្ត​ខុស​នីតិវិធី​ច្បាប់​និង​បំពាន​ការ​ប្រកាស​របស់​ក្រសួង យុត្តិធម៌ និង​ក្រសួង​ដែនដី ព្រោះ​ថា ភាគី​ទំនាស់ មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ គឺ​អ្នក​ទិញ (ក្រុមហ៊ុន) មាន​តែ​លិខិត​ទិញ​លក់ ដែល​ប្រថាប់​ត្រា​ដោយ​មេ​ឃុំ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា៖ «គ្មាន​អ្នក​ណា​មួយ​មាន​ប្លង់​រឹង​កាន់​កាប់​ដី​នោះ​ទេ ហេតុ​នេះ​រឿង​នេះ​គួរ​ប្រគល់​ឲ្យ​ភូមិបាល​ជា​អ្នក​ដោះស្រាយ​វិញ»។
មិន​អាច​ទាក់​ទង​ក្រុមហ៊ុនលី សុខគីម បាន​ទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ​លោក​ចៅក្រម​ស៊ើប​សួរ ឡុច ឡៅ បាន​មាន​ប្រសាសន៍​ថា ករណី​​នេះ​គឺជា​ការ​បង្ក​អំពើ​ហិង្សា ដោយ​ចេតនា​ក្នុង​ទំនាស់​ដីធ្លី។
នៅ​ក្នុង​ទំនាស់​នេះ ពលរដ្ឋ​បាន​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​គ្រប់​ច្រកល្ហក​តាំង​ពី ស្ថាប័ន​នានា និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ។
កាល​ពី​ខែ កុម្ភៈ​អ្នក​ភូមិ​ជាង ៤០ គ្រួសារ បាន​រៃ​អង្គាស​ប្រាក់​បាន​ជាង ១៥០០ ដុល្លារ យក​ទៅ​ឲ្យ​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ជំនួយការ​តំណាង​រាស្ត្រ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ។ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​លុយ​នោះ​មក បុរស​ម្នាក់​នោះ​បាន​បាត់​ស្រមោល​រហូត​តែ​ម្ដង៕

No comments:

Post a Comment

I like Blogger